ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ ៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »


« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ ៖ ‹ តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

សារ៉ា​កំពុង​ពរ​ទារក​អ៊ីសាក

សារ៉ា និង​អ៊ីសាក ដោយ​ ស្កត ស្នូវ

ថ្ងៃទី ១៤–២០ ខែ កុម្ភៈ

លោកុប្បត្តិ ១៨–២៣

« តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

សូម​អាន និង​សញ្ជឹងគិត លោកុប្បត្តិ ១៨–២៣ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍ណ​របស់អ្នក ។ អ្នកអាចប្រើ​គំនិត​នៅក្នុង​គម្រោង​នេះ​ដើម្បី​ជួយ​អ្នកសិក្សា​ជំពូក​ទាំងនេះ ហើយ​អ្នក​ក៏អាច​ត្រូវបាន​បំផុសគំនិត​ផងដែរ ដើម្បីស្វែងរក​សារលិខិត​ផ្សេងទៀត​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​ព្រះអម្ចាស់​មានជា​ពិសេស​សម្រាប់​អ្នក ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ជីវិត​របស់អ័ប្រាហាំ ពោរពេញ​ដោយ​ព្រឹត្តិការណ៍ មានទាំង​ការឈឺចាប់ និង​ការលួងលោម ដែលជា​ភស្តុតាង​នៃ​សេចក្តីពិត​ដែល​អ័ប្រាហាំ​បានរៀន​នៅក្នុង​ការនិមិត្ត—ថា​យើង​នៅលើ​ផែនដី​ ត្រូវ​បញ្ជាក់ភស្តុតាង « មើល​បើ​សិន​ជា [ យើង ] នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់ [ យើង ] នឹង​បញ្ជា » ( អ័ប្រាហាំ ៣:២៥ ) ។ តើអ័ប្រាហាំ​ផ្ទាល់​បញ្ជាក់​ថាស្មោះត្រង់​ឬ​ទេ ? តើ​លោក​នឹង​បន្ត​មានសេចក្តីជំនឿ​នៅលើ​សេចក្តីសន្យា​របស់ព្រះ​អំពី​ការមាន​កូនចៅ​ដ៏ច្រើន ខណៈពេល​ដែល​លោក និង​សារ៉ា​គ្មាន​កូន​ក្នុងវ័យចំណាស់​របស់ពួកលោក​ដែរឬ​ទេ ? ហើយ​នៅពេល​អ៊ីសាក​បានកើតមក តើ​សេចក្តីជំនឿ​របស់​អ័ប្រាហាំ​អាច​ទ្រាំទ្រ​បានទេ—ចំពោះបញ្ញត្តិ​ដែល​ឲ្យបូជា​កូនប្រុសតែ​ម្នាក់​ដែល​ព្រះ​បានសន្យា​ដើម្បី​បំពេញ​សេចក្តីសញ្ញា​នោះ ? អ័ប្រាហាំ​បាន​បញ្ជាក់​ថា​មាន​សេចក្តី​ស្មោះត្រង់ ។ អ័ប្រាហាំ​បានទុកចិត្តលើព្រះ ហើយ​ព្រះបាន​ទុក​ព្រះទ័យ​លើ​អ័ប្រាហាំ​ដែរ ។ នៅក្នុង លោកុប្បត្តិ ១៨–២៣ យើង​ឃើញ​ដំណើររឿង​ចេញពី​ជីវិត​របស់​អ័ប្រាហាំ និង​អ្នកដទៃទៀត​ដែល​អាច​បំផុស​គំនិត​យើង​ឲ្យ​គិតអំពី​សមត្ថភាព​ផ្ទាល់ខ្លួន​របស់យើង​ដើម្បីជឿ​លើ​សេចក្តីសន្យា​របស់ព្រះ ដើម្បី​គេចចេញ​ពី​អំពើ​ទុច្ចរិត ហើយ​មិន​ត្រឡប់ក្រោយ​វិញ និង​ត្រូវទុកចិត្ត​លើ​ព្រះ ទោះជា​មាន​ការលះបង់​ក៏ដោយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លោកុប្បត្តិ ១៨:៩–១៤; ២១:១–៧

ព្រះអម្ចាស់​បំពេញ​សេចក្តីសន្យា​របស់​ទ្រង់​តាម​ពេលវេលា​របស់ទ្រង់ ។

ព្រះអម្ចាស់​បាន​ធ្វើសេចក្តី​សន្យា​ដ៏រុងរឿង​ចំពោះ​មនុស្ស​ដែល​ស្មោះត្រង់ ប៉ុន្តែ នៅពេលខ្លះ​កាលៈទេសៈ​នៃជីវិត​របស់យើង​អាច​បណ្តាល​ឲ្យ​យើង​ឆ្ងល់​ពី​របៀប​ដែល​សេចក្តី​សន្យា​ទាំងនោះ​អាច​បំពេញ​បាន​យ៉ាងដូចម្តេច ? អ័ប្រាហាំ និង​សារ៉ា អាច​គិតបែប​នោះជាច្រើន​ដង ។ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​បទពិសោធន៍​របស់​ពួកគាត់ ? វាអាច​មាន​អត្ថប្រយោជន៍​ដើម្បី​ចាប់ផ្តើម​សិក្សា​ដោយការ​ពិនិត្យមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ័ប្រាហាំ នៅក្នុង លោកុប្បត្តិ ១៧:៤, ១៥–២២ ។ តើ​អ័ប្រាហាំ និង សារ៉ា បាន​មានប្រតិកម្ម​យ៉ាងណា ? ( សូមមើល​ផងដែរនៅក្នុង ការបកប្រែ​ដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៧:២៣ [ នៅក្នុង លោកុប្បត្តិ ១៧:១៧ ]; លោកុប្បត្តិ ១៨:៩–១២ ) ។ តើ​ព្រះអម្ចាស់​បានឆ្លើយតប​យ៉ាងដូចម្តេច​ដើម្បី​ជួយ​ពួកលោក​ឲ្យ​មានជំនឿ​កាន់តែ​ខ្លាំង​លើ​សេចក្តីសន្យា​របស់ទ្រង់ ( សូមមើល លោកុប្បត្តិ ១៨:១៤ ) ។

តើ​អ្នក​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ស្ថាបនា​សេចក្តីជំនឿ​របស់​អ្នក ? តើ​បទពិសោធន៍​អ្វីផ្សេង​ទៀត—នៅក្នុងជីវិត​របស់អ្នក ឬ​នរណា​ផ្សេងទៀត—បាន​ពង្រឹង​សេចក្តីជំនឿ​របស់អ្នក​ថា​ព្រះអម្ចាស់​នឹង​បំពេញ​សេចក្តីសន្យា​របស់ទ្រង់​ចំពោះ​អ្នក តាមពេលវេលា​កំណត់​របស់ទ្រង់ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៨ ។

លោកុប្បត្តិ ១៩:១២–២៩

ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​គេចចេញ​ពី​អំពើទុច្ចរិត ។

តើអ្នក​បានរៀន​មេរៀន​អ្វីខ្លះ​អំពី​ការគេចចេញ​ពី​អំពើទុច្ចរិត​នៅពេល​អ្នក​អាន​អំពី​ឡុត និង​ក្រុមគ្រួសារ​របស់គាត់ ? ឧទារហណ៍ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកចាប់អារម្មណ៍​អំពី​អ្វី​ដែល​ពួកទេវតា​បានមាន​បន្ទូល និង​បានធ្វើ​ដើម្បី​ជួយ​ឡុត និង​ក្រុមគ្រួសារ​របស់គាត់​គេច​ពី​ការបំផ្លិចបំផ្លាញ ? ( សូមមើល លោកុប្បត្តិ ១៩:១២–១៧ ) ។ តើ​ព្រះអម្ចាស់​ជួយ​អ្នក និង​ក្រុមគ្រួសារ​អ្នក​គេចចេញ ឬ​រកឃើញ​ការការពារ​ពី​ឥទ្ធិពល​របស់​អារក្ស​នៅក្នុង​ពិភពលោក​យ៉ាងដូចម្តេច ?

ចំពោះ​ព័ត៌មាន​បន្ថែមទៀត​អំពី​អំពើបាប​របស់ សូដុំម និង កូម៉ូរ៉ា សូមមើល អេសេគាល ១៦:៤៩–៥០ និង ពួកចៅហ្វាយ ១:៧–៨ ។

សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៩:៩– ១៥ ( នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។

គំនូរ​របស់​ឡុត និង​ក្រុមគ្រួសារ​របស់គាត់​កំពុង​គេចពី សូដុំម និង កូម៉ូរ៉ា

កំពុងគេច​ចេញពី សូដុំម និង កូម៉ូរ៉ា ដោយ ជូលៀស ឆ្នូ វន់ ខារូលស្វីល

លោកុប្បត្តិ ១៩:២៦

តើ​ប្រពន្ធ​របស់​ឡុត​បាន​ធ្វើ​ខុសអ្វី ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« តាមមើលទៅ អ្វី​ដែល​ប្រពន្ធ​របស់​ឡុត​បានធ្វើខុស​គឺថា នាង​មិនគ្រាន់តែ​គិតចង់​ត្រឡប់ក្រោយ​វិញនោះទេ គឺ​នាង​មាន​បំណងប្រាថ្នា​ចង់​ត្រឡប់​ទៅវិញ​តែម្តង ។ វាហាក់ដូចជា សូម្បីតែពីមុន​នាង​បាន​ឆ្លងកាត់​ព្រំប្រទល់​ទីក្រុង នាង​បាននឹក​ពី​អ្វី​ដែល សូដុំម និង កូម៉ូរ៉ា បាន​ផ្តល់​ឲ្យ​នាងទៅហើយ ។… នាង​ពុំមាន​សេចក្តីជំនឿទេ ។ នាង​មានការសង្ស័យ​លើ​សមត្ថភាព​របស់​ព្រះអម្ចាស់​ក្នុង​ការប្រទាន​អ្វីៗ​ដែល​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​នាង​បានមាន​រួចទៅហើយ ។…

« ចំពោះ [ ប្រជាជន ] នៅគ្រប់ជំនាន់ ខ្ញុំ​សូមអំពាវនាវ​ឲ្យ ‹ ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត › [ លូកា ១៧:៣២ ] ។ សេចក្តីជំនឿ​គឺសម្រាប់​អនាគត ។ សេចក្តីជំនឿ​គឺ​ស្ថាបនាឡើង​ពីអតីតកាល ប៉ុន្តែ​ពុំមាន​បំណង​ចង់​នៅ​ទី​នោះទេ ។ សេចក្តីជំនឿ​ដែលទុកចិត្តថា ព្រះ​មាន​អ្វីៗ​ដ៏អស្ចារ្យ​រក្សា​ទុក​សម្រាប់​យើង​ម្នាក់ៗ ហើយ​ថា​ព្រះគ្រីស្ទ ពិតជា ‹ សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក › ( ហេព្រើរ ៩:១១ ) » ( «The Best Is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៤, ២៧ ) ។

លោកុប្បត្តិ ២២:១–១៩

អ័ប្រាហាំ សុខចិត្ត​បូជា អ៊ីសាក គឺជា​និមិត្តរូប​ពី​ព្រះ និង​ព្រះរាជបុត្រា​របស់ទ្រង់ ។

យើង​ពុំដឹង​ពីមូលហេតុ​ទាំងអស់​ដែល​ព្រះ​បានបញ្ជា​ឲ្យ​អ័ប្រាហាំ ត្រូវ​ថ្វាយ អ៊ីសាក ជាការបូជា​នោះទេ យើង​ពិតជា​ដឹងថា វាគឺជា​ការសាកល្បង​ពី​សេចក្តីជំនឿ​របស់លោក​នៅលើ​ព្រះ ( សូមមើល លោកុប្បត្តិ ២២:១២–១៩ ) ។ នៅពេល​អ្នកអាន លោកុប្បត្តិ ២២:១–១៩ តើ​អ្នកបាន​រៀន​អ្វី​ពី​បទពិសោធន៏​របស់​អ័ប្រាហាំ ?

អ័ប្រាហាំ សុខចិត្ត​បូជា​កូនប្រុស​របស់លោក​គឺជា « និមិត្តរូប​អំពី​ព្រះ និង​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ » ( យ៉ាកុប ៤:៥ ) ។ នៅពេល​ដែល​អ្នក​គិត​ពី​ភាពស្រដៀងគ្នា​រវាង​ការសាកល្បង​របស់​អ័ប្រាហាំ និង​ព្រះជា​ព្រះវរបិតា ដែលបាន​ប្រទាន​ព្រះរាជបុត្រា​របស់ទ្រង់ ឲ្យបូជា​សម្រាប់​យើង តើ​អ្នក​មានអារម្មណ៍​យ៉ាងណា​ចំពោះ​ព្រះវរបិតា​សួគ៌​របស់​អ្នក ?

ក៏មាន​ភាពស្រដៀងគ្នា​រវាង អ៊ីសាក និង​ព្រះអង្គសង្រ្គោះ​ផងដែរ ។ សូម​ពិចារណា​អាន លោកុប្បត្តិ ២២:១–១៩ ម្តងទៀត ដោយរកមើល​ភាពស្រដៀងគ្នា​ទាំងនេះ ។

សូមមើល​ផងដែរ « Akedah ( The Binding ) » ( វីដេអូ ) ChurchofJesusChrist.org ។

family study icon

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

លោកុប្បត្តិ ១៨:១៤ ។តើ​មាន​ដំណើររឿង​ចេញពី​ព្រះគម្ពីរ ចេញ​ពី ពង្សប្រវត្តិ​របស់អ្នក ឬ​ចេញពី​ជីវិត​របស់​អ្នកផ្ទាល់ ដែល​អ្នក​អាច​ចែកចាយ​អំពីអ្វីដែល​វា​បានបង្រៀន​អ្នក​ថាគ្មានអ្វី​ពិបាក​ចំពោះ​ព្រះអម្ចាស់​ឡើយ​ដែរ​ឬ​ទេ ?

លោកុប្បត្តិ ១៨:១៦–៣៣ ។តើ​យើងបាន​រៀន​អ្វី​ពី​បុគ្គលិកលក្ខណៈ​របស់​អ័ប្រាហាំ ចេញពី​ខគម្ពីរ​ទាំងនេះ ? តើ​យើង​អាច​ធ្វើតាម​គំរូ​របស់លោក​យ៉ាងដូចម្តេច ? ( សូមមើល​ផងដែរ អាលម៉ា ១០:២២–២៣ ) ។

លោកុប្បត្តិ ១៩:១៥–១៧ ។ខគម្ពីរ​ទាំងនេះ​អាច​ជួយ​សមាជិក​ក្រុមគ្រួសារ​របស់អ្នក​រៀបចំខ្លួន​សម្រាប់​គ្រា​ដែល​ពួកគេ​ត្រូវការ​គេចចេញ​ពី​ស្ថានភាព​ទុច្ចរិត ។ តើ​ស្ថានភាព​ទាំងនេះ​អាច​មាន​អ្វីខ្លះ ? ឧទាហរណ៍ អ្នក​អាច​ពិភាក្សា​អំពី​ប្រព័ន្ធ​ព័ត៌មាន​ដែល​មិន​សមរម្យ ឬ​ការល្បួង​ឲ្យ​និយាយដើម​គេ ។ តើ​យើង​អាច​គេចចេញ​ពី​ស្ថានភាព​បែប​នេះ​យ៉ាងដូចម្តេច ?

លោកុប្បត្តិ ២១:៩–២០ ។តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់អ្នក​ចាប់អារម្មណ៍​អំពី​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ត​ចំពោះ ហាការ និង អ៊ីសម៉ាអែល បន្ទាប់ពី សារ៉ា និង អ័ប្រាហាំ បាន​បណ្តេចញ​ពួកគេ​ចេញ ?

លោកុប្បត្តិ ២២:១–១៤ ។តើ​អ្នក​អាច​ជួយ​ក្រុមគ្រួសារ​របស់អ្នក​មើលឃើញ​ពី ទំនាក់ទំនង​រវាង​ដំណើររឿង​ដែល​ព្រះ​បញ្ជា​ឲ្យ​អ័ប្រាហាំ បូជា អ៊ីសាក និង​ដង្វាយ​ដ៏​ធួន​របស់​ព្រះអង្គ​សង្រ្គោះ​យ៉ាង​ដូច​ម្ដេច ? អ្នក​អាច​បង្ហាញ​រូបភាព​របស់​អ័ប្រាហាំ និង អ៊ីសាក និង​ការឆ្កាង ( សូមមើល « អ័ប្រាហាំ និង​អ៊ីសាក » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ខណៈពេល​ដែល​សមាជិក​គ្រួសារ​ពិភាក្សា​អំពីភាព ស្រដៀងគ្នា​ដែល​ពួកគេ​មើលឃើញ​រវាង​ប្រព្រឹត្តិការណ៍​ទាំងនេះ ។ អ្នក​ក៏​អាច​ច្រៀង​ចម្រៀង​អំពី​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ហើយ​សូមរកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​ការពលិកម្ម​របស់​ព្រះអង្គសង្រ្គោះ ។

តើ​យើង​ត្រូវបាន​សុំ​ឲ្យ​បូជា​ជាលក្ខណៈក្រុមគ្រួសារមាន​អ្វីខ្លះ ? តើការ​បូជា​ទាំងនេះ​នាំឲ្យ​យើងខិត​កាន់តែជិត​ព្រះ​យ៉ាងណា​ខ្លះ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែល​បាន​ស្នើ ៖ « ព្រះស្នេហ៍​យើង​ទើបចាត់​បុត្រា​ទ្រង់ » ទំនុកតម្កើង ល.រ ១១១ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ស្ដាប់​ព្រះវិញ្ញាណ ។ នៅពេល​អ្នក​សិក្សា សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​របស់​អ្នក ទោះបី​វា​ហាក់ដូចជា​មិន​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន​ក្ដី ។ ចំណាប់អារម្មណ៍​ទាំងនោះ​អាច​ជា​រឿង​សំខាន់​ដែល​ព្រះ​ចង់​ឲ្យ​អ្នកដឹង ។

អ័ប្រាហាំ និង អ៊ីសាក​កំពុងដើរ

រូបភាព របស់​អ័ប្រាហាំ និង​អ៊ីសាក ដោយ ជេហ្វ វួដ