ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២១–២៧ ខែ កុម្ភៈ ។ លោកុប្បត្តិ ២៤–២៧ ៖ សេចក្តីសញ្ញា​ត្រូវបាន​រំឭកសារជាថ្មី


« ថ្ងៃទី ២១–២៧ ខែ កុម្ភៈ ។ លោកុប្បត្តិ ២៤–២៧ ៖ សេចក្តីសញ្ញា​ត្រូវបាន​រំឭកសារជាថ្មី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២១–២៧ ខែ កុម្ភៈ ។ លោកុប្បត្តិ ២៤–២៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រេបិកា

រូបភាព រេបិកា ដោយ ឌីលីន ម៉ាស្ស

ថ្ងៃទី ២១–២៧ ខែ កុម្ភៈ

លោកុប្បត្តិ ២៤–២៧

សេចក្តីសញ្ញា​ត្រូវបាន​រំឭកសារជាថ្មី 

កាល​ណាអ្នក​អាន លោកុប្បត្តិ ២៤–២៧ សូម​យកចិត្ត​ទុកដាក់​លើការយល់ដឹង​ខាងវិញ្ញាណ​ដែល​អ្នក​ទទួលបាន ។ សូម​អធិស្ឋាន​ដើម្បី​ស្គាល់​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​រកឃើញ​ដែល​ទាក់ទង​ទៅនឹង​ជីវិត​របស់អ្នក ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

សេចក្តីសញ្ញា​របស់ព្រះ​ជាមួយ​អ័ប្រាហាំ​រួមមានទាំង​ការសន្យា​ដែល​ថា តាមរយៈ​អ័ប្រាហាំ និង​កូនចៅ​លោក « អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី​នឹង​បាន​ពរ » ( អ័ប្រាហាំ ២:១១ ) ។ នោះ​ពុំមែន​ជា​សេចក្តីសន្យា​ដែល​អាច​បំពេញ​នៅក្នុង​មួយជំនាន់​បាន​នោះទេ ៖ តាមរបៀប​ជាច្រើន ព្រះគម្ពីរ​ប៊ីប​គឺជា​ដំណើររឿង​ដែល​ព្រះ​កំពុងបំពេញ​សេចក្តីសន្យា​របស់ទ្រង់​ជា​បន្ត​បន្ទាប់ ។ ហើយទ្រង់​បានចាប់ផ្តើម​ដោយការ​រំឭកសារឡើងវិញ​នូវ​សេចក្តីសញ្ញា​របស់ទ្រង់​ជាមួយ​ក្រុមគ្រួសារ​អ៊ីសាក និង​រេបិកា ។ តាមរយៈ​បទពិសោធន៍​របស់​ពួកគាត់ យើង​បានរៀន​អ្វីមួយ​អំពី​ការធ្វើ​ជា​ផ្នែកមួយ​នៃ​សេចក្តីសញ្ញា​នេះ ។ គំរូ​របស់ពួកគាត់​បង្រៀន​យើង​អំពី​ការមាន​ចិត្តល្អ អំណត់ និង​ទុកចិត្ត​លើ​ពរជ័យ​ដែល​បាន​សន្យា​របស់ទ្រង់ ។ ហើយ​យើង​រៀនថា វាមានតម្លៃ​គ្រប់គ្រាន់​ដើម្បី​បោះបង់​ចោល « ​សំឡ » ​ខាងលោកិយ ( លោកុប្បត្តិ ២៥:៣០ ) ដើម្បី​ទទួលបាន​ពរជ័យ​របស់ព្រះ​សម្រាប់ខ្លួនយើង និង​កូនចៅ​ជំនាន់​ក្រោយ​របស់យើង ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លោកុប្បត្តិ ២៤

អាពាហ៍​ពិពាហ៍​គឺ​ចាំ​បាច់​ណាស់​ចំពោះ​ផែន​ការ​ដ៏នៅអស់កល្បជានិច្ច​របស់​ព្រះ ។

នៅសព្វថ្ងៃ​នេះ មនុស្ស​ជាច្រើន​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​មិនសូវសំខាន់ ឬ​ថែមទាំង​គិតថា​វា​ជា​បន្ទុកផងដែរ ។ អ័ប្រាហាំ មាន​ទស្សនវិស័យ​ខុសគ្នា—ចំពោះលោក អាពាហ៍​ពិពាហ៍​នៃ​កូនប្រុស​របស់លោក អ៊ីសាក គឺ​សំខាន់​បំផុត ។ ហេតុអ្វី​អ្នកគិតថា​វាមានសារៈសំខាន់​ចំពោះ​លោក​ខ្លាំង​ម្ល៉េះ ? នៅពេល​អ្នក​អាន លោកុប្បត្តិ ២៤ សូម​គិត​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ចំពោះ​ផែនការ​នៃសេចក្តី​សង្រ្គោះ​របស់​ព្រះ ។ អ្នក​អាច​អាន​ផងដែរ​នូវ​សារលិខិត​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥០–៥៣ ) ហើយ​សូម​ពិចារណា​ពីមូលហេតុ « ក្រុមគ្រួសារ​ដែល​បង្កើតឡើង​ដោយ​អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្រ្តី​គឺជា​ការរៀបចំ​មួយ​ដ៏ប្រសើរ​បំផុត​សម្រាប់​ផែនការ​របស់ព្រះ​ដើម្បី​ចម្រើន » ( ទំព័រ ៥២ ) ។

សំណួរ​ដូចខាងក្រោម​អាច​ជួយ​អ្នក​ពិចារណា​គោលការណ៍​សំខាន់ៗ​ផ្សេងទៀត​នៅក្នុង​ជំពូកនេះ ៖

លោកុប្បត្តិ ២៤:១–១៤ ។ តើ​អ័ប្រាហាំ និង​ពួកបាវបម្រើ​លោក​បានធ្វើអ្វី​ដើម្បី​រួមញ្ចូល​ទ្រង់​នៅក្នុង​ការខិតខំ​រកប្រពន្ធ​ឲ្យ​អ៊ីសាក ?

លោកុប្បត្តិ ២៤:១៥–២៨, ៥៥–៦០ ។ តើ​រេបិកា​មាន​គុណសម្បត្តិ​អ្វីខ្លះ​ដែល​អ្នក​ចង់​ធ្វើតាម ?

តើ​ការយល់ដឹង​អ្វីខ្លះ​ដែល​អ្នករកឃើញ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤; « ក្រុមគ្រួសារ ៖ សេចក្តី​ប្រកាស​ដល់​ពិភពលោក » ChurchofJesusChrist.org ។

លោកុប្បត្តិ ២៥:២៩–៣៤

ខ្ញុំ​អាច​ជ្រើសរើស​រវាង​ការពេញចិត្ត​ភ្លាមៗ និង​វត្ថុ​ដែល​មានតម្លៃ​ជាង ។

នៅក្នុង​វប្បធម៌​របស់​អ័ប្រាហាំ កូនប្រុស​ច្បង​នៅក្នុង​ក្រុមគ្រួសារ​ជាធម្មតា​បាន​ទទួល​តំណែង​ជាភាពដឹកនាំ និង​អភ័យឯកសិទ្ធិ ដែល​ហៅថា មរដក​នៃ​បង​ច្បង ។ កូនប្រុស​ច្បង​ទទួលបាន​មរតក​ច្រើន​ពី​ឪពុកម្តាយ​របស់ខ្លួន ព្រម​ជាមួយនឹង​ទំនួលខុសត្រូវ​ដ៏ធំ​សម្រាប់​ការថែរក្សា​ក្រុមគ្រួសារ​ទាំងអស់ ។

នៅពេល​អ្នកអាន លោកុប្បត្តិ ២៥:២៩–៣៤ សូមពិចារណា​ពីមូលហេតុ អេសាវ អាច​សុខចិត្ត​លះបង់​មរដក​នៃបងច្បង​របស់ខ្លួន​ជា​ថ្នូរ​ដូរ​នឹង​អាហារមួយ​ពេល ។ តើ​មេរៀន​អ្វី​ដែល​អ្នក​រក​ឃើញថា​ខ្លួនឯង​ត្រូវ​នឹង​​ដំណើររឿង​នេះ ? ឧទាហរណ៍ តើ​មាន « សំឡ » ណា​ដែល​បំបែកអារម្មណ៍​អ្នក​ពី​ពរជ័យ​ដែល​មានតម្លៃ​ចំពោះ​អ្នក​បំផុត​ដែរ​ឬ​ទេ ? តើ​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​ផ្តោតយកចិត្ត​ទុកដាក់ និង​មានអំណរគុណ​ចំពោះ​ពរជ័យ​ទាំងនេះ ?

សូមមើល​ផងដែរ ម៉ាថាយ ៦:១៩–៣៣; នីហ្វៃទី ២ ៩:៥១; អិម រ័សុល បាឡឺដ « What Matters Most Is What Lasts Longest » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤១–៤៤ ។

លោកុប្បត្តិ ២៦:១–៥

សេចក្តីសញ្ញា​អ័ប្រាហាំ​ត្រូវបាន​រំឭក​សារជាថ្មី​តាមរយៈ​អ៊ីសាក ។

សេចក្តី​សញ្ញា​ដែល​ព្រះបានធ្វើ​ជាមួយ​អ័ប្រាហាំ គឺក្នុង​គោលបំណង​ដើម្បី​បន្ត​ដល់​ជំនាន់​ជាច្រើនទៀត ដើម្បីឲ្យ​កេរ្តិ៍ដំណែល​របស់​អ័ប្រាហាំ និង​សារ៉ា​នៃ​ការរក្សា​សេចក្តីសញ្ញា​នឹង​ត្រូវ​បន្តស្នង​ដល់​អ៊ីសាក យ៉ាកុប និង​ស្រ្តី និង​បុរស​ដែល​ស្មោះត្រង់​ដទៃទៀត​ស្ថិតក្នុង​ចំណោម​កូនចៅ​របស់​ពួកគាត់ ។ នៅពេល​អ្នក​អាន លោកុប្បត្តិ ២៦:១–៥ សូម​រក​មើល​ពរជ័យ​មួយចំនួន​នៃ​សេចក្តីសញ្ញា​ដែល​ព្រះទ្រង់បាន​លើកឡើង ។ តើ​អ្នកបាន​រៀនអ្វីខ្លះ​អំពីព្រះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

លោកុប្បត្តិ ២៦:១៨–២៥, ៣២–៣៣

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អណ្តូងទឹករស់ ។

អ្នក​អាចសម្គាល់​ឃើញថា អណ្តូង និង​ប្រភពទឹក​ផ្សេងទៀត​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ដំណើររឿង​ជា​ច្រើន​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ នេះ​វា​មិនគួរ​ឲ្យភ្ញាក់ផ្អើលទេ ពីព្រោះ​ដំណើររឿង​នេះ​ភាគច្រើន​បានកើតឡើង​នៅក្នុង​ទីកន្លែង​ស្ងួតហួតហែង ។ នៅពេល​អ្នកអាន លោកុប្បត្តិ ២៦ អំពី​អណ្តូងទឹក​របស់​អ៊ីសាក សូមសញ្ជឹងគិត​ពី​អ្វី​ដែល​ទឹក​តំណាង​ឲ្យ​នៅក្នុង​ខគម្ពីរនេះ ។ តើ​ការយល់ដឹង​អ្វី ដែល​អ្នក​រកឃើញ​អំពី​អណ្តូងទឹក​ខាងវិញ្ញាណ « ទឹករស់ » ? ( សូមមើល​ផងដែរ យ៉ូហាន ៤:១០–១៥ ) ។ តើ​អ្នក​អាច​ជីក​អណ្តូងទឹក​ខាងវិញ្ញាណ​នៅក្នុង​ជីវិត​របស់អ្នក​យ៉ាងដូចម្តេច ? តើ​ព្រះអង្គ​សង្រ្គោះ​ដូចជា​ទឹករស់​សម្រាប់​អ្នក​យ៉ាងដូចម្តេច ? សូម​កត់សម្គាល់ថា ភីលីស្ទីន « បាន​លុប » អណ្តូងទឹក « សូមមើល លោកុប្បត្តិ ២៦:១៨ ) ។ តើ​មាន​អ្វីផ្សេងទៀត​នៅក្នុង​ជីវិត​របស់អ្នក​ដែល​កំពុងលុប​អណ្តូងទឹក​នៃ​ទឹករស់​របស់​អ្នក​ដែរ​ឬទេ ?

អណ្តូងទឹក​ពីបុរាណ

អណ្តូងទឹក​មួយ​នៅ​បៀរសេបា​ពីបុរាណ​គឺជា​កន្លែង​ដែល អ័ប្រាហាំ និង​អ៊ីសាក​បានជីក​អណ្តូងទឹក​នោះ ។

លោកុប្បត្តិ ២៧

តើ​រេបិកា និង​យ៉ាកុប​ខុស​ដែរ​ឬទេ​ដែល​បញ្ឆោត​អ៊ីសាក ?

យើង​ពុំដឹង​ពីមូលហេតុ​នៅពីក្រោយ​វិធីសាស្ត្រ​ដែល​រេបិកា និង យ៉ាកុប បាន​ប្រើ​ដើម្បី​ទទួល​ពរជ័យ​សម្រាប់​យ៉ាកុប​នោះឡើយ ។ វាមាន​អត្ថប្រយោជន៍​ដើម្បីចងចាំ​ថា ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​យើង​មាន​សព្វថ្ងៃ​​គឺមិនពេញលេញ​នោះទេ ( សូមមើល ម៉ូសេ ១:២៣, ៤១ ) ។ អាច​មាន​ព័ត៌មាន​បាត់បង់​ពី​កំណត់ត្រា​ដើម​ដែល​អាច​ពន្យល់​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ច្របូកច្របល់ ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​ពុំដឹង​ពី​ព្រះទ័យ​របស់ព្រះ​ចំពោះ​យ៉ាកុប ក្នុង​ការទទួល​ពរជ័យ​មកពី អ៊ីសាក ដោយសារ​តែ​រេបិកា ទទួល​វិវរណៈ​ថា យ៉ាកុប គឺ​ត្រូវ​គ្រប់គ្រង​លើ អេសាវ ( សូមមើល លោកុប្បត្តិ ២៥:២៣ ) ។ បន្ទាប់ពី អ៊ីសាក បាន​ទទួលស្គាល់ថា គាត់​បាន​ប្រសិទ្ធពរជ័យ​ឲ្យ​យ៉ាកុប មិនមែន​ជា អេសាវ គាត់​បាន​បញ្ជាក់ថា យ៉ាកុប « នឹងបាន​ពរមែន » ( លោកុប្បត្តិ ២៧:៣៣ )—ដោយប្រាប់ថា ព្រះទ័យ​របស់ព្រះ​នឹង​ត្រូវបាន​សម្រេច ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

លោកុប្បត្តិ ២៤:២–៤, ៣២–៤៨ ។អ័ប្រាហាំ បានសុំ​ឲ្យ​បាវបម្រើ​ដែល​ទុកចិត្ត​ទៅ​រកប្រពន្ធ​ឲ្យ​អ៊ីសាក ហើយ​បាវបម្រើ​នោះ​បាន​ចុះ​សេចក្តីសញ្ញា​ជាមួយ​អ័ប្រាហាំ ថា​គាត់​នឹង​ទៅធ្វើតាម ។ តើ​អ្នកបម្រើ​របស់អ័ប្រាហាំ បង្ហាញ​ភាពស្មោះត្រង់​នៅក្នុង​ការរក្សា​សេចក្តីសញ្ញា​របស់​គាត់​យ៉ាងដូចម្តេច ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់គាត់​​យ៉ាង​ដូចម្ដេច ?

លោកុប្បត្តិ ២៤:១៥–២៨, ៥៥–៦០ ។ក្រុមគ្រួសារ​របស់​អ្នក​អាចមើល​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ចំពោះ​បុគ្គលិកលក្ខណៈ​ដែល​ធ្វើ​ឲ្យ​រេបិកា ក្លាយជា​ដៃគូ​ដ៏ស័ក្តិសម​សម្រាប់ភាព​អស់កល្បជានិច្ច​ចំពោះ​អ៊ីសាក ។ សូម​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​ជ្រើសរើស​បុគ្គលិក​លក្ខណៈ​ទាំងនេះ​ដែល​ពួកគេ​មានអារម្មណ៍​ថា​ពួកគេ​គួរតែ​អភវិឌ្ឍ ។

លោកុប្បត្តិ ២៥:១៩–៣៤២៧ ។ដើម្បី​មើល​ដំណើររឿង​នៃ​របៀប​ដែល​មរដក​នៃបងច្បង​របស់​អេសាវ និង​ពរជ័យ​ដែល​បានមកដល់​យ៉ាកុប​ជំនួសវិញ អ្នក​អាច​សរសេរ​ប្រយោគចេញពី « យ៉ាកុប និង​អេសាវ » ( នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) នៅលើ​បន្ទះ​ក្រដាស​ផ្សេងៗគ្នា ។ សមាជិកគ្រួសារ​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដាក់ប្រយោគ​ឲ្យ​ត្រូវ​តាមលំដាប់លំដោយ ។

នៅពេល​អ្នក​ពិភាក្សា​ពីរឿង​អេសាវ លក់​មរដក​នៃ​បងច្បង​របស់គាត់ អ្នកក៏​អាច​និយាយ​អំពី​បញ្ហា​ដែលសំខាន់​បំផុត​ចំពោះ​ក្រុមគ្រួសារ​របស់អ្នក ដូចជា​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ។ ប្រហែល​ជា​សមាជិកគ្រួសារ​អាច​ស្វែងរក​វត្ថុ ឬ​រូបភាព​ដែល​តំណាងឲ្យ​អ្វី​ដែល​ពួកគេ​គិតថា​មានតម្លៃ​ដ៏នៅអស់កល្បជា​និច្ច ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពីមូលហេតុ​ដែល​ពួកគេ​បានជ្រើសរើស​អ្វី​ទាំងនោះ ។

លោកុប្បត្តិ ២៦:៣–៥ ។ដើម្បី​ជួយ​ក្រុមគ្រួសារ​របស់​អ្នក​យល់​ពី​សេចក្តីសញ្ញា​អ័ប្រាហាំ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្តីសន្យា​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ហេតុអ្វី​វាមាន​សារៈសំខាន់​ចំពោះ​យើង​ដើម្បីដឹង​អំពីសេចក្តី​សន្យា​ទាំងនេះ​នៅសព្វថ្ងៃនេះ ? ( សូមមើល គំនិត​ដើម្បី​ពិចារណា ៖ សេចក្តីសញ្ញា » នៅក្នុង​ធនធាន​ទាំងនេះ ) ។

លោកុប្បត្តិ ២៦:១៨–២៥, ៣២–៣៣ ។ហេតុអ្វី​អណ្តូងទឹក​មានសារៈសំខាន់ ? ហេតុអ្វី​ព្រះយេស៊ូវ គ្រីស្ទ ដូចជា​អណ្តូង​ទឹក ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែលបាន​ស្នើ ៖ « ជ្រើស​ផ្លូវ​ត្រូវ » ទំនុក​តម្កើង ល.រ ១៤៨ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ទន្ទេញ​ខគម្ពីរ ។ អែលឌើរ រីឆាដ ជី ស្កត បានបង្រៀនថា « ការទន្ទេញ​បទគម្ពីរ​បានក្លាយ​ជា​មិត្តសំឡាញ់​ដែល​តស៊ូ មិនចេះចុះចាញ់​ជាមួយពេលវេលា​ដែល​កន្លងទៅ​ឡើយ » ( « The Power of Scripture » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។

អេសាវ និង​យ៉ាកុប

អេសាវ លក់​មរដក​នៃ​បងច្បង​របស់គាត់​ឲ្យ​យ៉ាកុប ដោយ គ្លីន អេស ហបគីនសុន