ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៩–១៥ ខែ មិថុនា ៖ « យើង​គង់នៅ​ជាមួយ​ពួក​ស្មោះត្រង់​ជានិច្ច » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០–៦៣


« ថ្ងៃទី ៩–១៥ ខែ មិថុនា ៖ ‹ យើង​គង់នៅ​ជាមួយ​ពួក​ស្មោះត្រង់​ជានិច្ច › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០–៦៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០–៦៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ភ្នក់​ភ្លើង​នៅ​ជិត​មាត់​ទន្លេ​មិសសួរី

សេចក្តី​លម្អិត​មកពី Campfire on the Missouri [ ភ្នក់​ភ្លើង​នៅ​មិសសួរី ] ដោយ ប្រាយអិន ម៉ាក ថៃលឺ

ថ្ងៃទី ៩–១៥ ខែ មិថុនា ៖ « យើង​គង់នៅ​ជាមួយ​ពួក​ស្មោះត្រង់​ជានិច្ច »

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦៣

នៅដើម ខែ សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ និង​ពួក​អែលឌើរ​ផ្សេង​ទៀត​នៃ​សាសនាចក្រ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ទីក្រុង ខឺតឡង់ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅកាន់ « ដែនដី​ស៊ីយ៉ូន » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៣ ) ។ ព្រះអម្ចាស់​បាន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួកគេ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:១០ ) និង​ពួកគេ​មួយ​ចំនួន​បាន​ធ្វើ​ដោយ​ឧស្សាហ៍​ព្យាយាម ។ ប៉ុន្តែ​អ្នក​ផ្សេងទៀត​មាន​ចិត្ត​ស្ទាក់ស្ទើរ ។ « ពួកគេ​លាក់​ការប៉ិនប្រសប់​របស់​ខ្លួន ដែល​យើង​បាន​ប្រទាន​ដល់​ពួកគេ » ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា « ពីព្រោះ​តែ​ការខ្លាច​ដល់​មនុស្ស » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:២ ) ។ ពួកយើង​ជា​ច្រើន​ដឹង​ពី​អារម្មណ៍​របស់​ពួកអែលឌើរ​ទាំងនេះ ។ ទោះ​ជា​យើង​ស្រឡាញ់​ដំណឹងល្អ​ក្ដី ការភ័យខ្លាច និង​ការសង្ស័យ​អាច​នឹង​រារាំង​យើង​មិន​ឲ្យ​ចែកចាយ​ដំណឹងល្អ​បាន​ឡើយ ។ ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​មេត្តាករុណា ។ ទ្រង់ « ជ្រាប​នូវ​សេចក្ដី​កម្សោយ​នៃ​មនុស្ស និង​ចេះ​ជួយ [ ពួកយើង ] » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦២:១ ) ។ ការធានា​អះអាង​សាជាថ្មី​ដែល​មាន​ពេញ​នៅ​ក្នុង​វិវរណៈ​ទាំង​នេះ​ទៅកាន់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កាល​ពី​ដើម ហើយ​វា​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការខ្លាច និង​ការខ្វះខាត​របស់​យើង ៖ « យើង​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​បរិសុទ្ធ​បាន » ។ « សាច់​ទាំងអស់​នៅក្នុង​ព្រះហស្ត​របស់​យើង » ។ « យើង​គង់នៅ​ជាមួយ​ពួក​ស្មោះត្រង់​ជានិច្ច » ។ ហើយ « អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់ ហើយ​កាន់ខ្ជាប់ នោះ​នឹង​បាន​ឈ្នះ​លើ​លោកិយ » ។ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:៧; ៦១:៦; ៦២:៩; ៦៣:៤៧ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦០; ៦២

ខ្ញុំ​អាច​ចែកចាយ​សេចក្តី​ស្រឡាញ់ និង​ទីបន្ទាល់​របស់ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ដំណឹងល្អ​ប្រៀបដូចជា « ការប៉ិនប្រសប់ » ឬ​រតនសម្បត្តិ​មួយ​មកពី​ព្រះ​ដោយ​របៀប​ណា ? តើ​ពេលខ្លះ​យើង « លាក់​ការប៉ិនប្រសប់ [ របស់​យើង ] » តាម​របៀប​ណា » ? ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:២; សូមមើល​ផងដែរ ម៉ាថាយ ២៥:១៤–៣០ ) ។

តើ​សារលិខិត​លើក​ទឹកចិត្ត​អ្វី​ខ្លះមកពី​ព្រះអម្ចាស់ ដែល​បងប្អូន​រកឃើញ​នៅក្នុង កណ្ឌ​ទី ៦០ និង​ទី ៦២ ? តើ​សារលិខិត​ទាំងនេះ​ពង្រឹង​ទំនុកចិត្ត​របស់​បងប្អូន​ នៅក្នុង​ការចែកចាយ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? នៅពេល​បងប្អូន​ពិចារណា​អំពី​សំណួរ​ទាំងនេះ សូម​ពិចារណា​ច្រៀង ឬ​អាន​ពាក្យ​នៅក្នុង​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩០ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​បទ​ចម្រៀង​កុមារ​នេះ​អំពី​ការចែកចាយ​ដំណឹង​ល្អ ?

សូមមើល​ផងដែរ​កម្រង « ការចែកចាយ​ដំណឹងល្អ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ការចែកចាយ​ដំណឹងល្អ​នៅលើ​ឡាន​ក្រុង

ខ្ញុំ​អាច​បើក​ចំហ​អំពី​ការចែកចាយ​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះគ្រីស្ទ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:២–៤; ៦១:១–២, ២០, ៣៦–៣៨; ៦២:១, ៦

ព្រះគម្ពីរ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​ទ្រង់​បាន​ណែនាំ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ព្រះអម្ចាស់​បាន​បើកសម្ដែង​សេចក្ដីពិត​សំខាន់ៗ​អំពី​អង្គទ្រង់ ។ សូម​រកមើល​សេចក្តីពិត​ទាំងនេះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:២–៤; ៦១:១–២, ២០, ៣៦–៣៨; ៦២:១, ៦ ។ តើ​ដំណើររឿង​អ្វីខ្លះ​ចេញ​ពី​ព្រះគម្ពីរ​ដែល​បង្ហាញ​អំពី​តួនាទី និង​បុគ្គលិក​លក្ខណៈ​នៃ​ព្រះ​អង្គ​សង្រ្គោះ​ដែល​បងប្អូន​បាន​រកឃើញ ? ( ឧទាហរណ៍ យ៉ូហាន ៨:១–១១; អេធើរ ២:១៤–១៥ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦២

ការសម្រេចចិត្ត​របស់​ខ្ញុំ​គួរតែ​មាន​លំនឹង « ការវិនិច្ឆ័យ និង​តាម​ការដឹកនាំ​ពី​ព្រះ​វិញ្ញាណ » ។

ព្រះអម្ចាស់​ប្រទាន​ការណែនាំ​អំពី​សេចក្តីពិត និង​គោលការណ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ប៉ុន្តែ​ទ្រង់​តែងតែ​ទុក​វា​ឲ្យ​យើង​ដើម្បី​កំណត់​ព័ត៌មាន​លម្អិត​ជាក់លាក់​អំពី​របៀប​ធ្វើ​តាម​គោលការណ៍​ទាំងនេះ ។ តើ​បងប្អូន​ឃើញ​គោលការណ៍​នេះ​បង្ហាញ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦២ ដោយ​របៀប​ណា ? ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦០:៥; ៦១:២២ ) ។ តើ​បងប្អូន​បាន​ឃើញ​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​បាន​ជា​វា​ល្អ​សម្រាប់​យើង​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ខ្លះ​ដោយ​មិន​រំពឹង​ថា​ព្រះ​នឹង​ប្រាប់​យើង​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ?

សូមមើល​ផងដែរ អេធើរ ២:១៨–២៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៧–២៨ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:៧–១២

ទីសម្គាល់​នានា​កើត​ចេញ​តាមរយៈ​សេចក្ដី​ជំនឿ និង​ព្រះឆន្ទៈ​របស់​ព្រះ ។

នៅ​ចុង​បញ្ចប់​នៃ​គម្រោង​នេះ មាន​ការបង្ហាញ​អំពី​អព្ភូតហេតុ​ដែល​ធ្វើ​ឲ្យ អែសរ៉ា ប៊ូត ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ៖ ដៃ​របស់ អេលស្សា ចនសុន ត្រូវ​បាន​ព្យាបាល​ដោយ​អព្ភូតហេតុ ។ ក្រោយ​ពី​ឃើញ​ដូច្នេះ អែសរ៉ា បាន​ទទួល​បុណ្យជ្រមុជទឹក​យ៉ាង​អន្ទះសា ។ ប៉ុន្ដែ​ក្នុង​ពេល​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ អែសរ៉ា បាត់បង់​សេចក្ដីជំនឿ​របស់​គាត់ ហើយ​បាន​រិះគន់​ដល់ព្យាការី ។ តើ​ការណ៍​នេះ​អាច​កើតឡើង​យ៉ាង​ដូចម្ដេច បើ​គិត​ដល់​អព្ភូតហេតុ​ដែល​គាត់​បាន​ឃើញ​នោះ ?

សូម​សញ្ជឹងគិត​ពី​ការណ៍​នេះ កាល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:៧–១២ ។ តើ​សេចក្ដីពិត​អ្វី​ខ្លះដែល​បងប្អូន​រៀន​អំពី​ទីសម្គាល់ និង​សេចក្តី​ជំនឿ ?

សូមមើល​ផងដែរ ម៉ាថាយ ១៦:១–៤; យ៉ូហាន ១២:៣៧; មរមន ៩:១០–២១; អេធើរ ១២:១២, ១៨ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:១៦

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​មាន​ភាព​បរិសុទ្ធ​នៅក្នុង​គំនិត និង​ទង្វើ​របស់​ខ្ញុំ ។

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:១៦ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​ជាថ្មី​នូវ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី—ថា ច្បាប់​ព្រហ្មចារីយភាព​គួរតែ​គ្រប់គ្រង​មិន​ត្រឹមតែ​ទង្វើ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​គំនិត​របស់​យើង​ផងដែរ ( សូមមើល ម៉ាថាយ ៥:២៧–២៨ ) ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:១៦ ចូរ​សរសេរ​អំពី​ការព្រមាន​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​អំពី​គំនិត​ត្រេកត្រអាល ។ បងប្អូន​ក៏​អាច​ជញ្ជឹងគិតពី​ភាពផ្ទុយ​នៃការព្រមាន​នីមួយៗ​ផងដែរ ។ ឧទាហរណ៍ តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​ដែល​ផ្ទុយ​ពី​ការភ័យខ្លាច ? តើ​ពរជ័យ​អ្វី​ផ្សេង​ទៀត​មកពី​ការ​មាន​គំនិត និង​ទង្វើ​ដ៏​បរិសុទ្ធ ?

មនុស្ស​ជា​ច្រើន​គិត​ថា បទដ្ឋាន​របស់​ព្រះអម្ចាស់​ពី​ការ​មាន​គំនិត និង​ទង្វើ​បរិសុទ្ធ​គឺ​ហួស​សម័យ ឬ​ថែមទាំង​ជា​ការជិះជាន់ ។ តើ​វា​នឹង​មាន​ភាពខុសគ្នា​យ៉ាង​ណា ប្រសិនបើ​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់​ខំ​ធ្វើ​តាម​ច្បាប់​នេះ ? បងប្អូន​អាច​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅក្នុង​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « We Believe in Being Chaste » ( Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ) ឬ « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បីធ្វើ​ការជ្រើសរើស ទំព័រ ២៣–២៦ ) ។ តើ​សារលិខិត​នៃ​សេចក្តី​សង្ឃឹម​អ្វី​ខ្លះដែល​បងប្អូន​រកឃើញ ?

សូម្បីតែ​នៅពេល​យើង​ដឹង​ពី​ពរជ័យ​នៃ​ភាពបរិសុទ្ធ​ក្នុង​គំនិត និង​ទង្វើ​របស់​យើង​ក៏ដោយ នោះ​មិន​មាន​ន័យ​ថា​វា​ងាយ​ស្រួល​នោះ​ទេ ។ បងប្អូន​អាច​នឹង​ចំណាយ​ពេល​ខ្លះ​ដើម្បី​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ពិបាក​ក្នុង​ការគោរពតាម​បទដ្ឋាន​នៃ​បរិសុទ្ធភាព​របស់​ព្រះអង្គ​សង្គ្រោះ—និង​អ្វី​ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល ។ តើ​គន្លឹះ​អ្វីខ្លះ​ដែល​បងប្អូន​អាច​ចែកចាយ​ជាមួយ​អ្នក​ដទៃ អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅពេលគំនិត​មិន​ស័ក្តិសម​ល្បួង​បងប្អូន ?

គាំទ្រ​គ្នា​ទៅវិញ​ទៅមក ពរជ័យ​មួយ​ដ៏​អស្ចារ្យ​នៃ​ការជួបជុំ​គ្នា​នៅ​ក្នុង​ការប្រជុំ និង​ថ្នាក់​ទាំងឡាយ​របស់​សាសនាចក្រ​គឺ ឱកាស​ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​ពួកបរិសុទ្ធ​ដូចគ្នា នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ធ្វើតាម​ព្រះអង្គសង្រ្គោះ ។ ពួក​យើង​ជា​ច្រើន​ប្រឈមមុខ​នឹង​បញ្ហា​ស្រដៀង​គ្នា ហើយ​បទពិសោធន៍​ដូចគ្នា​របស់យើង​អាច​ជា​កម្លាំង​ដ៏​អស្ចារ្យ ។ សូម​កុំ​ខ្លាច​ក្នុង​ការទទួល​ស្គាល់​ថា បងប្អូន​មាន​ឧបសគ្គ ។ ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ជួយ​បងប្អូន​ឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​យក​ឈ្នះលើ​ការល្បួង ។

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៤៥; Topics and Questions « Virtue » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « Standards: Sexual Purity and Modesty—True Confidence » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ នៅលើ​គេហទំព័រ AddressingPornography.ChurchofJesusChrist.org ។

3:58

Standards: Sexual Purity and Modesty - True Confidence

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៥៨–៦៤

ដំណើររឿង​ពិសិដ្ឋ​នានា​គួរ​តែ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​គារវភាព ។

គោលការណ៍​ទាំងឡាយ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៥៨–៦៤ លើស​ពី​ការ​យក​ព្រះនាម​ព្រះអម្ចាស់​ដោយ​អសារ​ឥត​ការ​ទៅទៀត ។ តើ​របស់​ពិសិដ្ឋ​អ្វី​ទៀត​ដែល « មកពី​លើ » ឬ​មកពី​ព្រះ ? តើ​ការ​និយាយ​អំពី​រឿង​ទាំង​នេះ« ដោយ​យក​ចិត្ត​ទុក​ដាក់ » មាន​ន័យ​យ៉ាងដូចម្ដេច​ចំពោះ​បងប្អូន ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:៤; ៦១:១–២, ៣៦; ៦២:១

ព្រះគម្ពីរ​ទាំងឡាយ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • ប្រហែល​ជា​បងប្អូន​អាច​សរសេរ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០–៦២ នៅលើ​សន្លឹក​ក្រដាស​តូចៗ ។ បន្ទាប់មក កូនៗ​របស់​បងប្អូន​អាច​ផ្គូផ្គង​សេចក្តីថ្លែងការណ៍​ទាំងនេះ​ទៅ​នឹង​រូបភាព​របស់​ព្រះយេស៊ូវ មកពី​ការងារបម្រើ​របស់​ទ្រង់​នៅលើ​ផែនដី ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៣៤–៦១ ) ដែល​បង្ហាញពី​បុគ្គលិកលក្ខណៈ​ទាំងនេះ ។ តើ​ទ្រង់​ធ្វើ​ឲ្យ​យើង​ស្គាល់​ទ្រង់​សព្វ​ថ្ងៃ​ដោយ​របៀប​ណា ?

    Jesus Christ at age twelve in the temple at Jerusalem during the Feast of the Passover. A group of learned Jewish doctors are gathered around Christ. The doctors are expressing astonishment at the wisdom and understanding of the young Christ. (Luke 2:41-50)
ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ឡើងវិញ

សេចក្តី​លម្អិត​មកពី For This Purpose [ សម្រាប់​គោលបំណង​នេះ ] ដោយ យ៉ុងស៊ុង គីម

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:៧; ៦១:១–២; ៦២:១

ព្រះអម្ចាស់​នឹង​អភ័យ​ទោស​ឲ្យ​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​ប្រែចិត្ត ។

  • នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:៧; ៦១:២ ជាមួយ​កូនៗ​របស់​បងប្អូន សូម​ជួយ​ពួកគេ​ស្វែងរក​ពាក្យ​ដែល​ខគម្ពីរ​ទាំងនេះ​មាន​ដូចគ្នា ។ សូម​រំឭក​ពួកគេ​ថា វិវរណៈ​ទាំងនេះ​គឺ​ត្រូវ​បាន​ផ្តល់​ឲ្យទៅ យ៉ូសែប ស្ម៉ីធ និង​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​ដទៃ​ទៀត ។ តើ​ព្រះ​អម្ចាស់​ចង់​ឲ្យ​ពួកគេ​ដឹង​អ្វី​ខ្លះ ? បងប្អូន​ក៏​អាច​និយាយ​ផងដែរ​អំពី​ព្រះហឬទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង នៅពេល​យើង​ធ្វើ​ខុស និង​អត្ថន័យ​នៃ​ការប្រែចិត្ត ។ យោង​តាម គោលលទ្ធិ និង​សេចក្តីសញ្ញា ៦២:១ តើ​ព្រះយេស៊ូវ​អាច​ជួយ​នៅពេល​យើង​ត្រូវបាន​ល្បួង​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦២:៣, ៩

ព្រះយេស៊ូវ​គ្រីស្ទ ចង់​ឲ្យ​ខ្ញុំ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។

  • បងប្អូន​អាច​សួរ​កូនៗ​របស់​បងប្អូន​នូវ​អ្វី​ដែល​ពួកគេ​នឹង​និយាយ ប្រសិនបើ​នរណា​ម្នាក់​សួរ​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​ស្រឡាញ់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ការចែកចាយ​ដំណឹងល្អ ដូចជា​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៩០ ) អាច​ផ្ដល់​ជា​គំនិត​មួយ​ចំនួន​ដល់​ពួកគេ​បាន ។ បន្ទាប់មក បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦២:៣ ហើយ​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្តាប់​នូវ​អ្វី​ដែល​កើតឡើង នៅពេល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង ។ តើ​ការសន្យា​នៅក្នុង ខទី ៩ អាច​ជួយ​ដោយ​របៀបណា ប្រសិនបើ​យើង​មាន​អារម្មណ៍​ភ័យខ្លាច ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៦៤

ខ្ញុំ​អាច​មាន​គារវភាព ។

  • ដើម្បី​ណែនាំ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៦៤ បងប្អូន​អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​គារវភាព​ជាមួយ​កូនៗ​របស់​បងប្អូន ដូចជា​បទ « គារវភាព​គឺជា​ក្តី​ស្រឡាញ់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២ ) ។ បន្ទាប់មក បងប្អូន​អាច​និយាយ​អំពី​វិធី​ផ្សេងៗ ដើម្បី​បង្ហាញ​គារវភាព​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​អ្វី​ដែល​ជា​ការគោរព ដោយ​និយាយ​ជាមួយ​ពួកគេ​អំពី​វត្ថុ​ដែល​ពិសេស​សម្រាប់​ពួកគេ ដូចជា​ប្រដាប់​ក្មេងលេង សៀវភៅ ឬ​ភួយ​ដែល​ចូលចិត្ត ។ សូម​សួរ​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​ថែរក្សា និង​ការពារ​អ្វី​ដែល​ពិសេស​សម្រាប់​ពួកគេ ។ បងប្អូន​អាច​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:៦៤ ។ តើ​អ្វី​ដែល​ពិសេស—ឬ​ពិសិដ្ឋ—ចំពោះ​ព្រះវរបិតាសួគ៌ ? ( ឧទាហរណ៍ សូមមើល ខទី ៦១ និង​គម្រោង ទំព័រ​សកម្មភាព សម្រាប់​សប្តាហ៍​នេះ ) ។ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​រឿង​ទាំង​នេះ—ទាំង​ពាក្យសម្តី និង​ទង្វើ​របស់​យើង ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

អេលស្សា ចនសុន ដែល​កំពុង​ព្យាបាល

Healing of Elsa Johnson’s Shoulder [ ការព្យាបាល​ស្មា​របស់ អេលស្សា ចនសុន ] ដោយ ស៊ែម ឡឡឺរ៍

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ