« កូរីអានតុន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
កូរីអានតុន
ការងាកទៅរកព្រះអម្ចាស់ម្ដងទៀត
កូរីអានតុនគឺជាកូនប្រុសម្នាក់របស់អាលម៉ា ។ គាត់បានទៅជាមួយនឹងឪពុករបស់គាត់ បងប្រុសរបស់គាត់ឈ្មោះ ស៊ិបឡុន និងអ្នកដទៃទៀតដើម្បីបង្រៀនប្រជាជនមួយក្រុមដែលហៅថា ពួកសាសន៍សូរាំ អំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ខណៈដែលកូរីអានតុនបាននៅជាមួយប្រជាជន នោះលោកត្រូវបានល្បួងឲ្យប្រព្រឹត្តអំពើបាប ។ ជំនួសឲ្យការគោរពតាមព្រះអម្ចាស់ គាត់បានជ្រើសរើសធ្វើរឿងដែលផ្ទុយនឹងបទបញ្ញត្តិរបស់ព្រះ ។ ដោយសារតែអ្វីដែលគាត់បានធ្វើ នោះពួកសាសន៍សូរាំមួយចំនួនមិនបានជឿលើអ្វីដែលអាលម៉ា និងកូនប្រុសរបស់លោកបានបង្រៀនឡើយ ។
អាលម៉ាបានអញ្ជើញ កូរីអានតុនឲ្យប្រែចិត្ត ហើយងាកទៅរកព្រះអម្ចាស់ដើម្បីសូមការអភ័យទោស ។ កូរីអានតុនបានព្រួយបារម្ភអំពីផ្នែកខ្លះនៃផែនការរបស់ព្រះអម្ចាស់ ។ អាលម៉ាបានជួយកូនប្រុសរបស់លោកឲ្យយល់ពីផែនការនៃសុភមង្គលរបស់ព្រះអម្ចាស់ ដង្វាយធួនរបស់ព្រះគ្រីស្ទ ការរស់ឡើងវិញ និងជីវិតក្រោយពីការស្លាប់ ។ អាលម៉ាបានរំឭកគាត់ថា ព្រះអម្ចាស់មានកិច្ចការមួយឲ្យគាត់ធ្វើ ។
កូរីអានតុនបានស្ដាប់តាមឪពុករបស់គាត់ ។ គាត់មានសេចក្ដីជំនឿលើព្រះយេស៊ូវ ហើយបានប្រែចិត្តពីអំពើបាបរបស់គាត់ ។ គាត់បានដឹងថា ព្រះអម្ចាស់មានភាពយុត្តិធម៌ ហើយក៏ពេញដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរសដែរ ។ កូរីអានតុនបានបង្រៀនជាមួយឪពុក និងបងប្រុសរបស់គាត់ម្ដងទៀត ។ ពួកលោកបានបង្រៀនមនុស្សជាច្រើនអំពីអំណរ និងសេចក្ដីសុខសាន្ដនៃការប្រែចិត្ត និងអំពីការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។