ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២១–២៧ ខែ មករា ។ យ៉ូហាន ១ ៖ យើង​បាន​ឃើញ​ព្រះមែស៊ី​ហើយ


« ថ្ងៃទី ២១–២៧ ខែ មករា ។ យ៉ូហាន ១ ៖ យើង​បាន​ឃើញ​ព្រះមែស៊ី​ហើយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ២១–២៧ ខែ មករា ។ យ៉ូហាន ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ស្ដ្រី​ចែកចាយ​ដំណឹងល្អ​នៅ​ស្ថានីយ​រថភ្លើង

ថ្ងៃទី ២១–២៧ ខែ មករា ។

យ៉ូហាន ១

យើង​បាន​ឃើញ​ព្រះមែស៊ី​ហើយ

កាល​អ្នក​អាន យ៉ូហាន ១ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​នានា​ដែល​អ្នក​ទទួល​បាន ។ គម្រោង​មេរៀន​នា​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ជំពូក​ទាំងនេះ​បាន ។ សកម្មភាព​ណែនាំ​ខាងក្រោម​នេះ​អាច​ផ្ដល់​ជា​គំនិត​ក្នុង​ការជួយ​ដល់​កុមារ​ឲ្យ​រៀន​សូត្រ​គោលការណ៍​នានា ដែល​មាន​នៅក្នុង យ៉ូហាន ១ ។ សកម្មភាព​សម្រាប់​កុមារ​ធំៗ​ទាំងនេះ​ក៏​អាច​កែសម្រួល​សម្រាប់​កុមារ​តូចៗ​បាន​ផងដែរ ប្រសិនបើ​ចាំបាច់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះយេស៊ូវ អ្នក​អាច​បង្ហាញ​រូបភាព​ទ្រង់​កំពុង​បំពេញ​តួនាទី​របស់​ទ្រង់​ដែល​មាន​រ៉ាយរ៉ាប់​នៅក្នុង យ៉ូហាន ១ ។ រួច​សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​កើត​មាន​ឡើង ( ដូចជា​ការបង្កើត​ផែនដី ឬ​ការបង្រៀន​ដំណឹងល្អ ) ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

យ៉ូហាន ១:១–២

ព្រះយេស៊ូវ​បាន​គង់​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ពីមុន​ទ្រង់​បាន​ប្រសូត​មក ។

យ៉ូហាន​បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​គង់​នៅ​ជាមួយ​នឹង​ព្រះ​មុន​ពេល​ទ្រង់​ទទួល​បទពិសោធន៍​ខាង​សាច់ឈាម​របស់​ទ្រង់ ។ យើង​ក៏​បាន​រស់នៅ​ជាមួយ​នឹង​ព្រះ ពីមុន​យើង​បាន​កើត​មក​លើ​ផែនដី​នេះ​ផងដែរ ( សូមមើល « គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ តើ​អ្នក​នឹង​បង្រៀន​កុមារ​ពី​សេចក្ដីពិត​នេះ​តាម​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់​ថា « ព្រះបន្ទូល » នៅក្នុង យ៉ូហាន ១:១ សំដៅ​ទៅលើ​ព្រះយេស៊ូវ ។ សូម​អាន​ខគម្ពីរ​នេះ​ឮៗ ហើយ​សូម​ឲ្យ​កុមារ​ថា « ព្រះយេស៊ូវ » រាល់​ពេល​ដែល​អ្នក​អាន​ពាក្យ « ព្រះបន្ទូល » ។ សូម​បង្ហាញ​គំនូរ​ខ្សែ​អំពី ជីវិត​មុន​ជីវិត​នៅលើ​ផែនដី (LDS.org ) ។ សូម​ពន្យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​គង់​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ពីមុន​ទ្រង់​បាន​យាង​មក​កាន់​ផែនដី ។

  • សូម​បង្រៀន​កុមារ​ថា យើង​ក៏​បាន​រស់នៅ​ជាមួយ​នឹង​ព្រះ ពីមុន​យើង​ចុះ​មក​កាន់​ផែនដី​នេះផង​ដែរ ។ អ្នក​អាច​ប្រើ « សេចក្ដីផ្ដើម ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង »រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១–៥, វីដេអូ​ដែល​ដូចគ្នា (LDS.org ) ឬ សេចក្ដីណែនាំ​ដល់​ព្រះគម្ពីរ​ទាំងឡាយ « Premortal Life » scriptures.lds.org ។

  • សូម​ឲ្យ​ឪពុក ឬ​ម្ដាយ​នាំ​ទារក​ម្នាក់​មក​កាន់​ថ្នាក់ ហើយ​សូម​ប្រើ​ឱកាស​នេះ​ដើម្បី​បង្រៀន​ថា យើង​បាន​រស់នៅ​ឯ​ស្ថានសួគ៌​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ជា​កូន​វិញ្ញាណ ពីមុន​យើង​បាន​កើត​មក ។

យ៉ូហាន ១:៣

ព្រះយេស៊ូវ​បាន​បង្កើត​គ្រប់​របស់​ទាំងអស់ ។

កូនចៅ​ជាច្រើន​ពេញចិត្ត​នៅក្នុង​វត្តមាន​នៃ​ការបង្កើត​របស់​ព្រះអម្ចាស់ ។ ការស្គាល់​ពី​តួនាទី​របស់​ព្រះគ្រីស្ទ​ជា​អង្គ​បង្កបង្កើត​អាច​ជួយ​បង្កើន​គារវភាព​របស់​ពួកគេ​ចំពោះ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន យ៉ូហាន ១:៣ ជាមួយ​នឹង​កុមារ រួចហើយ​សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ។ សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ចាំ​ឃ្លា « គ្រប់​របស់​ទាំងអស់​បាន​កើត​មក​ដោយសារ [ ព្រះយេស៊ូវ​គ្រីស្ទ ] » ។

  • សូម​នាំ​កុមារ​ដើរ​លេង​នៅ​ខាងក្រៅ ។ ចូរ​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​រៀបរាប់​ពី​ការបង្កើត​ដែល​ពួកគេ​ឃើញ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាយ​ថា ពួកគេ​កំពុង​រៀបរាប់​ពី​អ្វី ។

  • សូម​ឲ្យ​កុមារ​គិត​ពី​វិធី​ដែល​ពួកគេ​អាច​ថែទាំ​ដល់​ការបង្កបង្កើត​ទាំងឡាយ​ដែល​នៅ​ជុំវិញ​គេ​នោះ ( ឧទាហរណ៍ ការចេះ​ស្រឡាញ់​សត្វ ) ។

ព្រះអាទិត្យ​រះ​នៅ​ក្នុង​ព្រៃ

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ពិភពលោក​នេះ ព្រមទាំង​គ្រប់​របស់​ទាំងអស់​ដែល​នៅលើ​នោះ​ផង ។

យ៉ូហាន ១:៣៥–៥១

ខ្ញុំ​អាច​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀន​អំពី​ទ្រង់ ។

យ៉ូហាន ១ រួមមាន​នូវ​ដំណើររឿង​របស់​ពួកសាវក ដែល​បាន​អញ្ជើញ​មនុស្ស​ឲ្យ « តាម​ទៅ​មើល » ថា ព្រះយេស៊ូវ​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ។ សូម្បីតែកុមារ​តូចៗ​ក៏​អាច​ធ្វើតាម​គំរូ​នេះ​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រៀបរាប់​ពី​វិធី​ដែល​យ៉ូហាន​បាន​បង្រៀន​ដល់​អនទ្រេ​អំពី​ព្រះយេស៊ូវ និង​ប្រាប់​ពី​វិធី​ដែល​​អនទ្រេ​បាន​បង្រៀន​ដល់​ពេត្រុស​វិញ ( សូមមើល យ៉ូហាន ១:៣៥–៤២ ) ។ សូម​ចែកចាយ​ពី​របៀប​ដែល​អ្នក​បាន​ដឹង​អំពី​សាសនាចក្រ ឬ​អញ្ជើញ​ឲ្យ​សមាជិក​ថ្មី​មួយ​រូប​ចែកចាយ​ពី​របៀប​ដែល​គាត់​បាន​ដឹង​អំពី​សាសនាចក្រ ។

  • សូម​ចែកចាយ​រឿង​របស់ ភីលីព ដែល​បាន​អញ្ជើញ ណាថាណែល​ឲ្យ « តាម​ទៅ​មើល » ( យ៉ូហាន ១:៤៣–៥១ ) ។ សូម​លាក់​រូបភាព​ព្រះយេស៊ូវ​នៅក្នុង​ប្រអប់​មួយ ហើយ​សុំ​ឲ្យ​កុមារ​ម្នាក់​មក « តាម​ទៅ​មើល » រូប​នោះ រួច​ហើយ​ប្រាប់​ដល់​កុមារ​ផ្សេង​ទៀត​អំពី​អ្វី​ដែល​គេ​បាន​ឃើញ ។

  • សូម​ឲ្យ​កុមារ​ផាត់ពណ៌​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ហើយ​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រើ​វា​ដើម្បី​អញ្ជើញ​នរណាម្នាក់​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ ។

  • សូម​ឲ្យ​កុមារ​មួយ​រូប​ប្រាប់​អំពី​គ្រា​មួយ ដែល​រូប​គេ​បាន​ចែក​អ្វីមួយ​​ជាមួយ​នរណាម្នាក់ ដូចជា​ប្រដាប់​លេង ឬ​អំណោយ ។ តើ​យើង​អាច​ចែកចាយ​ដំណឹងល្អ​ដោយ​របៀបណា ? សូម​ប្រាប់​រឿង​កុមារ​ម្នាក់​ដែល​បាន​ចែកចាយ​ដំណឹងល្អ​ដល់​មិត្ត​ម្នាក់ ដូចជា​រឿង​របស់​អែលឌើរ អិម រ័សុល បាឡឺដ អំពី​យ៉ូស្វេ ( « ការតាមដាន »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៧៨–៨១ ) ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

យ៉ូហាន ១:១–៥

ព្រះយេស៊ូវ​បាន​គង់​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ពីមុន​ទ្រង់​បាន​ប្រសូត​មក ។

តាំង​ពីមុន​ទ្រង់​បាន​ប្រសូត​មក ព្រះយេស៊ូវ​បាន​ដើរតួ​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​រួច​ទៅហើយ ។ កាល​អ្នក​អាន យ៉ូហាន ១:១–៥ តើ​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​អំពី​កិច្ចការ​របស់​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​ពីមុន​ជីវិត​នៅលើ​ផែនដី​នេះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​ដឹង​រឿង​អ្វីខ្លះ​អំពី​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ពីមុន​ទ្រង់​បាន​ប្រសូត​មក ។ សូម​ឲ្យ​ពួកគេ​រកមើល​ចម្លើយ​នៅក្នុង យ៉ូហាន ១:១–៥ ។ វា​អាច​ជួយ​ដល់​អ្នក​បើ​អ្នក​អាន​នៅក្នុង ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ, យ៉ូហាន ១:១–៥ ( នៅក្នុង​សេចក្ដីបន្ថែម​គម្ពីរប៊ីប ) ។

  • សូម​ចែកចាយ « សេចក្ដីផ្ដើម ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង »រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១–៥ ជាមួយ​នឹង​កុមារ ឬ​ចាក់​បង្ហាញ​វីដេអូ​ដែល​ដូចគ្នា​នោះ (LDS.org ) ។ សូម​សួរ​កុមារ​ថា តើ​ពួក​គេ​រៀន​បាន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ឲ្យ​កុមារ​មួយ​ចំនួន​មក​កាន់​ថ្នាក់​រៀន​ត្រៀម​សម្ដែង ឬ​រៀបរាប់​ពី​អ្វី​មួយ​ដែល​ពួកគេ​បាន​បង្កើត​ឡើង ។ សូម​បង្ហាញ​រូបភាព​មួយ​ចំនួន​ពី​ការបង្កបង្កើត​របស់​ព្រះអម្ចាស់ ហើយ​សូម​ប្រើ យ៉ូហាន ១:៣ ដើម្បី​បង្ហាញ​ថា ព្រះយេស៊ូវ​បាន​បង្កើត​គ្រប់​របស់​ទាំងអស់ ។

យ៉ូហាន ១:៤–៩

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​របស់​ខ្ញុំ ។

និមិត្ត​សញ្ញា​នៃ​ពន្លឺ​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ តើ​អ្នក​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ស្វែងរក​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ កាល​ពិភពលោក​ហាក់​ដូចជា​ងងឹត​បាន​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​អាន ទំនុក​តម្កើង ២៧:១; យ៉ូហាន ១:៤–៩; ម៉ូសាយ ១៦:៩; និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៩:១–២ ហើយ​រកមើល​ឃ្លា​ដែល​បទគម្ពីរ​ទាំងនេះ​មាន​ចំណុច​រួម​គ្នា ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​ពន្លឺ​ដោយ​របៀបណា ?

  • សូម​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​មួយ និង​វត្ថុ​មួយ​ចំនួន​ដែល​បញ្ចេញ​ពន្លឺ ដូចជា​ពិល ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​វត្ថុ​ទាំងនេះ​ដោយ​របៀបណា ? តើ​យើង​អាច​ចែកចាយ​ពន្លឺ​របស់​ទ្រង់​ជាមួយ​នឹង​មនុស្ស​ដទៃ​ដោយ​របៀបណា ? សូម​ច្រៀង​រួមគ្នានូវ​បទ « ទ្រង់​ជា​ពន្លឺ​ខ្ញុំ » ទំនុក​តម្កើង ល.រ. ៣៩ ឬ​ចម្រៀង​ផ្សេង​ទៀត​អំពី​ពន្លឺ​នៃ​ដំណឹងល្អ ។

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​ធ្វើ​អ្វី នៅពេល​ពួកគេ​ស្ថិត​នៅ​កន្លែង​ងងឹត ហើយ​ភ័យ​ខ្លាច​នោះ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​អាច​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​ជានិច្ច នៅពេល​ដែល​ពួកគេ​ភ័យខ្លាច​នោះ ។

យ៉ូហាន ១:៣៥–៥១

ក្នុង​នាម​ជា​អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ដើរតាម​ទ្រង់​ដែរ ។

សូម​ពិចារណា​ពី​វិធី​ដែល​អ្នក​អាច​ប្រើ​គំរូ​នានា​ពីក្នុង យ៉ូហាន ១:៣៥–៥១ ដើម្បី​លើកទឹក​ចិត្ត​ដល់​កុមារ​ឲ្យ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ស្រាវជ្រាវ​ក្នុង យ៉ូហាន ១:៣៥–៥១ រកមើល​អ្វី​ដែល​មនុស្ស​និយាយ​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​ពួកគេ​អនុវត្ត​អ្វី​ដែល​ពួកគេ​អាច​និយាយ​ដើម្បី​អញ្ជើញ​មិត្ត​ម្នាក់​ឲ្យ​រៀន​អំពី​ទ្រង់ ។

  • សូម​ឲ្យ​កុមារ​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​ដើម្បី​ធ្វើ​សំបុត្រ​អញ្ជើញ​មួយ ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​អញ្ជើញ​មិត្ត​ម្នាក់ ឬ​សមាជិក​គ្រួសារ​មួយ​រូប​ឲ្យ​រៀន​បន្ថែម​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ផ្ដល់​ឱកាស​ឲ្យ​កុមារ​បាន​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​រឿង​មួយ​ចំនួន​ដែល​ពួកគេ​ចូលចិត្ត ។ សូម​ជួយ​កុមារ​ឲ្យ​ឃើញ​ថា ការចែកចាយ​ដំណឹងល្អ​អាច​ដូចជា​ការចែកចាយ​របស់​ផ្សេង​ទៀត​ដែល​យើង​ចូលចិត្ត ។ អ្នក​ក៏​អាច​ចាក់​បង្ហាញ​វីដេអូ « Good Things to Share » ( LDS.org ) ។

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

សូម​លើកទឹក​ចិត្ត​កុមារ​ឲ្យ​អញ្ជើញ​នរណា​ម្នាក់​ដែល​ពួកគេ​ស្រឡាញ់​ឲ្យ​រៀន​បន្ថែម​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

កែលម្អ​ការបង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​ស្រមៃ​ឃើញ​រឿង​មួយ ។ សូម​រិះរក​វិធី​ផ្សេងៗ​ដើម្បី​បង្កើត​រូបភាព​មួយ​នៃ​រឿង​រួមមាន រូបភាព​ដំណឹងល្អ គំនូរ វីដេអូ តុក្កតាអាយ៉ង ឬ​ឆាក​កំប្លែង ។

ទំព័រ​សកម្មភាព ៖ រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ