ចូរ​មក​តាម​ខ្ញុំ
សំឡេង​នៃ​ការស្ដារឡើង​វិញ ៖ សមាគម​សង្រ្គោះ


« សំឡេង​នៃ​ការស្តារឡើង​វិញ ៖ សមាគម​សង្រ្គោះ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« សមាគម​សង្រ្គោះ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូប​តំណាងសំឡេង​នៃ​ការស្តារឡើង​វិញ

សំឡេង​នៃ​ការស្ដារ​ឡើង​វិញ

សមាគម​សង្រ្គោះ

នៅក្នុង​ឆ្នាំ ១៨៤២ បន្ទាប់ពី​សមាគម​សង្គ្រោះ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុងទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ នោះ​ព្យាការី យ៉ូសែប ស៊្មីធ បាន​មានប្រសាសន៍​ថា « សាសនាចក្រ​នឹង​មិន​បាន​រៀបចំ​យ៉ាង​ល្អ​ឥតខ្ចោះ​ឡើយ រហូតដល់​ក្រុម​ស្ដ្រី​ត្រូវបាន​រៀបចំ​ឡើង » ។ ស្រដៀង​គ្នា​នេះ​ដែរ ការសិក្សា​អំពី​ការស្តារឡើងវិញ​នៃ សាសនាចក្រ​របស់​ព្រះអម្ចាស់ ​និង​បព្វជិតភាព​របស់ទ្រង់ គឺ​មិនទាន់បាន​ពេញលេញ​ទេ រហូត​ដល់​រួម​បញ្ចូល​ទាំងការសិក្សា​អំពី​សមាគម​សង្រ្គោះ​ដែល​វាផ្ទាល់​គឺជា « ការស្តារ​ឡើងវិញ​នៃគំរូពី​បុរាណ » នៃ​កូនសិស្ស​ស្ត្រី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ផងដែរ ។

អេលីហ្សា អ័រ ស្នូ បានដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការស្តារ​ឡើងវិញ​នោះ ។ នាងមាន​វត្តមាន​នៅពេលដែល​សមាគម​សង្រ្គោះ​ទើប​បាន​បង្កើត​លើកដំបូង ហើយ​ក្នុង​នាម​ជាលេខា នាង​បានកត់ត្រា​អំឡុងពេល​ប្រជុំ ។ នាង​បានធ្វើ​ជាសាក្សី​តាំង​ពី​ដំបូង​ថា សមាគម​សង្រ្គោះ​ត្រូវបាន​បង្កើត​ឡើង ​« តាម​គន្លង​នៃ​បព្វជិតភាព » ។ ខាង​ក្រោមនេះ​គឺជាពាក្យ​ពេចន៍​របស់នាង​ដែល​បាន​កត់ត្រា​ក្នុង​អំឡុងពេល​នាង​កំពុង​បម្រើជា​ប្រធាន​ទីពីរ​នៃ​សមាគមសង្គ្រោះ​ទូទៅ ដើម្បី​ជួយ​បង​ប្អូនស្រី​របស់​គាត់​ឲ្យ​យល់ដឹង​អំពី​កិច្ចការ​ដ៏ទេវភាព​ដែល​បាន​ប្រគល់​ឲ្យ​បុត្រី​នៃ​សេចក្តីសញ្ញា​របស់ព្រះ ។

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​របៀបដែល​សមាគម​សង្រ្គោះ​ត្រូវបាន​បង្កើត​ឡើង សូមមើល Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១៧ ) ទំព័រ ១–២៥; The First Fifty Years of Relief Society ( ឆ្នាំ ២០១៦ ) ទំព័រ ៣–១៧៥ ។

អិមម៉ា ស្ម៊ីធ កំពុង​ដឹកនាំ​ការប្រជុំ​របស់​សមាគម​សង្រ្គោះ

រូបគំនូរ​របស់​អង្គការ​សមាគម​សង្រ្គោះ ដោយ ផល មេន

អេលីស្សា អ័រ ស្នូ

« ទោះបី​ជាឈ្មោះ [ សមាគម​សង្រ្គោះ ] នេះ​ជា​ឈ្មោះ​សម័យ​ថ្មី តែ​ស្ថាប័ន​នោះ​គឺ​មកពី​ជំនាន់​ដើម ។ [ យ៉ូសែប ស្ម៊ីធ ] បាន​ប្រាប់​យើង​ថា អង្គការនេះ​មាននៅ​ក្នុង​សាសនាចក្រ​តាំង​ពីបុរាណ ដូច​ជាការរៀបរាប់​នៅក្នុង​សំបុត្រ​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដោយ​ផ្ដល់​ងារ​មួយ​ថា ‹ ស្រ្តី​រើសតាំង › [ សូម​មើល យ៉ូហាន ទី២ ១:១; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:៣ ] ។

« នេះ​ជា​អង្គការ​មួយ​ដែល​មិន​អាច​បង្កើត​ឡើង​ដោយ​គ្មាន​អំណាច​បព្វជិត​ភាព​បាន​ឡើយ ដោយ​ហេតុថា​វា​វិវឌ្ឍន៍​មកពី​សិទ្ធិអំណាច​ទាំងអស់ និង​ឥទ្ធិពល​មក​ពី​ប្រភព​នោះ ។ នៅពេល​ដែល​បព្វជិតភាព​ត្រូវបាន​ដកយក​ចេញ​ពី​ផែនដី ស្ថាប័ន​នេះ​ក៏ដូចជា​ស្ថាប័ន​តូចៗ​ទាំងឡាយ​នៃ​សេចក្តីពិត​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផែនដី​នេះ​ដែរ វា​ត្រូវ​បាន​សាបសូន្យ ។…

« ការបាន​ធ្វើ​ជាតំណាង​អង្គការ ‹ សមាគម​សង្គ្រោះ​ស្រ្តី​នៅណៅវូ › … ក៏មាន​ឱកាស​ទទួល​បទពិសោធន៍​ដែល​មិនអាចកាត់ថ្លៃ​បាន​នៅក្នុង​សមាគម​នោះ ប្រហែល​ខ្ញុំអាច​ចែកចាយប្រាប់​គន្លឹះ​មួយចំនួន ដែល​អាច​ជួយ​ដល់​បុត្រី​នៃ​ស៊ីយ៉ូន​ក្នុង​ការឈាន​ទៅ​មុខ​ក្នុង​តំណែង​ដ៏សំខាន់​នេះ ដែល​ពោរពេញ​ដោយ​អ្វី​ដែល​ថ្មី និង​ការទទួលខុសត្រូវ​យ៉ាង​ច្រើន ។ ប្រសិនបើ​កូនស្រី និង​ម្តាយ​ទាំងឡាយ​ក្នុង​វង្ស​អ៊ីស្រាអែល​កំពុងតែ​មាន​អារម្មណ៍​ថា​មិន​អាច​ធ្វើ​កិច្ចការ​បាន​ច្រើន​នៅ​ក្នុង​សកម្មភាព​របស់​ពួកគេ នោះ​ពួកគេ​នឹង​រកឃើញ​សមត្ថភាព​ដ៏​លើសលប់​សម្រាប់​ការប្រើប្រាស់​ទេពកោសល្យ និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ពួកគេ​ដើម្បី​ធ្វើ​កិច្ចការ​ល្អ ដែល​ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ​យ៉ាង​បរិបូរណ៍ ។ …

ហាង​ឥដ្ឋ​ក្រហម​នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណយ

អង្គការ​សមាគម​សង្រ្គោះ​ត្រូវ​បានបង្កើត​ឡើង នៅបន្ទប់​ជាន់​ខាងលើ​នៃ​ហាង​ឥដ្ឋ​ពណ៌​ក្រហម ។

« តើ​មាន​សំណួរ​ក្នុង​គំនិត​ដែរ​ទេ​ថា តើអ្វី​ជា​គោលបំណង​របស់​សមាគម​សង្គ្រោះ​ស្រ្តី ? ខ្ញុំ​នឹង​ឆ្លើយ​តប​ថា—ដើម្បី​ធ្វើ​ល្អ—ដើម្បី​ប្រើប្រាស់​លទ្ធភាព​ទាំងអស់​ដែល​យើង​មាន​សម្រាប់​សេចក្តី​ល្អ មិនមែន​គ្រាន់​តែ​ដើម្បី​ជួយ​មនុស្ស​ទ័លក្រ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដើម្បី​សង្គ្រោះ​ព្រលឹង​ថែម​ទៀត​ផង ។ កិច្ចខិតខំ​រួមគ្នា​នឹង​នាំ​ឲ្យ​សម្រេច​ជោគជ័យ​ច្រើន​ឥត​គណនា ជាង​កាល​ដែល​បុគ្គល​ពូកែ​ម្នាក់​ធ្វើ ។…

« ក្នុងការមើល​ថែ​មនុស្ស​ទ័លក្រ សមាគម​សង្គ្រោះ​ស្រ្តី​មាន​កាតព្វកិច្ច​ផ្សេងៗ​ដែលត្រូវ​ធ្វើ​ច្រើនជាង​ការគ្រាន់តែ​ជួយ​ឲ្យ​ធូរស្រាល​តែខាង​សាច់ឈាម ។ ភាពក្រខ្សត់​ខាងគំនិត និង​បេះដូង​ឈឺចាប់​ក៏ត្រូវការ​ការយកចិត្ត​ទុកដាក់ ហើយ​គ្រប់ពេល​គឺជា​ការសម្តែង​នូវ​ក្តីមេត្តា—ដោយ​ផ្តល់​ដំបូន្មាន​ពីរបី​ម៉ាត់ ឬ​ក៏​គ្រាន់​តែ​ការចាប់ដៃ​ដែល​ពេញ​ដោយក្តីស្រឡាញ់ នោះ​នឹងធ្វើ​ឲ្យ​មាន​ការ​ត្រេកអរ ហើយ​ប្រសើរ​ជាង​បាន​កាបូប​មាស​ទៅទៀត … ។

« នៅពេល​ដែល​ពួកបរិសុទ្ធ​ប្រមូលផ្តុំគ្នា​ពី​រដ្ឋ​នានា ជាមនុស្ស​ចម្លែក​ចំពោះ​មនុស្ស​គ្រប់គ្នា ហើយ​អាច​ប្រឈម​នឹង​ការដឹកនាំ​ឲ្យវង្វេង​ពីសំណាក់​មនុស្ស​កុហក​ដែល​ចាំ​ឱកាស​ដើម្បី​បោក​បញ្ឆោត ពេលនោះ​ហើយ​ដែល [សមាគម​ ] សង្គ្រោះ​គួរ​តែ​ជួយ ​[ ពួកគេ ] ជាបន្ទាន់ រួច​ហើយ​ណែនាំ​ពួកគេ​ចូល​ក្នុង​សមាគមន៍​ដែល​នឹង​ជួយ​កែលម្អ និង​តម្កើង​ឡើង ហើយ​លើស​ពីនោះទៀត​គឺពង្រឹង​សេចក្តី​ជំនឿ​នៃដំណឹងល្អ ហើយ​ការធ្វើ​ដូច្នេះ​យើង​បាន​ក្លាយ​ជាឧបករណ៍​ក្នុង​ការសង្គ្រោះ​មនុស្ស​ជា​ច្រើន ។

« វាត្រូវ​ការសៀវភៅ​ជា​ច្រើន ដើម្បី​ឲ្យ​និយមន័យ​លើ​កាតព្វកិច្ច ឯកសិទ្ធិ និង​ការទទួលខុសត្រូវ​ក្នុង​កិច្ចការ​សមាគម … ។ ចូរ​ធ្វើ​កិច្ចការ ( នៅក្រោម​ការដឹក​នាំពី​ប៊ីស្សព​របស់បងប្អូន ) អត់ធ្មត់ ហ្មត់ចត់ ស្វាហាប់​ដោយ​សាមគ្គីភាព និង​ពោរពេញ​ដោយ​ការអធិស្ឋាន នោះ​ព្រះ​នឹងប្រទាន​ពរ​ដល់​កិច្ច​ខិតខំ​របស់បងប្អូន​ដោយ​នូវ​ភាពជោគជ័យ » ។​

កំណត់​ចំណាំ

  1. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤៥១ ។

  2. Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១៧ ) ទំព័រ  ។

  3. Joseph Smith, in Sarah M. Kimball « Auto-biography » Woman’s Exponent ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ១៨៨៣ ទំព័រ ៥១ ។

  4. « Female Relief Society » Deseret News ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៨៦៨ ទំព័រ ៨១ ។