ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១០–១៦ ខែ កុម្ភៈ ។ នីហ្វៃទី ២ ៦–១០ ៖ « ឱ ផែនការ​នៃ​ព្រះ​របស់យើង​ធំ​ណាស់​ហ្ន៎ ! ”


« ថ្ងៃ​ទី ១០–១៦ ខែ កុម្ភៈ នីហ្វៃ​ទី ២ ៦–១០ ៖ ‹ ឱ​ផែនការ​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ ! › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១០–១៦ ខែ កុម្ភៈ។ នីហ្វៃ​ទី ២ ៦–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​អធិស្ឋាន​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានី

កុំ​តាម​ចិត្ត​ទូលបង្គំឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ដោយ ហារី អាន់ឌើរសិន

ថ្ងៃទី ១០–១៦ ខែ កុម្ភៈ

នីហ្វៃ ទី ២ ៦–១០

« ឱ​ផែនការ​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ ! »

នៅ​ពេល​អ្នក​អាន នីហ្វៃ​ទី ២ ៦–១០ សូម​ស្វែង​រក​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន ។ គម្រោង​មេរៀន​នេះ និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​បំផុស​គំនិត​បន្ថែម​ទៀត ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ឆ្លាស់វេន​គ្នា​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​ អំឡុងពេល​សិក្សា នីហ្វៃ​ទី ២ ៦–១០ រៀងៗ​ខ្លួន ឬ​ជាមួយ​គ្រួសារ​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃ​ទី ២ ៩:៧–១៣, ២០–២៣

ព្រះយេស៊ូវគ្រីស្ទ​សង្គ្រោះ​ខ្ញុំ​ពី​អំពើ​បាប និង​សេចក្តីស្លាប់ ។

តើ​អ្នក​អាច​ប្រើ នីហ្វៃទី ២ ៩:៧–១៣ និង ២០–២៣ ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​សង្គ្រោះ​មនុស្ស​គ្រប់​គ្នា​ពី​សេចក្តីស្លាប់ ហើយ​ធ្វើ​ឲ្យ​យើង​អាចប្រែចិត្ត​ពីអំពើ​បាប​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​នូវ​រឿង​មួយ​អំពី​បុគ្គល​ម្នាក់​ដែល​ធ្លាក់​ចូលទៅក្នុង​រណ្តៅ​មួយ​យ៉ាង​ជ្រៅ ដែល​គាត់​ពុំ​អាច​ឡើងចេញពី​រណ្តៅ​នោះ​វិញ​បាន ។ មាន​បុរស​ម្នាក់​បាន​ដើរ​កាត់​នោះ ហើយ​បាន​លើក​បុគ្គល​នេះ​ឡើង​ចេញពីរណ្តៅ​នោះ ។ អ្នក​អាច​គូររូប​ភាព​អំពី​រឿង​នេះ​នៅលើ​ក្តារខៀន ឬ​សម្តែង​រឿង​នេះ​ជាមួយ​កុមារ ។ សូម​ពន្យល់​ថា រណ្តៅ​នេះ​គឺ​ដូចជា​សេចក្តីស្លាប់​ដូច្នោះ ហើយ​បុរស​ដែល​បាន​ជួយ​បុគ្គលនោះ​គឺជាដូចជា​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​សង្គ្រោះ​មនុស្ស​ទាំងអស់​ពី​សេចក្តីស្លាប់​ដែរ តាមរយៈ​ការផ្តល់​ដល់​ពួកយើង​នូវ​អំណោយទាន​នៃ​ការរស់ឡើង​វិញ ។ សូម​ប្រាប់​កុមារ​ថា បុគ្គល​ដដែល​នោះ​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​មួយ​ផ្សេង​ទៀត ។ ម្តង​នេះ​អ្នក​ជួយ​សង្គ្រោះ​បាន​ឲ្យ​ជណ្តើរ​ទៅ​បុគ្គល​នោះ ដើម្បី​ប្រើ​ឡើង​ចេញ​ពី​រណ្តៅ​មក ។ សូម​ពន្យល់​ថា រណ្តៅ​នេះ​គឺ​ដូចជា​អំពើ​បាប ហើយ​ជណ្តើរ​នោះ​គឺ​ជា​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត និង​ទទួល​បាន​ការ​អភ័យទោស​ពី​អំពើ​បាប​របស់​យើង ។ សូម​អាន នីហ្វៃ​ទី ២ ៩:២២–២៣ ហើយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​គ្នា ដូចជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។ សូម​អញ្ជើញ​កុមារឲ្យ​គូរ​រូបភាព​អំពី​អ្វីៗ​ដែល​ជួយ​ពួកគេ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​ពួកគេ ។

នីហ្វៃ​ទី ២​ ៩:៤៩

« ចិត្ត​ខ្ញុំ​ត្រេកអរ​នឹង​អំពើ​សុចរិត » ។

តើ​អ្នក​អាច​ជួយ​លើក​ទឹកចិត្ត​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ « [ ត្រេកអរ ] នឹង​អំពើ​សុចរិត » ឬ​ធ្វើតាម​ព្រះអម្ចាស់​ដោយ​រីករាយ​យ៉ាង​ដូចម្តេច ? (នីហ្វៃទី ២ ៩:៤៩) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន នីហ្វៃ​ទី ២ ៩:៤៩ ឲ្យ​កុមារ​ស្ដាប់ ហើយ​ជួយ​ពួកគេ​ឲ្យរកឃើញ និង​យល់​អ្វី​ដែល​យ៉ាកុប​និយាយ​ថា គាត់​ស្រឡាញ់ ហើយ​គាត់​ស្អប់ ។ សូម​ចែកចាយ​ស្ថានភាព​នានា​ដែល​កុមារ​ម្នាក់​ជ្រើសរើស​ជម្រើស​ល្អ ឬ​អាក្រក់ ហើយ​អញ្ជើញ​កុមារ​ក្នុង​ថ្នាក់​ឲ្យ​ក្រោក​ឈរ​នៅពេល​ជម្រើស​នោះ​នាំ​ឲ្យ​មាន​សុភមង្គល ហើយ​ឲ្យ​កុមារ​អង្គុយ​ចុះ នៅពេល​ជម្រើស​នោះ​នាំ​ឲ្យ​កើត​ទុក្ខ ។ ហេតុអ្វី​ការជ្រើសរើស​ត្រឹមត្រូវ​នាំ​ឲ្យ​យើង​មាន​ក្តីអំណរ ? តើ​អ្នក​មាន​អារម្មណ៍​រីករាយ​ដោយសារ​អ្នក​បាន​ធ្វើ​ការជ្រើសរើស​ត្រូវ​នៅពេល​ណា ?

  • សូម​ច្រៀង​បទចម្រៀង​អំពី​អំណរ​ដែល​កើត​មក​ពី​ការគោរព​ប្រតិបត្តិ ដូចជា​បទ « ពេលយើង​ជួយ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៨ ) ហើយ​សូម​ឲ្យ​កុមារ​ស្តាប់​រក​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​យើង​រីករាយ ។ សូម​ឲ្យ​កុមារ​ឆ្លាស់​វេន​គ្នា​សម្ដែង​ធ្វើ​ជា​ឪពុក​ម្តាយ​សុំ​ឲ្យ​កុមារ​ផ្សេង​ទៀត​ធ្វើ​អ្វី​មួយ ។ សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​អនុវត្ត​ការគោរព​តាម​ដោយ​ក្ដីរីករាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃ​ទី ២ ៦; ៧:១–២

ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់​ជានិច្ច ។

ការយល់​ដឹង​ថា ព្រះអម្ចាស់​រក្សា​ការសន្យា​របស់​ទ្រង់ អាច​ជួយ​កុមារ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ទ្រង់ និង​បង្កើន​ទំនុក​ចិត្ត​របស់​ពួកគេ​ក្នុងការ​គោរព​បទបញ្ញត្តិ​របស់ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​និយាយ​អំពី​ការសន្យា​មួយ​ចំនួន​ដែល​ពួកគេ​បាន​ធ្វើ ដូចជា​ការសន្យា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​មិត្តភក្តិ ឬ​សេចក្តីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​នៅ​បុណ្យ​ជ្រមុជ​ទឹក ។ ហេតុអ្វី​ជួនកាល វា​ពិបាក​ដើម្បី​រក្សា​ការសន្យា​របស់​យើង ? ហេតុអ្វី​វាសំខាន់​ដើម្បី​រក្សា​ការសន្យា​របស់យើង ? សូម​អាន​ឃ្លា​ដូចតទៅ​នេះ ៖ « ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​បំពេញ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​កូន​ចៅ​ព្រះ​អង្គ » ( នីហ្វៃ​ទី ២ ៦:១២ ) ។ សូម​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ព្រះ​បាន​រក្សា​ការសន្យា​របស់​ទ្រង់ ទោះបីជា​ពរជ័យនោះពុំ​បាន​កើត​ឡើង​ភ្លាម​ក្តី ។

  • សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះយេស៊ូវ​នៅ​ជាប់​នឹង​រូបថត​របស់​កុមារ​ម្នាក់ ។ សូម​អាន នីហ្វៃ​ទី ២ ៧:១ ហើយ​ពន្យល់​ថា នៅពេល​រាស្ត្រ​របស់​ព្រះ​ឈប់​គោរព​តាម​ដំណឹងល្អ​របស់​ទ្រង់ នោះ​វា​ហាក់ដូចជា​ពួកគេ​បាន « លះលែង » ពី​ទ្រង់​ដូច្នោះ ។ សូម​រំកិល​រូបថត​របស់​កុមារ​ចេញ​ឆ្ងាយ​ពី​រូបភាព​របស់​ព្រះយេស៊ូវ ដើម្បី​បង្ហាញ​ថា នៅពេល​យើង​ពុំ​រក្សា​សេចក្តីសញ្ញា​របស់​យើង ដូចជា​សេចក្តីសញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក នោះ​យើង​ញែក​ខ្លួន​របស់​យើង​ចេញ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ ។ ( ដើម្បី​រំឭក​សេចក្តីសញ្ញា​នៃ​បុណ្យជ្រមុជទឹក​ សូមមើល គ. និង& ស. ២០:៣៧ ) ។ តើ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ធ្វើ​ឲ្យ​យើង​រំកិល​ខិត​ទៅ​ជិត​ទ្រង់​វិញ​យ៉ាង​ដូចម្តេច ? នៅពេល​អ្នក​ពិភាក្សា​អំពី​រឿង​នេះ សូម​អញ្ជើញ​កុមារ​ឲ្យ​រំកិល​រូបភាព​ទាំង​ពីរ​ឲ្យ​មក​ជិត​គ្នា​វិញ ។

នីហ្វៃ​ទី ២ ៩:១០–២៣

ព្រះយេស៊ូវគ្រីស្ទ​សង្គ្រោះ​ខ្ញុំ​ពី​អំពើ​បាប និង​សេចក្តីស្លាប់ ។

តើ​អ្នក​អាច​ប្រើ ​នីហ្វៃ​ទី ២ ៩:១០–២៣ ដើម្បី​ជួយ​កុមារ​ឲ្យ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ជួយ​អ្នក​គូរ​ផ្លូវ​មួយ​នៅលើ​ក្តារ​ខៀន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បន្ថែម​ឧបសគ្គ ឬ​រនាំង​បាំង​ផ្លូវ​មួយ​ចំនួន​ដាក់​នៅលើ​ផ្លូវ​នោះ ។ សូម​អាន នីហ្វៃ​ទី ២ ៩:១០ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ដាក់​ឈ្មោះ​លើ​ឧបសគ្គ​ដែល​មាន​លើ​ផ្លូវ​ជាមួយ​ពាក្យ​មក​ពី​ខគម្ពីរ​នេះ ដែល​ពិពណ៌នា​អំពីឧបសគ្គ​ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះវិញ ។ បន្ទាប់​មក សូម​និយាយ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នេះ​សម្រាប់​ពួកយើង ( សូមមើល នីហ្វៃ​ទី ២ ៩:២១–២៣ ) ហើយ​នៅពេល​អ្នក​ធ្វើ​ដូច្នេះ សូម​អញ្ជើញ​កុមារ​ឲ្យ​លុប​ឧបសគ្គ​ទាំង​នោះ​ចេញ ។

  • សូម​បង្ហាញ​រូបភាព​របស់​អ័ដាម និង​អេវ៉ា ដូចជា​រូបភាព ការចាកចេញ​ពី​សួន​ច្បារ​អេដែនChurchofJesusChrist.org ) ។ សូម​ពន្យល់​ថា នៅពេល​អ័ដាម និង​អេវ៉ា​បាន​បរិភោគ​ផ្លែឈើ ដែល​ព្រះ​បាន​បង្គាប់​ពួកគេ​កុំ​ឲ្យ​បរិភោគ​នៅក្នុង​សួន​ច្បារ​អេដែន នោះ​ពួកគេ​បាននាំ​មក​កាន់​ពិភពលោក​នូវ​អំពើ​បាប និង​សេចក្តីស្លាប់ ។ សូម​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បានយក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្តីស្លាប់ សូម​ប្រាប់​រឿង​អំពី​បុគ្គល​ម្នាក់​ដែល​ធ្លាក់​ទៅក្នុង​រណ្តៅ ដែល​មាន​នៅក្នុង​យោបល់​សម្រាប់​ការបង្រៀន​ដំបូង​ខាង​ក្រោម​ពាក្យ « កុមារ​តូចៗ » នៅក្នុង​គម្រោង​មេរៀន​នេះ ។ បន្ទាប់​មក សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ភាព​អំពី​រឿង​នោះ ឬ​សម្តែង​រឿង​នោះ ។ សូម​អាន នីហ្វៃទី ២ ៩:២១–២៣ ហើយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។

  • សូម​ជួយ​កុមារ​ម្នាក់ៗ​ឲ្យ​រក​ចម្រៀង​មួយ​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ទោះ​នៅក្នុង សៀវភៅ​ទំនុកតម្កើងសៀវភៅ​ចម្រៀង​កុមារ ក្តី ( លិបិក្រម​ក្នុង​សៀវភៅ​ទាំង​នោះ​អាច​ផ្តល់​ជា​អត្ថប្រយោជន៍ ) ។ សូម​ឲ្យ​កុមារ​រកមើល​ និង​ចែកចាយ​ឃ្លា​នានា​មក​ពី​ចម្រៀង​នោះ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​ពួកយើង ។ សូម​ឲ្យ​កុមារ​ចែកចាយ​គំនិត​ និង​អារម្មណ៍​របស់​ពួកគេ​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ឬ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ។

នីហ្វៃ​ទី ២ ៩:២០, ២៨–២៩, ៤២–៤៣

ខ្ញុំ​នឹង​ទទួល​បាន​ពរ នៅពេល​ខ្ញុំ​ធ្វើ​តាម​ព្រះឱវាទ​របស់​ព្រះ ។

សូម​ជួយ​កុមារ​ឲ្យ​ស្ថាបនា​គ្រឹះ​ដ៏​រឹងមាំ​នៃ​ការទុកចិត្ត​លើ​ព្រះ ប្រយោជន៍​ឲ្យ​ចំណេះដឹង និង​សមត្ថភាព​របស់​ពួកគេ​កើន​ឡើង នោះ​ពួកគេ​នឹង​បន្ត​ពឹង​ផ្អែក​លើ​ទ្រង់ និង​ធ្វើតាម​ព្រះឱវាទ​របស់​ទ្រង់​ទៀត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារឲ្យ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​ពួកគេ​ដឹង​ច្រើន​បំផុត ដូចជា​សៀវភៅ ឬ​ការកម្សាន្ត​ដែល​ពួកគេ​ចូលចិត្ត ។ សូម​ឲ្យ​កុមារ​ម្នាក់​អាន នីហ្វៃ​ទី ២ ៩:២០ ហើយ​ថ្លែង​ទីបន្ទាល់​ថា ព្រះ « [ ជ្រាប ] គ្រប់​អស់​ទាំង​ការណ៍ » ។ ហេតុអ្វី​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ដឹង​ថា ព្រះ​ជ្រាប​ការណ៍​គ្រប់​យ៉ាង ?

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា ពួកគេ​បាន​ឮ​ថា មិត្ត​ម្នាក់​និយាយ​ថា បទបញ្ញត្តិ ឬ​ការបង្រៀន​របស់​សាសនាចក្រ​គឺជា​រឿង​ឆ្កួត​លីលា ។ តើ​ពួកគេ​នឹង​និយាយដូចម្តេច​ទៅកាន់​មិត្ត​របស់​ពួកគេ ? ហេតុអ្វី​វា​សំខាន់​ដើម្បី​ទុក​ចិត្ត​លើ​ព្រះឱវាទ​របស់​ព្រះ ទោះបីយើង​ពុំ​យល់​ពី​វា​ទាំងស្រុង​ក្តី ? សូមលើក​ទឹកចិត្ត​កុមារ​ឲ្យ​មើល​នៅក្នុង នីហ្វៃ​ទី ២ ៩:២០, ២៨–២៩ និង ៤២–៤៣ សម្រាប់ជា​ជំនួយ​ជាមួយ​នឹង​ការពិចារណា និង​ការពិភាក្សា​អំពី​សំណួរ​ទាំងនេះ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​វិធី​នានា​ដែលពួកគេ​អាច​បង្រៀន​គ្រួសារ​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ ឧទាហរណ៍ ពួកគេ​អាច​ប្រើ​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ដើម្បី​ពន្យល់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្តីស្លាប់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​ទំព័រ​សកម្មភាព ។ នៅពេល​កុមារ​ធ្វើការ​ជាមួយ​ទំព័រ​សកម្មភាព សូម​ប្រើ​ពេល​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​អំពី​របៀប​ដែល សកម្មភាព​នេះទាក់ទង​នឹង​គោលការណ៍​នានា​មក​ពី​មេរៀន និង​របៀប​ដែល​គោលការណ៍​ទាំងនោះ​អនុវត្ត​បាននៅ​ក្នុង​ជីវិត​របស់​ពួកគេ ។