« គំនិតដើម្បីពិចារណា ៖ សេចក្តីសញ្ញា » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« គំនិតដើម្បីពិចារណា ៖ សេចក្តីសញ្ញា » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
គំនិតដើម្បីពិចារណា
សេចក្តីសញ្ញា
នៅពាសពេញព្រះគម្ពីរសញ្ញាចាស់ អ្នកនឹងអានជាញឹកញាប់នូវពាក្យ សេចក្តីសញ្ញា ។ នៅសព្វថ្ងៃនេះ ជាញឹកញាប់យើងគិតពីសេចក្តីសញ្ញាជាសេចក្តីសន្យាពិសិដ្ឋជាមួយព្រះ ប៉ុន្តែនៅក្នុងពិភពលោកកាលពីបុរាណ សេចក្តីសញ្ញាក៏ជាផ្នែកសំខាន់នៃអន្តរកម្មរបស់មនុស្សជាមួយគ្នាទៅវិញទៅមកផងដែរ ។ ដើម្បីសុវត្ថិភាព និងការរស់រានរបស់ពួកគេ មនុស្សត្រូវតែអាចទុកចិត្តលើគ្នាទៅវិញទៅមក ហើយសេចក្តីសញ្ញាតែងតែជាវិធីដើម្បីទទួលបានទំនុកចិត្តនោះ ។
ដូច្នេះ នៅពេលព្រះបានមានបន្ទូលទៅកាន់ណូអេ ឬ ម៉ូសេ អំពីសេចក្តីសញ្ញា ទ្រង់បានអញ្ជើញពួកលោកឲ្យចូលទៅក្នុងទំនាក់ទំនងនៃការទុកចិត្តលើទ្រង់ ។ គំរូដ៏ល្អដ៏មានប្រជាប្រិយភាពបំផុតមួយនៃសេចក្តីសញ្ញានៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាសេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយអ័ប្រាហាំ និង សារ៉ា—ហើយបន្ទាប់មក បានធ្វើជាថ្មីជាមួយកូនចៅរបស់ពួកលោក អ៊ីសាក និងយ៉ាកុប ( ក៏ត្រូវបានហៅថា អ៊ីស្រាអែល ) ។ ជាញឹកញាប់ យើងហៅថា សេចក្តីសញ្ញាអ័ប្រាហាំ ទោះបីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ត្រូវគេស្គាល់យ៉ាងសាមញ្ញថា « សេចក្តីសញ្ញា » ក៏ដោយ ។ អ្នកនឹងមើលឃើញថា ព្រះគម្ពីរសញ្ញាចាស់គឺជាមូលដ្ឋានគ្រឹះនៃដំណើររឿងនៃប្រជាជនដែលបានឃើញខ្លួនរបស់ពួកគេជាអ្នកគ្រងមរតកនៃសេចក្តីសញ្ញានេះ—រាស្រ្តក្នុងសេចក្តីសញ្ញា ។
សេចក្តីសញ្ញាអ័ប្រាហាំបន្តមានសារៈសំខាន់ដល់សព្វថ្ងៃនេះ ជាពិសេសចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ហេតុអ្វី ? ពីព្រោះយើងក៏ជារាស្រ្តក្នុងសេចក្តីសញ្ញាដែរ ទោះបីជាកូនចៅ ឬមិនមែនកូនចៅផ្ទាល់របស់អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ក៏ដោយ ( សូមមើល កាឡាទី ៣:២៧–២៩ ) ។ ព្រោះមូលហេតុនេះ ទើបវាមានសារៈសំខាន់ដែលត្រូវយល់ថាអ្វីទៅជាសេចក្តីសញ្ញាអ័ប្រាហាំ និងរបៀបដែលវាអនុវត្តចំពោះយើងនៅសព្វថ្ងៃនេះ ។
តើសេចក្តីសញ្ញាអ័ប្រាហាំជាអ្វី ?
អ័ប្រាហាំ ចង់ « ធ្វើជាអ្នកដើរតាមសេចក្ដីសុចរិតកាន់តែខ្លាំងឡើង » ( អ័ប្រាហាំ ១:២ ) ដូច្នេះ ព្រះបានឲ្យលោកចុះក្នុងសេចក្តីសញ្ញានៃទំនាក់ទំនង ។ អ័ប្រាហាំ ពុំមែនជាមនុស្សដំបូងគេដែលមានបំណងប្រាថ្នានេះនោះទេ ហើយលោកក៏មិនមែនជាមនុស្សដំបូងដែលទទួលសេចក្តីសញ្ញានេះដែរ ។ លោកបានស្វែងរក « ព្រះពរទាំងឡាយ ខាងពួកអយ្យកោ » ( អ័ប្រាហាំ ១:២ ) —ពរជ័យដែលបានត្រូវប្រទានឲ្យដោយសេចក្តីសញ្ញាចំពោះលោកអ័ដាម និងនាងអេវ៉ា ហើយបន្ទាប់មកដល់មនុស្សទាំងឡាយណាដែលស្វែងរកពរជ័យទាំងនេះដោយឧស្សាហ៍ព្យាយាម ។
សេចក្តីសញ្ញារបស់ព្រះជាមួយនឹងអ័ប្រាហាំ សន្យានូវពរជ័យដ៏អស្ចារ្យទាំងឡាយ ៖ គ្រងមរតកនៃដែនដី មានកូនចៅដ៏ច្រើន ទទួលបានពិធីបរិសុទ្ធនៃបព្វជិតភាព និងនាមដែលត្រូវបានគេគោរពរាប់ជំនាន់ ។ ប៉ុន្តែ ការផ្តោតលើសេចក្តីសញ្ញានេះពុំមែនគ្រាន់តែលើពរជ័យដែលអ័ប្រាហាំ និងក្រុមគ្រួសាររបស់លោកនឹងទទួលប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្តោតលើពរជ័យដែលកូនចៅរបស់ព្រះទាំងអស់នឹងត្រូវទទួលបានផងដែរ ។ ព្រះបានប្រកាសថា « ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ » « គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង »( លោកុប្បត្តិ ១២:២–៣ ) ។
តើសេចក្ដីសញ្ញានេះបានផ្ដល់ងារជាឯកសិទ្ធិដល់អ័ប្រាហាំ សារ៉ា និងពូជពង្សរបស់ពួកគាត់នៅក្នុងចំណោមបុត្រាបុត្រីរបស់ព្រះដែរឬទេ ? មានតែនៅក្នុងន័យថាវាគឺជាឯកសិទ្ធិមួយដើម្បីផ្ដល់ពរដល់មនុស្សដទៃទៀតប៉ុណ្ណោះ ។ គ្រួសារអ័ប្រាហាំត្រូវ « បានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍ » ដោយចែកចាយ « ព្រះពរទាំងឡាយនៃដំណឹងល្អ ដែលជាព្រះពរទាំងឡាយខាងសេចក្ដីសង្គ្រោះ គឺខាងជីវិតដ៏នៅអស់កល្បជានិច្ច » ( អ័ប្រាហាំ ២:៩,១១ ) ។
សេចក្ដីសញ្ញានេះគឺជាពរជ័យដែលអ័ប្រាហាំទន្ទឹងចង់បាន ។ បន្ទាប់ពីទទួលបានពរជ័យនេះ អ័ប្រាហាំបានថ្លែងនៅក្នុងដួងចិត្តរបស់លោកថា « អ្នកបម្រើរបស់ទ្រង់បានខំស្វែងរកទ្រង់ ឥឡូវនេះ ទូលបង្គំបានរកឃើញព្រះអង្គហើយ » ( អ័ប្រាហាំ ២:១២ ) ។
ការណ៍នោះបានកើតឡើងកាលពីរាប់ពាន់ឆ្នាំមុន ប៉ុន្តែសេចក្ដីសញ្ញានេះត្រូវបានស្ដារឡើងវិញនៅក្នុងជំនាន់របស់យើង ( សូមមើល នីហ្វៃទី១ ២២:៨–១២ ) ។ ហើយបច្ចុប្បន្ននេះវាត្រូវបានបំពេញនៅក្នុងជីវិតនៃរាស្ត្ររបស់ព្រះ ។ ពិតណាស់ ការបំពេញនៃសេចក្ដីសញ្ញានេះកំពុងតែមានសន្ទុះនៅថ្ងៃចុងក្រោយ ពេលដែលកិច្ចការរបស់ព្រះដំណើរការទៅមុខ ដោយផ្ដល់ពរជ័យដល់ក្រុមគ្រួសារទូទាំងពិភពលោក ។ ហើយដូចជា អ័ប្រាហាំដែរ នរណាម្នាក់ដែលចង់ធ្វើជាអ្នកដើរតាមសេចក្ដីសុចរិតកាន់តែខ្លាំងឡើង នរណាម្នាក់ដែលស្វែងរកព្រះដោយចិត្តស្មោះ អាចក្លាយជាផ្នែកមួយនៃសេចក្ដីសញ្ញានេះ ។
តើសេចក្ដីសញ្ញាអ័ប្រាហាំមានន័យដូចម្តេចចំពោះខ្ញុំ ?
អ្នកគឺជាកូនចៅនៃសេចក្ដីសញ្ញានោះ ។ អ្នកបានចុះសេចក្ដីសញ្ញាមួយជាមួយនឹងព្រះ នៅពេលទទួលពិធីបុណ្យជ្រមុជទឹក ។ អ្នករំឭកសេចក្ដីសញ្ញានោះគ្រប់ពេលដែលអ្នកទទួលទានសាក្រាម៉ង់ ។ ហើយអ្នកចុះសេចក្ដីសញ្ញាពិសិដ្ឋនានានៅក្នុងព្រះវិហារបរិសុទ្ធ ។ សេចក្ដីសញ្ញាទាំងនេះរួបរួមគ្នាធ្វើឲ្យអ្នកក្លាយជាអ្នកចូលរួមម្នាក់នៅក្នុងសេចក្ដីសញ្ញាអ័ប្រាហាំ ដែលភាពពេញលេញរបស់វាមាននៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « នៅទីបំផុត នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចក្លាយជាអ្នកគ្រងមរតកនូវពរជ័យនៃគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ដូចដែលបានសន្យាដល់អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងពូជពង្សរបស់ពួកលោក » ។១
តាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងនេះ យើងក្លាយជារាស្ត្ររបស់ព្រះ ( សូមមើល និក្ខមនំ ៦:៧; ចោទិយកថា ៧:៦; ២៦:១៨; អេសេគាល ១១:២០ ) ។ យើងប្រែជាខុសប្លែកពីពិភពលោកជុំវិញខ្លួនយើង ។ សេចក្ដីសញ្ញារបស់យើងអាចធ្វើឲ្យយើងក្លាយជាពួកសិស្សដ៏ពិតមុតមាំរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រធានណិលសុនបានពន្យល់ថា « សេចក្តីសញ្ញារបស់យើងចងភ្ជាប់យើងទៅនឹងទ្រង់ ហើយផ្ដល់ដល់យើងនូវព្រះចេស្ដារបស់ព្រះ » ។២ ហើយនៅពេលព្រះប្រទានពរដល់រាស្ត្ររបស់ទ្រង់ជាមួយនឹងព្រះចេស្ដារបស់ទ្រង់ នោះវាមាននូវការអញ្ជើញ និងការរំពឹងទុកថាពួកគេនឹងផ្ដល់ពរដល់មនុស្សដទៃ—ថាពួកគេនឹង « ធ្វើជាទីបញ្ចេញពរ » ដល់ « អស់ទាំងគ្រួសារនៅលើផែនដី » ( អ័ប្រាហាំ ២:៩, ១១ ) ។
នេះគឺជាការយល់ដឹងដ៏មានតម្លៃដែលបានប្រទានឲ្យយើង ដោយសារតែការស្តារឡើងវិញនៃសេចក្តីសញ្ញាអ័ប្រាហាំ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ ដូច្នេះនៅពេលអ្នកអានអំពីសេចក្តីសញ្ញានៅក្នុងព្រះគម្ពីរសញ្ញាចាស់ សូមកុំគ្រាន់តែគិតអំពីទំនាក់ទំនងរបស់ព្រះជាមួយអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ឡើយ ។ សូមគិតផងដែរអំពីទំនាក់ទំនងរបស់ទ្រង់ជាមួយអ្នក ។ នៅពេលអ្នកអានអំពីសេចក្តីសន្យាពីកូនចៅជំនាន់ក្រោយដែលរាប់មិនអស់ ( សូមមើល លោកុប្បត្តិ ២៨:១៤ ) សូមកុំគិតតែពីមនុស្សរាប់លាននាក់ដែលហៅអ័ប្រាហាំថាជាឪពុករបស់ពួកគេឡើយ ។ សូមគិតផងដែរអំពីការសន្យារបស់ព្រះចំពោះអ្នកពីក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច និងការរីកចម្រើនដ៏នៅអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤; ១៣២:២០–២៤ ) ។ នៅពេលអ្នកអានអំពីការសន្យានៃដែនដីជាមរតកមួយ សូមកុំគ្រាន់តែគិតអំពីដែនដីដែលបានសន្យាដល់អ័ប្រាហាំឡើយ ។ សូមគិតផងដែរ អំពីជោគវាសនាសេឡេស្ទាលនៃផែនដីនេះ—ជាមរតកដែលបានសន្យាដល់អស់អ្នកដែល « ស្លូតត្រង់ » « អ្នកដែលរង់ចាំព្រះយេហូវ៉ា » ( ម៉ាថាយ ៥:៥; ទំនុកដំកើង ៣៧:៩, ១១; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៧–២០ ) ។ នៅពេលអ្នកអានអំពីសេចក្តីសន្យាដែលថា រាស្រ្តក្នុងសេចក្តីសញ្ញារបស់ព្រះនឹងផ្ដល់ពរ « អស់ទាំងគ្រួសារនៅលើផែនដី » ( អ័ប្រាហាំ ២:១១ ) សូមកុំគ្រាន់តែគិតអំពីការងារបម្រើរបស់អ័ប្រាហាំ ឬពួកព្យាការីដែលបានចុះមកជួបលោកឡើយ ។ សូមគិតផងដែរអំពីអ្វីដែលអ្នកអាចធ្វើ—ក្នុងនាមជាអ្នកដើរតាមសេចក្តីសញ្ញានៃព្រះយេស៊ូវ គ្រីស្ទ—ដើម្បីធ្វើជាពរជ័យដល់ក្រុមគ្រួសារទាំងឡាយដែលនៅជុំវិញអ្នក ។