« សំឡេងនៃការស្ដារឡើងវិញ ៖ ពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនរបស់យើង ‹ គោលលទ្ធិដ៏រុងរឿង › » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនរបស់យើង ‹ គោលលទ្ធិដ៏រុងរឿង › » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សំឡេងនៃការស្ដារឡើងវិញ
ពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនរបស់យើង « គោលលទ្ធិដ៏រុងរឿង »
ហ្វីប៊ី និង វិលហ្វូឌ វូឌដ្រុព្វ
ហ្វីប៊ី វូឌដ្រុព្វ បានរស់នៅជិតក្រុងណៅវូ នៅពេលដែល យ៉ូសែប ស្ម៊ីធ បានចាប់ផ្តើមបង្រៀនអំពីលទ្ធភាពនៃការធ្វើបុណ្យជ្រមុជទឹកដល់អស់អ្នកដែលបានរស់នៅពីមុន ។ នាងបានសរសេរពីរឿងនោះទៅកាន់ស្វាមីរបស់នាង វិលហ្វូឌ ដែលកំពុងបម្រើបេសកកម្មនៅប្រទេសអង់គ្លេស ៖
« បងប្រុស យ៉ូសែប … បានរៀនតាមរយៈវិវរណៈថា អស់អ្នកដែលនៅក្នុងសាសនាចក្រនេះអាចធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់សាច់ញាតិដែលបានទទួលមរណភាព ហើយមិនដែលមានឱកាសស្តាប់ឭដំណឹងល្អនេះ សូម្បីតែសម្រាប់កូនចៅ ឪពុកម្តាយ បងប្អូនប្រុសស្រី ជីដូនជីតា និងពូមីងរបស់ពួកគេ ។ … នៅពេលពួកគេបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មិត្តភក្តិរបស់ពួកគេភ្លាម នោះពួកគេនឹងត្រូវបានដោះលែងពីស្ថានឃុំព្រលឹង ហើយតាមរយៈពិធីនោះពួកគេអាចនឹងបានរស់ឡើងវិញ ហើយនឹងនាំពួកគេទៅកាន់នគរសេឡេស្ទាល—គោលលទ្ធិនេះបានទទួលដោយសាសនាចក្រ ហើយពួកគេនឹងទៅជាក្រុមៗ ហើយមនុស្សមួយចំនួនបានជ្រមុជទឹកបានច្រើនបំផុតតាមដែលអាចធ្វើបានរហូតដល់ ១៦ ដង … ក្នុងមួយថ្ងៃ » ។
ក្រោយមក វិលហ្វូឌ វូឌដ្រុព្វ បានមានប្រសាសន៍អំពីគោលការណ៍នេះថា ៖ « គ្រាន់តែខ្ញុំបានស្ដាប់ឮពីវា ព្រលឹងខ្ញុំបានញាប់ញ័រដោយក្តីអំណរ ។ … ខ្ញុំបានចេញទៅ ហើយធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់សាច់ញាតិរបស់ខ្ញុំដែលបានទទួលមរណភាព ដែលខ្ញុំអាចនៅចាំបាន ។ … ខ្ញុំមានអារម្មណ៍ថាចង់ពោលពាក្យហាលេលូយ៉ា នៅពេលវិវរណៈនោះបានបើកសម្ដែងដល់យើងអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ ខ្ញុំមានអារម្មណ៍ថាយើងមានសិទ្ធិដើម្បីរីករាយនឹងពរជ័យនៃស្ថានសួគ៌ » ។
វីលេត ឃឹមបឹល
ដូច ស៊ីស្ទើរ វូឌដ្រុព្វ ផងដែរ វីលេត ឃឹមបឹល បានឮអំពីពិធីបុណ្យជ្រមុជទឹកជំនួស អំឡុងពេលស្វាមីរបស់គាត់ ហ៊ីប៊ឺ បានចេញទៅផ្សព្វផ្សាយដំណឹងល្អ ។ គាត់បានសរសេរសំបុត្រទៅកាន់ស្វាមីថា ៖
« ប្រធាន ស្ម៊ីធ បានបើកប្រធានបទដ៏ថ្មី និងរុងរឿងមួយ … ដែលធ្វើឲ្យសាសនាចក្រមានភាពរស់រវើកឡើងវិញ ។ នោះគឺការធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកស្លាប់ ។ ប៉ុលបានលើកឡើងពីរឿងនេះក្នុង កូរិនថូសទីមួយ ជំពូកទី១៥ ខទី ២៩ ។ យ៉ូសែប បានទទួលការពន្យល់ដ៏ពេញលេញពីរឿងនេះតាមរយៈវិវរណៈ ។ … វាគឺជាឯកសិទ្ធិនៃសាសនាចក្រនេះដើម្បីជ្រមុជទឹកឲ្យមនុស្សទាំងអស់ ដែលបានស្លាប់ពីមុនដំណឹងល្អនេះបានលេចចេញមករហូតដល់ជីដូនជីតាលួតរបស់ពួកគេ ។ … តាមរយៈការធ្វើដូច្នោះ យើងធ្វើជាភ្នាក់ងារសម្រាប់ពួកគេ ហើយផ្ដល់ឯកសិទ្ធិដល់ពួកគេឲ្យចេញមកក្នុងការរស់ឡើងវិញលើកទីមួយ ។ លោកពោលថា ពួកគេនឹងមានដំណឹងល្អផ្សាយដល់ពួកគេ … ប៉ុន្តែវិញ្ញាណមិនអាចធ្វើពិធីជ្រមុជទឹកបានទេ … ។ ដោយសារការបញ្ជានេះត្រូវបានផ្សព្វផ្សាយនៅទីនេះ នោះទឹកតែងរវល់ឥតដាច់ ។ អំឡុងសន្និសីទ ពេលខ្លះមានអែលឌើរពីប្រាំបីទៅដប់នាក់នៅក្នុងទន្លេជ្រមុជទឹកក្នុងពេលតែមួយ ។… ខ្ញុំចង់ជ្រមុជទឹកឲ្យម្តាយរបស់ខ្ញុំ ។ ខ្ញុំបានគណនារង់ចាំថ្ងៃបងត្រឡប់មកវិញ ប៉ុន្តែលើកចុងក្រោយ យ៉ូសែប បានមានប្រសាសន៍អំពីប្រធានបទនោះ គាត់បានផ្ដល់ដំបូន្មានឲ្យប្រញាប់ធ្វើការណ៍នេះ ហើយរំដោះមិត្តភក្តិរបស់ពួកគេចេញពីសេវកភាពឲ្យបានឆាប់បំផុត ។ ដូច្នេះអូនគិតថានឹងធ្វើនៅសប្តាហ៍នេះ ក៏មានអ្នកជិតខាងមួយចំនួននឹងធ្វើដែរ ។ ហើយអ្នកខ្លះបានជ្រមុជទឹកច្រើនដងហើយ … ។ ដូចបងឃើញស្រាប់ហើយនេះជាឱកាសសម្រាប់យើងទាំងអស់គ្នា ។ តើនេះពុំមែនគោលលទ្ធិដ៏រុងរឿងទេឬអី ? »
ហ្វីប៊ី ឆេស
នៅពេលអាងជ្រមុជទឹកព្រះវិហារបរិសុទ្ធណៅវូបានសាងសង់រួចរាល់ នោះពិធីបុណ្យជ្រមុជទឹកជំនួសត្រូវបានធ្វើឡើងនៅទីនោះជំនួសឲ្យការធ្វើនៅឯទន្លេ ។ ហ្វីប៊ី ឆេស ជាអ្នកស្រុករស់នៅណៅវូ បានសរសេរសំបុត្រទៅកាន់ម្តាយរបស់គាត់អំពីព្រះវិហារបរិសុទ្ធ គាត់បានពិពណ៌នាអំពីអាងបុណ្យជ្រមុជទឹកថាជាកន្លែងដែល « យើងអាចជ្រមុជទឹកសម្រាប់មរណជនរបស់យើង និងដើម្បីអាចប្រែក្លាយដូចព្រះអង្គសង្រ្គោះនៅលើភ្នំស៊ីយ៉ូន » ។ នាងបានបន្តពន្យល់ទៀតថានៅក្នុងអាងនេះ « ខ្ញុំបានជ្រមុជទឹកសម្រាប់លោកឪពុកជាទីស្រឡាញ់របស់ខ្ញុំ និងមិត្តភក្តិទាំងឡាយដែលបានទទួលមរណភាព ។ … ឥឡូវនេះកូនចង់ដឹងអំពីឈ្មោះលោកយាយលោកតា ដើម្បីកូនអាចរំដោះពួកគាត់ កូនមានបំណងប្រាថ្នាចង់សង្គ្រោះមរណជន ។… ព្រះអម្ចាស់បានមានបន្ទូលម្តងទៀត ហើយទ្រង់បានស្តារគំរូពីបុរាណ » ។
សាលលី រែនដល
ក្នុងសំបុត្រសរសេរទៅកាន់មិត្តភក្ដិ និងគ្រួសាររបស់គាត់អំពីពិធីបុណ្យជ្រមុជទឹកសម្រាប់សមាជិកគ្រួសារដែលបានរស់នៅពីមុន សាលលី រែនដល បានរំឭកអំពីកូនប្រុសដែលបានស្លាប់របស់គាត់ ឈ្មោះ ចច ៖
« ឱវាជាពេលដ៏ពិបាកសម្រាប់ខ្ញុំ ហើយចំពោះខ្ញុំវាហាក់បីដូចជាមិនទាន់ផ្សះផ្សាបានទេ ប៉ុន្តែ…ឪពុករបស់គាត់បានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់គាត់ វាពិតជារុងរឿងខ្លាំងណាស់ ដែលយើងជឿការណ៍ទាំងនេះ ហើយបានទទួលភាពពេញលេញនៃដំណឹងល្អដែលបានប្រកាសក្នុងពេលនេះ ហើយថាយើងអាចធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មិត្តភក្តិដែលបានស្លាប់ ហើយបានសង្គ្រោះពួកគេបានឆ្ងាយបំផុតទៅតាមអ្វីដែលយើងបានដឹងពីពួកគេ ។
« ខ្ញុំចង់ឲ្យអ្នកសរសេរប្រាប់ខ្ញុំនូវឈ្មោះទាំងអស់ ដែលយើងមានទំនាក់ទំនងជាមួយដែលបានទទួលមរណភាពហើយ រហូតដល់ជីដូនជីតាគ្រប់ជំនាន់តាមដែលអាច ។ ខ្ញុំមានបំណងចង់ធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីសង្គ្រោះមិត្តរបស់ខ្ញុំ ហើយខ្ញុំនឹងរីករាយយ៉ាងខ្លាំង ប្រសិនបើអ្នកទាំងអស់គ្នាណាម្នាក់អាចជួយខ្ញុំសម្រាប់បុព្វហេតុដ៏អស្ចារ្យសម្រាប់មនុស្សម្នាក់ធ្វើតែឯង ។… ខ្ញុំរំពឹងថា អ្នកប្រាកដជាគិតថា វាគឺជាគោលលទ្ធិចម្លែក ប៉ុន្តែអ្នកនឹងឃើញថា វាគឺជាការពិត » ។