« កងទ័ពកំលោះ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
កងទ័ពកំលោះ
ពួកកូនប្រុសដែលបានទុកចិត្តលើព្រះ
សាសន៍នីហ្វៃបានធ្វើសង្គ្រាមជាមួយនឹងពួកសាសន៍លេមិន ហើយពួកគេត្រូវការជំនួយ ។ ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃចង់ជួយ ។ ប៉ុន្តែពួកគេបានសន្យាចំពោះព្រះអម្ចាស់ថាមិនច្បាំងគ្នាទៀតឡើយ ។ កូនប្រុសទាំងពីរពាន់នាក់របស់ពួកគេមិនបានធ្វើការសន្យានោះទេ ។ ផ្ទុយទៅវិញ ពួកកូនប្រុសទាំងឡាយបានសន្យាថានឹងតស៊ូដើម្បីការពារក្រុមគ្រួសាររបស់ពួកគេ ។ ពួកកូនប្រុសទាំងនេះត្រូវបានគេហៅថាជាកងពលកំលោះ ។
អាលម៉ា ៥៣:៨, ១៣–១៨, ២២; ៥៦:១–៨
កងពលកំលោះបានជ្រើសរើសព្យាការីហេលេមិន ឲ្យដឹកនាំពួកគេ ។ ពួកគេជាក្រុមតូចមួយ បើធៀបនឹងកងទ័ពដ៏ធំរបស់សាសន៍លេមិន ។ ប៉ុន្តែហេលេមិនបានដឹងថា កងពលកំលោះមានភាពស្មោះត្រង់ ក្លាហាន ហើយមានសេចក្តីជំនឿ ។ ដោយមានការដឹកនាំពីហេលេមិន ពួកគេបានទៅជួយសាសន៍នីហ្វៃ ។
អាលម៉ា ៥៣:១៩–២២; ៥៦:៩–១០, ១៧, ១៩
ទាហានសាសន៍នីហ្វៃបានមានភាពនឿយហត់ ។ ប៉ុន្តែនៅពេលកងពលកំលោះមកដល់ពួកសាសន៍នីហ្វៃបានរីករាយណាស់ ។ កងទ័ពកំលោះបានផ្តល់ក្តីសង្ឃឹម និងកម្លាំងដល់ពួកគេ ។ ពួកគេបានត្រៀមប្រយុទ្ធនឹងពួកសាសន៍លេមិនជាមួយគ្នា ។ ឪពុកម្តាយរបស់កងពលកំលោះក៏បានជួយដោយនាំយកអាហារ និងគ្រឿងផ្គត់ផ្គង់ទៅឲ្យពួកគេផងដែរ ។
អាលម៉ា ៥៦:១៦–១៧, ១៩–២០, ២២,២៧
ពួកសាសន៍លេមិនបានដណ្តើមយកទីក្រុងជាច្រើន ហើយដាក់កងទ័ពរបស់ពួកគេនៅទីនោះ ។ ថ្នាក់ដឹកនាំសាសន៍នីហ្វៃ ចង់ឲ្យសាសន៍លេមិនចាកចេញពីទីក្រុងមួយ ។ ពួកគេបានរៀបចំផែនការមួយ ហើយបានសុំជំនួយពីកងពលកំលោះ ។
កងពលកំលោះធ្វើពុតជាដឹកស្បៀងអាហារទៅឲ្យពួកសាសន៍នីហ្វៃ ដែលរស់នៅក្នុងទីក្រុងក្បែរនោះ ។ នៅពេលសាសន៍លេមិនបានឃើញក្រុមតូចនោះ ពួកគេបានចាកចេញពីទីក្រុងរបស់ពួកគេ ហើយដេញតាមវាយឆ្មក់ពួកកងពលកំលោះ ។ ពួកលេមិនបានគិតថា វានឹងងាយស្រួលក្នុងការចាប់ពួកគេ ។
កងពលកំលោះបានរត់គេចពីពួកសាសន៍លេមិន ។ បន្ទាប់មក កងទ័ពសាសន៍នីហ្វៃបានចាប់ផ្តើមដេញតាមពួកសាសន៍លេមិន ។ សាសន៍លេមិនចង់ចាប់ពួកកងពលកំលោះ មុននឹងពួកសាសន៍នីហ្វៃទៅដល់ពួកគេ ។ សាសន៍នីហ្វៃបានឃើញកងពលកំលោះដែលកំពុងមានបញ្ហា ហើយបានដើរលឿនជាងមុនដើម្បីទៅជួយពួកគេ ។
ក្រោយមកមិនយូរប៉ុន្មាន ពួកកងពលកំលោះមិនអាចមើលឃើញពួកសាសន៍លេមិន ។ ពួកគេចាប់ផ្ដើមងឿងឆ្ងល់ថា តើពួកសាសន៍នីហ្វៃបានទៅទាន់ពួកសាសន៍លេមិន ហើយកំពុងប្រយុទ្ធគ្នាឬ ។
ហេលេមិនព្រួយបារម្ភណាស់ ។ លោកគិតថាសាសន៍លេមិន ប្រហែលជាកំពុងព្យាយាមចាប់ពួកគេ ។ គាត់បានសួរពួកទាហានកំលោះរបស់គាត់ថាតើពួកគេនឹងទៅប្រយុទ្ធនឹងពួកសាសន៍លេមិនទេ ។
កងពលកំលោះបានចងចាំនូវអ្វីដែលម្ដាយរបស់ពួកគេបានបង្រៀនពួកគេ ។ ម្ដាយរបស់ពួកគេបានបង្រៀនពួកគេឲ្យទុកចិត្តលើព្រះ ហើយមិនត្រូវសង្ស័យឡើយ ពីព្រោះទ្រង់នឹងរក្សាពួកគេឲ្យមានសុវត្ថិភាព ។ ពួកកូនប្រុសទាំងនេះបានជឿលើព្រះ ហើយចង់រក្សាការសន្យារបស់ពួកគេដើម្បីការពារគ្រួសាររបស់ពួកគេ ។ ពួកគេបានប្រាប់ហេលេមិន ថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទៅប្រយុទ្ធ ។
ហេលេមិនភ្ញាក់ផ្អើលចំពោះភាពក្លាហានរបស់ពួកគេ ។ លោកបានដឹកនាំពួកគេត្រឡប់ទៅប្រយុទ្ធនឹងសាសន៍លេមិនវិញ ។
កងពលកំលោះបានឃើញសាសន៍លេមិន និងសាសន៍នីហ្វៃកំពុងប្រយុទ្ធគ្នា ។ សាសន៍នីហ្វៃបានមានភាពនឿយហត់ ។ ពួកគេហៀបនឹងចាញ់នៅពេលដែលពួកទាហានកំលោះមកដល់ ។
កងពលកំលោះប្រយុទ្ធដោយមានកម្លាំងរបស់ព្រះ ។ ពួកលេមិនខ្លាចពួកគេ ហើយឈប់ប្រយុទ្ធគ្នា ។ កងពលកំលោះបានជួយយកជ័យជំនះលើការប្រយុទ្ធ !
នៅក្នុងសមរភូមិ សាសន៍នីហ្វៃ និងសាសន៍លេមិនជាច្រើននាក់បានស្លាប់ ។ ហេលេមិនមានការព្រួយបារម្ភថា ទាហានកំលោះខ្លះរបស់លោកប្រហែលជាបានស្លាប់ផងដែរ ។ ប៉ុន្តែបន្ទាប់ពីការប្រយុទ្ធគ្នា ហេលេមិនបានរាប់គ្រប់ចំនួន ។ លោកសប្បាយចិត្តជាខ្លាំងដែលឃើញថាគ្មានទាហានណាម្នាក់ត្រូវបានគេសម្លាប់ទេ ។ ព្រះបានការពារពួកគេ ។
ពួកកូនប្រុសជាច្រើននាក់ទៀតបានចូលរួមជាមួយកងពលកំលោះផងដែរ ។ ពួកគេបានបន្តជួយពួកសាសន៍នីហ្វៃប្រយុទ្ធ ។ នៅក្នុងសមរភូមិផ្សេងៗទៀតពួកកងពលកំលោះបានរងរបួស ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ទេ ។ ពួកគេចងចាំនូវអ្វីដែលម្តាយរបស់ពួកគេបានបង្រៀនដល់ពួកគេ ។ ពួកគេបានទុកចិត្តលើព្រះ ហើយទ្រង់បានការពារពួកគេ ។