« សម្លេងនៃការស្ដារឡើងវិញ ៖ ការប្រមូលផ្តុំគ្នាទៅកាន់រដ្ឋអូហៃអូ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ការប្រមូលផ្ដុំគ្នាទៅកាន់រដ្ឋអូហៃអូ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សម្លេងនៃការស្តារឡើងវិញ
ការប្រមូលផ្ដុំគ្នាទៅកាន់រដ្ឋអូហៃអូ
ហ្វីប៊ី ខាធើរ
នៅក្នុងចំណោមពួកបរិសុទ្ធជាច្រើនដែលបានប្រមូលផ្ដុំគ្នាទៅកាន់រដ្ឋអូហៃអូនៅទសវត្សរ៍ ឆ្នាំ ១៨៣០ គឺមាន ហ្វីប៊ី ខាធើរ ។ នាងបានចូលរួមក្នុងសាសនាចក្រនៅសហរដ្ឋភាគឦសានក្នុងវ័យម្ភៃឆ្នាំជាង ទោះជាឪពុកម្ដាយរបស់នាងមិនចូលរួមក្ដី ។ ក្រោយមកនាងបានសរសេរអំពីការសម្រេចចិត្តរបស់នាង ដើម្បីផ្លាស់ទីទៅរដ្ឋអូហៃអូដើម្បីរួបរួមជាមួយពួកបរិសុទ្ធ ៖
« មិត្តរបស់ខ្ញុំស្ងើចចំពោះដំណើរជីវិតខ្ញុំ ហើយខ្ញុំក៏ស្ងើចខ្លួនឯងដែរប៉ុន្តែមានអ្វីមួយក្នុងខ្លួនខ្ញុំដែលជម្រុញឲ្យខ្ញុំធ្វើវា ។ ភាពសោកសៅរបស់ម្ដាយខ្ញុំនៅពេលខ្ញុំចាកចេញពីផ្ទះសម្បែង គឺជាភាពសោកសៅមួយដែលខ្ញុំស្ទើរតែមិនអាចទ្រាំទ្របាន ប៉ុន្តែបើមិនដោយសារវិញ្ញាណនៅខាងក្នុងនោះទេ នោះខ្ញុំនឹងមានភាពរអាក់រអួលជាពុំខានឡើយ ។ ម្ដាយខ្ញុំបានប្រាប់ខ្ញុំថាគាត់សុខចិត្តមើលឃើញខ្ញុំត្រូវបញ្ចុះនៅក្នុងដី ជាងការធ្វើដំណើរចូលទៅក្នុងពិភពលោកដែលគ្មានក្ដីមេត្តានេះតែម្នាក់ឯង ។
គាត់បាននិយាយទាំងអួលដើមកថា ‹ [ ហ្វីប៊ី ]តើកូននឹងត្រឡប់មករកម្ដាយវិញទេ ប្រសិនបើកូនរកឃើញថាសាសនាមរមននេះក្លែងក្លាយ ? ›
ខ្ញុំបានឆ្លើយថា ‹ ចា៎សម៉ែ កូននឹងត្រឡប់មកវិញ › ។… ចម្លើយរបស់ខ្ញុំបានរសាយកង្វល់របស់គាត់ ប៉ុន្ដែវាធ្វើឲ្យយើងទាំងអស់គ្នាកើតទុក្ខជាខ្លាំងដែលត្រូវបែកគ្នា ។ នៅពេលដល់ពេលចេញដំណើរបានមកដល់ ខ្ញុំមិនហ៊ានទុកចិត្តខ្លួនឯងថាអាចនឹងនិយាយពាក្យលាគ្នាបានឡើយ ដូច្នេះខ្ញុំបានសរសេរសំបុត្រលាគ្នាដល់មនុស្សគ្រប់គ្នា ហើយដាក់វាលើតុរបស់ខ្ញុំ ហើយបានរត់ចុះទៅជាន់ខាងក្រោម ហើយឡើងជិះក្នុងរទេះចេញទៅ ។ ដូច្នេះហើយខ្ញុំបានចាកចោលផ្ទះសម្បែងជាទីស្រឡាញ់របស់ខ្ញុំកាលពីកុមារភាព ហើយទៅផ្សារភ្ជាប់ជីវិតជាមួយនឹងពួកបរិសុទ្ធរបស់ព្រះ » ។
នៅក្នុងសំបុត្រលាគ្នាមួយក្នុងចំណោមសំបុត្រទាំងនោះ ហ្វីប៊ី បានសរសេរថា ៖
« ម៉ែពុកជាទីស្រឡាញ់—ឥឡូវកូនហៀបនឹងចាកចេញពីដំបូលដែលប្រកបដោយព្រហ្មវិហារធម៌នេះមួយរយៈពេលហើយ…កូនមិនដឹងថាយូរប៉ុណ្ណាទេ—ប៉ុន្ដែមិនមែនដោយខ្វះអំណរគុណចំពោះសណ្ដានចិត្តល្អដែលកូនបានទទួលតាំងពីតូចរហូតដល់ពេលបច្ចុប្បន្ននោះទេ—ប៉ុន្ដែទិព្វវិញ្ញាណហាក់ដូចជាកើតឡើងពេលនេះជាងពេលពីមុនមក ។ ចូរយើងប្ដេជ្ញាឲ្យរឿងទាំងអស់នេះទៅក្នុងព្រះហស្ដនៃទិព្វវិញ្ញាណ ហើយមានអំណរគុណដែលយើងត្រូវបានអនុញ្ញាតឲ្យរស់នៅជុំគ្នាយ៉ាងយូរនៅក្នុងកាលៈទេសៈដ៏ល្អខ្លាំងដែលយើងមាន ដោយជឿថារឿងទាំងអស់នឹងកើតឡើងសម្រាប់ការណ៍ល្អរបស់យើង ប្រសិនបើយើងស្រឡាញ់ព្រះយ៉ាងខ្លាំង ។ ចូរយើងដឹងថាយើងអាចអធិស្ឋានទៅកាន់ព្រះមួយអង្គដែលនឹងស្ដាប់ឮការអធិស្ឋានដ៏ស្មោះសរពីសត្វលោកទាំងអស់របស់ទ្រង់ ហើយប្រទានដល់យើងនូវអ្វីដែលល្អបំផុតសម្រាប់យើង ។ …
ម៉ែកូនជឿថាវាគឺជាព្រះទ័យរបស់ព្រះសម្រាប់កូន ដើម្បីធ្វើដំណើរទៅភាគខាងលិចហើយកូនបានជឿថាវាមានរយៈពេលយូរ ។ ឥឡូវផ្លូវបានបើកហើយ…ហើយកូនជឿថាវាគឺជាវិញ្ញាណរបស់ព្រះអម្ចាស់ដែលបានធ្វើការណ៍នេះដែលគ្រប់គ្រាន់សម្រាប់ការណ៍ទាំងអស់ ។ សូមម៉ែកុំខ្វល់ខ្វាយដោយសារតែកូនឡើយ ព្រះអម្ចាស់នឹងលួងលោមកូន ។ កូនជឿថាព្រះអម្ចាស់នឹងថែទាំកូន ហើយប្រទានឲ្យកូននូវអ្វីដែលល្អបំផុត ។ … កូនទៅដោយសារលោកចៅហ្វាយកូនហៅ—ទ្រង់បានធ្វើឲ្យកាតព្វកិច្ចរបស់កូនងាយស្រួល » ។