ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អាលម៉ា អាមូលេក និង ស៊ីអែសរ៉ុម


« អាលម៉ា អាមូលេក និង ស៊ីអែសរ៉ុម » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

អាលម៉ា ៤–១២

អាលម៉ា អាមូលេក និង ស៊ីអែសរ៉ុម

ការជ្រើសរើស​ដើម្បី​ជឿ​លើ និង​គោរព​តាម​ព្រះ

ប្រជាជន​បាន​វាយប្រហារ​អាលម៉ា

អាលម៉ា​បាន​ឃើញ​ថា សមាជិក​ជាច្រើន​ក្នុង​សាសនាចក្រ​មិន​បាន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​ទេ ។ ដូច្នេះ​អាលម៉ា​បាន​ចេញពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ ដើម្បី​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ ។ មនុស្ស​ជាច្រើន​បាន​ប្រែចិត្ត ។ បន្ទាប់​មក អាលម៉ា​បាន​មកដល់​ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ថា អាំម៉ូណៃហា ។ ប្រជាជន​នៅ​ទីនោះ​មិន​បាន​ស្តាប់​តាម​លោក​ទេ ។ ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​លោក ហើយ​បាន​បណ្ដេញ​លោក​ចេញពី​ទីក្រុង ។

អាលម៉ា ៤:១១–២០; ៥–៧; ៨:១–១៣

ទេវតា​កំពុង​មាន​បន្ទូល​ជាមួយ​អាលម៉ា

អាលម៉ា​មាន​អារម្មណ៍​សោកសៅ កាល​លោក​បាន​ចាកចេញ​ពី​ទីក្រុង​នេះ ។ លោក​បាន​ព្រួយ​បារម្ភ​អំពី​ប្រជាជន​នេះ ។ បន្ទាប់​មក មាន​ទេវតា​មួយ​អង្គ​បាន​មកជួប​លោក ។ ទេវតា​នោះ​បាន​មាន​បន្ទូល​ថា អាលម៉ា​អាច​រីករាយ​បាន ដោយសារ​លោក​បាន​គោរព​តាម​ព្រះ ។ ទេវតា​បាន​មាន​បន្ទូល​ប្រាប់​អាលម៉ា​ឲ្យ​ត្រឡប់​ទៅកាន់​ទីក្រុង​នេះ​វិញ ហើយ​ព្រមាន​ប្រជាជន​នេះ ។ ប្រសិនបើ​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល ។ អាលម៉ា​បាន​ត្រឡប់​ទៅវិញ​យ៉ាង​លឿន ។

អាលម៉ា ៨:១៤–១៨

អាលម៉ាកំពុង​និយាយ​ជាមួយអាមូលេក

នៅពេល​អាលម៉ា​បាន​មក​ដល់​ទីក្រុង នោះ​លោក​ឃ្លាន​យ៉ាង​ខ្លាំង ។ លោក​បាន​តម​អាហារ​អស់​ជាច្រើន​ថ្ងៃ​មកហើយ ។ អាលម៉ា​បាន​សូម​អាហារ​ពី​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អាមូលេក ។

អាលម៉ា ៨:១៩, ២៦

អាមូលេកអញ្ជើញ​អាលម៉ា​ឲ្យ​ចូល​មក​ក្នុង

អាមូលេកបាន​ប្រាប់​អាលម៉ា​អំពី​ការនិមិត្ត​មួយ ដែល​លោក​បាន​ឃើញ ។ នៅក្នុង​ការនិមិត្ត​នោះ មាន​ទេវតា​មួយ​អង្គ​បាន​ប្រាប់អាមូលេកថា អាលម៉ា​គឺជា​ព្យាការី​របស់​ព្រះ ។ អាមូលេកចង់​ជួយ​ដល់​អាលម៉ា ។

អាលម៉ា ៨:២០

អាលម៉ាជម្រាប​សួរ​គ្រួសារ​របស់អាមូលេក

អាមូលេកបាន​អញ្ជើញ​អាលម៉ា​ឲ្យ​មក​ផ្ទះ ហើយ​បាន​ឲ្យ​អាហារ​លោក​បរិភោគ ។ អាលម៉ា​បាន​ស្នាក់នៅ​ផ្ទះ​របស់អាមូលេក អស់​រយៈពេល​ជាច្រើន​ថ្ងៃ ។ ព្រះ​បាន​ប្រទានពរ​ដល់អាមូលេក និង​គ្រួសារ​របស់​លោក ។ ក្រោយមក ព្រះ​បាន​មាន​បន្ទូល​ប្រាប់​អាលម៉ា និងអាមូលេក ថា​ឲ្យ​ទៅ​ប្រាប់​ប្រជាជន​នៅក្នុង​ទីក្រុង​នេះ​ឲ្យ​ប្រែចិត្ត ។ អាលម៉ា និងអាមូលេក បាន​គោរព​តាម ។ ព្រះ​បាន​ប្រទាន​ព្រះចេស្ដា​របស់​ទ្រង់​ដល់​ពួកលោក ដើម្បី​ជួយ​ពួកលោក​ឲ្យ​បង្រៀន ។

អាលម៉ា ៨:២១–៣២; ៩–១៣

ស៊ីអែសរ៉ុមកំពុង​ផ្ដល់​ប្រាក់

មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​នេះ ដែល​បាន​ស្ដាប់ឮ​ពួកលោក​បង្រៀន មាន​ឈ្មោះ​ថា ស៊ីអែសរ៉ុម ។ គាត់​គឺជា​មនុស្ស​ឆ្លាតវៃ ហើយ​ចង់​បោកប្រាស​អាលម៉ា និងអាមូលេក ។ ស៊ីអែសរ៉ុមបាន​ប្រាប់អាមូលេក​ថា គាត់​នឹង​ឲ្យ​ប្រាក់​ជាច្រើន​ដល់​លោក ប្រសិនបើ​លោក​និយាយ​ថា មិន​មាន​ព្រះ​ពិត​នោះ​ទេ ។ គាត់​ចង់​ឲ្យអាមូលេក​កុហក ដើម្បី​កុំឲ្យ​ប្រជាជន​ជឿ​នូវ​អ្វី​ដែលអាមូលេក និង​អាលម៉ា​បាន​បង្រៀន ។

អាលម៉ា ១០:២៩–៣២; ១១:២១–២៥; ១២:៤–៦

អាលម៉ា និងអាមូលេក កំពុង​និយាយ​ជាមួយស៊ីអែសរ៉ុម

ប៉ុន្តែ អាមូលេក​នឹង​មិន​កុហក​អំពី​ព្រះ​ឡើយ ។ លោក​បាន​និយាយ​ថា មាន​ព្រះ​ពិត​មែន ។ អាមូលេក និងអាលម៉ា ស្គាល់​គំនិត​របស់ស៊ីអែសរ៉ុម ។ ស៊ីអែសរ៉ុម​អស្ចារ្យ​ក្នុង​ចិត្ត​ជាខ្លាំង ហើយ​បាន​សួរ​ពួកលោក​នូវ​សំណួរ​ជាច្រើន ។ ពួកលោក​បាន​បង្រៀនស៊ីអែសរ៉ុមថា ព្រះ​មាន​ផែនការ​មួយ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ។ ស៊ីអែសរ៉ុមបាន​ជឿ​អ្វី​ដែល​អាលម៉ា និងអាមូលេក បាន​បង្រៀន​អំពី​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

អាលម៉ា ១១:២៣–៤៦; ១២:១–១៨, ២៤–៣៤; ១៤:៦–៧; ១៥:៦–៧

ស៊ីអែសរ៉ុមកំពុង​ដើរ​ជាមួយ​អាលម៉ា និងអាមូលេក

ស៊ីអែសរ៉ុមបាន​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​កិច្ចការ​អាក្រក់​ជាច្រើន​ដែល​គាត់​បាន​ធ្វើ ។ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ ។ អាលម៉ា និងអាមូលេក បាន​ទៅ​សួរ​សុខទុក្ខ​គាត់ ។ អាលម៉ា​បាន​និយាយ​ថា ស៊ីអែសរ៉ុមអាច​ជា​សះស្បើយ​បាន ដោយសារតែ​សេចក្ដី​ជំនឿ​របស់ ស៊ីអែសរ៉ុមលើ​ព្រះយេស៊ូវ ។ អាលម៉ា​បាន​ទូលសូម​ព្រះ​ឲ្យ​ព្យាបាល​គាត់ ។ ស៊ីអែសរ៉ុមបាន​ក្រោក​លោត​កញ្ឆេង ។ គាត់​បាន​ជា​សះស្បើយ​ហើយ ! គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​បង្រៀន​ប្រជាជន​អស់​មួយ​ជីវិត​របស់​គាត់ ។

អាលម៉ា ១៥:១–១២; ៣១:៦, ៣២