ថ្ងៃទី១៤–២០ ខែ មេសា ៖ ‹ យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ › » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« បុណ្យអ៊ីស្ទើរ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ១៤–២០ ខែ មេសា ៖ « យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ »
បុណ្យអ៊ីស្ទើរ
ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ គឺជាថ្ងៃអាទិត្យត្រូវនឹងថ្ងៃបុណ្យអ៊ីស្ទើរ ។ ក្រោយពីជួយបម្រើសាក្រាម៉ង់ដល់ពួកបរិសុទ្ធ ដែលបានប្រជុំគ្នានៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ដែលបានឧទ្ទិសហើយថ្មីៗមក យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានរកឃើញកន្លែងដ៏ស្ងប់ស្ងាត់មួយពីក្រោយវាំងនននៅក្នុងព្រះវិហារបរិសុទ្ធ ហើយបានឱនក្បាលអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ។ បន្ទាប់មកនៅថ្ងៃដ៏ពិសិដ្ឋនេះនៅពេលពួកគ្រីស្ទាននៅគ្រប់ទីកន្លែងបានរំឭកដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញបានបង្ហាញព្រះកាយរបស់ទ្រង់ផ្ទាល់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ដោយប្រកាសថា « យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:៤ ) ។
តើវាមានន័យយ៉ាងដូចម្ដេចដែលថាព្រះយេស៊ូវគ្រីស្ទគឺជា « អង្គដែលមានព្រះជន្មរស់នៅ » ? វាមិនមែនគ្រាន់តែមានន័យថាទ្រង់បានក្រោកចេញពីផ្នូរ ហើយបានបង្ហាញព្រះកាយទៅកាន់សិស្សរបស់ទ្រង់នៅ កាលីឡេ ។ វាមានន័យដែរថាទ្រង់មានព្រះជន្មរស់នៅសព្វថ្ងៃនេះ ។ ទ្រង់មានបន្ទូលតាមរយៈព្យាការីនាសព្វថ្ងៃនេះ ។ ទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ។ ទ្រង់ព្យាបាលព្រលឹងដែលរងរបួស និងដួងចិត្តប្រេះឆានាសព្វថ្ងៃនេះ ។ ដូច្នេះយើងអាចបន្លឺតាមពាក្យសម្ដីនៃទីបន្ទាល់ដ៏មានអានុភាពរបស់ យ៉ូសែប ស្ម៊ីធ ថា ៖ « បន្ទាប់ពីទីបន្ទាល់ជាច្រើនដែលបានថ្លែងអំពីទ្រង់ នេះគឺជាទីបន្ទាល់…ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ គឺថាទ្រង់មានព្រះជន្មនៅរស់ ! » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:២២ ) ។ យើងអាចស្តាប់ឮព្រះសូសៀងរបស់ទ្រង់ក្នុងវិវរណៈទាំងនេះ ធ្វើជាសាក្សីអំពីព្រះហស្តរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ហើយមានអារម្មណ៍ « ឃ្លាដ៏ផ្អែមល្ហែម និងពិរោះ ៖ ‹ ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ ! › » ( ទំនុកតម្កើង, ល.រ.៧៦ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។
ពួកយើងភាគច្រើនមិនបានឃើញព្រះយេស៊ូវគ្រីស្ទដូចជាព្យាការី យ៉ូសែប ស្ម៊ីធ នោះទេ ។ ប៉ុន្តែយើងអាចដឹងដូចដែលលោកបានដឹងថាជីវិតរបស់ព្រះអង្គសង្គ្រោះ គឺទ្រង់ដឹងពីភាពជោគជ័យ និងការតស៊ូរបស់យើង ហើយថាទ្រង់នឹងជួយយើងក្នុងពេលវេលាដែលចាំបាច់ ។ សូមពិចារណាអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់បងប្អូនអំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ នៅពេលបងប្អូនពិចារណាសំណួរខាងក្រោមនេះ ហើយសិក្សាអំពីធនធានដែលអមមកជាមួយទាំងនោះ ។
-
តើព្រះយេស៊ូវគ្រីស្ទជានរណា ? ហេតុអ្វីយើងថ្វាយបង្គំទ្រង់ ? ( សូមមើល « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ) ។
-
តើព្រះវិញ្ញាណបង្រៀនខ្ញុំអំពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ និងអ្នកដទៃដែលបានឃើញព្រះអង្គសង្គ្រោះនោះមានអ្វីខ្លះ ? តើទីបន្ទាល់របស់ពួកគេពង្រឹងទីបន្ទាល់របស់ខ្ញុំយ៉ាងដូចម្ដេច ? ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១១-១៤, ២០-២៤; ១១០:១–១០; យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ:១៧ ) ។
-
តើខ្ញុំរៀនអ្វីខ្លះអំពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះ និងសេចក្ដីសប្បុរសចេញពីពាក្យសម្ដីរបស់ទ្រង់ផ្ទាល់ ? ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៥; ៣៨:៧ ) ។
-
តើព្រះអង្គសង្គ្រោះអាចជួយខ្ញុំបានដោយរបៀបណានៅថ្ងៃនេះ ? ( សូមមើល អេសាយ ៥៣:៣–៥; ហេព្រើរ ២:១៧-១៨; ម៉ូសាយ ៣:៧; អាល់ម៉ា ៧:១១-១៣; ៣៦:៣; អេធើរ ១២:២៧; ម៉ូសេ ៥:១០-១២ ) ។
នៅក្នុងវីដេអូ « My Spiritual Goal » យុវនារីម្នាក់សម្រេចចិត្តទន្ទេញ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » នៅលើ ( បណ្ណាល័យដំណឹងល្អ ) ។ តើមានអ្វីខ្លះដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍លើបទពិសោធន៍របស់នាង ? តើបងប្អូនមានអារម្មណ៍អ្វីខ្លះដែលបានបំផុសគំនិតឲ្យទទួលបានសេចក្ដីពិតនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » នៅក្នុងចិត្ត និងគំនិតរបស់បងប្អូន ?
ដើម្បីរៀនបន្ថែមអំពីរបៀបដែលព្រះអង្គសង្គ្រោះប្រទានពរដល់យើងនៅថ្ងៃនេះ បងប្អូនអាចសិក្សា ស្តាប់ ឬច្រៀងបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) ។ វាអាចជាការបំផុសគំនិតដើម្បីស្វែងរកសេចក្ដីពិតនៅក្នុងទំនុកតម្កើងនេះ ដែលត្រូវបានបង្រៀនផងដែរនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៤; ៨៤:៧៧; ៩៨:១៨; ១៣៨:២៣ ។
សូមមើលផងដែរ Topics and Questions « Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំនឹងរស់ឡើងវិញម្តងទៀត ។
យ៉ូសែប ស្ម៊ីធ បានដឹងអំពីអារម្មណ៍នៃការទួញសោកចំពោះការស្លាប់របស់មនុស្សជាទីស្រឡាញ់ រួមទាំងឪពុករបស់គាត់ និងបងប្រុសពីរនាក់របស់គាត់ផងដែរ ។ យ៉ូសែប និង អិមម៉ាបានកប់សពកូនប្រាំមួយនាក់ ដែលកូនម្នាក់ៗមានអាយុតិចជាងពីរឆ្នាំ ។ ចេញពីវិវរណៈដែលព្រះបានប្រទានឲ្យ យ៉ូសែប និង អិមម៉ា ទទួលបាននូវទស្សនៈដ៏អស់កល្បជានិច្ចមួយ ។
សូមមើលសេចក្ដីពិតអំពីសេចក្ដីស្លាប់ និងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:២៦-២៧; ៤២:៤៥–៤៦; ៦៣:៤៩; ៨៨:១៤-១៧, ២៧–៣១; ៩៣:៣៣–៣៤ ។ តើសេចក្តីពិតទាំងនេះជះឥទ្ធិពលលើរបៀបដែលបងប្អូនមើលទៅការស្លាប់យ៉ាងដូចម្ដេច ? តើវាជះឥទ្ធិពលលើរបៀបដែលបងប្អូនរស់នៅយ៉ាងដូចម្ដេច ?
សូមមើលផងដែរ កូរិនថូសទី១ ១៥; ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ), ទំព័រ ១៧៤-១៧៦; នៅលើគេហទំព័រ Easter.ChurchofJesusChrist.org ។
ព្រះយេស៊ូវគ្រីស្ទបានសម្រេចនូវ « ដង្វាយធួនដ៏ល្អឥតខ្ចោះ »សម្រាប់ខ្ញុំ ។
របៀបមួយដើម្បីផ្ដោតលើព្រះអង្គសង្គ្រោះនៅពេលបុណ្យអ៊ីស្ទើរគឺ ការសិក្សាវិវរណៈនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាដែលបង្រៀនអំពីពលិកម្មដ៏ធួនរបស់ទ្រង់ ។ វិវរណៈមួយចំនួនទាំងនេះអាចមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០–១៣; ១៩:១៦–១៩; ៤៥:៣–៥; ៧៦:៦៩–៧០ ។ សូមពិចារណាធ្វើបញ្ជីអំពីសេចក្ដីពិតដែលបងប្អូនរកឃើញនៅក្នុងខគម្ពីរទាំងនេះ ។ ដើម្បីធ្វើឲ្យការសិក្សារបស់បងប្អូនកាន់តែស៊ីជម្រៅ បងប្អូនអាចបន្ថែមទៅក្នុងបញ្ជីរបស់បងប្អូនដោយស្វែងរក លូកា ២២:៣៩-៤៤; យ៉ូហានទី១ ១:៧; នីហ្វៃទី២ ២:៦–៩; ម៉ូសាយ ៣:៥-១៣, ១៧-១៨; មរ៉ូណៃ ១០:៣២–៣៣ ។
នេះគឺជាសំណួរមួយចំនួនដែលអាចណែនាំដល់ការសិក្សារបស់បងប្អូនបាន ៖
-
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?
-
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទជ្រើសរើសរងទុក្ខ ហើយសុគតដើម្បីយើង ?
-
តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានពរជ័យនៃពលិកម្មរបស់ទ្រង់ ?
-
តើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះព្រះយេស៊ូវគ្រីស្ទបន្ទាប់ពីបានអានខគម្ពីរទាំងនេះ ?
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ដង្វាយធួន » នៅលើបណ្ណាល័យដំណឹងល្អ; « The Savior Suffers in Gethsemane » ( វីដេអូ ), នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំនឹងរស់ឡើងវិញម្តងទៀត ។
-
ដើម្បីបង្រៀនកូនរបស់បងប្អូនអំពីការរស់ឡើងវិញ បងប្អូនអាចចាប់ផ្ដើមដោយបង្ហាញរូបភាពនៃសេចក្ដីស្លាប់ និងការរស់ឡើងវិញរបស់ព្រះអង្គសង្រ្គោះ ។ សូមឲ្យកូនៗរបស់បងប្អូនចែកចាយអ្វីដែលពួកគេដឹងអំពីរូបភាពនេះ ។ បងប្អូនក៏អាចច្រៀងបទមួយដូចជា « តើព្រះយេស៊ូវរស់ឡើងវិញឬ ? » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៥ ) ។
-
សូមគិតអំពីកម្មវត្ថុមេរៀនដែលអាចជួយកុមារយល់អំពីអ្វីដែលបានកើតឡើងនៅពេលយើងស្លាប់ ( វិញ្ញាណ និងរូបកាយរបស់យើងបំបែកចេញពីគ្នា ) ហើយនៅពេលយើងរស់ឡើងវិញ ( វិញ្ញាណ និងរូបកាយរបស់យើងត្រឡប់មកផ្គុំគ្នាវិញ ហើយរូបកាយរបស់យើងល្អឥតខ្ចោះ ហើយអមតៈ ) ។ ឧទាហរណ៍ តើមានអ្វីខ្លះកើតឡើងនៅពេលយើងដកថ្មពិលចេញពីពិល ឬដកទឹកខ្មៅចេញពីប៊ិច ? តើមានអ្វីកើតឡើងនៅពេលរបស់ទាំងនេះត្រូវបានផ្គុំគ្នាឡើងវិញ ? ( សូមមើល អាលម៉ា ១១:៤៤–៤៥ ) ។
-
តើកូនៗរបស់បងប្អូនមានស្គាល់នរណាម្នាក់ដែលបានស្លាប់ដែរឬទេ ? សូមឲ្យពួកគេចែកចាយបន្តិចអំពីបុគ្គលទាំងនេះ ហើយបន្ទាប់មកអានរួមគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:១៧ ។ និយាយជាមួយគ្នាអំពីអារម្មណ៍នៃការដឹងថាមនុស្សជាទីស្រឡាញ់របស់យើងនឹងរស់ឡើងវិញ ហើយមានរូបកាយម្តងទៀត ។
-
ប្រសិនបើបងប្អូនមានកូនធំ នោះបងប្អូនអាចអញ្ជើញពួកគេឲ្យស្វែងរកឃ្លា ដែលចាប់យកសាររបស់បុណ្យអ៊ីស្ទើរនៅក្នុងវគ្គខាងក្រោមនេះ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៤៩; ៨៨:១៤-១៧, ២៧; ១៣៨:១១, ១៤–១៧ ។ ពួកគេក៏អាចធ្វើដូចគ្នាជាមួយវីដេអូ « Because He Lives » នៅលើ ( បណ្ណាល័យដំណឹងល្អ ) ។ តើយើងអាចចែកចាយសារនេះជាមួយនឹងមនុស្សដទៃដោយរបៀបណា ?
ព្យាការី យ៉ូសែប ស៊្មីធ បានមើលឃើញព្រះយេស៊ូវគ្រីស្ទ ។
-
បងប្អូន និងកូនៗរបស់បងប្អូនប្រហែលជាចាប់អារម្មណ៍ក្នុងការអានអំពីពេលបីដងផ្សេងគ្នាដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយទៅកាន់ យ៉ូសែប ស្ម៊ីធ និងអ្នកដទៃដូចដែលបានកត់ត្រានៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤-១៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១១-២៤; ១១០:១–១០ ។ កូនរបស់បងប្អូនក៏អាចមើលរូបភាពនៃព្រឹត្តិការណ៍ទាំងនេះនៅក្នុង ទំព័រសកម្មភាព សប្តាហ៍នេះផងដែរ ។ តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីបទគម្ពីរទាំងនេះ ? ហេតុអ្វីវាជាពរជ័យមួយដើម្បីដឹងថា យ៉ូសែប ស្ម៊ីធ បានមើលឃើញព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ ?
តាមរយៈព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចត្រូវបានអភ័យទោសពីអំពើបាបរបស់ខ្ញុំ ។
-
សេចក្ដីពិតដែល យ៉ូសែប ស្ម៊ីធ បានរៀនអំពីការអភ័យទោសតាមរយៈព្រះគ្រីស្ទអាចផ្ដល់ឲ្យកូនរបស់បងប្អូននូវសេចក្ដីសង្ឃឹមថា ពួកគេអាចត្រូវបានអភ័យទោសចំពោះកំហុស និងអំពើបាបរបស់ពួកគេ ។ សូមពិចារណាអញ្ជើញកូនរបស់បងប្អូនឲ្យបង្កើតតារាងមួយដែលមានចំណងជើងដូចនេះ ៖ អ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ខ្ញុំ និង អ្វីដែលខ្ញុំត្រូវធ្វើដើម្បីទទួលបានការអភ័យទោសរបស់ទ្រង់ ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យស្រាវជ្រាវវគ្គបទគម្ពីរមួយដូចខាងក្រោម ដើម្បីស្វែងរកអ្វីមួយដែលស្ថិតនៅក្រោមចំណងជើងទាំងនេះ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០-១៣; ១៩:១៦-១៩; ៤៥:៣-៥; ៥៨:៤២-៤៣ ។ សូមចែកចាយជាមួយគ្នានូវអំណរ និងការដឹងគុណរបស់បងប្អូនចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ។
-
បងប្អូនក៏អាចមើលវីដេអូ « The Shiny Bicycle » ជាមួយកូនៗរបស់បងប្អូន នៅលើ ( បណ្ណាល័យដំណឹងល្អ ) និងចែកចាយបទពិសោធន៍នៅពេលដែលបងប្អូនមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះបានអភ័យទោសនៅពេលបងប្អូនបានប្រែចិត្ត ។