ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៣–៩ ខែ កុម្ភៈ នីហ្វៃទី ២ ១–៥ ៖ « ពួក​យើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល »


« ថ្ងៃ​ទី ៣–៩ ខែ កុម្ភៈ នីហ្វៃទី ២ ១–៥ ៖ ‹ ពួក​យើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៣–៩ ខែ កុម្ភៈ នីហ្វៃទី ២ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

អ័ដាម និង​អេវ៉ា​ចាកចេញពី​សួនច្បារ​អេដែន

អ័ដាម និង​អេវ៉ា ដោយ ដាកឡាស ហ្វ្រាយើរ

ថ្ងៃទី ៣–៩ ខែ កុម្ភៈ

នីហ្វៃ​ទី ​២ ១–៥

« ពួក​យើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល »

លីហៃ​បាន​បង្រៀន​កូន​ចៅ​គ្រប់​រូប​របស់​លោក​ទៅតាម​តម្រូវការ​ និង​កាលៈទេសៈ​របស់​ពួកគេ​ម្នាក់ៗ ។ សូម​ធ្វើ​តាម​គំរូ​របស់​លោក នៅពេល​អ្នក​រៀបចំ​បង្រៀន​ដល់​កុមារ​ក្នុង​ថ្នាក់​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

បន្ទាប់​ពី​ពន្យល់​ថា លីហៃ​បាន​បង្រៀន​គ្រួសារ​របស់​លោក​អំពី​សេរីភាព ដើម្បី​ធ្វើការជ្រើសរើស​ផ្ទាល់​ខ្លួន​ហើយ​នោះ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍ ដែលពួកគេ​មាន​ក្នុងការ​ជ្រើសរើស​ត្រូវ ។ តើ​ពួកគេ​មាន​អារម្មណ៍​ដូចម្ដេច បន្ទាប់​ពី​ពួកគេ​បាន​ធ្វើការជ្រើសរើស​បែប​នោះ ? តើ​ពួកគេ​អាចចង​ចាំ​ដើម្បី​ជ្រើសរើស​ត្រូវ​នាពេល​ខាងមុខ​ដោយ​របៀប​ណា ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃ​ទី​ ២ ១:២០

ខ្ញុំ​មាន​ពរ ពេល​ខ្ញុំ​គោរព​តាម ។

គោលការណ៍​នេះ​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ​—​ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ—​ត្រូវបាន​បង្ហាញ​ជា​ញឹកញាប់​ពេញ​ព្រះគម្ពីរ​មរមន​ទាំងមូល ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រៀន​ស្គាល់​វា​នៅក្នុង​ជីវិត​ផ្ទាល់​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ជួយ​អ្នក​ផ្តល់និយមន័យ​ពាក្យ បទបញ្ញត្តិ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​បទបញ្ញត្តិ ។ សូម​អាន នីហ្វៃ​ទី ២ ១:២០ ហើយ​គូស​បញ្ជាក់​ថា យើង​នឹង « រីកចម្រើន » ឬ​បាន​ពរ នៅពេល​យើង​គោរព​បទបញ្ញត្តិ ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​គោរព​តាម​បទបញ្ញត្តិ​ទាំង​នេះ ?

  • សូម​បង្ហាញ​កុមារ​នូវ​របស់​ដែល​ផ្តល់​ការការពារ ដូចជា​ស្បែកជើង មួក និង​ស្រោមដៃ ។ សូម​ឲ្យ​ពួកគេ​សាក-ល​វត្ថុ​ទាំង​នោះ ។ តើ​វត្ថុ​ទាំង​នេះ​ការពារ​ពួកគេ​យ៉ាងដូចម្តេច ? សូម​ប្រាប់​ពួកគេ​ថា បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌​អាច​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ សូម​ចែកចាយ​បទពិសោធន៍​មួយ នៅ​ពេល​អ្នក​ត្រូវបាន​ការពារ តាមរយៈ​ការគោរព​តាម​បទបញ្ញត្តិ ។

នីហ្វៃ​ទី ២ ២:១១, ១៦, ២៧

ព្រះ​បាន​ប្រទាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ដល់​ខ្ញុំ ។

ដោយសារ​ជម្រើស​របស់​ពួកគេ នោះ​អ័ដាម និង​អេវ៉ា​ត្រូវ​ចាក​ចេញ​ពី​សួន​ច្បារ​អេដែន ។ តើ​អ្នក​អាច​បង្រៀន​កុមារ​ថា ជម្រើស​របស់​អ័ដាម និងអេវ៉ា ធ្វើ​ឲ្យ​យើង​អាច​ប្រើប្រាស់សិទ្ធិ​របស់យើង ដើម្បី​ជ្រើសរើស​ព្រះវរបិតាសួគ៌​យើង​ដូច​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូររូបភាព​នៃ​មនុស្ស​ដែល​មាន​សេរីភាព​ម្នាក់ និង​រូបភាព​នៃ​មនុស្ស​ដែល​ជាប់ឃុំឃាំង ( ប្រហែល​ជា​មនុស្ស​នៅក្នុង​គុក ) ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចង្អុល​ទៅ​រូបភាព​ត្រឹមត្រូវ នៅពេល​អ្នក​អាន​ពាក្យ ឥស្សរភាព និង​ពាក្យ ការ​ជាប់​ឃុំឃាំង នៅក្នុង នីហ្វៃ​ទី ២ ២:២៧ ។ សូម​គូស​បញ្ជាក់​ឃ្លា « សិទ្ធិ​នឹង​រើស » ហើយ​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​និយាយ​វា​ម្តង​ទៀត ។​

  • សូម​រំឭក​ជាមួយ​កុមារ​នូវ​រឿង​របស់​អ័ដាម និង​អេវ៉ា ( សូមមើល នីហ្វៃ​ទី ២ ២:១៧–១៩, សូមមើល​ផងដែរ « ជំពូក​ទី ៣ ៖ អ័ដាម និង នាងអេវ៉ា » ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទំព័រ ១៥–១៨ ឬ​វីដេអូ​ដែល​ដូចគ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) និង​ជម្រើស​ដែល​ពួកគេ​បាន​ជ្រើស​យក​នៅក្នុង​សួន​ច្បារ​អេដែន ។ សូម​ជួយ​កុមារ​ឲ្យ​សរសេរ​ជម្រើស​មួយ​ចំនួន ដែល​ពួកគេ​ធ្វើ​រៀងរាល់​ថ្ងៃ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​វរ​បិតា​សួគ៌​យើង​បាន​ប្រទាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​រវាង​ល្អ និង​អាក្រក់​ដល់​យើង ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​លោត​ឡើង​លើ និង​លោត​ចុះ​ក្រោម ឬ​ទះ​ដៃ​របស់​ពួកគេ ដើម្បី​សាទរ​ដល់​ការមាន​សិទ្ធិ​ជ្រើសរើស ។

  • សូម​លេង​ល្បែងកម្សាន្ត​មួយ គឺ​អ្នក​និយាយ​ពាក្យ​មួយ ( ដូចជា ពាក្យ ពន្លឺ ) ហើយ​កុមារ​និយាយ​ពាក្យ​ផ្ទុយ​នឹង​ពាក្យ​នោះ ( ងងឹត ) ។ សូម​ធ្វើសកម្មភាព​នេះ​ដដែលៗឲ្យ​បានបី​បួន​ដង ។ ដើម្បី​ជួយ​កុមារ​ឲ្យយល់​អំពី​របៀប​មាន​ការផ្ទុយ​គ្នា ជួយ​យើង​ឲ្យ​ធ្វើការជ្រើសរើស នោះ​សូម​អាន​បទគម្ពីរ​ពាក់​កណ្តាល​ដំបូង​នៃ នីហ្វៃទី ២ ២:១១ និង នីហ្វៃ​ទី ២ ២:១៦ ។ សូម​ប្រាប់​រឿង​ឲ្យ​កុមារ​ស្ដាប់​អំពី​កុមារ​ម្នាក់​ដែល​ត្រូវបានល្បួង​ឲ្យ​ធ្វើ​ការជ្រើសរើស​ខុស ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្វី​ដែល​ផ្ទុយ​ពី​ជម្រើស​នោះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​វា ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង នៅពេល​យើង​ជ្រើសរើស​ផ្លូវ​ត្រូវ ។

  • សូម​ច្រៀង​ចម្រៀង​មួយបទ​ជាមួយ​គ្នា​អំពី​ការធ្វើការជ្រើសរើស ដូចជាបទ « ខ្ញុំព្យាយាម​ក្លាយ​ដូចព្រះយេស៊ូវ » ឬ « ជ្រើសរើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១, ៨២–៨៣ ) ហើយ​សូម​សួរ​កុមារ​នូវ​អ្វី​ដែល​ពួកគេ​រៀន​ពី​ចម្រៀង​នេះ​អំពី​ការធ្វើ​ការជ្រើសរើស ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃ​ទី​ ២ ១:២០

ខ្ញុំ​មាន​ពរ ពេល​ខ្ញុំ​គោរព​តាម ។

នៅពេល​កុមារ​មាន​សេចក្តីជំនឿ​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​ពួកគេ​ដោយសារ​ការគោរព​បទបញ្ញត្តិ​—​ទោះបី​ពរជ័យ​ទាំង​នោះ​ពុំ​កើត​ឡើង​ភ្លាមៗ​ក្តី—វា​មាន​ភាព​កាន់តែ​ងាយស្រួល​ឲ្យ​ពួកគេ​ធ្វើការ​ជ្រើសរើស​ត្រឹមត្រូវ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​រំឭក​អំពី​ជម្រើស​មួយ​ចំនួន​ដែល​នីហ្វៃ និង​ពួក​បង​ប្រុស​របស់​លោក​បាន​ជ្រើសរើស ។ ឧទាហរណ៍​មួយ​ចំនួន សូមមើល នីហ្វៃ​ទី ១ ២:១១–១៦; ៣:៥–៧ និង ១៨:៩–១១ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​អាន នីហ្វៃ​ទី ២ ១:២០ ជាមួយ​គ្នា ហើយ​ចែកចាយពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា ហេតុអ្វី​លីហៃ​នឹង​ផ្តល់​សារលិខិត​នេះ​ដល់​កូនចៅ​របស់លោក ។

  • សូម​សរសេរ​ឃ្លា​នានាមក​ពី នីហ្វៃ​ទី ២ ១:២០ នៅលើ​ចម្រៀក​ក្រដាស ហើយ​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ឃ្លា​ទាំង​នោះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​តម្រៀប​ចម្រៀក​ក្រដាស​នោះ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ ដោយ​ប្រើ​ខគម្ពីរ​នេះ ។ ដើម្បី​បង្ហាញ​ភាពខុសគ្នា​រវាងភាពចម្រើន​ឡើង និង​ការកាត់​ចេញ សូម​បង្ហាញ​កុមារ​នូវ​រុក្ខជាតិ​ល្អ​មួយ និង​ស្លឹក ឬ​មែក​មួយ​ដែល​ត្រូវបាន​កាត់​ចេញ​ពី​រុក្ខជាតិ​នោះ ។​ តើ​ស្លឹក​ដែល​នៅ​ជាប់​នឹង​រុក្ខជាតិ និង​ស្លឹក​ដែល​ត្រូវបានកាត់ចេញ​ពី​រុក្ខជាតិ​មាន​ភាព​ខុស​គ្នា​ដូចម្តេច​ខ្លះ ?​ តើ​យើង​ដូចជា​ស្លឹក​ដែល​នៅ​ជាប់​នឹង​រុក្ខជាតិ នៅពេល​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​យ៉ាង​ដូចម្តេច ? សូម​អញ្ជើញ​កុមារ​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​នូវ​របៀប​នានា​ដែល​ព្រះ​ប្រទានពរ​ដល់​ពួកគេ នៅពេលពួកគេ​ជ្រើសរើស​ត្រូវ ។

នីហ្វៃ​ទី ២ ២:២២–២៨

ព្រះ​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​ខ្ញុំ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​សង្គ្រោះ​យើង​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​សេចក្តីស្លាប់​ខាង​វិញ្ញាណ ( ការបែក​ចេញ​ពី​ព្រះ ដោយសារ​តែ​អំពើ​បាប ) តាមរយៈ​ដង្វាយធួន និង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់ ។ ដើម្បី​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ នោះ​យើង​ត្រូវ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បីបន្ត​ប្រែចិត្ត និង​ព្យាយាម​រស់នៅ​ដោយ​សុចរិត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​លើក​រូបភាព​របស់​អ័ដាម និង​អេវ៉ា ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៤ ) ហើយ​សូម​អញ្ជើញកុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹងអំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ័ដាម និង​អេវ៉ា​នៅក្នុង​សួនច្បារ​អេដែន ។ សូម​ជួយ​កុមារ​ឲ្យ​រកចម្លើយ​នៅក្នុង នីហ្វៃ​ទី ២ ២:២២–២៧ ។ សូម​ពន្យល់​ថា ដោយសារ​ជម្រើស​របស់​អ័ដាម និងអេវ៉ា នោះ​យើង​មានពរ​ដើម្បីកើត​មក​លើ​ផែនដី​នេះ ហើយ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បី​ធ្វើ​ការជ្រើសរើស​ល្អ ហើយ​ប្រែចិត្ត​តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ នៅពេល​យើង​ធ្វើ​ការជ្រើសរើស​ខុស ។

  • សូម​សរសេរ​ពាក្យ​នានា​ក្នុង នីហ្វៃទី ២ ២:២៧ នៅ​លើ​ក្ដារខៀន ។ សូម​ជួយកុមារ​ឲ្យ​ទន្ទេញ​ខគម្ពីរ​នេះ​ ដោយ​និយាយ​វា​ឡើង​វិញ ហើយ​ឆ្លាស់វេន​គ្នា​លុប​ពាក្យ​ពីរ​បី គ្រប់ពេល​ដែល​ពួកគេ​និយាយ​វា​ឡើង​វិញ ។ សូម​ជួយ​កុមារ​ឲ្យ​ស្រមៃ​ថា តើ​ជីវិត​ដែល​គ្មាន​ជម្រើស​មាន​សភាព​ដូចម្តេច ។ ហេតុអ្វី​ពួកគេ​មាន​អំណរគុណ​ចំពោះ​សិទ្ធិ​ជ្រើសរើស ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍ នៅពេល​ពួកគេ​បាន​ធ្វើការជ្រើសរើស​ល្អ ។ តើ​ពួកគេ​មាន​អារម្មណ៍​ដូចម្ដេច បន្ទាប់​ពី​ពួកគេ​បាន​ធ្វើការជ្រើសរើស​បែប​នោះ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ខ្លួន​យើង​ឲ្យ​ជ្រើសរើស​ត្រូវ នៅ​ពេល​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​នោះ ? សូម​គិតពីការ​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការធ្វើ​ការជ្រើសរើស ដូចជា​បទ « ជ្រើស​ផ្លូវ​ត្រូវ » ( ទំនុកតម្កើង លេខ ១៤៨ ) ហើយ​អញ្ជើញ​កុមារ​ឲ្យចែកចាយ​អ្វី​ដែលពួកគេ​រៀន​មក​ពី​ចម្រៀង​នេះ ។

នីហ្វៃទី ២ ៣:៦–២៤

យ៉ូសែប ស៊្មីធ គឺជា « អ្នក​មើល​ឆុត​ដ៏​ជម្រើស » ម្នាក់ ។

នៅក្នុង នីហ្វៃ​ទី ២ ៣ លីហៃ​ថ្លែង​ពី​ការព្យាករ​មួយ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ អ្នក​អាច​ប្រើ​វា​ជា​ឱកាស​មួយ​បង្រៀន​កុមារ​អំពី​បេសកកម្ម​របស់​លោក​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវជ្រាវ នីហ្វៃ​ទី ២ ៣:៦–២៤ រក​តម្រុយ​អំពី​ព្យាការី​ណា​មួយដែល​ខគម្ពីរ​នេះ​បាន​ពិពណ៌នា ។ សូម​សរសេរតម្រុយ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ។ ហេតុអ្វី​យ៉ូសែប ស៊្មីធ ត្រូវបាន​ហៅ​ថា « អ្នក​មើល​ឆុត​ដ៏​ជម្រើស » ម្នាក់ ? តើ​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​អ្វីខ្លះ​ដែល​ « ជា​ប្រយោជន៍​ដ៏​ធំ​ដល់ [ បងប្អូន​របស់​លោក ] ? »  ( ខ​ទី ៧ ) ។

  • សូម​ច្រៀង​ទំនុកតម្កើង​អំពី យ៉ូសែប ស៊្មីធ ដូចជា​បទ « សរសើរ​ដល់​លោក » ( ទំនុកតម្កើង លេខ ១៦ ) ឬ​មើល​វីដេអូ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ខុសៗ​គ្នា​នៃ​បេសកកម្មរបស់​លោក ដូចជា​វីដេអូ​ដែល​មាន​នៅក្នុង history.ChurchofJesusChrist.org/article/joseph-smith-video-downloads ។ សូម​សួរ​កុមារ​អំពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ព្យាការី​ យ៉ូសែប ស៊្មីធ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​កត់ចំណាំ​ពី​ឱកាស​នានា ដែល​ពួកគេ​មាន​ដើម្បី​ធ្វើការជ្រើស​រើស​នា​សប្តាហ៍​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចែកចាយ​នៅ​សប្តាហ៍​ក្រោយ នូវ​ជម្រើស​អ្វី​ខ្លះ​ដែល​ពួកគេ​បាន​ជ្រើសរើស និង​លទ្ធផល​ដែល​កើត​មក​ពី​ជម្រើស​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​អាច​ស្គាល់​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ ។ សូម​បង្រៀន​ពួកគេ​ថា អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត សេចក្ដី​ស្រឡាញ់ និង​ភាពកក់ក្ដៅ ដែល​ពួកគេ​មាន​នៅ​ពេល​ដែល​ពួកគេ​និយាយ ឬ​ច្រៀង​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ កើត​មាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អារម្មណ៍​ទាំងនេះ​អាច​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ ។