ចូរ​មក​តាម​ខ្ញុំ
អ្នក​គឺ​ជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ


« អ្នក​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ២០២០ )

« អ្នក​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​បី​កូន​ក្មេង

អ្នក​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ

អ្នក​ត្រូវ​បាន​ហៅ​មក​ពី​ព្រះ​ដើម្បី​បង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ អ្នក​ត្រូវ​បាន​ញែក​ចេញ​ចំពោះ​ការ​ហៅ​នេះ​ដោយ​អ្នក​មាន​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទោះ​បី​ជា​អ្នក​គ្មាន​បទពិសោធន៍​ជា​គ្រូ​បង្រៀន​ក៏​ដោយ នៅ​ពេល​អ្នក​រស់​នៅ​ដោយ​សក្ដិសម អធិស្ឋាន​ប្រចាំ​ថ្ងៃ ហើយ​សិក្សា​ព្រះគម្ពីរ នោះ​ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​ឥទ្ធិពល និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​​ឲ្យ​ជួយ​អ្នកទទួល​បាន​​ជោគជ័យ ( សូម​មើល នី​ហ្វៃ​ទី២ ៣៣:១ ) ។

អស់​កុមារ​ដែល​ត្រូវបាន​ទុកចិត្ត​នឹង​អ្នក​ឲ្យ​មើលថែ គឺជា​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ និង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ពួកគេ ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​នឹង​ដឹកនាំ​អ្នក​ពេល​អ្នក​រៀបចំ​មេរៀន និង​ពេល​ដែល​អ្នក​កំពុង​បង្រៀន ។ ទ្រង់​នឹង​បើក​សម្ដែង​ដល់​អ្នក​នូវ​អ្វី​ដែល​អ្នក​គួរ​និយាយ និង​អ្វី​ដែល​អ្នក​គួរ​ធ្វើ ( សូមមើល នីហ្វៃ​ទី២ ៣២:៥ ) ។

នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ពួកគេ កុមារ​ជាទីស្រឡាញ់​ទាំងនេះ​នឹង​បន្ដ​ស្រូបយក​ព័ត៌មាន បណ្ដុះ និង​សម្រិត​សម្រាំង​ទៅជា​គំនិត ហើយ​ធ្វើការ​ស្វែងរក ព្រមទាំង​ចែកចាយ​គំហើញទាំង​នោះ ។ ការណ៍​នេះ​គឺ​ពិត​ជាពិសេស​ចំពោះ​ដំណឹងល្អ ដោយសារ​កុមារ​ត្រៀម​ខ្លួន​ជាស្រេច និង​ចង់​រៀន​ពី​សេចក្ដីពិត​ដ៏​សាមញ្ញ​នៃ​ដំណឹង​ល្អ ។ សេចក្ដីជំនឿ​របស់​ពួកគេ​ក្នុង​រឿង​ខាង​វិញ្ញាណ​មាន​ភាពរឹងមាំ និង​បរិសុទ្ធ ហើយ​ពួកគេ​មើល​ទៅ​គ្រប់​នាទី​ទាំងអស់​ជា​ឱកាស​រៀនសូត្រ​មួយ ។ ពួកគេ​ស្ម័គ្រចិត្ត​ធ្វើតាម​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ទោះបីជា​ការយល់ដឹង​របស់​ពួកគេ​ពុំ​ទាន់​បាន​ពេញលេញ​ក្ដី ។ នេះ​គឺជា​របៀប​ដែល​ពួកយើង​ទាំងអស់​គ្នា​គួរតែ​ទទួល​បាន​ដំណឹងល្អ ។ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « អ្នក​ណា​ដែល​មិន​ទទួល​នគរព្រះ ដូចជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅក្នុង​នគរ​នោះ​ឡើយ » ( លូកា ១៨:១៧ ) ។

ការ​ហៅ​ឲ្យ​បង្រៀនកុមារ​​គឺជា​ទំនុកចិត្ត​​ដ៏​ពិសិដ្ឋ​មួយ ហើយ​ពេល​ខ្លះ​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​មាន​នូវ​ការ​ថប់​បារម្ភ​នោះ ។ ប៉ុន្ដែ​សូម​ចងចាំ​ថា ព្រះវរបិតាសួគ៌​របស់​អ្នក​បាន​ហៅ​អ្នក ហើយ​ទ្រង់​នឹង​មិន​ដែល​បោះបង់​អ្នក​ចោល​ឡើយ ។ នេះ​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​កាល​អ្នក​បម្រើ « ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង » ( គ. និង ស. ៤:២ ) នោះ​ទ្រង់​នឹង​ពង្រីក​សមត្ថភាព អំណោយទាន និង​ទេពកោសល្យ​របស់​អ្នក ហើយ​ការបម្រើ​របស់​អ្នក​នឹង​ផ្តល់​ពរ​ដល់​ជីវិត​របស់​កុមារ​ដែល​អ្នក​បង្រៀន ។