« ថ្ងៃទី ២៨ ខែ មករា–ថ្ងៃទី ៣ ខែ កុម្ភៈ ។ ម៉ាថាយ ៣, ម៉ាកុស ១, លូកា ៣ ៖ ‹ ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ២៨ ខែ មករា–ថ្ងៃទី ៣ ខែ កុម្ភៈ ។ ម៉ាថាយ ៣, ម៉ាកុស ១, លូកា ៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៨ ខែ មករា–ថ្ងៃទី ៣ ខែ កុម្ភៈ
ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣
« ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ »
កាលអ្នកអានអំពីយ៉ូហាន បាទីស្ទ និងពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណនានាដែលអ្នកទទួលបាន ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីបទគម្ពីរទាំងនេះ ហើយវានឹងជួយដល់អ្នកឲ្យគាំទ្រដល់ការរៀនសូត្រ ដែលសមាជិកថ្នាក់របស់អ្នកកំពុងធ្វើដោយខ្លួនឯង ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីផ្ដល់ឱកាសដល់កុមារឲ្យចែកចាយអ្វីដែលពួកគេបានរៀនសូត្ររួចហើយ សូមបង្ហាញរូបភាពព្រះយេស៊ូវដែលបានជ្រមុជទឹក ហើយសូមឲ្យពួកគេប្រាប់អ្នកពីអ្វីដែលកើតឡើងនៅក្នុងរូបភាពនោះ និងអារម្មណ៍របស់ពួកគេអំពីការទទួលពិធីបុណ្យជ្រមុជទឹក ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំអាចទទួលពិធីបុណ្យជ្រមុជទឹកដូចព្រះយេស៊ូវបានទទួលដែរ ។
តើអ្នកអាចប្រើដំណើររឿងពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវដើម្បីបង្រៀនដល់កុមារឲ្យរៀបចំខ្លួនជ្រមុជទឹកដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបដំណើររឿងជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ៣:១៣–១៧; សូមមើលផងដែរ « ជំពូកទី ១០ ៖ ព្រះយេស៊ូវទទួលបុណ្យជ្រមុជទឹក » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ២៦–២៩ ឬវីដេអូដែលដូចគ្នានេះនៅលើគេហទំព័រ LDS.org ) ។ សូមតំណាលរឿងនេះបីបួនដង ហើយសូមឲ្យកុមារចែកចាយពីសេចក្ដីលម្អិតដែលពួកគេចងចាំ ។ សូមពន្យល់ថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹកដោយការពន្លិច ដោយបុគ្គលម្នាក់ដែលបានមានសិទ្ធិអំណាចបព្វជិតភាព ។
-
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក និងទំព័រសកម្មភាពនាសប្ដាហ៍នេះ ។ សូមឲ្យកុមារចង្អុលប្រាប់ពីភាពស្រដៀងគ្នារវាងរូបភាពទាំងពីរនេះ ។
-
អ្នកអាចរំឭកនូវការសន្យានានាដែលកុមារនឹងធ្វើ នៅពេលពួកគេទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០; គ. និង ស. ២០:៣៧; ពិតចំពោះសេចក្ដីជំនឿ ទំព័រ ២៣ ) ។ សូមសួរពួកគេថា តើរឿងមួយណានៃរឿងទាំងនេះដែលពួកគេបានធ្វើរួច ។
-
សូមអញ្ជើញសមាជិកគណៈប៊ីស្សពមួយរូបប្រាប់កុមារអំពីបទសម្ភាសន៍បុណ្យជ្រមុជទឹក ដែលពួកគេនឹងធ្វើមុនពេលពួកគេទទួលបុណ្យជ្រមុជទឹក ។
-
សូមច្រៀងបទ « ពិធីបុណ្យជ្រមុជទឹក » សៀវភៅចម្រៀងកុមារ ទំព័រ ៥៤ ជាមួយនឹងកុមារ ។ សូមពិចារណាសួរដល់កុមារម្នាក់ដែលចេះចម្រៀងនេះច្បាស់ ឲ្យដឹកនាំកុមារផ្សេងទៀតពេលពួកគេច្រៀង ។
ព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំ ។
បន្ថែមលើការរៀបចំសម្រាប់ពិធីបុណ្យជ្រមុជទឹក កុមារក៏ត្រូវរៀបចំដើម្បីទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ តើអ្នកអាចជួយពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើ ម៉ាថាយ ៣:១១, ១៦ ដើម្បីបង្រៀនកុមារថា ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើព្រះយេស៊ូវ កាលទ្រង់បានទទួលបុណ្យជ្រមុជទឹក ( សត្វព្រាបបានលេចមក ជានិមិត្តសញ្ញាមួយបង្ហាញថា ការណ៍នេះបានកើតឡើង ) ។ សូមបង្ហាញរូបភាព អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៥ ) ហើយសូមពន្យល់ថា យើងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងទទួលបានការបញ្ជាក់ ។
-
សូមនាំយកប្រអប់មួយដែលមាននូវវត្ថុផ្សេងៗដូចជា រូបភាពព្រះយេស៊ូវមួយ ភួយដ៏ទន់មួយ និងត្រីវិស័យមួយ ។ សូមឲ្យកុមារជ្រើសរើសវត្ថុមួយ រួចហើយប្រាប់ថាតើវត្ថុនីមួយៗតំណាងឲ្យវិធីដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយដល់យើង—ទ្រង់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវ ជួយលួងលោមយើង ( សូមមើល យ៉ូហាន ១៥:២៦ ) ព្រមទាំងបង្ហាញផ្លូវត្រូវដល់យើងផង ( សូមមើល នីហ្វៃទី ២ ៣២:៥ ) ។
-
សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកពេលទទួលបានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមឲ្យកុមារស្ដាប់រកវិធីដែលព្រះវិញ្ញាណបរិសុទ្ធជួយយើង កាលពួកគេច្រៀង « ព្រះវិញ្ញាណបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំទទួលបានពរជ័យដោយសារពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន ។
យ៉ូហាន បាទីស្ទ បានកាន់បព្វជិតភាពអើរ៉ុន ដូច្នេះនេះគឺជាឱកាសដ៏ល្អមួយដើម្បីបង្រៀនកុមារអំពីបព្វជិតភាពអើរ៉ុន ហើយជួយពួកគេឲ្យស្គាល់ពរជ័យ និងអំណាចដែលមានដល់បុរស និងស្ដ្រីតាមរយៈបព្វជិតភាពនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារធ្វើបញ្ជីមួយនៃកាតព្វកិច្ចនៃបព្វជិតភាពអើរ៉ុនដោយប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៤៦, ៥៨–៦០; ៨៤:១១១ ។ សូមពន្យល់ថា ពួកសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុនអាច « ធ្វើបុណ្យជ្រមុជទឹក និងចាត់ចែងពិធីសាក្រាម៉ង់ » ។ ពួកសង្ឃ គ្រូ និងឌីកុនត្រូវ « បង្រៀន ហើយអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ » ( គ. និង ស. ២០:៤៦, ៥៩ ) ។ សូមឲ្យកុមារអានក្នុង ម៉ាថាយ ៣ រកមើលគំរូរបស់យ៉ូហានដែលបានបំពេញតាមកាតព្វកិច្ចទាំងនេះ ។ តើយើងទាំងអស់គ្នាអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញមនុស្សដទៃទៀតឲ្យមករកព្រះគ្រីស្ទ ដូចដែលយ៉ូហានបានធ្វើ ?
-
សូមបង្ហាញរូបភាពអ្នកកាន់បព្វជិតភាពអើរ៉ុនធ្វើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៣, ១០៨ ) ។ សូមពិភាក្សាពីរបៀបដែលពិធីបរិសុទ្ធទាំងនេះរៀបចំយើង ដើម្បីចាំទទួលព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
-
សូមអានរួមគ្នាក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១ រួចពន្យល់ថា យ៉ូហាន បាទីស្ទបានស្ដារឡើងវិញនូវបព្វជិតភាពអើរ៉ុនដល់យ៉ូសែប ស្ម៊ីធ ។ សូមសួរកុមារថា តើពួកគេបានទទួលពរជ័យ ដោយសារបព្វជិតភាពអើរ៉ុនត្រូវបានស្ដារឡើងវិញយ៉ាងដូចម្ដេច ។
ខ្ញុំអាចរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។
ដំណើររឿងនៃពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគឺជាឱកាសដ៏ល្អមួយដើម្បីជួយដល់កុមារឲ្យរំឭកពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ហើយតាំងចិត្តសារជាថ្មីដើម្បីធ្វើតាមសេចក្តីសញ្ញាទាំងនោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារពីររូបអាន លូកា ៣:៧–៩, ១៥–១៧ ដោយម្នាក់អានពាក្យរបស់យ៉ូហាន បាទីស្ទ ហើយម្នាក់ទៀតអានពាក្យពេចន៍ផ្សេងទៀតទាំងអស់ ។ បន្ទាប់ពីអានខគម្ពីរមួយចប់ សូមឈប់ ហើយជួយកុមារឲ្យយល់ពីអត្ថន័យនៃខគម្ពីរនេះ ។
-
សូមរំឭកពីសេចក្ដីសញ្ញាដែលកុមារបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ដែលមាននៅក្នុង ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ។ ( សូមមើលផងដែរ ពិតចំពោះសេចក្ដីជំនឿ ទំព័រ ២៣–២៦ ) ។ សូមឲ្យកុមារសរសេរសេចក្ដីយោងទាំងនេះនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះ ។
-
សូមរៀបចំកាតបីបួនគូដោយផ្គូផ្គងឃ្លា ឬរូបភាពដែលតំណាងឲ្យសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ សូមផ្កាប់កាតចុះ ។ សូមអញ្ជើញកុមារឲ្យប្ដូរវេនគ្នាបើកកាតម្ដងពីរ ហើយមើលផ្គូផ្គងឲ្យត្រូវ ។ ក្រោយពីផ្គូផ្គងបានត្រូវហើយ សូមឲ្យកុមារចែកចាយពីវិធីដែលពួកគេបានរក្សាតាមសេចក្ដីសញ្ញានោះ ។
-
សូមចែកចាយពរជ័យដែលបានមកពីការរក្សាតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ។
ព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំខ្ញុំ ។
កុមារកំពុងរៀនពីរបៀបទទួលស្គាល់ និងធ្វើតាមការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ តើអ្នកអាចបង្រៀនពួកគេថា ការរក្សាតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេនឹងជួយពួកគេឲ្យមានភាពសក្ដិសមដើម្បីទទួលបានការដឹកនាំនេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់ៗជ្រើសរើសបទគម្ពីរខាងក្រោមមួយអាន ហើយពន្យល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើង ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២៣; ៨:២–៣ ។
-
សូមឲ្យកុមារម្នាក់អាន ម៉ាថាយ ៣:១១ ។ តើព្រះវិញ្ញាណបរិសុទ្ធដូចជាភ្លើងដោយរបៀបណា ? ឧទាហរណ៍ ភ្លើងគឺជាជំនួយ ហើយវាផ្ដល់ពន្លឺដឹកនាំយើង ( សូមមើល យ៉ូហាន ១៥:២៦; នីហ្វៃទី ២ ៣២:៥ ) ។
-
សូមឲ្យកុមារបិទភ្នែក ហើយលាដៃរបស់គេមកមុខ ។ បន្ទាប់មក សូមដុះបាតដៃរបស់ពួកគេថ្នមៗនឹងរោមមាន់ ឬខ្សែមួយ ។ សូមឲ្យពួកគេប្រាប់អ្នកពេលពួកគេមានអារម្មណ៍រសើប ។ តើសកម្មភាពនេះបង្រៀនអ្វីខ្លះ អំពីការស្គាល់នូវចំណាប់អារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ?
-
សូមឲ្យកុមារចែកចាយបទពិសោធន៍ដែលពួកគេបានមានជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។ ហេតុអ្វីការរក្សាតាមសេចក្ដីសញ្ញារបស់យើងជួយយើងឲ្យទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ?
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមលើកទឹកចិត្តកុមារឲ្យសួរឪពុកម្ដាយរបស់ពួកគេ ឬសមាជិកគ្រួសារផ្សេងទៀតអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។