« គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )
« គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក
នេះគឺជារបៀបសាមញ្ញខ្លះៗដើម្បីពង្រីកដល់ការសិក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងបទគម្ពីររបស់អ្នក ៖
ស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ
ព្រះគម្ពីរបង្រៀនយើងថា រឿងគ្រប់យ៉ាងថ្លែងទីបន្ទាល់អំពី ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ១១:៤; ម៉ូសេ ៦:៦៣), ដូច្នេះរកមើលទ្រង់នៅក្នុងព្រឹត្តការណ៍ រឿង និងការបង្រៀននានានៃព្រះគម្ពីរសញ្ញាថ្មី ។ ចូរពិចារណាធ្វើការកត់ចំណាំ ឬគូសចំណាំខគម្ពីរដែលបង្រៀនអំពីព្រះអង្គសង្គ្រោះ និងរបៀបដើម្បីធ្វើតាមទ្រង់ ។
ស្វែងរកពាក្យ និងឃ្លាបំផុសគំនិត
អ្នកអាចរកឃើញថា មានពាក្យ ឬឃ្លាជាក់លាក់នៅ ក្នុងព្រះគម្ពីរធ្វើឲ្យអ្នកចាប់អារម្មណ៍ វាហាក់ដូចជាសរសេរមកកាន់អ្នកចំៗ ។ វាអាចធ្វើឲ្យមានអារម្មណ៍ទាក់ទងដោយផ្ទាល់ ហើយបំផុសគំនិត និងលើកទឹកចិត្តដល់អ្នក ។ សូមគិតធ្វើការគូសចំណាំវានៅក្នុងគម្ពីររបស់អ្នក ឬសរសេរវានៅក្នុងសៀវភៅកត់ត្រាមួយ ។
ស្វែងរកសេចក្ដីពិតនៃដំណឹងល្អ
ពេលខ្លះសេចក្ដីពិតនៃដំណឹងល្អ ( ជាញឹកញាប់ បានហៅថា គោលលទ្ធិ ឬគោលការណ៍ ) ត្រូវបានថ្លែងចំៗ ហើយពេលខ្លះវាត្រូវបានបរិយាយតាមរយៈឧទាហរណ៍ ឬរឿងមួយ ។ ចូរសួរខ្លួនអ្នក « តើសេចក្ដីពិតដ៏អស់កល្បអ្វីខ្លះត្រូវបានបង្រៀននៅ ក្នុងខគម្ពីរទាំងនេះ ? »
សូមស្ដាប់ព្រះវិញ្ញាណ
សូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍របស់អ្នក ប្រសិនបើវាមិនទាក់ទងនឹងអ្វីដែលអ្នកកំពុងអាន ។ ចំណាប់អារម្មណ៍ទាំងនោះ អាចនឹងជារឿងសំខាន់ដែលព្រះវរបិតាសួគ៌របស់អ្នកចង់ឲ្យអ្នករៀន ។
ប្រដូចបទគម្ពីរមកជីវិតរបស់អ្នក
ចូរពិចារណាអំពីរបៀបដែលរឿង និងការបង្រៀនទាំងឡាយដែលអ្នកកំពុងអានអនុវត្តក្នុងជីវិតអ្នក ។ ឧទាហរណ៍ អ្នកអាចសួរខ្លួនឯងថា « តើខ្ញុំមានបទពិសោធន៍អ្វីខ្លះដែលស្រដៀងគ្នានឹងអ្វីដែលខ្ញុំកំពុងអាន ? » ឬ « តើខ្ញុំអាចធ្វើតាមគំរូរបស់បុគ្គលនៅក្នុងគម្ពីរនេះយ៉ាងដូចម្ដេច ? »
សួរសំណួរពេលអ្នកសិក្សា
នៅពេលអ្នកសិក្សាបទគម្ពីរ នោះសំណួរជាច្រើនអាចកើតមានក្នុងគំនិតអ្នក ។ សំណួរទាំងនេះអាចទាក់ទងនឹងអ្វីដែលអ្នកកំពុងអាន ឬទាក់ទងនឹងជីវិតរបស់អ្នកជាទូទៅ ។ ចូរពិចារណាអំពីសំណួរទាំងនេះ ហើយរកមើលចម្លើយ នៅពេលអ្នកបន្ដសិក្សាបទគម្ពីរ ។
ប្រើជំនួយការសិក្សាព្រះគម្ពីរ
ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីខដែលអ្នកអាន សូមប្រើលេខយោង Topical Guide,Bible Dictionary, សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.lds.org ),និងជំនួយការសិក្សាដទៃទៀត ។
កត់ត្រាគំនិត និងអារម្មណ៍របស់អ្នកទុក
មានវិធីជាច្រើនដើម្បីកត់ត្រាចំណាប់អារម្មណ៍ដែលកើតមាននៅពេលអ្នកសិក្សា ។ ឧទាហរណ៍ អ្នកអាចគូសចំណាំពាក្យ ឬឃ្លាដ៏មានអត្ថន័យ ហើយកត់ត្រាគំនិតរបស់អ្នក ជាកំណត់ចំណាំមួយនៅក្នុងគម្ពីររបស់អ្នក ។ អ្នកក៏អាចរក្សាសៀវភៅកំណត់ហេតុអំពីគំនិតយោបល់ អារម្មណ៍ និងចំណាប់អារម្មណ៍ដែលអ្នកបានទទួលផងដែរ ។
សូមសិក្សាប្រសាសន៍របស់ពួកព្យាការី និង ពួកសាវកថ្ងៃចុងក្រោយ
អានអ្វីដែលពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយ បានបង្រៀនអំពីគោលការណ៍នានា ដែលអ្នកបានរកឃើញនៅក្នុងគម្ពីរ ( ឧទាហរណ៍ សូមមើល conference.lds.org និងទស្សនាវដ្ដីសាសនាចក្រ ) ។
ការចែកចាយពីការយល់ដឹង
ការពិភាក្សាអំពីការយល់ដឹងមក ពីការសិក្សាផ្ទាល់ខ្លួនរបស់អ្នក គឺពុំគ្រាន់តែជាវិធីល្អមួយប៉ុណ្ណោះដើម្បីបង្រៀនអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងដល់ការយល់ដឹងរបស់អ្នកអំពីអ្វីដែលអ្នកបានអានផងដែរ ។
រស់នៅតាមអ្វីដែលអ្នកបានរៀន
ការសិក្សាព្រះគម្ពីរ ពុំគួរគ្រាន់តែសម្រាប់បំផុសគំនិតយើងប៉ុណ្ណោះទេ—វាគួរតែដឹកនាំយើងឲ្យផ្លាស់ប្តូររបៀបដែលយើងរស់នៅ ។ ស្ដាប់អ្វីដែលព្រះវិញ្ញាណបំផុសឲ្យអ្នកធ្វើ នៅពេលអ្នកអាន ហើយតាំងចិត្តធ្វើតាមការបំផុសគំនិតទាំងនោះ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖ « នៅពេលយើងអាន ហើយពិចារណាពីព្រះគម្ពីរ នោះយើងនឹងមាននូវការខ្សឹបប្រាប់ដ៏ផ្អែមល្ហែមពីព្រះវិញ្ញាណទៅកាន់ព្រលឹងយើង ។ យើងអាចរកឃើញចម្លើយចំពោះសំណួរយើង។ យើងរៀនពីពរជ័យដែលកើតមានតាមរយៈការគោរពតាមបទបញ្ញត្តិព្រះ។ យើងទទួលបានទីបន្ទាល់ដ៏ច្បាស់មួយពីព្រះវរបិតាសួគ៌យើង និង ព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង។ ពេលការសិក្សាព្រះគម្ពីរត្រូវបានធ្វើឡើងជាមួយនឹងការអធិស្ឋាន យើងអាចដឹងយ៉ាងប្រាកដថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អពិត។… ពេលយើងចងចាំពីការអធិស្ឋាន ហើយឆ្លៀតពេលបើកព្រះគម្ពីរ នោះជីវិតយើងនឹងពិតជាមានពរច្រើន ហើយបន្ទុកយើងនឹងត្រូវបានសម្រាល » ( « We Never Walk Alone, » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១៣, ១២២ ) ។