« ស្តេចណូអេ និងស្តេចលិមហៃ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
ស្តេចណូអេ និងស្តេចលិមហៃ
ការរត់គេចចេញពីពួកសាសន៍លេមិន
ស្ដេចណូអេបានគ្រប់គ្រងក្រុមមួយនៃសាសន៍នីហ្វៃ ។ ទ្រង់បានធ្វើរឿងអាក្រក់ជាច្រើន ហើយមនុស្សខ្លះខឹងនឹងទ្រង់ ។ បុរសម្នាក់ឈ្មោះគេឌាន បានវាយប្រហារ សេ្តចណូអេដោយដាវ ។ ណូអេបានរត់គេច ហើយបានឡើងលើប៉មមួយ ។ ពីលើប៉មនោះទ្រង់បានឃើញកងទ័ពលេមិនកំពុងសម្រុកចូលមក ។ ស្តេចណូអេបានធ្វើពុតជាភ័យខ្លាចជំនួសប្រជារាស្រ្តរបស់ទ្រង់ ដូច្នេះគេឌានបានដោះលែងឲ្យទ្រង់មានជីវិតរស់ ។
ណូអេ និងប្រជារាស្រ្តរបស់ទ្រង់បានរត់គេចខ្លួន ។ ប៉ុន្តែពួកសាសន៍លេមិនបានដេញតាមពួកគេ ហើយចាប់ផ្ដើមវាយប្រហារលើពួកគេ ។ ណូអេបានប្រាប់បុរសទាំងនោះឲ្យបោះបង់គ្រួសារ ហើយទៅជាមួយទ្រង់ ។
បុរសមួយចំនួនបានចាកចេញជាមួយសេ្តចណូអេ ។ ប៉ុន្តែបុរសមួយចំនួនបានជ្រើសរើសនៅជាមួយក្រុមគ្រួសាររបស់ពួកគេ ។ កូនប្រុសរបស់សេ្តចណូអេ ឈ្មោះលិមហៃ ក៏ជ្រើសរើសនៅដែរ ។
កូនស្រីជាច្រើនបានឈរនៅចំពោះមុខកងទ័ព ហើយបានសុំពួកសាសន៍លេមិនកុំឲ្យធ្វើបាបក្រុមគ្រួសាររបស់ពួកគេ ។ ពួកសាសន៍លេមិនបានស្តាប់កូនស្រីទាំងនោះ ហើយទុកជីវិតឲ្យពួកសាសន៍នីហ្វៃ ។ ផ្ទុយទៅវិញ ពួកសាសន៍លេមិនបានចាប់ខ្លួនពួកសាសន៍នីហ្វៃ ។
បុរសដែលរត់គេចខ្លួននោះចង់ត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ ។ ណូអេព្យាយាមបញ្ឈប់ពួកគេ ដូច្នេះបុរសទាំងនោះបានធ្វើគតទ្រង់ ។ ក្រោយមកពួកគេបានត្រឡប់ទៅរកក្រុមគ្រួសារពួកគេវិញ ។
បុរសទាំងនោះសប្បាយចិត្តណាស់ដែលក្រុមគ្រួសាររបស់ពួកគេមានសុវត្ថិភាព ។ ពួកគេបានប្រាប់គេឌាន អំពីអ្វីដែលបានកើតឡើងចំពោះណូអេ ។
ប្រជារាស្រ្តបានជ្រើសរើសលិមហៃជាស្តេចថ្មីរបស់ពួកគេ ។ លិមហៃបានសន្យាជាមួយស្ដេចសាសន៍លេមិនថាពួកគេនឹងបង់សួយសារអាករទៅឲ្យពួកសាសន៍លេមិនចំនួនពាក់កណ្តាលនៃអ្វីៗដែលពួកគេមាន ។ ជាថ្នូរនឹងរឿងនេះ ស្ដេចសាសន៍លេមិនបានសន្យាថាទ្រង់នឹងមិនធ្វើបាបប្រជាជនរបស់ លិមហៃឡើយ ។
ពួកគេបានរស់នៅដោយសុខសាន្តអស់រយៈពេលបួនប្រាំឆ្នាំ ។ បន្ទាប់មក ពួកសាសន៍លេមិនបានចាប់ផ្ដើមប្រព្រឹត្តចំពោះប្រជាជនរបស់លិមហៃយ៉ាងព្រៃផ្សៃ ។ ប្រជាជនចង់មានសេរីភាពម្តងទៀត ។ ពួកគេបានព្យាយាមច្បាំងនឹងសាសន៍លេមិន តែពួកគេបរាជ័យ ។ ប្រជាជនបានអធិស្ឋានទៅកាន់ព្រះទូលសូមជំនួយ ។
ថ្ងៃមួយមានបុរសសាសន៍នីហ្វៃម្នាក់ឈ្មោះអាំម៉ូន បានមកសួរសុខទុក្ខលិមហៃ និងប្រជារាស្រ្តរបស់ទ្រង់ ។ អាំម៉ូនមកពីដែនដីមួយហៅថា សារ៉ាហិមឡា ។ លិមហៃមានព្រះទ័យរីករាយដែលបានជួបអាំម៉ូន ។
អាំម៉ូនអាចដឹកនាំប្រជាជនលិមហៃ ទៅកាន់ដែនដីសារ៉ាហិមឡា ប៉ុន្តែពួកគេត្រូវរត់គេចពីពួកសាសន៍លេមិនជាមុនសិន ។ គេឌានមានផែនការមួយ ។
នៅពេលយប់ គេឌានបានឲ្យស្រាបន្ថែមដល់ឆ្មាំសាសន៍លេមិនដើម្បីធ្វើឲ្យពួកគេស្រវឹង ។ ពេលឆ្មាំដេកលង់លក់ លិមហៃ និងរាស្រ្តទាំងអស់របស់ទ្រង់បានរត់ចេញពីទីក្រុង ។
ពួកគេបានទៅកាន់ដែនដីសារ៉ាហិមឡា ហើយបានចូលរួមជាមួយពួកសាសន៍នីហ្វៃនៅទីនោះ ។ លិមហៃ និងរាស្រ្តរបស់ទ្រង់បានរៀនពីព្រះបន្ថែម ។ ពួកគេបានចុះសេចក្ដីសញ្ញា ឬធ្វើការសន្យាពិសេសដើម្បីបម្រើព្រះហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ពួកគេបានទទួលបុណ្យជ្រមុជទឹក ហើយបានក្លាយជាផ្នែកមួយនៃសាសនាចក្ររបស់ព្រះ ។ ពួកគេបានចងចាំថា ព្រះបានជួយពួកគេគេចចេញពីពួកសាសន៍លេមិន ។