« ថ្ងៃទី ១១–១៧ ខែ កុម្ភៈ យ៉ូហាន ២–៤ ៖ ‹ ត្រូវតែកើតជាថ្មី › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ១១–១៧ ខែ កុម្ភៈ យ៉ូហាន ២–៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១១–១៧ ខែ កុម្ភៈ
យ៉ូហាន ២–៤
« ត្រូវតែកើតជាថ្មី »
ការរៀបចំបង្រៀនរបស់អ្នកគួរចាប់ផ្ដើម ពេលអ្នកអាន យ៉ូហាន ២–៤ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមលើកទឹកចិត្តដល់កុមារឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន និងទទួលបានបទពិសោធន៍ដោយការសួរពួកគេថា តើពួកគេបានធ្វើអ្វីនាពេលថ្មីៗនេះដើម្បីក្លាយជា « អ្នកនេសាទមនុស្ស » ( ម៉ាថាយ ៤:១៩ ) ។ អ្នកគួររំឭកមេរៀនកាលពីសប្ដាហ៍មុនជាមួយនឹងពួកគេ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំចាំបាច់ត្រូវទទួលពិធីបុណ្យជ្រមុជទឹក ហើយទទួលពិធីបញ្ជាក់ ដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌វិញ ។
កុមារដែលអ្នកបង្រៀនកំពុងរៀបចំឈានជំហានដ៏សំខាន់ដើម្បីទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ម្ដងទៀត ដោយការទទួលពិធីបុណ្យជ្រមុជទឹក ( កើតពីទឹក ) ហើយទទួលពិធីបញ្ជាក់ ( កើតពីព្រះវិញ្ញាណ ) ។ តើអ្នកអាចជួយពួកគេឲ្យយល់ពីសារៈសំខាន់នៃពិធីបរិសុទ្ធទាំងពីរនេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបរឿងព្រះយេស៊ូវបង្រៀននីកូដេម ។ សូមសន្យានឹងកុមារថា នៅពេលពួកគេទទួលពិធីបុណ្យជ្រមុជទឹក នោះព្រះវរបិតាសួគ៌នឹងប្រទានដល់ពួកគេនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមប្រើ យ៉ូហាន ៣:៥ និងទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីបង្រៀនថា យើងត្រូវតែទទួលពិធីបុណ្យជ្រមុជទឹក ហើយទទួលពិធីបញ្ជាក់ដើម្បីរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ម្ដងទៀត ។
-
សូមឲ្យកុមារប្រាប់អំពីអ្វីដែលពួកគេធ្វើដើម្បីលាងដៃរបស់ពួកគេ ។ សូមបង្ហាញរូបភាព ក្មេងស្រីទទួលពិធីបុណ្យជ្រមុជទឹក ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៤ ) ហើយជួយឲ្យកុមារប្រៀបធៀបការលាងដៃយើងដោយទឹក ទៅនឹងការក្លាយជាបានស្អាតបាតខាងវិញ្ញាណតាមរយៈពិធីបុណ្យជ្រមុជទឹក ។
ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ដូច្នេះទ្រង់បានប្រទានដល់ខ្ញុំនូវព្រះអង្គសង្គ្រោះមួយអង្គ ។
តើអ្នកអាចជួយកុមារឲ្យរៀនពីសេចក្ដីពិតដ៏មានតម្លៃនេះតាមវិធីណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារបំពេញប្រយោគដូចជាប្រយោគមួយនេះ ៖ « ដោយសារឪពុកម្ដាយខ្ញុំស្រឡាញ់ខ្ញុំ នោះពួកគាត់ … » ។ សូមមើល យ៉ូហាន ៣:១៦ ។ បន្ទាប់មក សូមជួយកុមារម្នាក់ៗឲ្យអាន យ៉ូហាន ៣:១៦ សារឡើងវិញ ហើយជំនួសពាក្យ « មនុស្សលោក » ដោយឈ្មោះរបស់ពួកគេផ្ទាល់ រួចឲ្យកុមារស្ដាប់រកអ្វីដែលព្រះវរបិតាសួគ៌បានធ្វើ ដោយសារទ្រង់ស្រឡាញ់យើង ។ សូមឲ្យកុមារគូររូបភាពនៃអ្វីៗដែលជួយពួកគេឲ្យមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះពួកគេ ( ដូចជា ក្រុមគ្រួសារ ធម្មជាតិ ព្រះគម្ពីរជាដើម ) ។ សូមឲ្យពួកគេចែកចាយគំនូររបស់ពួកគេជាមួយគ្នាទៅវិញទៅមក ។
-
សូមឲ្យកុមារលើករូបភាពព្រះយេស៊ូវឡើងរាល់ពេលដែលពួកគេច្រៀងពាក្យ « បុត្រា » នៅក្នុងបទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក »សៀវភៅចម្រៀងកុមារ ទំព័រ ២០ ។
ព្រះយេស៊ូវគ្រីស្ទគឺជា « ទឹករស់ » របស់ខ្ញុំ ។
កុមារនៅក្នុងថ្នាក់របស់អ្នកទាំងអស់អាចយល់ពីអារម្មណ៍នៃការស្រេកទឹក ។ តើអ្នកអាចប្រើបទពិសោធន៍នោះជួយដល់កុមារឲ្យយល់ពីទំហំដ៏ធំដែលយើងត្រូវការទឹករស់ដែលព្រះយេស៊ូវគ្រីស្ទប្រទានមកនោះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីតំណាលរឿងព្រះយេស៊ូវ និងស្ដ្រីនៅមាត់អណ្ដូង ។ សូមឲ្យកុមារតំណាលរឿងនោះម្ដងទៀត ។
-
សូមបង្ហាញកែវទឹកមួយ ហើយសួរកុមារថា តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងស្រេកទឹកជាខ្លាំង ហើយកែវនោះគ្មានទឹក ។ សូមសង្ខេប យ៉ូហាន ៤:៥–១៥ ហើយសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ប្រទានជីវិតដល់វិញ្ញាណរបស់យើង គឺដូចជាទឹកផ្ដល់ជីវិតដល់រាងកាយរបស់យើងដូច្នោះដែរ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំអាចគោរពម្ដាយខ្ញុំ ដូចព្រះយេស៊ូវបានធ្វើដែរ ។
នៅឯពិធីមង្គលការនៅភូមិកាណា ម៉ារាបានប្រាប់ព្រះយេស៊ូវថា ស្រាទំពាំងបាយជូរអស់ហើយ ។ យោងតាមការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ព្រះយេស៊ូវបានមានបន្ទូលតបទៅមាតារបស់ទ្រង់ដោយសួរថា « មាតាអើយ តើមាតាចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់មាតា ? ខ្ញុំនឹងធ្វើតាមការណ៍នោះ » ( យ៉ូហាន ២:៤ ) ។ ព្រះយេស៊ូវគឺជាគំរូមួយនៃរបៀបដែលកូនៗគួរតែប្រព្រឹត្តចំពោះម្ដាយរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន យ៉ូហាន ២:១–១១ ហើយប្ដូរវេនគ្នាតំណាលផ្នែកៗនៃបទគម្ពីរនេះជាសម្ដីរបស់ពួកគេផ្ទាល់ ។
-
សូមឲ្យកុមារសរសេររាយក្នុងបញ្ជីនូវកិច្ចការនានាដែលម្ដាយរបស់ពួកគេអាចចង់ឲ្យពួកគេជួយ ។ សូមឲ្យពួកគេអនុវត្តតាមអ្វីដែលពួកគេអាចនិយាយទៅកាន់ម្ដាយរបស់គេ ដោយប្រើពាក្យរបស់ព្រះយេស៊ូវមួយចំនួន ៖ « មាតាអើយ តើមាតាចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់មាតា ? » ( យ៉ូហាន ២:៤ ) ។
-
សូមឲ្យម្ដាយមួយចំនួនមកកាន់ថ្នាក់របស់អ្នក ហើយចែកចាយអ្វីដែលកូនៗរបស់គាត់ធ្វើដើម្បីបង្ហាញការគោរពចំពោះពួកគាត់ ។
ការទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់គឺដូចជាការកើតជាថ្មីម្ដងទៀត ។
នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ដែលព្រះយេស៊ូវបានហៅថា « កើតអំពីទឹក » នោះយើងទទួលបានការផ្ដាច់បាបរបស់យើង ហើយអាច « ចូលទៅក្នុងនគរព្រះបាន » ( យ៉ូហាន ៣:៥ ) ។ តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ពីអត្ថន័យនៃការកើតជាថ្មីយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមច្របល់ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ៣:៣ ហើយឲ្យកុមារតម្រៀបវាតាមលំដាប់លំដោយត្រឹមត្រូវ ។ តើការទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់គឺដូចជាការកើតជាថ្មីម្ដងទៀតដោយរបៀបណា ?
-
សូមបង្ហាញរូបភាពទារកដែលទើបកើតម្នាក់ និងរូបនរណាម្នាក់ដែលកំពុងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៤ និង ១០៥ ) ។ តើយើងដូចជាទារកដែលទើបកើតម្នាក់ ក្រោយពីយើងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ដោយរបៀបណា ? ( សូមមើល យ៉ូហាន ៣:៣–៥ ) ។
-
សូមអញ្ជើញកុមារឲ្យចែកចាយអនុស្សាវរីយ៍កាលពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ សូមអាន ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ដើម្បីរំឭកអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ សូមបង្រៀនកុមារថា ការទទួលយកសាក្រាម៉ង់ដោយសញ្ជឹងគិតរាល់សប្ដាហ៍គឺជារបៀបមួយដើម្បីបន្ដដំណើរការនៃការកើតជាថ្មីម្ដងទៀត ។
-
សូមជួយកុមារឲ្យទន្ទេញ មាត្រានៃសេចក្ដីជំនឿ ១:៤ ។
ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ដូច្នេះទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក ។
តើអ្នកអាចជួយកុមារឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជូនមកកាន់ផែនដី ជាសញ្ញាបញ្ជាក់ប្រាប់ថាព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់យើងយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារគូររូបភាពអំណោយសំណព្វចិត្តរបស់ពួកគេ និងអ្នកផ្ដល់អំណោយនោះដល់ពួកគេមួយ ។ រួចមក សូមឲ្យកុមារម្នាក់អាន យ៉ូហាន ៣:១៦ ។ តើព្រះវរបិតាសួគ៌បានប្រទានអំណោយអ្វីដល់យើង ? តើអំណោយនេះបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់បានយ៉ាងដូចម្ដេច ?
-
សូមឲ្យកុមារស្ដាប់រកចម្លើយចំពោះសំណួរ « ហេតុអ្វីបានជាព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទដល់យើង ? » កាលពួកគេច្រៀង ឬស្ដាប់បទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក »សៀវភៅចម្រៀងកុមារ ទំព័រ ២០ ។
ព្រះយេស៊ូវគ្រីស្ទប្រទាន « ទឹករស់ » ដល់ខ្ញុំ ។
ដូចជាព្រះយេស៊ូវបានប្រើទឹកដើម្បីបង្រៀនដល់ស្ដ្រីសាសន៍សាម៉ារីនោះដែរ អ្នកអាចប្រើទឹកដើម្បីបង្រៀនដល់កុមារពីមូលហេតុដែលយើងត្រូវការដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យទឹកផឹកមួយកែវដល់កុមារ ហើយសូមឲ្យពួកគេចែកចាយបទពិសោធន៍កាលពួកគេស្រេកទឹក ។ សូមនិយាយអំពីអារម្មណ៍ដែលនៅទីបំផុតបានទទួលទឹកផឹក ។
-
សូមសរសេរប្រយោគសង្ខេបចេញពីរឿងស្ដ្រីនៅមាត់អណ្ដូង ហើយសូមឲ្យកុមារបើកទៅ យ៉ូហាន ៤:៦–២៣ ដើម្បីរៀបប្រយោគទាំងនោះឲ្យត្រឹមត្រូវតាមលំដាប់ ។ តើព្រះយេស៊ូវបានព្យាយាមបង្រៀនស្ដ្រីនោះអ្វីខ្លះ ?
-
សូមគូររូបកែវទឹក និងទឹកពីក្រោមដី ឬទន្លេនៅលើក្ដារខៀន ។ សូមកុមារឲ្យដាក់ឈ្មោះវត្ថុទាំងឡាយដែលបំពេញចិត្តយើងនាពេលនេះ ដូចជាទឹកមួយកែវ ។ តើមានវត្ថុអ្វីខ្លះដែលដូចជា « ទឹករស់ » ដែលអាចបំពេញចិត្តយើងជារៀងរហូតនោះ ?
-
សូមសរសេរនៅលើក្ដារខៀននូវ តើដំណឹងល្អដូចជាទឹករស់ដោយរបៀបណា ? សូមឲ្យកុមារគិតអំពីរបៀបដែលពួកគេនឹងឆ្លើយនឹងសំណួរនេះ កាលពួកគេអាន យ៉ូហាន ៤:៦–២៣ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមពិចារណាសុំកុមារឲ្យផ្ដល់ទឹកផឹកមួយកែវដល់សមាជិកគ្រួសាររបស់ពួកគេ នៅពេលពួកគេទៅដល់ផ្ទះ ។ កាលពួកគេធ្វើដូច្នោះ ពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀនអំពីទឹករស់ ។