« ថ្ងៃទី ២១–២៧ ខែ កុម្ភៈ ។ លោកុប្បត្តិ ២៤–២៧ ៖ សេចក្តីសញ្ញាត្រូវបានរំឭកសារជាថ្មី » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២១–២៧ ខែ កុម្ភៈ ។ លោកុប្បត្តិ ២៤–២៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ កុម្ភៈ
លោកុប្បត្តិ ២៤-២៧
សេចក្តីសញ្ញាត្រូវបានរំឭកសារជាថ្មី
កាលបងប្អូនអាន លោកុប្បត្តិ ២៤-២៧ និងរៀបចំដើម្បីបង្រៀន សូម គិតអំពីកុមារនៅក្នុងថ្នាក់បងប្អូន ។ តើពួកគេត្រូវការរៀនអ្វីខ្លះ ? តើសកម្មភាពទាំងនេះមួយណាដែលនឹងមានអត្ថន័យចំពោះពួកគេ ? ដោយផ្អែកទៅលើសេចក្តីត្រូវការរបស់ពួកគេ បងប្អូនអាចសម្របសកម្មភាពណាមួយដែលនៅក្នុងនោះ ឬ អាចស្វែងរកនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
នៅខាងក្រោមកៅអីរបស់កុមារម្នាក់ៗ សូមដាក់សំណួរអំពីព្រឹត្តិការណ៍មួយ ឬ គោលការណ៍មួយនៅក្នុង លោកុប្បត្តិ ២៤-២៧ ។ សូមឲ្យកុមារឆ្លើយសំណួរ ប្រសិនបើពួកគេអាច ឬ អញ្ជើញពួកគេឲ្យផ្ទៀងស្តាប់រកចម្លើយ នៅក្នុងអំឡុងពេលរៀន ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចមានចិត្តល្អចំពោះអ្នកដទៃ
អ្នកបម្រើរបស់អ័ប្រាហាំ ស្ញប់ស្ញែងនឹងចិត្តមេត្តាដ៏មហិមារបស់រេបិកា ដែលបានបង្ហាញដល់គាត់ដែលមិនត្រឹមតែផ្តល់ទឹកឲ្យគាត់ប៉ុណ្ណោះទេ តែថែមទាំងឲ្យសត្វអូដ្ឋទាំងដប់របស់គាត់បានផឹកទៀតផង ។ គំរូរបស់នាងអាចជាការរំឭកមួយដល់កុមារថា ត្រូវតែមានសន្ដានចិត្តល្អដល់មនុស្សដទៃជានិច្ច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាព រេបិកា នៅក្នុងទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះ ។ សូមប្រាប់ព័ត៌មានលម្អិតនៅក្នុងរូបភាព នៅពេលបងប្អូនសង្ខេបដំណើររឿងនៅក្នុង លោកុប្បត្តិ ២៤:១០–២១ ដែលរេបិកាបានបង្ហាញសន្តានចិត្តល្អចំពោះ អ្នកបម្រើរបស់អ័ប្រាហាំ ។ សូមប្រាប់ថាពាក្យសម្តី និង ទង្វើរបស់នាងគឺជាសញ្ញាប្រាប់ថា រេបិកា គឺជាមនុស្សម្នាក់ដែលព្រះចង់ឲ្យកូនប្រុសរបស់អ័ប្រាហាំ អ៊ីសាក រៀបការជាមួយ ។ សូមអញ្ជើញកុមារឲ្យសម្តែងជាអ្នកបម្រើដែលធ្វើដំណើរមកដល់អណ្តូងទឹក ជាមួយនឹង សត្វអូដ្ឋ ឬ រេបិកា កំពុងដងទឹកឲ្យពួកគេ ។ សូមឲ្យពួកគេសូត្រឃ្លាមួយចេញពីព្រះគម្ពីរ ដូចជា « សូមឲ្យខ្ញុំ…សុំទឹកពីក្អមនាងផឹកបន្តិចសិន » ( ខ ១៧ ) និង « ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ » ( ខ ១៩ ) ។ ហេតុអ្វីបានជាវាសំខាន់ចំពោះយើងក្នុងការធ្វើល្អដល់អ្នកដទៃ ?
-
សូមប្រាប់ដំណើររឿងមួយអំពីរបៀបដែលព្រះអង្គសង្គ្រោះ បានបង្ហាញព្រះទ័យមេត្តាទៅកាន់នរណាម្នាក់ ។ សូមអញ្ជើញកុមារមួយចំនួន ឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួននៃការបង្ហាញនូវសណ្ដានចិត្តល្អ ។
-
សូមផ្តល់យោបល់អំពីស្ថានភាពបីបួន ដែលកុមារអាចបង្ហាញសណ្តានចិត្តល្អ ដូចជាការលេងជាមួយមិត្តភក្តិ ឬ ជួបនរណាម្នាក់ថ្មីនៅសាលា ។ សូមសួរកុមារថា តើពួកគេអាចធ្វើអ្វីដើម្បីបង្ហាញសណ្តានចិត្តល្អក្នុងស្ថានភាពទាំងនេះ ។
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងអំពីចិត្តល្អដូចជា « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ឬ « ខ្ញុំព្យា យាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារទំព័រ ៨៣, ៤០ ) ។ សូមអញ្ជើញកុមារឲ្យស្តាប់ រកមើលពាក្យ « ចិត្តល្អ » ឬពាក្យដែលស្រដៀងគ្នា ) ហើយក្រោកឈរនៅពេលដែលពួកគេឮពាក្យនោះ ។ តើយើងអាចបង្ហាញចិត្តល្អចំពោះអ្នកដទៃដោយរបៀបណា ? ទំព័រសកម្មភាពសប្ដាហ៍នេះអាចជួយកុមារជាមួយនឹងការពិភាក្សានេះ ។
ខ្ញុំអាចជ្រើសរើសអ្វីដែលសំខាន់បំផុត ។
ពីព្រោះ អេសាវ គឺជាកូនច្បងនៅក្នុងគ្រួសាររបស់លោក លោករំពឹងថា នឹងត្រូវទទួលបានការទទួលខុសត្រូវ និង ឯកសិទ្ធពិសេសដែលត្រូវបានហៅថាអំណាចមរតកកូនច្បង ។ នៅថ្ងៃមួយពេល អេសាវ កំពុងឃ្លាន លោកបានប្តូរអំណាចមរតកកូនច្បងរបស់លោកជាមួយនឹងប្អូនប្រុសរបស់លោក គឺយ៉ាកុបសម្រាប់អាហារមួយចំនួន ។ ដំណើររឿងនេះអាចបង្រៀនកុមារថា យើងគួរតែជ្រើសរើសយកអ្វីដែលយូរអង្វែង លើភាពស្កប់ស្កល់បណ្តោះអាសន្ន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមយកវត្ថុមួយចំនួនមកថ្នាក់រៀន ដែលអាចជួយប្រាប់ពីដំណើររឿងនៃការលក់ អំណាចមរតកកូនច្បង ដូចជាចានគោម និងរូបភាពរបស់នរណាម្នាក់កំពុងទទួលពរជ័យបព្វជិតភាព ។ សូមអញ្ជើញកុមារឲ្យប្រើវត្ថុទាំងនោះ ពេលពួកគេដំណាលប្រាប់បងប្អូនអំពីដំណើររឿងដែលពួកគេបានដឹង ។« យ៉ាកុប និង អេសាវ» ( នៅក្នុង ដំណើររឿង ព្រះគម្ពីរសញ្ញា ចាស់ ) អាចជួយបាន ។ សូមអានជាមួយគ្នា លោកុប្បត្តិ ២៥:៣៤ ហើយសូមពន្យល់ថា នរណាក៏ដោយដែលមានអំណាចមរតកកូនច្បង គឺមានឯកសិទ្ធ និងការទទួលខុសត្រូវពិសេស ដើម្បីថែទាំក្រុមគ្រួសាររបស់គាត់ទាំងមូល ។
-
សូមបង្ហាញរូបភាពពីរទៅដល់កុមារ ៖ អំពីអ្វីមួយដែលមានតម្លៃអស្ចារ្យខាងវិញ្ញាណ ( ដូចជាព្រះវិហារបរិសុទ្ធ ) និងមួយទៀតជាអ្វីដែលនាំមកនូវសុភមង្គលក្នុងរយៈពេលខ្លីប៉ុណ្ណោះដូចជា ល្បែង របស់លេង ឬ អាហារ ) ។ សុំឲ្យពួកគេជ្រើសរើសថា តើវត្ថុមួយណាដែលជួយយើងបានប្រសើរបំផុត ដើម្បីត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ ។ ធ្វើដូចគ្នានេះជាមួយនឹងរូបភាពផ្សេងទៀតដែរ ។
-
សូមច្រៀងចម្រៀងមួយបទអំពីការ ជ្រើសរើសល្អ ដូចជាបទ « ជ្រើសរើសផ្លូវត្រូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨២ )ជាមួយកុមារ ។ សូមថ្លែងទីបន្ទាល់ថា យើងនឹងបានទទួលពរជ័យ នៅពេលយើងជ្រើសរើសអ្វីដែលត្រូវ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំនឹងទទួលបានពរជ័យ នៅពេលខ្ញុំធ្វើសកម្មភាពដោយជំនឿ និងបង្ហាញចិត្តមេត្តាដល់អ្នកដទៃ ។
អ្នកបម្រើរបស់លោកអ័ប្រាហាំ បានបង្ហាញសេចក្តីជំនឿ ដោយការទុកចិត្តលើការដឹកនាំរបស់ព្រះនៅក្នុងការស្វែងរកភរិយាឲ្យអ៊ីសាក ។ រេបិកាបានបង្ហាញសណ្ដានចិត្តល្អនៅក្នុងការប្រព្រឹតិ្តចំពោះអ្នកបម្រើរបស់ អ័ប្រាហាំ ។ តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យធ្វើតាមគំរូរបស់អ្នកបម្រើ អ័ប្រាហាំ និង រេបិការ ដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន លោកុប្បត្តិ ២៤:១–២៨ ជាមួយគ្នា ហើយជួយកុមារស្គាល់អំពី ឧទាហរណ៍នៃសេចក្តីជំនឿ និង សណ្តានចិត្តល្អ ( សូមមើល ឧទាហរណ៍ ខ ១២–១៤ និង ១៧–២០ ) ។ តើអ្នកបម្រើរបស់ អ័ប្រាហាំ និង រេបិកា បានទទួលពរជ័យតាមរយៈការបង្ហាញសេចក្តីជំនឿ និង សណ្តានចិត្តល្អដោយរបៀបណា ? សូមសរសេរនៅលើក្តារខៀន យើងអាចបង្ហាញសេចក្តីជំនឿរបស់យើងដោយ… ហើយ យើងអាចបង្ហាញសណ្តានចិត្តល្អរបស់យើងដោយ … , ហើយសូមអញ្ជើញឲ្យកុមារ ពិភាក្សាអំពីរបៀបដែលពួកគេអាចបំពេញប្រយោគទាំងនេះ ។
-
សូមឲ្យចម្រៀកក្រដាសមួយ សរសេរអ្វីដែលអ្នកបម្រើរបស់អ័ប្រាហាំ បាននិយាយ ឬ ធ្វើ ហើយអ្វីដែលរេបិកាបាននិយាយ ឬ ធ្វើនៅក្នុង លោកុប្បត្តិ ២៤:១–២៨ ។ សូមអញ្ជើញកុមារឲ្យជ្រើសរើសចម្រៀកក្រដាស និងធ្វើការជាមួយគ្នា ដើម្បីទស្សន៏ទាយអ្នកដែលនិយាយ ឬធ្វើការណ៍ទាំងនេះ ( ពួកគេអាចយោងទៅក្នុងព្រះគម្ពីរ ប្រសិនបើពួកគេត្រូវការជំនួយ ) ។ តើដំណើររឿងនេះបានបង្រៀនយើងអ្វីខ្លះអំពីសណ្តានចិត្តល្អ ? តើវាបង្រៀនយើងអ្វីខ្លះអំពីសេចក្តីជំនឿ ? ឧទាហរណ៍ផ្សេងទៀតអំពី សេចក្តីជំនឿ និង សណ្តានចិត្តល្អ អាចរកឃើញនៅក្នុង លោកុប្បត្តិ ២៤:២៩–៣៣ , ៥៨–៦១ ។
-
សូមអញ្ជើញកុមារឲ្យគិតអំពីសកម្មភាពនៃសណ្តានចិត្តល្អ ដែលពួកគេបានមើលឃើញ ។ សូមអញ្ជើញពួកគេឲ្យសរសេរ និងចែកចាយវាជាមួយនឹងសិស្សក្នុងថ្នាក់ឬគ្រួសារនៅផ្ទះ ។ តើយើងមានអារម្មណ៍បែបណានៅពេលនរណាម្នាក់ចិត្តល្អចំពោះយើង ?
ខ្ញុំនឹងឲ្យតម្លៃលើសម្បត្តិដ៏អស់កល្ប ជំនួសឲ្យសម្បត្តិខាងលោកិយ ។
អេសាវជ្រើសរើសប្តូរសម្បត្តិដ៏មានតម្លៃខ្ពស់ គឺអំណាចមរតកកូនច្បងរបស់លោក ជាមួយនឹងអ្វីដែលមានតម្លៃទាប គឺជាមួយនឹងនំបុ័ង និងសម្លរមួយចាន ។ ពេលបងប្អូនអានខទាំងនេះ សូមសញ្ជឹងគិតអំពីរបៀបដែលបងប្អូនអាចជួយកុមារឲ្យផ្តល់អាទិភាពទៅលើអ្វីដែលសំខាន់អស់កល្បជានិច្ច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានដំណើររឿងរបស់ យ៉ាកុប និងអេសាវជាមួយគ្នានៅក្នុង លោកុប្បត្តិ ២៥:២១–៣៤ ។ នៅពេលបងប្អូនអាន សូមអញ្ជើញឲ្យកុមារម្នាក់ៗ ជ្រើសរើសគូរអ្វីមួយចេញពីដំណើររឿង ។ បន្ទាប់មកអញ្ជើញពួកគេឲ្យប្រើរូបភាពរបស់ពួកគេ ដើម្បីប្រាប់ពីដំណើររឿងជាពាក្យសម្តីរបស់ពួកគេផ្ទាល់ ។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីយល់អំពីអ្វីជាអំណាចមរតកកូនច្បងសូមលើកទឹកចិត្តពួកគេអាន « កូនច្បង » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យស្រមៃថា អេសាវ បានសុំដំបូន្មានពីយើងថាតើលោកគួរប្តូរ អំណាចមរតកកូនច្បងរបស់លោកជាមួយនឹងសម្លរដែរឬទេ ?
-
សូមប្រាប់អំពីគ្រាមួយដែលបងប្អូនបានលះបង់អ្វីមួយដែលល្អជាមួយនឹងអ្វីដែលកាន់តែមានតម្លៃអស្ចារ្យជាងនោះ ។ ឬបង្ហាញវីដេអូ « Continue in Patience » ( ChurchofJesusChrist.org ) ។ តើរឿងរបស់បងប្អូន ឬរឿងនៅក្នុងវីដេអូទាក់ទងជាមួយនឹងការជ្រើរើសរបស់អេសាវនៅក្នុង លោកុប្បត្តិ ២៥:២៩–៣៤ យ៉ាងដូចម្តេច ? សូមជួយកុមារឲ្យសញ្ជឹងគិតអំពីពរជ័យដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ប្រទានពរដល់ពួកគេ ( ដូចជាទីបន្ទាល់កាន់តែរឹងមាំ ពរជ័យនៃព្រះវិហារបរិសុទ្ធ ឬជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ ) ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ចឹងគិតអំពីអ្វីដែលពួកគេមានឆន្ទៈលះបង់ ដើម្បីអាចទទួលបានពរជ័យដ៏មានតម្លៃទាំងនេះ ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យគិតអំពីគោលដៅដែលពួកគេបានដាក់សម្រាប់ខ្លួនពួកគេ អំពីគោលការណ៍ដែលពួកគេបានរៀននៅក្នុងថ្នាក់អង្គការឋបមសិក្សាថ្ងៃនេះ ។ ឧទាហរណ៍ ពួកគេអាចដាក់គោលដៅថាត្រូវមានចិត្តល្អចំពោះអ្នកដទៃនៅឯគេហដ្ឋាន ។