ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៧​–​១៣ ខែ មករា ។ ម៉ាថាយ ១; លូកា ១ ៖ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ ›


« ថ្ងៃទី ៧​–​១៣ ខែ មករា ។ ម៉ាថាយ ១; លូកា ១ ៖ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ៧​–​១៣ ខែ មករា ។ ម៉ាថាយ ១; លូកា ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ម៉ារា និង អេលីសាបិត

ថ្ងៃទី ៧​–​១៣ ខែ មករា

ម៉ាថាយ ១; លូកា ១

« សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ »

សូម​ចាប់ផ្ដើម​ដោយ​ការអាន ម៉ាថាយ ១ និង លូកា ១ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ជំពូក​ទាំងនេះ ហើយ​គម្រោង​មេរៀន​នេះ​អាច​ផ្ដល់​នូវ​គំនិត​បង្រៀន​នានា​ដល់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​បន្ថែម​ក្នុង​ការបង្រៀន​ដល់​កុមារ​តូចៗ សូម​មើល « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅ​ខាងដើម​នៃ​ធនធាន​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​អង្គុយ​ជា​រង្វង់ រួច​ហើយ​សុំ​ឲ្យ​កុមារ​ម្នាក់​ចែកចាយ​អ្វីមួយ​ដែល​គាត់​បាន​រៀន​ចេញពី​ព្រះគម្ពីរ​នៅ​សប្ដាហ៍​នេះ ឬ​ពេល​ណា​ផ្សេង ។ បន្ទាប់មក កុមារ​នោះ​អាច​បោះ​កូនបាល់ ឬ​ចង្អុល​ទៅ​កុមារ​ម្នាក់​ទៀត​នៅក្នុង​រង្វង់​នោះ ដែល​នឹង​ត្រូវ​ចែកចាយ​បន្ទាប់ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨

ទេវតា​ប្រកាស​អំពី​កំណើត​ព្រះយេស៊ូវ

ទាំង​ម៉ារា និង​យ៉ូសែប ត្រូវបាន​ទេវតា​មួយ​អង្គយាងមកជួប ដែល​បាន​ប្រកាស​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បទពិសោធន៍​ទាំងនេះ​អាច​ជួយ​ឲ្យ​កុមារ​ឃើញ​ពី​សារៈសំខាន់​នៃ​ការប្រសូត​របស់​ព្រះគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​ឪពុកម្ដាយ​របស់​កុមារ​ម្នាក់​ឲ្យ​មក​ក្នុង​ថ្នាក់រៀន ដោយ​ស្លៀកពាក់​ជា​ម៉ារា និង​យ៉ូសែប ។ សូម​ឲ្យ​ពួកគាត់​ចែកចាយ​បទពិសោធន៍​របស់​ពួកគាត់​ដូច ដែល​បាន​កត់ត្រា​នៅក្នុង ម៉ាថាយ ១:១៨–២៥ និង លូកា ១:២៦–៣៨ ។

  • សូម​តំណាល​រឿង​ដែល​ទេវតា​បាន​លេច​មក​ឯ​ម៉ារា និង​យ៉ូសែប ដូច​ដែល​បាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( សូមមើល​ផងដែរ « ជំពូក​ទី ២ ៖ ម៉ារា និង​ទេវតា » និង « ជំពូក​ទី ៤ ៖ យ៉ូសែប និង​ទេវតា » រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៨–៩, ១២ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើគេហទំព័រ LDS.org ) ។ អ្នក​អាច​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ។ អញ្ជើញ​កុមារ​ឲ្យ​តំណាល​រឿង​នេះ​សារឡើង​វិញ​ប្រាប់​អ្នក ។

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​រឿង​នេះ​ដែល​មាន​កត់ត្រា​នៅក្នុង ម៉ាថាយ ១:១៨–២៥ និង លូកា ១:២៦–៣៨ ។

លូកា ១:៥–២០, ៥៧–៦៣

ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។

សាការី និង​អេលីសាបិត ប្រហែល​ជា​បាន​អធិស្ឋាន​សុំ​កូន​មួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ។ នៅ​ទីបំផុត ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ពួកគេ ដោយ​បញ្ជូន​កូនប្រុស​ម្នាក់​ឈ្មោះ យ៉ូហាន បាទីស្ទ ដល់​ពួកគេ ។ តើ​អ្នក​អាច​ប្រើ​រឿង​នេះ​ដើម្បី​បង្រៀន​ដល់​កុមារ​ថា ព្រះវរបិតាសួគ៌​ឆ្លើយតប​នឹង​ការអធិស្ឋាន​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​រឿង​នៅក្នុង លូកា ១:៥–២០, ៥៧–៦៣ ជា​សម្ដី​របស់​អ្នកផ្ទាល់ ។ អ្នក​អាច​សុំ​កុមារ​ឲ្យ​តំណាល​រឿង​នេះ​សារឡើង​វិញ​ពីរ​បី​ដង ។ សូម​ចាត់តាំង​ឲ្យ​កុមារ​ដើរតួ​ធ្វើ​ជា​ទេវតា សាការី និង​អេលីសាបិត ហើយ​សម្ដែង​រឿង​នេះ ។ សូម​សង្កត់​ធ្ងន់​ថា ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​អេលីសាបិត និង​សាការី ហើយ​សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​អ្នក ។

  • សូម​ប្រើ « យើង​បន្ទន់​កេសា » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨ ឬ​ចម្រៀង​ផ្សេង​ទៀត​ដើម្បី​បង្រៀន​កុមារ​ឲ្យ​ចេះ​អធិស្ឋាន ។ អ្នក​ក៏​អាច​ច្រៀង​បទ « ការអធិស្ឋាន​របស់​កុមារ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦ ផងដែរ ។ រាល់​ពេល​ដែល​កុមារ​ច្រៀង​ដល់​ពាក្យ « អធិស្ឋាន » ឬ « ការអធិស្ឋាន » សូម​ឲ្យ​ពួកគេ​ឱន​ក្បាល​របស់​ពួកគេ​ចុះ ហើយ​ឱប​ដៃ ។

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​ធ្វើ​កាយវិការ​ដែល​តំណាង​ឲ្យ​អ្វី​មួយ​ដែល​គេ​អាច​អធិស្ឋាន​សុំ ។ អញ្ជើញ​កុមារ​ផ្សេង​ទៀត​ឲ្យ​ទស្សន៍ទាយ​ថា តើ​កាយវិការ​នោះ​តំណាង​ឲ្យ​អ្វី ។ ពួកគេ​អាច​រកឃើញ​គំនិត​នៅលើ​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ។

លូកា ១:៣១–៣៥

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះវរបិតាសួគ៌ និង​ម៉ារា ។ តើអ្នក​អាចធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​រៀនសូត្រ​បន្ថែម​ទៀត​អំពី​ទ្រង់ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​ថា ទេវតា​បាន​មាន​បន្ទូល​ទៅ​ម៉ារា​ថា ទារក​របស់​នាង​នឹង​ត្រូវ​បាន​ហៅ​ថា ព្រះរាជបុត្រា​របស់​ព្រះ ( សូមមើល លូកា ១:៣៥ ) ។ សូម​ជួយ​កុមារ​ឲ្យ​ថា​ឃ្លា « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ » សារឡើង​វិញ ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​ថា នរណា​ជា​ឪពុកម្ដាយ​របស់​ព្រះយេស៊ូវ ដោយ​ឲ្យ​ពួកគេ​គូរ​រូប​ឪពុក​ម្ដាយ​របស់​ពួកគេ ។ កាល​ពួកគេ​ធ្វើ​ដូច្នេះ សូម​ប្រាប់​ពួកគេ​ថា ព្រះយេស៊ូវ​ក៏​មាន​ឪពុក​ម្ដាយ​ដែរ—គឺ​ម៉ារា និង​ព្រះវរបិតាសួគ៌ ។ លើស​ពី​នេះ យ៉ូសែប ត្រូវ​បាន​សុំ​ឲ្យ​ជួយ​ការពារ និង​មើលថែ​ដល់​ព្រះយេស៊ូវ កាល​ទ្រង់​បាន​រស់នៅ​លើ​ផែនដី​នេះ ។

  • សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ដោយសារ​ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ នោះ​ទ្រង់​អាច​សុគត​សម្រាប់​អំពើបាប​របស់​យើង ហើយ​ទទួល​បាន​ព្រះជន្ម​ជាថ្មី ។ សូម​បង្ហាញ​រូបភាព ការឆ្កាង​របស់​ព្រះយេស៊ូវ និង​ការរស់​ឡើងវិញ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៧៥៩ ) ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ម៉ាថាយ ១:១៨–២៥; លូកា ១:៥–៣៧

ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ គ្មាន​សោះ​ឡើយ ។

ការប្រសូត​របស់​ព្រះយេស៊ូវ និង​យ៉ូហាន បាទិស្ទ អាច​ធ្វើ​ទៅបាន​តែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះ​ប៉ុណ្ណោះ ។ ការរៀនសូត្រ​អំពី​អព្ភូតហេតុ​ទាំងនេះ​អាច​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​កុមារ​ថា ព្រះ​មាន​អំណាច​ធ្វើ​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • កាល​អ្នក និង​កុមារ​រំឭក​ខគម្ពីរ ម៉ាថាយ ១:១៨–២៥ និង លូកា ១:៥–៣៧ នោះ​សូម​សួរ​ដល់​កុមារ​នូវ​សំណួរ​ដូចជា « តើ​ប្អូន​នឹង​និយាយ​អ្វី ប្រសិន​បើ​ប្អូន​គឺជា​ម៉ារា​នោះ ? » ឬ « តើ​ប្អូន​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ប្អូន​ជា​សាការី​នោះ ? »

  • សូម​តំណាល​រឿង​អំពី​កំណើត​របស់​យ៉ូហាន បាទីស្ទ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​ពាក្យ​ងាយ​ស្ដាប់​បាន ។ សូម​ឲ្យ​កុមារ​លើក​ដៃ​ឡើង នៅ​ពេល​ពួកគេ​ស្ដាប់​ឮ​អ្វី​មួយ​ដែល​មើល​ទៅ​មិន​អាច​កើត​មាន​ឡើង បើ​គ្មាន​អំណាច​របស់​ព្រះ​ទេ​នោះ ។ តើ​មាន​រឿង​ផ្សេង​ទៀត​ណា​ខ្លះ ដែល​កុមារ​អាច​ចែកចាយ ដែល​ក្នុង​រឿង​នោះ​ព្រះ​បាន​ធ្វើ​អ្វីមួយ​ដែល​មើល​ទៅ​ហាក់​ដូចជា​មិន​អាច​ទៅ​រួច ?

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ លូកា ១:៣៧ ។ ដើម្បី​ទន្ទេញ​វា​ចាំ អ្នក​អាច​សរសេរ​ខគម្ពីរ​នេះ​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​កុមារ​សូត្រ​វា​បី​បួន​ដង ។ បន្ទាប់​ពី​សូត្រ​បាន​ម្ដង សូម​លុប​ពាក្យ​មួយ​ចោល ។

ម៉ាថាយ ១:២១–២៥; លូកា ១:៣០–៣៥, ៤៦–៤៧

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះវរបិតាសួគ៌ និង​ម៉ារា ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រៀន​ពី​សេចក្ដីពិត​នេះ​តាម​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​អាន លូកា ១:៣០–៣៥ ហើយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ៖ « តើ​នរណា​ជា​មាតា​របស់​ព្រះយេស៊ូវ ? » និង « តើ​នរណា​ជា​ព្រះបិតា​របស់​ព្រះយេស៊ូវ ? » សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​តែ​មួយ​គត់​ដែល​មាន​ឪពុក​ខាង​សាច់ឈាម​ជា​ព្រះវរបិតាសួគ៌ ( សូមមើល​ផងដែរ នីហ្វៃទី ១ ១១:១៨–២១ ) ។

  • កាល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​កុមារ​ស្វែងរក​ឈ្មោះ ឬ​ងារ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ឈ្មោះ​ទាំងនេះ​មាន​ន័យ​ដូចម្ដេច ហើយ​តើ​វា​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ?

  • សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​សុំ​ឲ្យ​កុមារ​ចែកចាយ​ដែរ ។

កាព្រីយ៉ែល​លេច​មក​ជួប​ម៉ារា

ការជូន​ដំណឹង ដោយ ចន ស្កត

លូកា ១:៥–២៥, ៥៧–៨០

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

ព្រះ​ឆ្លើយតប​ការអធិស្ឋាន ប៉ុន្ដែ​វា​មិន​តាម​របៀប​ដែល​យើង​រំពឹង​ទុក​ជានិច្ច​នោះ​ទេ ។ តើ​អ្នក​អាច​ប្រើ​ដំណើររឿង​របស់​សាការី និង​អេលីសាបិត បង្រៀន​ដល់​កុមារ​អំពី​សេចក្ដីពិត​នេះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​ប្រាប់​នរណាម្នាក់ ដែល​បាន​អធិស្ឋាន​សុំ​ពរជ័យ ប៉ុន្ដែ​មិន​ទាន់​បាន​ទទួល​ពរជ័យ​នោះ​នៅឡើយ​ដូចម្ដេច ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ​នេះ កាល​ពួកគេ​អាច​រួម​គ្នា​ក្នុង លូកា ១:៥–២៥, ៥៧–៨០ ។ ( សូមមើល​ផងដែរ « ជំពូក​ទី ១ ៖ អេលីសាបិត និង​សាការី » និង « ជំពូក​ទី ៣ ៖ យ៉ូហាន បាទីស្ទ​បាន​ចាប់​កំណើត » រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៦–៧, ១០–១១ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ LDS.org ) ។ តើ​សាការី និង​អេលីសាបិត អាច​ប្រាប់​នរណាម្នាក់​ដែល​បាន​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​ពួកគេ​មិន​បាន​ទទួល​ចម្លើយ​សោះ​យ៉ាង​ដូចម្ដេច ?

  • សុំ​កុមារ​បីបួន​នាក់​ពី​មុន​ថ្នាក់​ចាប់ផ្ដើម ឲ្យ​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ ។ សូម​ចែកចាយ​គ្រា​មួយ​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​អ្នក​ទទួល​បាន​ចម្លើយ​តាម​របៀប​ដែល​មិន​បាន​រំពឹង​ទុក​មួយ ។

  • សុំ​កុមារ​គូរ​រូបភាព​មួយ​នៃ​គ្រា​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​—​ជាពិសេស​ចំពោះ​ការអធិស្ឋាន​មួយ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនូរ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

សូម​ឲ្យ​កុមារ​ចែកចាយ​រូបភាព​ដែល​ពួកគេ​បាន​គូរ​នោះ​ដល់​គ្រួសារ​របស់​ពួកគេ រួច​ហើយ​សុំ​ឲ្យ​សមាជិក​គ្រួសារ​របស់​គេ​ចែកចាយ​នូវ​គ្រា​ដែល​ព្រះ​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគាត់ ។

កែលម្អ​ការបង្រៀន​របស់​យើង

សូម​ជួយ​កុមារ​តូចៗ​ឲ្យ​រៀន​ចេញ​ពី​ព្រះគម្ពីរ ។ ដើម្បី​ជួយ​កុមារ​តូចៗ​ឲ្យ​រៀន​ចេញពី​ព្រះគម្ពីរ សូម​ផ្ដោត​លើ​ខគម្ពីរ​តែ​មួយ ឬ​តែ​ឃ្លា​គន្លឹះ​មួយ​ឃ្លា​ប៉ុណ្ណោះ ។ អ្នក​អាច​ឲ្យ​កុមារ​ក្រោកឈរ ឬ​លើក​ដៃ​ឡើង នៅពេល​ពួកគេ​ឮ​ពាក្យ ឬ​ឃ្លា​នោះ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២១ ) ។

ទំព័រ​សកម្មភាព ៖ ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ