« ថ្ងៃទី ១៤–២០ ខែ មករា ។ លូកា ២; ម៉ាថាយ ២ ៖ យើងមកថ្វាយបង្គំទ្រង់ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ១៤–២០ ខែ មករា ។ លូកា ២; ម៉ាថាយ ២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៤–២០ ខែ មករា
លូកា ២; ម៉ាថាយ ២
យើងមកថ្វាយបង្គំទ្រង់
សូមចាប់ផ្ដើមដោយការអាន ម៉ាថាយ ២ និង លូកា ២ ។ គម្រោងមេរៀននាសប្ដាហ៍នេះ ចេញមកពី ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារប្រាប់អ្នកនូវអ្វីដែលពួកគេចាំអំពីការប្រសូតរបស់ព្រះគ្រីស្ទ ។ តើផ្នែកមួយណានៃរឿងនេះដែលពួកគេចូលចិត្តជាងគេ ?
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះយេស៊ូវបានប្រសូតមក ។
ព្រះយេស៊ូវបានចាកចេញពីផ្ទះរបស់ទ្រង់ជាមួយនឹងព្រះវរបិតាសួគ៌ ដើម្បីមកប្រសូតនៅលើផែនដី ដើម្បីទ្រង់អាចក្លាយជាព្រះអង្គសង្គ្រោះរបស់យើង ។ តើអ្នកអាចជួយកុមារឲ្យចងចាំពីរឿងនៃការប្រសូតរបស់ព្រះគ្រីស្ទដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
កាលអ្នកអានរឿងនៃការប្រសូតរបស់ព្រះគ្រីស្ទ សូមឲ្យកុមារសម្ដែងរឿងនេះដោយខ្លួនគេ ឬប្រើទំព័រសកម្មភាពនាសប្ដាហ៍នេះ ។ ( សូមមើលផងដែរ « ជំពូកទី ៥ ៖ ព្រះយេស៊ូវបានប្រសូតមក » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣–១៥ ឬវីដេអូដូចគ្នានេះនៅលើLDS.org ) ។
-
ប្រសិនបើអ្នកមានប្រសូតកម្មមួយឈុត នោះសូមយកវាមកថ្នាក់រៀន ហើយសុំឲ្យកុមាររៀបរូបឲ្យបានត្រឹមត្រូវ កាលអ្នកតំណាលរឿងព្រះយេស៊ូវគ្រីស្ទប្រសូតដល់ពួកគេ ។ អ្នកក៏អាចបង្ហាញរូបភាពប្រសូតកម្មមួយផងដែរ ( សូមមើលជាឧទាហរណ៍នៅក្នុង គម្រោងសប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ) ។ សូមចង្អុលទៅរូបមនុស្សផ្សេងៗគ្នានៅក្នុងប្រសូតកម្មនោះ ហើយឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីរូបមនុស្សនីមួយៗនោះ ។
-
សូមច្រៀងបទចម្រៀងដែលកុមារពេញចិត្តរួមគ្នាអំពីការប្រសូតរបស់ព្រះយេស៊ូវ ។ កាលអ្នកធ្វើដូច្នោះ សូមរកមើលឱកាសថ្លែងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ហើយឲ្យកុមារប្រាប់ពីមូលហេតុដែលពួកគេស្រឡាញ់ព្រះយេស៊ូវ ។
ខ្ញុំអាចថ្វាយដង្វាយល្អៗដល់ព្រះយេស៊ូវ ។
ពួកហោរបាននាំដង្វាយជាមាស ជាកំញាននិងជាជ័រល្វីងទេសថ្វាយដល់ព្រះយេស៊ូវ ។ តើអ្នកអាចប្រើរឿងនេះដើម្បីបង្រៀនដល់កុមារថា ពួកគេក៏អាចថ្វាយដង្វាយដល់ព្រះយេស៊ូវ—ដូចជាសេចក្ដីស្រឡាញ់ ការបម្រើ និងការគោរពប្រតិបត្តិដែរនោះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមួយនៃពួកហោរ កាលអ្នករំឭករឿងរបស់ពួកលោក ដែលមានកត់ត្រានៅក្នុង ម៉ាថាយ ២:១–១២ ជាមួយនឹងកុមារ ។ អ្នកអាចបង្ហាញរូបភាព ពួកហោរថ្វាយដង្វាយ ( LDS.org ) ។
-
សូមខ្ចប់រូបភាព ឬវត្ថុអ្វីមួយជាអំណោយ ដែលតំណាងឲ្យដង្វាយដែលយើងអាចថ្វាយទៅព្រះយេស៊ូវ ។ សូមឲ្យកុមារជួយអ្នកបើកអំណោយទាំងនោះ ហើយពិភាក្សាពីរបៀបដែលយើងនឹងថ្វាយដង្វាយទាំងនេះទៅដល់ព្រះអង្គសង្គ្រោះ ។
-
សូមជួយឲ្យកុមារម្នាក់ៗគូរ ឬសរសេរបញ្ជីដង្វាយមួយ ដែលពួកគេអាចថ្វាយដល់ព្រះយេស៊ូវដូចជា « ការធ្វើជាមិត្តដ៏ល្អម្នាក់ » ឬ « ការអធិស្ឋាន » ។ សូមឲ្យកុមារចែកចាយបញ្ជីរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ហើយរើសសកម្មភាពមួយពីក្នុងបញ្ជីនោះដើម្បីធ្វើតាមនាសប្ដាហ៍នេះ ។
ព្រះយេស៊ូវកាលនៅជាក្មេងតូចដូចខ្ញុំ ។
ការរៀនសូត្រអំពីកុមារភាពរបស់ព្រះអង្គសង្គ្រោះអាចជួយកុមារដែលអ្នកបង្រៀនឲ្យភ្ជាប់ខ្លួនគេទៅនឹងទ្រង់ ។ សូមសួរកុមារថា តើពួកគេអាចរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីរបៀបដែលពួកគេអាចក្លាយដូចជាព្រះយេស៊ូវនាពេលនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យយុវវ័យមួយរូបនៅក្នុងវួដមកកាន់ថ្នាក់រៀន ហើយចែកចាយរឿងរបស់ព្រះយេស៊ូវ ដែលបានបង្រៀនមនុស្សនៅឯព្រះវិហារបរិសុទ្ធកាលទ្រង់នៅជាយុវជននៅឡើយ ។
-
នៅមុនពេលដល់សប្តាហ៍ដែលថ្នាក់ចាប់ផ្តើម ចូរសុំកុមារបីបួននាក់ឲ្យយករូបភាពខ្លួនគេកាលនៅជាទារកមកចែកចាយ ។ សួរពួកគេថា តើពួកគេបានធំឡើងដោយរបៀបណា ។ សូមចែកចាយរបៀបមួយចំនួនដែលព្រះយេស៊ូវបានធំឡើង ( សូមមើល លូកា ២:៤០, ៥២ ) ។ សូមច្រៀងជាមួយនឹងកុមារនូវបទ « គ្រាមួយកាលព្រះយេស៊ូវនៅតូច » សៀវភៅចម្រៀងកុមារ ទំព័រ ៣៤ ឬចម្រៀងផ្សេងទៀតអំពីព្រះអង្គសង្គ្រោះ ។
-
សូមអាន លូកា ២:៥២ ហើយពន្យល់ពីអត្ថន័យនៃពាក្យ « ប្រាជ្ញា » និង « កាន់តែធំ » ។ អ្នកអាចចង់សុំឲ្យកុមារសម្តែងនូវសកម្មភាពមួយចំនួនដែលបង្ហាញពីអត្ថន័យនៃការប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង ។ ឧទាហរណ៍ ពួកគេអាចសម្ដែងជាការអានសៀវភៅ ឬជួយដល់នរណាម្នាក់ដែលត្រូវការ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្យាការីកាលពីដើមបានព្យាករណ៍អំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។
ពួកព្យាការី និងអ្នកជឿទាំងឡាយបានទន្ទឹងរង់ចាំការប្រសូតរបស់ព្រះអង្គសង្គ្រោះអស់រយៈពេលរាប់សតវត្សរ៍ ។ ការយល់ដឹងពីសេចក្ដីពិតនេះអាចជួយកុមារឲ្យរឹតតែមានការកោតសរសើរកាន់តែជ្រាលជ្រៅដល់ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារនិយាយអំពីរឿងដែលពួកគេទន្ទឹងរង់ចាំ ដូចជាខួបកំណើត ឬថ្ងៃឈប់សម្រាក ។ សូមឲ្យកុមារអាន ហេលេមិន ១៤:២–៥ រកមើលអ្វីមួយ ដែលពួកព្យាការីបានទន្ទឹងរង់ចាំ ។
-
សូមអានការព្យាករអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះរួមគ្នា ( សូមមើល អេសាយ ៧:១៤; ៩:៦; នីហ្វៃទី ១ ១១:១៨; ហេលេមិន ១៤:៥ ) ។ សូមឲ្យកុមារសរសេរនូវសេចក្ដីលម្អិតដែលមាននៅក្នុងការព្យាករទាំងនេះ ព្រមទាំងរកមើលការបំពេញតាមនៅក្នុង លូកា ២:១–២១ និង ម៉ាថាយ ២:១–២ ។
-
សូមឲ្យកុមារគូររូបភាពមួយនៃប្រសូតកម្ម ហើយចែកចាយពីមូលហេតុដែលពួកគេមានអំណរកាលព្រះយេស៊ូវបានប្រសូតមក ។
ព្រះយេស៊ូវកាលនៅជាក្មេងតូចដូចខ្ញុំ ។
ដូចជាព្រះយេស៊ូវដែរ កុមារដែលអ្នកបង្រៀនមានបេសកកម្មដ៏សំខាន់មួយដែលត្រូវរៀបចំទុក ។ តើពួកគេអាចរៀនអ្វីខ្លះមកពីគំរូរបស់ព្រះយេស៊ូវ ?
សកម្មភាពដែលអាចជ្រើសរើស
-
កាលអ្នកអាន លូកា ២:៤០, ៥២ សូមប្រាប់កុមារឲ្យស្ដាប់រកអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ។ សូមឲ្យកុមារចែកចាយពីរបៀបដែលពួកគេធំឡើង តាំងពីពួកគេនៅតូចៗម៉្លេះ ។ សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកអំពីការរៀនសូត្រដំណឹងល្អបន្ដិចម្ដងៗ បន្ទាប់មកសូមថ្លែងទីបន្ទាល់របស់អ្នក ។
-
សូមបញ្ចប់សកម្មភាពដែលបង្ហាញឃ្លានៅក្នុង លូកា ២:៤០, ៥២ ។ ឧទាហរណ៍ អ្នកអាចវាស់កម្ពស់របស់កុមារម្នាក់ៗ ( « ព្រះយេស៊ូវក៏កាន់តែធំ … » ) ឬ ឲ្យពួកគេចែកចាយបទគម្ពីរសំណព្វចិត្តរបស់ពួកគេ ( « មានកម្លាំងខាងវិញ្ញាណរឹតតែច្រើនឡើង » ) ។ ជួយកុមារឲ្យធ្វើកំណត់ត្រាពីរបៀបដែលពួកគេធំធាត់ឡើង ហើយចែកចាយវាដល់ក្រុមគ្រួសាររបស់ពួកគេ ។
-
ក្រោយពីរំឭក លូកា ២:៤០, ៥២ ហើយ សូមឲ្យកុមារចែកចាយថា តើពួកគេគិតថា ព្រះយេស៊ូវបានមានរូបរាងដូចម្ដេច កាលទ្រង់មានអាយុប្រហែលនឹងពួកគេនោះ ។ តើទ្រង់បានប្រព្រឹត្តចំពោះមាតារបស់ទ្រង់យ៉ាងដូចម្ដេច ? ចុះចំពោះបងប្អូនប្រុសស្រីរបស់ទ្រង់ ?
ខ្ញុំអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវ ។
កាលនៅជាយុវជនម្នាក់នៅឡើយ ព្រះយេស៊ូវបានបង្រៀនដល់ពួកចាស់ៗនៅឯព្រះវិហារបរិសុទ្ធ ។ ដូចគ្នាដែរ កុមារនៅក្នុងថ្នាក់របស់អ្នកមានអ្វីៗជាច្រើនដើម្បីបង្រៀនដល់អ្នកនៅជុំវិញខ្លួនគេដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់រៀបចំឡើងមកសង្ខេបរឿងនៅក្នុង លូកា ២:៤១–៥២ ។ ដើម្បីជួយដល់កុមារឲ្យយល់ពីរឿងនេះ សូមប្រាប់ពីអត្ថន័យនៃពាក្យ « កិច្ចការរបស់ព្រះវរបិតា » ។ ឧទាហរណ៍ អ្នកអាចប្រាប់សិស្សពីការងារដែលអ្នកធ្វើ ឬការងាររបស់ឪពុកម្ដាយអ្នក ។ តើអ្វីទៅជាការងារ ឬ « កិច្ចការ » របស់យ៉ូសែប ជាឪពុកនៅលើផែនដីរបស់ព្រះយេស៊ូវនោះ ? ( សូមមើល ម៉ាថាយ ១៣:៥៥ ) ។ តើអ្វីទៅដែលជាកិច្ចការរបស់ព្រះវរបិតាសួគ៌របស់ទ្រង់ ? ( សូមមើល លូកា ២:៤៦–៤៩; សូមមើលផងដែរ ម៉ូសេ ១:៣៩ ) ។
-
សូមអាន លូកា ២:៤៦–៤៩ ជាមួយនឹងកុមារ ហើយសួរថា « តើព្រះយេស៊ូវបានធ្វើ ‹ កិច្ចការរបស់ព្រះវរបិតា › របស់ទ្រង់យ៉ាងណាដែរ ? សូមជួយឲ្យកុមារសរសេរ ឬគូរនៅលើក្ដារខៀនពីរបៀបដែលពួកគេអាចជួយធ្វើកិច្ចការរបស់ព្រះវរបិតាសួគ៌ផងដែរ ។
-
ដើម្បីជួយកុមារឲ្យសាងនូវទំនុកចិត្តរបស់ពួកគេថា ពួកគេអាចបង្រៀនដំណឹងល្អដូចជាក្មេងប្រុសយេស៊ូវដែរនោះ សូមជួយពួកគេអនុវត្តការបង្រៀនគោលការណ៍មួយដល់គ្នាទៅវិញទៅមកចេញពី ដើម្បីកម្លាំងនៃយុវជន ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
អញ្ជើញកុមារឲ្យបង្រៀនអ្វីមួយដែលពួកគេបានរៀនអំពីការប្រសូតរបស់ព្រះគ្រីស្ទដល់គ្រួសាររបស់ពួកគេ ។