ចូរ​មក​តាម​ខ្ញុំ
សម្លេង​នៃ​ការ​ស្ដារឡើង​វិញ ៖ អ្នក​ប្រែ​ចិត្ត​ជឿ​ជំនាន់ដើម


« សម្លេង​នៃ​ការស្តារឡើង​វិញ ៖ អ្នក​ប្រែ​ចិត្ត​ជឿ​ជំនាន់ដើម » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« អ្នក​ប្រែ​ចិត្ត​ជឿ​ជំនាន់ដើម » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូបតំណាង​សម្លេង​នៃ​ការ​ស្តារឡើង​វិញ

សម្លេង​នៃ​ការ​ស្តារឡើង​វិញ

អ្នក​ប្រែ​ចិត្ត​ជឿ​ជំនាន់ដើម

តាំង​ពី​មុន​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​នៅ ខែ មេសា ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ស្រែស​សំព្រុស​ល្មម​ច្រូត​ហើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤:៤ ) ។ ប្រយោគ​នេះ​បញ្ជាក់​ការពិត​នៅក្នុង​ខែ​បន្ទាប់​មក​នោះ​ដោយសារ​អ្នកស្វែងរក​សេចក្ដីពិត​ជាច្រើន​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ឲ្យ​ស្វែងរក​សាសនាចក្រ​ដែលបាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នកប្រែចិត្ត​ជឿ​ជំនាន់ដើម​ទាំងនេះ​ជាច្រើន​គឺជា​ឧបករណ៍​ក្នុង​ការដាក់​គ្រឹះ​ដល់​ការស្ដារ​ឡើងវិញ ហើយ​ដំណើររឿង​នៃ​ការប្រែចិត្តជឿ​របស់​ពួកគេ​មាន​តម្លៃ​ចំពោះ​យើង​នាសព្វថ្ងៃ​នេះ ។ សេចក្ដីជំនឿ​ដែល​ពួកគេ​បាន​បង្ហាញ​នោះ​គឺ​ជា​សេចក្ដីជំនឿ​ដូចគ្នា​ដែល​យើង​ត្រូវការ ដើម្បី​ក្លាយជា​អ្នកប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

អាប៊ីហ្គេល ខាលឃីន លេអូណាដ

នៅពេល អាប៊ីហ្គេល ខាលឃីន លេអូណាដ នៅក្នុង​វ័យ​ពាក់​កណ្ដាល​សាមសិប​របស់​នាង នាង​មាន​បំណង​ប្រាថ្នា​ចង់​បាន​ការអភ័យទោស​ចំពោះ​អំពើបាប​នាង ។ នាង​អាន​ព្រះគម្ពីរ​ប៊ីប​ម្ដងម្កាល ហើយ​មនុស្ស​មកពី​ព្រះវិហារ​គ្រីស្ទាន​បាន​មក​លេង​ផ្ទះ​នាង ប៉ុន្ដែ​នាង​បាន​ភាន់​ច្រឡំ​អំពី​ភាពខុសគ្នា​រវាង​ព្រះវិហារ​ទាំងនេះ ។ នាង​និយាយ​ថា « នា​ព្រឹក​មួយ​ខ្ញុំ​បាន​យក​ព្រះគម្ពីរប៊ីបរបស់​ខ្ញុំ ហើយ​ចេញ​ទៅ​ព្រៃ​នៅពេល​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ » ។ នាង​បាន​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​ទៅដល់​ព្រះអម្ចាស់ ។ នាង​បាន​ពោល​ថា « រំពេច​នោះ​ការនិមិត្ត​មួយ​ត្រូវបាន​បើកបង្ហាញ​ដល់​ភ្នែក​របស់ខ្ញុំ ហើយ​សាសនា​ខុស​គ្នា​ជាច្រើន​បានសម្ដែង​ឡើង​ដល់​ខ្ញុំ ហើយ​សំំឡេង​មួយ​បាន​ហៅ​ខ្ញុំ​ដោយ​ថ្លែង ៖ ‹ សាសនាចក្រ​ទាំងនេះ​បង្កើត​ឡើង​ដើម្បី​ផលចំណេញ › ។ រួច​ហើយ​ហួស​ពី​នេះ​ខ្ញុំ​អាច​ឃើញ​ពន្លឺ​ដ៏​អស្ចារ្យ​មួយ និង​សំឡេង​មួយ​មកពី​ស្ថានលើ​ស្រែក​ប្រាប់​ថា ៖ ‹ យើង​នឹង​បង្កើត​ប្រជាជន​ដែល​យើង​ពេញចិត្ត​នឹង​គ្រប់គ្រង និង​ផ្ដល់​ពរ › » ។ មួយ​រយៈ​ខ្លី​ក្រោយមក អាប៊ីហ្គេល បាន​ឮ​អំពី​ព្រះគម្ពីរ​មរមន ។ ទោះបីជា​នាង​មិន​ទាន់​មាន​គម្ពីរ​នៅឡើយ​ក្ដី​ក៏​នាង​បាន​ស្វែងរក​ « ចង់ដឹង​ពី​សេចក្ដីពិត​នៃ​គម្ពីរ​នេះ​តាមរយៈ​អំណោយទាន និង​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ហើយ​នាង « បាន​មាន​អារម្មណ៍​ពី​វត្តមាន​នោះ​ភ្លាម » ។ នៅពេល​នាង​អាច​អាន​ព្រះគម្ពីរ​មរមន​ចប់ ហើយ​នាង​បាន « ត្រៀម​ខ្លួន​ដើម្បី​ទទួល​វា » ។ នាង និង​ស្វាមី​របស់​នាង ឡាយមិន បាន​ជ្រមុជ​ទឹក​នៅ ឆ្នាំ ១៨៣១ ។

ថូម៉ាស ប៊ី ម៉ាស

នៅពេល ថូម៉ាស ប៊ី ម៉ាស ជា​យុវមជ្ឈិមវ័យ​លោក​បាន​សិក្សា​ព្រះគម្ពីរ​ប៊ីប ហើយ​បាន​ចូលរួម​ក្នុង​ព្រះវិហារ​គ្រីស្ទាន​មួយ ។ ប៉ុន្ដែ​លោក​មិន​បាន​ពេញចិត្ត​ឡើយ ទីបំផុត​បាន​ដក​ខ្លួន​ចេញ​ពី​ព្រះវិហារ​ទាំងអស់ ។ លោក​បាន​ពោល​ថា « ខ្ញុំ​មាន​រង្វាស់​នៃ​វិញ្ញាណ​នៃ​ការព្យាករ ហើយ​បាន​ប្រាប់ [ អ្នកដឹកនាំ​សាសនា​ម្នាក់ ] ថា​ខ្ញុំ​រំពឹង​ថា​នឹង​មាន​ព្រះវិហារ​ថ្មី​មួយ​កើតឡើង ដែល​នឹង​មាន​សេចក្ដីពិត​ក្នុង​បរិសុទ្ធភាព​នៃ​ព្រះវិហារ​នោះ » ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នេះ ថូម៉ាស បាន​មាន​ការបំផុស​គំនិត​ខាង​វិញ្ញាណ​មួយ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់លោក​នៅ ទីក្រុង​បុសតុន រដ្ឋ​ម៉ាសាឈូសេត ហើយ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាងលិច ។ ក្រោយពី​ចំណាយ​ពេល​បី​ខែ​នៅ​រដ្ឋ​ញូវយ៉ក ភាគ​ខាងលិច​ដោយ​មិន​រកឃើញ​អ្វី​ដែល​លោក​ចង់​រក​មក នោះ​លោក​បាន​ចាប់ផ្ដើម​មក​ផ្ទះ​វិញ ។ នៅតាម​ផ្លូវ​ស្ដ្រី​ម្នាក់​បាន​សួរ ថូម៉ាស ថា​តើ​គាត់​បាន​ឮ​អំពី « សៀវភៅ​មាស​ដែល​រក​ឃើញ​ដោយ​យុវជន​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ » ដែរ​ឬ​ទេ ។ ដោយ​ជាប់​ក្នុង​គំនិត​នេះ ថូម៉ាស បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ប៉ាល់ម៉ៃរ៉ា​ភ្លាម ហើយ​បាន​ជួប​នឹង ម៉ាទិន ហារីស នៅឯ​ហាង​បោះពុម្ព គឺ​ពេល​ដែល ១៦ ទំព័រ​ដំបូង នៃ​ព្រះគម្ពីរ​មរមន​បាន​ចេញ​មកពី​ម៉ាស៊ីន​បោះពុម្ព ។ ថូម៉ាស ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​ច្បាប់​ចម្លង ១៦ ទំព័រ​នោះ ហើយ​លោក​បាន​យក​វា​ទៅ​ផ្ទះ​ឲ្យ​ភរិយា​លោក​ឈ្មោះ អេលីស្សាបែត ។ លោក​នឹក​ចាំ​ថា « នាង​រីករាយ​នឹង​សៀវភៅ​នោះ​ណាស់​ដោយ​ជឿ​ថា​ជា​កិច្ចការ​របស់​ព្រះ » ។ ក្រោយមក ថូម៉ាស និង អេលីស្សាបែត បាន​ប្ដូរ​ទៅ​នៅ​រដ្ឋ​ញូវយ៉ក​ជាមួយ​កូនៗ​របស់​ពួកគេ​ហើយ​បាន​ជ្រមុជ​ទឹក ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ថូម៉ាស ប៊ី ម៉ាស សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣១ ) ។

ប៉ាលី និង សេងហ្វូល ប្រាត្ត

ដូចជា ថូម៉ាស ម៉ាស ដែរ ប៉ាលី និង សេងហ្វូល ប្រាត្ត បាន​ឆ្លើយតប​នឹង​ការខ្មួលខ្មាញ់​ខាង​វិញ្ញាណ​ឲ្យ​ចាកចេញ​ពី​ចម្ការ​ដ៏​ស្ដុកស្ដម្ភ​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋ​អូហៃអូ ដោយ​មាន​បំណង​ទៅ​ផ្សាយ​ដំណឹងល្អ​កាលដែល​ពួកគេ​បានយល់ពី​វា​មកពី​ព្រះគម្ពីរ​ប៊ីបហើយ ។ កាល ប៉ាលី បាន​ប្រាប់​បងប្រុស​របស់​លោក​ថា « វិញ្ញាណ​នៃ​រឿង​ទាំងនេះ​នាំ​មក​ក្នុង​គំនិត​ខ្ញុំ​យ៉ាង​មាន​អានុភាព​រហូត​ដល់​ខ្ញុំ​មិន​អាច​សម្រាក​បាន​ឡើយ » ។ នៅពេល​ពួកគេ​មកដល់ រដ្ឋ​ញូវយ៉ក ភាគ​ខាង​កើត ប៉ាលី បាន​មាន​ការបំផុស​គំនិត​មួយ​ឲ្យ​ស្នាក់នៅ​មួយ​រយៈ​ក្នុង​តំបន់​នេះ ។ ពួកគេ​សម្រេចចិត្ត​ថា សេងហ្វូល នឹង​បន្ដ​ទៅមុខ​ដោយ​គ្មាន​គាត់ ។ ប៉ាលី បាន​ប្រាប់​នាង​ថា « ខ្ញុំ​មាន​កិច្ចការ​ត្រូវ​ធ្វើ​នៅក្នុង​តំបន់​ជនបទ​នេះ ហើយ​តើ​វា​ជា​អ្វី ឬ​តើ​វា​នឹង​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​ធ្វើ​វា នោះ​ខ្ញុំ​មិន​ដឹង​ឡើយ ប៉ុន្ដែ​ខ្ញុះ​នឹង​មក​នៅពេល​វា​បញ្ចប់ » ។ គឺ​នៅទីនោះ​ឯង​ដែល ប៉ាលី បាន​ឮ​អំពី​ព្រះគម្ពីរ​មរមន​ជា​លើក​ដំបូង ។ គាត់​បាន​ពោល​ថា « ខ្ញុំ​មាន​អារម្មណ៍​ចាប់ចិត្ត​ចម្លែក​លើ​សៀវភៅ​នេះ » ។ គាត់​បាន​ស្នើ​សុំ​គម្ពីរ​មួយ​ច្បាប់ ហើយ​បាន​អាន​វា​ចប់​ក្នុង​ពេល​មួយ​យប់ ។ នៅ​ពេលព្រឹក​ឡើង គាត់​បាន​ដឹង​ថា​គម្ពីរ​នោះ​គឺ​ពិត​ដោយ​ផ្ដល់​តម្លៃ​វា​ថា « មាន​តម្លៃ​ជាង​រតនសម្បត្តិ​ទាំងអស់​លើ​ពិភពលោក​នេះ » ។ ក្នុង​ពេល​ពីរ​បី​ថ្ងៃ ប៉ាលី បាន​ជ្រមុជ​ទឹក ។ បន្ទាប់មក​គាត់​បាន​ត្រឡប់​ទៅរក សេងហ្វូល វិញ​ដែល​បាន​ជ្រមុជ​ទឹក​ផងដែរ ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ប៉ាលី ភី ប្រាត្ត សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣២ ) ។

ប៉ាលី ប្រាត្ត​កំពុង​អាន

ប៉ាលី ភី ប្រាត្ត អាន​ព្រះគម្ពីរ​មរមន ដោយ ជែហ្វ្រី ហែង

ស៊ីឌនី និង ហ្វីប៊ី រិកដុន

នៅតាម​ផ្លូវ​គាត់​ពី​រដ្ឋ​ញូវយ៉ក​ទៅកាន់​បេសកកម្ម​ក្នុង​រដ្ឋ​មីសសួរី ប៉ាលី ប្រាត្ត និង​អ្នកធ្វើការ​ជាមួយគ្នា​របស់​គាត់​បាន​ឈប់​នៅ មេនធើរ រដ្ឋ​អូហៃអូ នៅ​ផ្ទះ​របស់​ស៊ីឌនី និង ​ហ្វីប៊ី រិកដុន—មិត្ត​ចាស់​ដែល​ប៉ាលី​បាន​ស្គាល់​ពេល​គាត់​នៅ​រដ្ឋ​អូហៃអូ ។ ស៊ីឌនី គឺជា​គ្រូគង្វាល​គ្រីស្ទាន​ម្នាក់ ហើយ ប៉ាលី ធ្លាប់​ជា​សមាជិក​ម្នាក់​ក្នុង​សាលជំនុំ​របស់​គាត់ ហើយ​បាន​ចាត់ទុក​គាត់​ថា​ជា​អ្នកអប់រំ​ខាង​វិញ្ញាណ​ម្នាក់ ។ ប៉ាលី មាន​ចិត្ត​អន្ទះ​អន្ទែង​នឹង​ប្រាប់​មិត្ត​របស់​គាត់​អំពី​ព្រះគម្ពីរ​មរមន និង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ស៊ីឌនី ខ្លួនឯង​ក៏​បាន​ស្រាវជ្រាវ​រក​ការស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​ដ៏​ពិត​មួយ​ដែល​គាត់​បាន​រកឃើញ​នៅក្នុង​ការពិពណ៌នា​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទោះបីជាពីដំបូង​លោក​មាន​មន្ទិល​សង្ស័យ​នឹង​ព្រះគម្ពីរ​មរមន​ក្ដី ។ លោក​បាន​ប្រាប់​មិត្ត​របស់​លោក ប៉ាលី ថា « ប៉ុន្ដែ​ខ្ញុំ​នឹង​អាន​សៀវភៅ​របស់​ឯង ហើយ​នឹង​ព្យាយាម​ពិនិត្យ​បញ្ជាក់​ថា​តើ​វា​ជា​វិវរណៈ​មកពី​ព្រះ​ឬ​អត់ » ។ ពីរ​សប្ដាហ៍​ក្រោយ​ពី​ការសិក្សា និង​ការអធិស្ឋាន​ទាំង​លោក និង​​ហ្វីប៊ី ជឿ​ថា​គម្ពីរ​នោះ​គឺ​ពិត ។ ប៉ុន្ដែ ស៊ីឌនី ក៏​ដឹង​ផងដែរ​ថា​ការចូលរួម​ក្នុង​សាសនាចក្រ​អាច​ជា​ការលះបង់​ដ៏​ធំ​មួយ​សម្រាប់​គ្រួសារ​របស់​លោក ។ គាត់​ប្រាកដ​ជា​បាត់បង់​ការងារ​របស់​គាត់​ជា​មន្ត្រី​រួម​ជាមួយ​នឹង​ឋានៈ​ក្នុង​សង្គម​របស់​គាត់​នៅក្នុង​សហគមន៍ ។ កាល​គាត់ និង ​ហ្វីប៊ី បាន​ពិភាក្សា​អំពី​លទ្ធភាព​នេះ ហ្វីប៊ី​បាន​ប្រកាស​ថា « ខ្ញុំ​បាន​គិត​អំពី​តម្លៃ​លះបង់​ហើយ​…​​វា​ជា​បំណង​ប្រាថ្នា​ខ្ញុំ​ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ ទោះជា​រស់​ឬ​ស្លាប់​ក៏​ដោយ » ។

កំណត់​ចំណាំ

  1. សូមមើល អេឌវួដ ដ័បុលយូ ថុលលិច The Women of Mormondom ( ឆ្នាំ ១៨៧៧ ) ទំព័រ ១៦០–១៦៣ ។

  2. « ប្រវត្តិ​របស់ ថូម៉ាស ប៊លវិន ម៉ាស » Deseret News ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ១៨៥៨ ទំព័រ ១៨ ។

  3. ជីវប្រវត្តិ​របស់ ប៉ាលី ភី ប្រាត្ត ( ឆ្នាំ ១៩៣៨ ) ទំព័រ ៣៤ ។

  4. ជីវប្រវត្តិ​របស់ ប៉ាលី ភី ប្រាត្ត ទំព័រ ៣៦ ។

  5. ជីវប្រវត្តិ​របស់ ប៉ាលី ភី ប្រាត្ត ទំព័រ ៣៧ ។

  6. ជីវប្រវត្តិ​របស់ ប៉ាលី ភី ប្រាត្ត ទំព័រ ៣៩, សូមមើល​ផងដែរ ពួកបរិសុទ្ធ ១:៩២–៩៤ ។

  7. History, 1838–56 (Manuscript History of the Church), volume A-1, 73, josephsmithpapers.org.

  8. In History, 1838–56 (Manuscript History of the Church), volume A-1, 75, josephsmithpapers.org