« ថ្ងៃទី ១៧–២៣ ខែ វិច្ឆិកា ៖ ‹ ចូររៀបចំសម្រាប់ការយាងមកនៃប្ដីថ្មោងថ្មីចុះ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣–១៣៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣–១៣៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥
ថ្ងៃទី ១៧–២៣ ខែ វិច្ឆិកា ៖ « ចូររៀបចំសម្រាប់ការយាងមកនៃប្ដីថ្មោងថ្មីចុះ »
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣–១៣៤
នៅឆ្នាំ ១៨៣៣ ពួកមនុស្សកំណាចបានវាយប្រហារ និងបំផ្លាញរោងបោះពុម្ពរបស់សាសនាចក្រ ។ នៅក្នុងចំណោមការងារបោះពុម្ពដែលកំពុងដំណើរការនៅពេលនោះគឺព្រះគម្ពីរនៃព្រះបញ្ញត្តិ—ការប៉ុនប៉ងលើកដំបូងរបស់សាសនាចក្រដើម្បីចងក្រងវិវរណៈថ្ងៃចុងក្រោយរបស់ព្រះជាសៀវភៅមួយ ។ ពួកមនុស្សកំណាចបានពង្រាយសន្លឹកដែលមិនទាន់បានកិបចូលគ្នា ហើយទោះជាពួកបរិសុទ្ធដ៏ក្លាហានបានថែរក្សាទុកសន្លឹកខ្លះក្ដី ក៏មានតែច្បាប់ចម្លងមិនពេញលេញនៃព្រះគម្ពីរនៃព្រះបញ្ញត្តិតែប៉ុណ្ណោះ ដែលបាននៅសេសសល់មិនបាត់បង់ ។
អ្វីដែលយើងស្គាល់នៅពេលនេះថាជា កណ្ឌទី ១៣៣ នៃគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា គឺត្រូវធ្វើជាឧបសម្ព័ន្ធនៃព្រះគម្ពីរនៃព្រះបញ្ញត្តិ ដូចជាសេចក្តីបញ្ចប់យ៉ាងសំខាន់នៅចុងបញ្ចប់នៃការបោះពុម្ពវិវរណៈរបស់ព្រះអម្ចាស់អ៊ីចឹង ។ វាព្រមានអំពីថ្ងៃជំនុំជម្រះដែលនឹងមកដល់ ហើយរំឭកឡើងវិញនូវការហៅដែលមាននៅទូទាំងវិវរណៈសម័យទំនើប ៖ រត់ចេញពីភាពជាលោកិយ ដូចដែលតំណាងឲ្យដោយបាប៊ីឡូន ។ ស្ថាបនាក្រុងស៊ីយ៉ូន ។ ប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីរ ។ ហើយសូមផ្សាយសារលិខិតនេះ « ដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ » ( ខទី ៣៧ ) ។ ផែនការដើមសម្រាប់ព្រះគម្ពីរនៃព្រះបញ្ញត្តិមិនបានបំពេញទេ ប៉ុន្តែវិវរណៈនេះគឺជាការរំឭក និងជាសាក្សីថា កិច្ចការរបស់ព្រះអម្ចាស់គឺនឹងឆ្ពោះទៅមុខ « ដ្បិតទ្រង់នឹងលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់ … ហើយអស់ទាំងចុងផែនដីនឹងបានឃើញសេចក្តីសង្គ្រោះនៃព្រះរបស់ពួកគេ » ( ខទី ៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៤–១៤
ព្រះយេស៊ូវគ្រីស្ទអំពាវនាវខ្ញុំឲ្យបដិសេធបាប៊ីឡូន ហើយមកក្រុងស៊ីយ៉ូនវិញ ។
ភាពផ្ទុយគ្នាខាងវិញ្ញាណនៃស៊ីយ៉ូនគឺ បាប៊ីឡូន—ជាទីក្រុងបុរាណដែលនៅក្នុងព្រះគម្ពីរតំណាងឲ្យអំពើទុច្ចរិត និងការជាប់ឃុំឃាំងខាងវិញ្ញាណ ។ នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៤–១៤ សូមពិចារណាអំពីរបៀបដែលព្រះអង្គសង្រ្គោះកំពុងអំពាវនាវបងប្អូនឲ្យ « ចេញពីក្រុងបាប៊ីឡូន » ( ខទី ៥ ) និង« ចេញទៅឯ … ស៊ីយ៉ូន » ( ខទី ៩ ) ។ តើបងប្អូនឆ្លើយតបយ៉ាងណាចំពោះការអំពាវនាវរបស់ទ្រង់នេះ ? តើបងប្អូនរៀនអ្វីខ្លះទៀតអំពីស៊ីយ៉ូនចេញពីសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » ? ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៧–៤០ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១–១៩, ៣៧–៣៩
ខ្ញុំអាចរៀបចំខ្លួនឥឡូវនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
ទាំង កណ្ឌទី ១ អារម្ភកថារបស់ព្រះអម្ចាស់ចំពោះគោលលទ្ធិ និងសេចក្ដីសញ្ញា និងកណ្ឌទី ១៣៣ ឧបសម្ព័ន្ធដើមនៃព្រះគម្ពីរនៃព្រះបញ្ញត្តិ ដែលចាប់ផ្តើមជាមួយការអង្វរ ដូចគ្នាមកពីព្រះអម្ចាស់ ៖ « ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រនៃសាសនាចក្រយើងអើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១; ១៣៣:១ ) ។ ប្រហែលជាបងប្អូនអាចសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:១–១៩, ៣៧–៣៩ ហើយរាយបញ្ជីសារលិខិតដែលព្រះអម្ចាស់អញ្ជើញបងប្អូនឲ្យ « ប្រុងស្ដាប់ » ដើម្បី ( ស្តាប់ ហើយគោរពតាម ) នៅពេលបងប្អូនរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ ជាពិសេស បងប្អូនអាចរាយបញ្ជីអ្វីដែលទ្រង់ចង់ឲ្យបងប្អូនធ្វើ ដើម្បី ( ១ ) រៀបចំខ្លួនរបស់បងប្អូន និង( ២ ) ជួយរៀបចំពិភពលោកសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់ ។ តើបងប្អូនរៀនអ្វីខ្លះចេញពីបញ្ជីទាំងនេះ ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយសេចក្ដីពិតសំខាន់ៗថាតើពិភពលោកនឹងមានសភាពបែបណា នៅពេលព្រះអង្គសង្គ្រោះយាងមក—និងរបៀបរៀបចំខ្លួន ។ សូមរកមើលសេចក្តីពិតទាំងនេះនៅក្នុងសារលិខិតរបស់លោក « The Future of the Church: Preparing the World for the Savior’s Second Coming » ( Liahona ខែ មេសា ឆ្នាំ ២០២០ ទំព័រ៦–១១ ) ។ តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វី—ឬបន្តធ្វើ—ដើម្បី « រៀបចំពិភពលោកនេះសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ » ? ( « Aaronic Priesthood Quorum Theme » នៅលើបណ្ណាល័យដំណឹងល្អ ) ។
សូមមើលផងដែរ ម៉ាថាយ ២៥:១–១៣; រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៣–៧៦; « មកកូនចៅនៃព្រះអម្ចាស់ » ទំនុកតម្កើង ល.រ. ២២ ប្រធានបទ និង សំណួរ « Second Coming of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១៩–៥៦
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងជាក្តីរីករាយសម្រាប់ពួកសុចរិត ។
នៅពេលបងប្អូនអានអំពីការពិណ៌នានៃការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ១៩–៥៦ តើបងប្អូនរកឃើញអ្វីដែលបងប្អូនកំពុងទន្ទឹងរង់ចាំឲ្យដល់ ? តើពាក្យ ឬឃ្លាអ្វីខ្លះ ដែលពិពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់សម្រាប់រាស្រ្តរបស់ទ្រង់ ? សូមពិចារណាកត់ត្រាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូនជាមួយ « សេចក្តីសប្បុរសរបស់ព្រះអម្ចាស់របស់ [ បងប្អូន ] និងគ្រប់ទាំងអស់ដែលទ្រង់បានប្រោសមកលើ [ បងប្អូន ] តាមសេចក្តីសប្បុរសរបស់ទ្រង់ » ( ខទី ៥២ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤
« រដ្ឋាភិបាលទាំងឡាយត្រូវបានបង្កើតឡើងដោយព្រះសម្រាប់ផលប្រយោជន៍ដល់មនុស្ស » ។
ទំនាក់ទំនងរបស់ពួកបរិសុទ្ធជំនាន់មុនជាមួយរដ្ឋាភិបាលគឺស្មុគស្មាញណាស់ ។ នៅពេលពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីស្រុកចាកសុន រដ្ឋមិសសួរី នៅក្នុងឆ្នាំ ១៨៣៣ ពួកគេបានស្នើសុំជំនួយមកពីរដ្ឋាភិបាលក្នុងមូលដ្ឋាន និងថ្នាក់ជាតិ ហើយមិនទទួលបានអ្វីនោះទេ ។ ក្នុងពេលជាមួយគ្នានេះដែរ មនុស្សនៅខាងក្រៅសាសនាចក្របានបកស្រាយការបង្រៀនអំពីអត្ថន័យនៃក្រុងស៊ីយ៉ូនថា ពួកបរិសុទ្ធបដិសេធសិទ្ធិអំណាចនៃរដ្ឋាភិបាលដែនដី ។ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤ បានសរសេរជាផ្នែកខ្លះ ដែលបញ្ជាក់អំពីគោលជំហររបស់សាសនាចក្រចំពោះរដ្ឋាភិបាល ។ តើកណ្ឌនេះផ្ដល់យោបល់អ្វីខ្លះអំពីរបៀបដែលពួកបរិសុទ្ធរបស់ព្រះអម្ចាស់គួរតែយល់អំពីរដ្ឋាភិបាល ?
នៅពេលបងប្អូនអាន កណ្ឌទី ១៣៤ សូមពិចារណាស្វែងរកគោលការណ៍របស់រដ្ឋាភិបាល និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ។ តើគំនិតទាំងនេះអាចមានប្រយោជន៍ដល់ពួកបរិសុទ្ធជំនាន់មុនតាមរបៀបណា ? តើវាអាចអនុវត្តចំពោះកន្លែងដែលបងប្អូនរស់នៅដោយរបៀបណា ?
សូមមើលផងដែរ មាត្រានៃសេចក្តីជំនឿ ១:១១–១២; ប្រធានបទ និង សំណួរ « Religious Freedom » នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៤–៥, ១៤
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំនៅឲ្យឆ្ងាយពីអំពើអាក្រក់ក្នុងពិភពលោក ។
-
បងប្អូន និងកុមាររបស់បងប្អូនអាចរាយបញ្ជីកន្លែង និងស្ថានភាពមួយចំនួនដែលព្រះអម្ចាស់ចង់ឲ្យយើងនៅឲ្យឆ្ងាយ ។ បន្ទាប់មក បងប្អូនអាចប្រៀបធៀបទីកន្លែង និងស្ថានភាពទាំងនោះទៅនឹងនិយមន័យនៃ « បាបិល, បាប៊ីឡូន » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( បណ្ណាល័យដំណឹងល្អ ) ។ បន្ទាប់មកពួកគេអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៤–៥, ១៤ ។ តើវាមានន័យយ៉ាងណា « ចូរចេញពីក្រុងបាប៊ីឡូន » ? ( ខទី ៥ ) ។ បងប្អូនក៏អាចធ្វើបញ្ជីកន្លែង និងស្ថានភាពស្រដៀងគ្នាដែលព្រះអម្ចាស់អញ្ជើញយើងឲ្យធ្វើ ហើយប្រៀបធៀបបញ្ជីនោះទៅនឹងនិយមន័យនៃ « ស៊ីយ៉ូន » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១៩–២១, ២៥
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្ដងទៀត ។
-
កុមាររបស់បងប្អូនអាចរីករាយនឹងការសម្ដែងនូវអ្វីដែលមើលទៅដូចជាការរៀបចំសម្រាប់អ្វីមួយ ដូចជាការប្រកួតកីឡា ភ្ញៀវសំខាន់ ឬថ្ងៃឈប់សម្រាកដែលចូលចិត្ត ។ ហេតុអ្វីការរៀបចំមានសារៈសំខាន់ ? បន្ទាប់មក បងប្អូនអាចអានជាមួយគ្នានូវ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:១៧–១៩, ២១ ហើយអញ្ជើញកុមាររបស់បងប្អូនឲ្យរកមើលអ្វីដែលព្រះអម្ចាស់អញ្ជើញយើងឲ្យរៀបចំខ្លួនសម្រាប់ ។ បងប្អូនអាចបង្ហាញពួកគេនូវរូបភាពចេញពី គម្រោងមេរៀនសប្តាហ៍នេះ ហើយសួរកុមាររបស់បងប្អូននូវអ្វីដែលពួកគេដឹងអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ តើយើងរៀនអ្វីខ្លះទៀតមកពី ខទី ១៩–២៥, ៤៦–៥២ នេះ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏រីករាយនេះ ?
-
បងប្អូនអាចលាក់រូបភាព ឬវត្ថុផ្សេងៗ ដែលពិពណ៌នាអ្វីៗដែលយើងអាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ( ដូចជា ការអានព្រះគម្ពីរ ចែកចាយដំណឹងល្អ ឬបម្រើក្រុមគ្រួសាររបស់យើង ) ។ សូមឲ្យកុមាររបស់បងប្អូនស្វែងរករូបភាព ឬវត្ថុនោះ ហើយនិយាយអំពីរបៀបដែលការធ្វើរឿងទាំងនេះជួយយើងឲ្យត្រៀមខ្លួនជាស្រេចដើម្បីជួបព្រះអង្គសង្រ្គោះ នៅពេលទ្រង់យាងត្រឡប់មកវិញ ។
-
បងប្អូនអាចច្រៀងជាមួយគ្នានូវបទចម្រៀង ដូចជាបទ « ពេលទ្រង់យាងមកម្តងទៀត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៦–៤៧ ) ។ សូមចែកចាយសេចក្តីស្រឡាញ់របស់បងប្អូនចំពោះព្រះអង្គសង្គ្រោះ និងអារម្មណ៍របស់បងប្អូនអំពីការយាងត្រឡប់មកវិញរបស់ទ្រង់ជាមួយគ្នាទៅវិញទៅមក ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៥២–៥៣
ព្រះយេស៊ូវគ្រីស្ទមានសេចក្តីស្រឡាញ់ និងមានសេចក្តីសណ្ដោស ។
-
បងប្អូននិងកុមាររបស់បងប្អូនអាចមើលរូបភាពដែលបង្ហាញថាព្រះយេស៊ូវមានសេចក្ដីស្រឡាញ់ និងសេចក្តីសប្បុរស ។ ( ឧទាហរណ៍ សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤២, ៤៧ ) ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះទៀតដើម្បីបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរសរបស់ទ្រង់ ? សូមអានជាមួយគ្នានូវ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៥២ ហើយជួយកុមាររបស់បងប្អូនឲ្យគិតពីរបៀបដែលពួកគេអាច « ថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះអម្ចាស់ » ទៅកាន់អ្នកដទៃ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៤:១–២
ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យខ្ញុំគោរពតាមក្រិត្យវិន័យ ។
-
កុមាររបស់បងប្អូនអាចរាយបញ្ជីវិន័យ ឬច្បាប់ដែលពួកគេគោរពតាម ។ តើជីវិតនេះនឹងទៅជាបែបណា ប្រសិនបើគ្មាននរណាម្នាក់គោរពតាមច្បាប់ទាំងនេះ ? បន្ទាប់មក បងប្អូនអាចអាននូវ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៤:១–២ ជាមួយពួកគេ ដោយជួយពួកគេឲ្យយល់រាល់ពាក្យ ឬឃ្លាណាដែលពួកគេអាចមិនយល់ ។ ហេតុអ្វីបានជាព្រះអម្ចាស់ចង់ឲ្យយើងធ្វើតាមច្បាប់ ? ( សូមមើលផងដែរ មាត្រានៃសេចក្តីជំនឿ ១:១២ ) ។