« ថ្ងៃទី ៤–១០ ខែ កុម្ភៈ ។ ម៉ាថាយ ៤, លូកា ៤–៥ ៖ ‹ ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ៤–១០ ខែ កុម្ភៈ ។ ម៉ាថាយ ៤, លូកា ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៤–១០ ខែ កុម្ភៈ
ម៉ាថាយ ៤; លូកា ៤–៥
« ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ »
សូមចាប់ផ្ដើមការរៀបចំមេរៀនរបស់អ្នកនេះដោយការអាន ម៉ាថាយ ៤ និង លូកា ៤–៥ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារហុចរូបភាពព្រះយេស៊ូវពីកុមារម្នាក់ទៅកុមារម្នាក់ទៀត ។ កាលកុមារម្នាក់ៗទទួលបានរូបភាពនោះ សូមឲ្យគេចែកចាយរឿងមួយចំនួនដែលព្រះយេស៊ូវបានធ្វើ កាលទ្រង់បាននៅលើផែនដីនេះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំអាចជ្រើសរើសផ្លូវត្រូវ ដូចព្រះយេស៊ូវបានធ្វើដែរ ។
កូនក្មេងតូច « ពុំអាចធ្វើបាបបានទេ » ( គ. និង ស. ២៩:៤៧ ) ។ ទោះយ៉ាងណាក្ដី ដំណើររឿងព្រះយេស៊ូវដែលតតាំងនឹងការល្បួងរបស់សាតាំង អាចបំផុសគំនិតដល់កុមារឲ្យចាប់ផ្ដើមជ្រើសរើសផ្លូវត្រូវនាពេលនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់ពីដំណើររឿងការល្បួងព្រះយេស៊ូវចេញពី ម៉ាថាយ ៤:១–១១ ។ ( សូមមើលផងដែរ « ជំពូកទី ១១ ៖ ព្រះយេស៊ូវត្រូវបានល្បួង » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៣០–៣១ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ LDS.org ) ។ នៅចំណុចសមរម្យក្នុងដំណើររឿងត្រង់ណាមួយ សូមសួរថា « តើអ្នកគិតថា ព្រះយេស៊ូវគួរធ្វើអ្វី ? »
-
សូមបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទ រួចហើយពិពណ៌នាអំពីជម្រើសដែលកុមារតូចម្នាក់អាចរើសបាន ។ សម្រាប់ជម្រើសល្អនីមួយៗ សូមឲ្យកុមារបោះមួយជំហានទៅមុខទៅកាន់រូបភាពនោះ ។ សម្រាប់ជម្រើសមិនល្អនីមួយៗ សូមឲ្យពួកគេបោះមួយជំហានថយក្រោយពីរូបភាពនោះ ។
-
សូមជួយកុមារឲ្យរៀនពាក្យក្នុងបទ « ជ្រើសរើសផ្លូវត្រូវ »សៀវភៅចម្រៀងកុមារ ទំព័រ ៨២ ដោយប្រើរូបភាព វត្ថុ ឬជំនួយចក្ខុផ្សេងទៀតដែលត្រូវនឹងទំនុកចម្រៀងនេះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
លូកា ៤:១៨–១៩ មានរាយនូវចំណុចនានានៃបេសកកម្មរបស់ព្រះយេស៊ូវ ។ តើអ្នកអាចជួយកុមារឲ្យអរគុណចំពោះអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន លូកា ៤:១៨–១៩ ដល់កុមារ ហើយសូមពន្យល់ពីអ្វីដែលព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជូនមកកាន់ផែនដីឲ្យធ្វើ ( បង្រៀន លួងលោម និងព្យាបាលមនុស្ស ) ។ សូមចែកចាយពីវិធីដែលទ្រង់បានធ្វើការណ៍នេះសម្រាប់អ្នក ។
-
សូមអញ្ជើញកុមារពីរបីនាក់ឲ្យធ្វើជាយល់ច្រឡំ ក្រៀមក្រំ ឬឈឺ ។ សូមឲ្យកុមារផ្សេងទៀតដើរតួសម្ដែងអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយដល់ពួកគេទាំងនេះ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានមកបង្រៀន លួងលោម និងព្យាបាលពួកយើង ហើយថាយើងគួរតែធ្វើតាមគំរូរបស់ទ្រង់ ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវបំពេញកិច្ចការទាំងឡាយក្នុងបេសកកម្មរបស់ទ្រង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ) ហើយសូមឲ្យកុមារពិពណ៌នាពីអ្វីដែលព្រះយេស៊ូវកំពុងធ្វើ ។ សូមបង្ហាញរូបភាពមនុស្សដែលព្យាយាមក្លាយខ្លួនដូចជាព្រះយេស៊ូវផងដែរ ( អ្នកអាចទទួលបានរូបភាពមួយចំនួនពីក្នុងទស្សនាវដ្ដីសាសនាចក្រ ) ។
-
សូមសរសេរឃ្លានានានៅលើចម្រៀកក្រដាសដែលចាប់ផ្ដើមដោយ « ដោយសារតែព្រះយេស៊ូវគ្រីស្ទ » ( ដូចជា « ដោយសារតែព្រះយេស៊ូវគ្រីស្ទ គ្រួសាររបស់ខ្ញុំអាចរស់នៅជាមួយគ្នាជានិរន្ដរ » ) ។ សូមឲ្យកុមារម្នាក់ជ្រើសយកចម្រៀកក្រដាសមួយ ហើយជួយគេឲ្យអានឃ្លានោះ ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យក្លាយជា « អ្នកនេសាទមនុស្ស » ។
ការហៅរបស់ព្រះអង្គសង្គ្រោះ « ចូរមកតាមខ្ញុំៗនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញ » ( ម៉ាថាយ ៤:១៩ ) អនុវត្តបានចំពោះមនុស្សគ្រប់រូប រួមទាំងកុមារផងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារពីរនាក់ធ្វើជាស៊ីម៉ូន ពេត្រុស និងអនទ្រេ កាលអ្នកអាន ម៉ាថាយ ៤:១៨–២២ ។ សូមជួយកុមារឲ្យរកមើលអ្វីដែលបុរសទាំងនេះបានលះបង់ដើម្បីដើរតាមព្រះយេស៊ូវ ។
-
សូមឲ្យកុមារប្ដូរវេនគ្នាតំណាលរឿងចេញពីខគម្ពីរទាំងនេះ ដោយបង្ហាញរូបភាពនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ។
-
សូមច្រៀងរួមគ្នាបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ៨៦ ។ តើយើងអាចរៀនអ្វីខ្លះ ចេញពីចម្រៀងនេះអំពីការដើរតាមព្រះយេស៊ូវ ?
-
សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីពិភាក្សាជាមួយនឹងកុមារពីរបៀបដែលពួកគេអាចក្លាយខ្លួនជា « អ្នកនេសាទមនុស្ស » ដោយការដើរតាមព្រះយេស៊ូវ ។ អ្នកក៏អាចបង្ហាញល្បែងដែលត្រូវន័យគ្នាមួយផងដែរ ៖ សូមកាត់រូបត្រីពីរចេញពីក្រដាស ផ្កាប់រូបត្រីចុះ រួចឲ្យកុមារបើកវាឡើងម្ដងមួយដើម្បីផ្គូផ្គងគ្នា ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះយេស៊ូវធ្វើជាគំរូដល់ខ្ញុំ ដោយការតតាំងនឹងការល្បួង ។
សូម្បីព្រះយេស៊ូវគ្រីស្ទក៏ត្រូវបានល្បួងដោយសាតាំងដែរ ប៉ុន្ដែទ្រង់មិនដែលចុះចូលវាឡើយ ។ តើអ្នកអាចជួយកុមារឲ្យធ្វើតាមគំរូរបស់ទ្រង់តាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមធ្វើតារាងមួយនៅលើក្ដារខៀនដោយសរសេរចំណងជើងថា ការល្បួងរបស់សាតាំង និង ការឆ្លើយតបរបស់ព្រះយេស៊ូវ ។ សូមជួយកុមារឲ្យបំពេញតារាងនោះដោយប្រើ ម៉ាថាយ ៤:១–១១ និង លូកា ៤:១–១៣ ។ សូមសួរកុមារថា តើពួកគេអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។
-
សូមសរសេរសាច់រឿងខ្លះដែលក្នុងនោះ មានកុមារម្នាក់ត្រូវបានល្បួងឲ្យជ្រើសរើសផ្លូវខុស ។ សូមឲ្យកុមារម្នាក់ជ្រើសរើសរឿងមួយអាន ហើយពិភាក្សារួមគ្នាក្នុងថ្នាក់ពីរបៀបដែលពួកគេអាចតតាំងនឹងការល្បួងនៅក្នុងស្ថានភាពបែបនោះបាន ។
ការតមអាហារអាចជួយខ្ញុំឲ្យមានអារម្មណ៍ថានៅក្បែរនឹងព្រះវរបិតាសួគ៌ ។
ពីមុនចាប់ផ្ដើមការបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានតមអាហារ ហើយ « មានបន្ទូលនឹងព្រះ » ( ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ៤:២ [ នៅក្នុង ម៉ាថាយ ៤:២, លេខយោង គ ] ) ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលការតមអាហារអាចផ្ដល់នូវកម្លាំងខាងវិញ្ញណដល់ពួកគេ ហើយជួយពួកគេឲ្យមានអារម្មណ៍ខិតជិតព្រះវរបិតាសួគ៌ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារម្នាក់ឲ្យអាន ម៉ាថាយ ៤:១–២ ឮៗ ដោយប្រើកំណែការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ដែលមាននៅក្នុងលេខយោងនោះ ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះដើម្បី « គង់នៅជាមួយនឹងព្រះ » ? សូមចែកចាយពីរបៀបដែលការតមអាហារបានជួយអ្នកឲ្យមានអារម្មណ៍ថានៅក្បែរនឹងព្រះវរបិតាសួគ៌ ។
-
សូមឲ្យកុមារដែលធ្លាប់បានតមអាហារពីមុនចែកចាយនូវបទពិសោធន៍របស់ពួកគេ ។ តើពួកគេនឹងពន្យល់ពីការតមអាហារដល់នរណាម្នាក់ដែលពុំធ្លាប់បានតមអាហារពីមុនមកដោយរបៀបណា ?
-
សូមសរសេរសំណួរអំពីការតមអាហារ ( ដូចជា មូលហេតុ ពេលវេលា ឬរបៀបដែលយើងតមអាហារ ) នៅលើក្រដាសមួយ ហើយដាក់វានៅក្នុងចានគោមមួយ ។ សូមឲ្យកុមារចាប់យកសំណួរមួយ ហើយព្យាយាមឆ្លើយនឹងសំណួរនោះ ។ តើបទពិសោធន៍អ្វីដែលអ្នក ឬកុមារអាចចែកចាយអំពីការតមអាហារ ?
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
សូមពិចារណាអំពីរបៀប ដែលព្រះអង្គសង្គ្រោះបានប្រទានពរដល់ជីវិតរបស់អ្នក ។ តើអ្នកអាចជួយកុមារឲ្យកោតសរសើរដល់ឥទ្ធិពលរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេកាន់តែខ្លាំងឡើងដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់រៀបចំឡើងមកសង្ខេប លូកា ៤:១៦–៣០ ។ វាអាចមានប្រយោជន៍ក្នុងការប្រើ « ជំពូកទី ១៧ ៖ មនុស្សក្រោធខឹងនៅភូមិណាសារ៉ែត »រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៤២–៤៣, វីដេអូដែលត្រូវគ្នានៅលើគេហទំព័រ ( LDS.org ); ឬ វីដេអូ « Jesus Declares He Is the Messiah » (LDS.org ) ។
-
សូមអាន លូកា ៤:១៨ ឮៗ ខណៈកុមារផ្ទៀងតាម ។ សូមឲ្យពួកគេបង្កើតបញ្ជីរឿងមួយដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទ្រង់បានយាងមកដើម្បីធ្វើការណ៍នោះ ។ សូមឲ្យកុមារចែកចាយពីឧទាហរណ៍នៃគ្រាដែលព្រះគ្រីស្ទបានធ្វើការណ៍ទាំងនេះ ដោយយកចេញពីព្រះគម្ពីរ ឬពីក្នុងជីវិតរបស់ពួកគេក៏បាន ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យដើរតាមទ្រង់ ហើយក្លាយជា « អ្នកនេសាទមនុស្ស » ។
មានវិធីជាច្រើនដែលកុមារអាចធ្វើតាមព្រះអង្គសង្គ្រោះ ហើយក្លាយខ្លួនជា « អ្នកនេសាទមនុស្ស » ( ម៉ាថាយ ៤:១៩ ) ។ តើអ្នកនឹងជួយពួកគេឲ្យឃើញពីឥទ្ធិពលដ៏ល្អ ដែលពួកគេអាចមានលើមនុស្សដទៃដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន ម៉ាថាយ ៤:១៨–២២ និង លូកា ៥:១–១១ ។ តើពួកសិស្សរបស់ព្រះយេស៊ូវបានឆ្លើយតបនឹងការហៅរបស់ទ្រង់ឲ្យដើរតាមទ្រង់យ៉ាងដូចម្ដេច ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាមគំរូរបស់ពួកលោក ?
-
សូមបង្ហាញដល់កុមារនូវសម្ភារស្ទូចត្រីមួយចំនួន ឬរូបភាពអ្នកស្ទូចត្រីម្នាក់ ។ តើ « អ្នកនេសាទមនុស្ស » មានន័យដូចម្ដេច ? តើសម្ភារអ្វីខ្លះដែលយើងត្រូវមានដើម្បីជួយយើងឲ្យក្លាយជាអ្នកនេសាទមនុស្ស ?
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេបានរៀនអំពីការក្លាយខ្លួនជាអ្នកនេសាទមនុស្ស ។