« ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ២០២០ )
« ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ការបំពេញតាមតម្រូវការរបស់កុមារតូចៗ
កុមារត្រៀមខ្លួនរួចជាស្រេច និងអន្ទះសាចង់រៀនពីដំណឹងល្អ ប្រសិនបើវាត្រូវបានបង្រៀនតាមរបៀបមួយដែលពួកគេអាចយល់បាន ។ ជាពិសេស នៅពេលដែលអ្នកបង្រៀនកុមារតូចៗ សូមគិតពីការធ្វើតាមសកម្មភាពតាមបែបដែលជួយពួកគេឲ្យរៀន ។
-
ច្រៀង ។ ទំនុកតម្កើង និងចម្រៀងមកពី សៀវភៅចម្រៀងកុមារ បង្រៀនអំពីគោលលទ្ធិដ៏មានអានុភាព ។ សូមប្រើ មាតិកាប្រធានបទ នៅខាងក្រោយ សៀវភៅចម្រៀងកុមារ ដើម្បីរកមើលចម្រៀងដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អដែលអ្នកកំពុងបង្រៀន ។ សូមជួយកុមារឲ្យផ្សារភ្ជាប់សារលិខិតនៃចម្រៀងនោះទៅនឹងជីវិតរបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចសួរសំណួរអំពីពាក្យ ឬឃ្លានៅក្នុងទំនុកបទ ។ បន្ថែមពីការច្រៀងចម្រៀង នោះកុមារអាចធ្វើកាយវិការដែលស្របតាមចម្រៀង ឬគ្រាន់តែចាក់ចម្រៀងចោល កាលពួកគេធ្វើសកម្មភាពផ្សេងទៀត ។
-
ស្ដាប់ ឬសម្ដែងរឿង ។ កុមារតូចៗចូលចិត្តរឿងនិទាន—ចេញមកពីព្រះគម្ពីរ ចេញមកពីជីវិតរបស់អ្នក ចេញមកពីប្រវត្តិសាស្ត្រសាសនាចក្រ ឬមកពីទស្សនាវដ្តីសាសនាចក្រ ។ សូមស្វែងរកមើលនូវវិធីនានាដើម្បីឲ្យពួកគេចូលរួមនៅក្នុងការនិយាយប្រាប់រឿងនិទានទាំងឡាយ ។ ពួកគេអាចកាន់រូបភាព ឬវត្ថុនានា គូររូបភាពតាមអ្វីដែលពួកគេស្ដាប់ឮ សម្ដែងរឿង ឬជួយតំណាលរឿង ។ សូមជួយកុមារឲ្យស្គាល់ពីសេចក្ដីពិតនៃដំណឹងល្អចេញពីរឿងដែលអ្នកចែកចាយនោះ ។
-
អានបទគម្ពីរ ។ កុមារតូចៗពុំអាចអានបានច្រើនទេ ប៉ុន្តែអ្នកអាចនៅតែឲ្យពួកគេចូលរួមនៅក្នុងការរៀនសូត្រចេញមកពីបទគម្ពីរបាន ។ អ្នកអាចចាំបាច់ត្រូវផ្ដោតទៅលើខគម្ពីរមួយ ឃ្លាគន្លឹះ ឬពាក្យគន្លឹះ ។ កាលអ្នកអានបទគម្ពីរមួយឮៗ នោះអ្នកអាចឲ្យកុមារក្រោកឈរ ឬលើកដៃឡើង នៅពេលពួកគេឮពាក្យ ឬឃ្លាជាក់លាក់មួយដែលអ្នកចង់ផ្ដោតលើនោះ ។ ពួកគេអាចទន្ទេញចាំឃ្លាខ្លីៗចេញមកពីបទគម្ពីរ ប្រសិនបើពួកគេថាវាបានពីរបីដង ។ នៅពេលពួកគេស្ដាប់ឮព្រះបន្ទូលរបស់ព្រះ នោះពួកគេនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
-
ចូរមានភាពសកម្ម ។ ដោយសារជាញឹកញាប់កុមារតូចៗពោរពេញដោយកម្លាំង សូមរៀបចំវិធីដែលអនុញ្ញាតឲ្យពួកគេធ្វើចលនា—ដើរជាក្បួន លោត ហក់រំលង ពត់ខ្លួន ដើរ និងសកម្មភាពផ្សេងទៀតដែលទាក់ទងទៅនឹងគោលការណ៍ ឬរឿងដែលអ្នកកំពុងបង្រៀននោះ ។ សកម្មភាពទាំងនេះក៏អាចមានប្រសិទ្ធភាពផងដែរ នៅពេលដែលអ្នកច្រៀងរួមគ្នា ។
-
មើលទៅរូបភាព ឬមើលវីដេអូមួយ ។ នៅពេលអ្នកបង្ហាញរូបភាព ឬវីដេអូដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អមួយ ឬរឿងក្នុងព្រះគម្ពីរមួយដល់កុមារ សូមសួរសំណួរដល់ពួកគេដែលជួយពួកគេឲ្យរៀនពីអ្វីដែលពួកគេកំពុងមើលនោះ ។ ឧទាហរណ៍ អ្នកអាចសួរថា « តើមានរឿងអ្វីកើតឡើងនៅក្នុងរូបភាព ឬវីដេអូនេះ ? » ឬ « តើវាធ្វើឲ្យប្អូនមានអារម្មណ៍ដូចម្តេច ? » កម្មវិធី Gospel Library medialibrary.ChurchofJesusChrist.org និង children.ChurchofJesusChrist.org ជាកន្លែងដ៏ល្អដើម្បីរកមើលវីដេអូនានា ។
-
ចែកចាយបទពិសោធន៍ ។ កុមារតូចៗអាចមិនមានបទពិសោធន៍ច្រើនដើម្បីចែកចាយដូចកុមារធំៗ ប៉ុន្ដែប្រសិនបើអ្នកផ្ដល់នូវការដឹកនាំជាក់លាក់ដល់ពួកគេ នោះពួកគេអាចចែកចាយពីអារម្មណ៍ និងបទពិសោធន៍អំពីអ្វីដែលពួកគេកំពុងរៀននោះបាន ។
-
ច្នៃប្រឌិត ។ កុមារតូចៗអាចសង់ គូរ ឬផាត់ពណ៌អ្វីមួយដែលទាក់ទងនឹងរឿង ឬគោលការណ៍ដែលពួកគេកំពុងរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យយកអ្វីដែលពួកគេបានធ្វើទៅផ្ទះ ហើយចែកចាយជាមួយនឹងសមាជិកគ្រួសារដើម្បីជួយឲ្យកុមារចងចាំពីអ្វីដែលពួកគេបានរៀនសូត្រ ។
-
ចូលរួមក្នុងមេរៀនដែលមានវត្ថុបង្ហាញ ។ មេរៀនដែលប្រើវត្ថុតំណាងសាមញ្ញមួយអាចជួយកុមារឲ្យយល់ពីគោលការណ៍ដំណឹងល្អមួយ ដែលវាពិបាកនឹងយល់ ។ កាលប្រើមេរៀនដែលប្រើវត្ថុតំណាងនេះ សូមរកមើលនូវរបៀបដែលអនុញ្ញាតឲ្យកុមារទាំងឡាយបានចូលរួម ។ ពួកគេនឹងរៀនបានកាន់តែច្រើនចេញមកពីបទពិសោធន៍ប្រាស្រ័យទាក់ទងជាជាងគ្រាន់តែមើលចេញមកពីការបង្ហាញ ។
-
ដើរតួសម្ដែង ។ នៅពេលកុមារតូចៗដើរតួសម្តែងអំពីស្ថានភាពមួយ ដែលពួកគេទំនងជានឹងជួបក្នុងជីវិតពិត នោះពួកគេនឹងអាចយល់បានកាន់តែប្រសើរអំពីរបៀបដែលគោលការណ៍នៃដំណឹងល្អអាចអនុវត្តបាននៅក្នុងជីវិតរបស់ពួកគេ ។
-
ធ្វើសកម្មភាពសារឡើងវិញ ។ កុមារតូចៗអាចនឹងត្រូវការស្ដាប់អំពីគំនិតនានាឲ្យបានច្រើនដងដើម្បីយល់វា ។ សូមកុំខ្លាចនឹងនិទានរឿង ឬធ្វើសកម្មភាពសារឡើងវិញឲ្យបានញឹកញាប់ សូម្បីតែនៅក្នុងមេរៀនដដែលក្ដី ។ ឧទាហរណ៍ អ្នកអាចចែកចាយរឿងមួយក្នុងព្រះគម្ពីរចំនួនបីបួនដងតាមវិធីខុសៗគ្នាអំឡុងពេលបង្រៀន—ដោយអានព្រះគម្ពីរ សង្ខេបរឿងជាសម្ដីរបស់អ្នកផ្ទាល់ ចាក់បង្ហាញវីដេអូ អនុញ្ញាតឲ្យកុមារជួយអ្នកតំណាលប្រាប់រឿង អញ្ជើញពួកគេឲ្យសម្ដែងរឿង ។ល ។ ប្រសិនបើសកម្មភាពមួយដែលបានប្រើនៅក្នុងថ្នាក់រៀនក៏ត្រូវបានធ្វើសារឡើងវិញនៅផ្ទះ នោះការធ្វើដដែលៗនេះនឹងជួយកុមារឲ្យរៀន និងចងចាំ ។
-
ទាក់ទងនឹងមនុស្សដទៃ ។ កុមារកំពុងអភិវឌ្ឍជំនាញសង្គម ហើយជាញឹកញាប់ពួកគេចូលចិត្តរៀន និងលេងជាមួយនឹងមិត្តភក្ដិរបស់ពួកគេ ។ សូមបង្កើតឱកាសឲ្យពួកគេចែកចាយ ប្ដូរវេនគ្នា និងសហការគ្នាខណៈដែលពួកគេកំពុងរៀននោះ ។
-
ចូលរួមនៅក្នុងសកម្មភាពផ្សេងៗ ។ ជាទូទៅ កុមារតូចៗមានការយកចិត្តទុកដាក់ខ្លី ហើយពួកគេមានរបៀបរៀនសូត្រខុសៗគ្នា ។ សូមប្រើសកម្មភាពផ្សេងៗ ហើយយកចិត្តទុកដាក់ចំពោះទីសម្គាល់ដែលកុមារប្រាប់ថា ពួកគេត្រូវការការផ្លាស់ប្ដូរល្បឿន ។ ឧទាហរណ៍ អ្នកអាចត្រូវផ្លាស់ប្ដូរជាញឹកញាប់រវាងសកម្មភាពដែលស្ងប់ស្ងាត់ និងដែលរស់រវើក ។
ផ្នែកមួយនៃតួនាទីរបស់អ្នកក្នុងនាមជាគ្រូមួយរូបដែលបង្រៀនកុមារតូចៗ—ដោយបន្ថែមទៅលើការបង្រៀនគោលការណ៍ដំណឹងល្អនោះ—គឺត្រូវជួយដល់កុមារឲ្យរៀនពីរបៀបចូលរួមនៅក្នុងថ្នាក់ក្នុងសាសនាចក្រមួយឲ្យបានសមរម្យ ។ ឧទាហរណ៍ ពួកគេអាចត្រូវរៀនអំពីការប្ដូរវេនគ្នា ការចែកចាយ ការចេះគោរពដល់មនុស្សដទៃជាដើម ។ គ្រូបង្រៀនមួយចំនួនបង្កើតតារាងដោយមានដាក់កិច្ចការសម្រាប់កុមារម្នាក់ៗឲ្យចូលរួមនៅក្នុងថ្នាក់រៀនតាមរបៀបជាក់លាក់មួយ ( ដូចជាដោយពោលពាក្យអធិស្ឋាន កាន់រូបភាព ឬចែកចាយក្រដាស ) ។ កិច្ចការទាំងនេះអាចផ្លាស់ប្ដូររាល់សប្ដាហ៍ ។ ការណ៍នេះជួយដល់កុមារឲ្យចេះប្ដូរវេនគ្នា និងរៀនសម្ដែងអាកប្បកិរិយានៅក្នុងថ្នាក់រៀនឲ្យបានសមរម្យ ។
កុមារ—ជាពិសេសកុមារតូចៗ—ជាញឹកញាប់នឹងទទួលបានប្រយោជន៍ពីទម្លាប់ដ៏ទៀងទាត់ និងដែលអាចទាយទុកជាមុនបាន ។ ដោយសារកុមារតូចៗមានកម្រិតនៃការយកចិត្តទុកដាក់ខ្លី ហើយពេលខ្លះពិបាកនឹងផ្ដោតចិត្តទុកដាក់អំឡុងពេលថ្នាក់ទាំងមូល នោះជាធម្មតា វានឹងល្អបំផុត ប្រសិនបើទម្លាប់នេះរួមបញ្ចូលនូវការផ្លាស់ប្ដូរជាញឹកញាប់ពីសកម្មភាពមួយទៅសកម្មភាពមួយទៀត ។ ឧទាហរណ៍ ទម្លាប់ថ្នាក់រៀនរបស់អ្នកអាចរួមមាននូវការឈប់សម្រាកម្ដងម្កាលដើម្បីលេងល្បែងកម្សាន្ត ផាត់ពណ៌រូបភាព ច្រៀងចម្រៀងជាដើម ។