« ការបង្រៀនដល់កុមារតូចៗ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )
« ការបង្រៀនដល់កុមារតូចៗ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០១៩
ការបង្រៀនដល់កុមារតូចៗ
ប្រសិនបើអ្នកមានកូនតូចៗនៅក្នុងគ្រួសាររបស់អ្នក នេះគឺជាសកម្មភាពមួយចំនួនដែលអាចជួយពួកគេរៀន ៖
-
ស្ដាប់ ឬសម្ដែងរឿង ។ កុមារតូចៗចូលចិត្តរឿងនិទាន—ចេញមកពីព្រះគម្ពីរ ចេញមកពីជីវិតរបស់អ្នក ចេញមកពីប្រវត្តិសាស្ត្រសាសនាចក្រ ឬមកពីទស្សនាវដ្តីសាសនាចក្រ ។ សូមស្វែងរកមើលនូវវិធីនានាដើម្បីឲ្យពួកគេចូលរួមនៅ ក្នុងការនិយាយប្រាប់រឿងនិទានទាំងឡាយ ។ ពួកគេអាចកាន់រូបភាព ឬវត្ថុអ្វីមួយ គូរូបភាព អ្វីដែលពួកគេស្ដាប់ឮ សម្ដែងរឿង ឬជួយប្រាប់រឿង ។ សូមជួយកូនៗរបស់អ្នកស្គាល់សេចក្ដីពិតនៃដំណឹងល្អ នៅក្នុងរឿងដែលអ្នកចែកចាយ ។
-
អានបទគម្ពីរ ។ កុមារតូចៗ ពុំអាចអានបានច្រើន ទេ ប៉ុន្តែអ្នកអាចនៅតែឲ្យពួកគេចូលរួមនៅក្នុងការរៀនសូត្រចេញមកពីបទគម្ពីរ ។ អ្នកអាចចាំបាច់ត្រូវផ្ដោតទៅលើខគម្ពីរមួយ ឃ្លាគន្លឹះ ឬពាក្យគន្លឹះ ។ ពួកគេអាចទន្ទេញចាំឃ្លាខ្លីៗចេញមកពីបទគម្ពីរ ប្រសិនបើពួកគេថាវាបានពីរបីដង ។ នៅពេលពួកគេស្ដាប់ឮព្រះបន្ទូលរបស់ព្រះ នោះពួកគេនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
-
មើលទៅរូបភាព ឬមើលវីដេអូមួយ ។ នៅពេលអ្នកបង្ហាញដល់កូនៗរបស់អ្នកនូវរូបភាពមួយ ឬវីដេអូមួយដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អ ឬរឿងបទគម្ពីរ ចូរសួរពួកគេនូវសំណួរទាំងឡាយដែលជួយពួកគេរៀនមកពីអ្វីដែលពួកគេកំពុងមើលនោះ ។ ឧទាហរណ៍ អ្នកអាចសួរថា « តើមានរឿងអ្វីកើតឡើងនៅ ក្នុងរូបភាព ឬវីដេអូនេះ ? តើរឿងនោះធ្វើឲ្យកូនមានអារម្មណ៍យ៉ាងណា ? កម្មវិធី Gospel Library app, Biblevideos.lds.org, medialibrary.lds.org, និង children.lds.org គឺជាកន្លែងដ៏ល្អដើម្បីរកមើលរូបភាព និងវីដេអូនានា ។
-
ច្រៀង ។ ទំនុកតម្កើង និងចម្រៀងចេញមកពី សៀវភៅចម្រៀងកុមារ បង្រៀនអំពីគោលលទ្ធិដ៏មានអានុភាព ។ សូមប្រើ មាតិកាប្រធានបទ នៅខាងក្រោយ សៀវភៅចម្រៀងកុមារ ដើម្បីរកមើលចម្រៀងដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អដែលអ្នកកំពុងបង្រៀន ។ សូមជួយកូនៗរបស់អ្នកភ្ជាប់សារលិខិតនៃចម្រៀងនោះទៅនឹងជីវិតរបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចសួរសំណួរអំពីពាក្យ ឬឃ្លានៅក្នុងទំនុកបទ ។ បន្ថែមពីលើការច្រៀង កូនៗរបស់អ្នកអាចធ្វើសកម្មភាពដែលត្រូវនឹងចម្រៀង ឬស្ដាប់ចម្រៀងដែលមានសាច់ភ្លេងផ្ទៃខាងក្រោយនៅពេលពួកគេកំពុងធ្វើសកម្មភាពដទៃទៀត ។
-
ឆ្នៃប្រឌិត ។ កុមារតូចៗអាចសង់ គូ ឬផាត់ពណ៌អ្វីមួយដែលទាក់ទងនឹងរឿង ឬគោលការណ៍ដែលពួកគេកំពុងរៀន ។
-
ចូលរួមក្នុងមេរៀនដែលមានវត្ថុបង្ហាញ មេរៀនដែលមានវត្ថុបង្ហាញដ៏សាមញ្ញមួយ អាចជួយកូនៗរបស់អ្នកយល់គោលការណ៍ដំណឹងល្អមួយ ដែលពិបាកយល់ ។ នៅពេលប្រើមេរៀនដែលមានកម្មវត្ថុបង្ហាញ សូមរកវិធីដើម្បីឲ្យកូនតូចៗរបស់អ្នកចូលរួម ។ ពួកគេនឹងរៀនបន្ថែមចេញមកពីបទពិសោធន៍ប្រាស្រ័យទាក់ទងជាជាងគ្រាន់តែមើលចេញមក ពីការបង្ហាញ ។
-
ការសម្ដែង ។ នៅពេលកុមារតូចៗសម្តែងអំពីស្ថានភាពមួយ ដែលពួកគេទំនងជានឹងជួបក្នុងជីវិតពិត នោះពួកគេនឹងអាចយល់បានល្អប្រសើរអំពីរបៀបដែលគោលការណ៍នៃដំណឹងល្អអនុវត្តនៅ ក្នុងជីវិតរបស់ពួកគេ ។
-
សកម្មភាពដដែលៗ ។ កុមារតូចៗអាចនឹងត្រូវការស្ដាប់អំពីគំនិតនានាឲ្យបានច្រើនដងដើម្បីយល់វា ។ ចូរកុំខ្លាចនឹងនិយាយរឿង ឬធ្វើសកម្មភាពឡើងវិញឲ្យបានញឹកញាប់ឡើយ ។ ឧទាហរណ៍ អ្នកចែកចាយរឿងបទគម្ពីរមួយច្រើនដងតាមរបៀបផ្សេងៗគ្នា ដូចជា—អានចេញមកពីបទគម្ពីរ ការសង្ខេបតាមសម្ដីរបស់អ្នកផ្ទាល់ ការបង្ហាញវីដេអូ ការទុកឲ្យកូនរបស់អ្នកជួយនិទានរឿង អញ្ជើញពួកគេសម្ដែងរឿង ជាដើម ។