« ថ្ងៃទី ១០–១៦ ខែ វិច្ឆិកា ៖ ‹ យើងបានទតឃើញការបូជាទាំងឡាយរបស់អ្នកចំពោះការគោរពតាម › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥
ថ្ងៃទី ១០–១៦ ខែ វិច្ឆិកា ៖ « យើងបានទតឃើញការបូជាទាំងឡាយរបស់អ្នកចំពោះការគោរពតាម »
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២
តាមរយៈ យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានដកយកអាថ៌កំបាំងមួយចំនួនចេញពីភាពអស់កល្បជានិច្ច ។ ភាពអស្ចារ្យនៃព្រះ សិរីល្អនៃស្ថានសួគ៌ និងភាពធំធេងនៃភាពអស់កល្បជានិច្ច អាចស្ទើរតែនឹងស៊ាំនៅក្នុងពន្លឺនៃដំណឹងល្អដែលបានស្ដារឡើងវិញនេះ សូម្បីតែគំនិតមានដែនកំណត់ដូចជាយើងក៏ដោយ ។ វិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២ គឺជាគំរូដ៏ល្អមួយ ។ តើព្រះមានលក្ខណៈយ៉ាងណា ? ទ្រង់ « មានព្រះកាយ … ជាក់ស្ដែងដូចជារូបកាយមនុស្ស » ។ តើស្ថានសួគ៌មានលក្ខណៈដូចម្ដេច ? « ទំនាក់ទំនងដែលមាននៅក្នុងចំណោមពួកយើងនៅទីនេះយ៉ាងណា នោះក៏នឹងមាននៅក្នុងចំណោមយើងនៅទីនោះយ៉ាងនោះដែរ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២២, ២ ) ។ ជាការពិត សេចក្តីពិតដ៏រីករាយបំផុតមួយអំពីស្ថានសួគ៌គឺថា វាអាចរួមបញ្ចូលទំនាក់ទំនងគ្រួសារជាទីស្រឡាញ់របស់យើង ប្រសិនបើបានផ្សារភ្ជាប់ដោយសិទ្ធិអំណាចត្រឹមត្រូវ ។ សេចក្តីពិតដូច្នេះអាចធ្វើឲ្យមានអារម្មណ៍ថា ស្ថានសួគ៌នៅជិត—ជាសិរីរុងរឿងដែលអាចឈោងដល់ ។
ប៉ុន្តែនៅពេលខ្លះព្រះអាចបង្គាប់យើងឲ្យធ្វើកិច្ចការដែលហាក់មិនសូវមានផាសុកភាព ហើយមិនអាចធ្វើបាន ។ សម្រាប់ពួកបរិសុទ្ធជាច្រើននៅជំនាន់មុន ការមានប្រពន្ធច្រើនគឺជាបញ្ញត្តិមួយដែលពិបាក ។ វាគឺជាការសាកល្បងដ៏ធំនៃសេចក្តីជំនឿរបស់ យ៉ូសែប ស្ម៊ីធ និងភរិយារបស់លោក អិមម៉ា និងសម្រាប់មនុស្សភាគច្រើនដែលបានទទួលវា ។ ដើម្បីឆ្លងកាត់ការសាកល្បងនេះ ពួកគេត្រូវការលើសពីអារម្មណ៍គាំទ្រអំពីដំណឹងល្អដែលបានស្តារឡើងវិញ ពួកគេត្រូវការសេចក្តីជំនឿលើព្រះដែលស៊ីជម្រៅជាងនោះ ។ បច្ចុប្បន្នបទបញ្ញតិនេះមិនត្រូវបានអនុវត្តទៀតទេ ប៉ុន្ដែគំរូដ៏ស្មោះត្រង់របស់មនុស្សដែលរស់នៅតាមនោះនៅតែបន្ត ។ ហើយគំរូនេះបានបំផុសគំនិតដល់យើង នៅពេលដែលយើងត្រូវបានស្នើសុំឲ្យ « បូជាចំពោះការគោរពតាម » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:៥០ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០–១៣២
ព្រះចង់លើកតម្កើងបុត្រាបុត្រីរបស់ទ្រង់ ។
មានរឿងជាច្រើនដែលយើងមិនដឹងអំពីភាពតម្កើងឡើង ឬជីវិតនៅកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល—ជាប្រភេទជីវិតដែលព្រះគង់នៅ ។ ភាគច្រើនវាអាចលើសពីសមត្ថភាពដែលយើងអាចយល់បាននៅពេលបច្ចុប្បន្ន ។ ប៉ុន្ដែព្រះបានបើកសម្ដែងតម្រុយមួយចំនួនដ៏មានតម្លៃ ហើយតម្រុយទាំងនេះជាច្រើនមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០–១៣២ ។ បងប្អូនអាចនឹងមានសំណួរទាំងនេះនៅក្នុងចិត្ត ៖ តើខ្ញុំបានរៀនអ្វីខ្លះអំពីព្រះ ? តើខ្ញុំបានរៀនអ្វីខ្លះអំពីជីវិតបន្ទាប់ពីជីវិតរមែងស្លាប់នេះ ? តើព័ត៌មាននេះអំពីជីវិតដ៏នៅអស់កល្បជានិច្ចផ្ដល់ពរដល់ជីវិតរបស់ខ្ញុំឥឡូវនេះដោយរបៀបណា ?
សូមមើលផងដែរ « Our Hearts Rejoiced to Hear Him Speak » នៅក្នុង Revelations in Context ទំព័រ ២៧៧–២៨០ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២០–២១; ១៣២:៥
ព្រះប្រទានពរដល់មនុស្សដែលគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ ។
តើបងប្អូននឹងថ្លែងដោយរបៀបណា តាមពាក្យសម្ដីរបស់បងប្អូននូវអ្វីដែលព្រះអម្ចាស់បានបង្រៀន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១ និង១៣២:៥ ? សូមជញ្ជឹងគិតអំពីរបៀបដែលគោលការណ៍នេះបានបង្ហាញនៅក្នុងជីវិតរបស់បងប្អូន ។
ពេលខ្លះ សូម្បីតែពេលយើងស្តាប់បង្គាប់ព្រះក៏ដោយ ពរជ័យដែលយើងសង្ឃឹមចង់បាននឹងមិនបានមកភ្លាមៗនោះទេ ។ តើបងប្អូនរក្សាសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមរបស់បងប្អូនដោយរបៀបណាពេលមានរឿងនេះកើតឡើង ? សូមរកមើលការយល់ដឹងនៅក្នុងសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « ទំនាក់ទំនងរបស់យើងជាមួយព្រះ » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៧៨–៨០ ) ។
សូមមើលផងដែរ នីហ្វៃទី១ ១៧:៣៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១០ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១៣–២១
ព្រះវរបិតាសួគ៌អាចធ្វើឲ្យក្រុមគ្រួសារអាចរួមរស់នឹងគ្នាជានិរន្តរ ។
តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានស្ដារឡើងវិញនូវសេចក្តីពិតថា ទំនាក់ទំនងអាពាហ៍ពិពាហ៍ និងទំនាក់ទំនងគ្រួសារអាចមានភាពអស់កល្បជានិច្ចបាន ។ នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១៣–២១ សូមរកមើលឃ្លាដែលជួយបងប្អូនឲ្យយល់ពីភាពខុសគ្នារវាងអ្វីដែលនឹង « នៅ » ជារៀងរហូត និងអ្វីដែលនឹងមិននៅជារៀងរហូត ។ តើបងប្អូនគិតថាវាមានន័យយ៉ាងណាសម្រាប់ការមានទំនាក់ទំនងអាពាហ៍ពិពាហ៍« តាមរយៈ [ ព្រះអម្ចាស់ ] » ? ( ខទី ១៤ ) ។
នៅក្នុងសារលិខិតនេះ « In Praise of Those Who Save » ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ លើកឡើងពីភាពផ្ទុយគ្នារវាងទំនាក់ទំនងអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចជាមួយនឹងរបស់ដែល « បោះចោល » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧–៧៨ ) ។ តើភាពផ្ទុយគ្នានេះបង្រៀនបងប្អូនអ្វីខ្លះអំពីរបៀបបីបាច់—ឬរៀបចំខ្លួនសម្រាប់—ទំនាក់ទំនងអាពាហ៍ពិពាហ៍ ? សូមគិតអំពីទំនាក់ទំនងគ្រួសាររបស់បងប្អូន—ឥឡូវនេះ និងនៅពេលអនាគត—នៅពេលបងប្អូនអានសារលិខិតរបស់អែលឌើរ អុជដូហ្វ ។ តើបងប្អូនរកឃើញអ្វីក្នុងនោះ ដែលផ្តល់ឲ្យបងប្អូននូវសេចក្តីសង្ឃឹមលើព្រះគ្រីស្ទសម្រាប់ទំនាក់ទំនងគ្រួសាររបស់បងប្អូន ?
ប្រធាន ហិនរី ប៊ី អាវរិង បានចែកចាយដំបូន្មាននេះដែលលោកបានទទួល នៅពេលលោកព្រួយបារម្ភអំពីស្ថានភាពគ្រួសាររបស់លោកថា ៖ « អ្នកគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងនគរសេឡេស្ទាលទៅបានហើយ នោះការរៀបចំគ្រួសារគឺវានឹងកាន់តែអស្ចារ្យជាងអ្វីដែលអ្នកអាចនឹកគិតដល់ទៅទៀត » ( នៅក្នុង « A Home Where the Spirit of the Lord Dwells » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២៥ ) ។ តើដំបូន្មាននេះអាចជួយបងប្អូន ឬនរណាម្នាក់ដែលបងប្អូនស្គាល់ដោយរបៀបណា ?
សូមមើលផងដែរ « ក្រុមគ្រួសារអាចនៅជាមួយគ្នានិរន្តរ៍ » ទំនុកតម្កើង ល.រ. ១៨៧ ប្រធានបទ និង សំណួរ « Marriage » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១–២, ២៩–៤០
ខាងការមានប្រពន្ធច្រើនត្រូវបានព្រះទទួលយកតែនៅពេលដែលទ្រង់បង្គាប់ប៉ុណ្ណោះ ។
មនុស្សជាច្រើនដែលអានព្រះគម្ពីរសញ្ញាចាស់ងឿងឆ្ងល់អំពីអ័ប្រាហាំ យ៉ាកុប ម៉ូសេ និងអ្នកផ្សេងៗដែលបានរៀបការជាមួយប្រពន្ធច្រើននាក់ ។ តើពួកអ្នកបម្រើរបស់ព្រះអម្ចាស់ទាំងនេះបានប្រព្រឹត្តអំពើផិតក្បត់ឬ ? តើព្រះបានអនុម័តលើអាពាហ៍ពិពាហ៍របស់ពួកគេដែរឬទេ ? យ៉ូសែប ស្ម៊ីធ មានសំណួរស្រដៀងគ្នានេះ ។ សូមរកមើលចម្លើយដែលព្រះប្រទានឲ្យនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១–២, ២៩–៤០ ។
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់គឺជាបទដ្ឋានអាពាហ៍ពិពាហ៍របស់ព្រះ ( សូមមើល ក្បាលកណ្ឌ សេចក្តីប្រកាសជាផ្លូវការទី ១; យ៉ាកុប ២:២៧, ៣០ ) ។ ទោះជាយ៉ាងណា ក៏មានពេលខ្លះ នៅពេលដែលព្រះបានតា្រស់បង្គាប់បុត្រាបុត្រីរបស់ទ្រង់ឲ្យអនុវត្តខាងការមានប្រពន្ធច្រើន ។
នៅអំឡុងពេលដំបូងនៃការស្ដារសាសនាចក្រឡើងវិញ អំឡុងពេលនោះគឺជាករណីលើកលែង ។ ប្រសិនបើបងប្អូនចង់រៀនបន្ថែមទៀតអំពីអាពាហ៍ពិពាហ៍ខាងការមានប្រពន្ធច្រើនដែលមាននៅក្នុងចំណោមពួកបរិសុទ្ធនៅសម័យដើម សូមមើល « Mercy Thompson and the Revelation on Marriage » ( នៅក្នុង Revelations in Context ទពំ័រ ២៨១–២៩៣ ); Saints ១:២៩០–២៩២, ៤៣២–៤៣៥, ៤៨២–៤៩២, ៥០២–៥០៤; ប្រធានបទ និង សំណួរ « Plural Marriage in The Church of Jesus Christ of Latter-day Saints » នៅលើបណ្ណាល័យដំណឹងល្អ « Why Was It Necessary for Joseph Smith and Others to Practice Polygamy? » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២, ១៨–១៩; ១៣២:១៣, ១៩
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំផ្ដោតលើកិច្ចការដែលអស់កល្បជានិច្ច ។
-
តើ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១៣ បង្រៀនយើងអ្វីខ្លះអំពីលោកិយនេះ ? ប្រហែលជាបងប្អូន និងកុមាររបស់បងប្អូនអាចរៀបឥវ៉ាន់ដាក់វ៉ាលី ឬកាបូបស្ពាយជាមួយរបស់របរផ្សេងៗយោងតាម គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២, ១៨–១៩; ១៣២:១៩ ដែលយើងអាចយកទៅជាមួយនៅជីវិតក្រោយ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១; ១៣២:៥, ២១–២៣
ព្រះប្រទានពរខ្ញុំ ពេលខ្ញុំធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ ។
-
ប្រហែលជាការប្រៀបធៀបដ៏សាមញ្ញមួយអាចបង្រៀនកុមាររបស់បងប្អូនអំពីការគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។ ឧទាហរណ៍ បងប្អូនអាចសុំឲ្យពួកគេណែនាំបងបង្អូនឲ្យដើរទៅកន្លែងណាមួយ ដូចជាទៅសាលារៀន ឬអគារព្រះវិហារជាដើម ។ តើមានអ្វីកើតឡើងនៅពេលយើងមិនធ្វើតាមសេចក្តីណែនាំទាំងឡាយ ? បន្ទាប់មក បងប្អូនអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២១ ហើយប្រៀបធៀបការណែនាំទាំងនេះទៅនឹងបទបញ្ញត្តិដែលព្រះបានប្រទានដល់យើង ។
-
បងប្អូនក៏អាចច្រៀងចម្រៀងអំពីការគោរពប្រតិបត្តិជាមួយគ្នាផងដែរដូចជាបទ « រក្សាបទបញ្ញត្តិ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៩០–១៩១ ) និងរកមើលពាក្យពេចន៍នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១ និង១៣២:៥ ដែលស្រដៀងនឹងពាក្យពេចន៍ទាំងនោះនៅក្នុងបទចម្រៀង ។ តើព្រះប្រទានពរដល់យើងនៅពេលយើងខិតខំគោរពតាមបទបញ្ញត្តិរបស់ទ្រង់ដោយរបៀបណា ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២២
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះកាយអមតៈ ។
-
បន្ទាប់ពីអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២២ ជាមួយគ្នារួចហើយ បងប្អូន និងកុមាររបស់បងប្អូនអាចមើលរូបភាពព្រះយេស៊ូវគ្រីស្ទ ហើយចង្អុលទៅព្រះនេត្រ ព្រះឱស្ឋរបស់ទ្រង់ និងផ្នែកផ្សេងទៀតនៃព្រះកាយរបស់ទ្រង់ ។ កុមាររបស់បងប្អូនអាចចង្អុលទៅផ្នែកដូចគ្នានៃរូបកាយរបស់គេ ។ សូមប្រាប់ពួកគេអំពីមូលហេតុដែលវាសំខាន់សម្រាប់បងប្អូនដើម្បីដឹងថា រូបកាយរបស់យើងមើលទៅដូចជារូបកាយរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១៩
ព្រះវរបិតាសួគ៌បានធ្វើឲ្យក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជារៀងរហូត ។
-
សូមជួយកុមាររបស់បងប្អូនស្វែងរកឧទាហរណ៍នៃអ្វីដែលមិននៅជារៀងរហូត—អាហារដែលខូច ផ្កាដែលស្វិត ។ ល ។ បន្ទាប់មក មើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១៩ ជាមួយគ្នា ហើយស្វែងរកឃ្លាគន្លឹះដូចជា « សេចក្ដីសញ្ញាថ្មី និងដ៏នៅអស់កល្បអស់កាលជានិច្ច », « បានភ្ជាប់ », « និងរហូតដល់អស់ទាំងភាពអស់កល្បជានិច្ច » ។ ( សូមមើលផងដែរ « ជំពូកទី ៥៥ ៖ វិវរណៈអំពីអាពាហ៍ពិពាហ៍ » នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ១៩៨ ឬវីដេអូដែលទាក់ទងដែលមាននៅលើបណ្ណាល័យដំណឹងល្អ ) ។ បងប្អូនក៏អាចមើលរូបភាពក្រុមគ្រួសាររបស់បងប្អូន និងថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានធ្វើឲ្យវាអាចសម្រេចបាន តាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ដើម្បីឲ្យក្រុមគ្រួសាររស់នៅជាមួយគ្នាជារៀងរហូត ។