« ថ្ងៃទី ៩–១៥ ខែ ធ្នូ វិវរណៈ ១–១១ ៖ ‹ សិរីល្អ និងព្រះចេស្ដាដល់ … កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៩–១៥ ខែ ធ្នូ វិវរណៈ ១–១១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៩–១៥ ខែ ធ្នូ
វិវរណៈ ១–១១
« សិរីល្អ និងព្រះចេស្ដាដល់ … កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ »
និមិត្តរូបនៅក្នុងគម្ពីរវិវរណៈអាចពិបាកយល់សម្រាប់កុមារ ប៉ុន្តែគម្ពីរវិវរណៈក៏មាននូវគោលលទ្ធិសំខាន់ជាទីពេញចិត្ត និងសាមញ្ញដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអារម្មណ៍របស់ពួកគេ ប្រសិនបើពួកគេបានឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងការនិមិត្ត ។ សូមពន្យល់ថា នៅក្នុងគម្ពីរវិវរណៈ យ៉ូហានបានពិពណ៌នាអំពីការនិមិត្តមួយ ដែលលោកបានឃើញព្រះយេស៊ូវ និងអ្វីៗសំខាន់ជាច្រើនទៀតអំពីអតីតកាល និងអនាគតកាល ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំអាចអញ្ជើញយាងព្រះយេស៊ូវគ្រីស្ទចូលមកក្នុងជីវិតរបស់ខ្ញុំ ។
ការប្រៀបប្រដូចព្រះយេស៊ូវឈរនៅមាត់ទ្វារ ហើយគោះទ្វារ អាចជួយកុមារឲ្យយល់ថា ទ្រង់សព្វព្រះទ័យគង់នៅក្បែរពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ រួចសូមអាន វិវរណៈ ៣:២០ ។ សូមអញ្ជើញកុមារឲ្យស្រមៃថា ព្រះយេស៊ូវកំពុងគោះទ្វារផ្ទះរបស់ពួកគេ ។ តើពួកគេនឹងយាងទ្រង់ចូលក្នុងផ្ទះដែរឬទេ ? តើពួកគេគិតថា ទ្រង់នឹងមានបន្ទូល ឬធ្វើអ្វីខ្លះ ?
-
សូមអញ្ជើញកុមារឲ្យប្រាប់អ្នក អំពីគ្រាទាំងឡាយដែលពួកគេបានរង់ចាំនរណាម្នាក់មកលេងផ្ទះរបស់ពួកគេ ជាគ្រាដែលពួកគេរំភើបចង់ឃើញ ។ តើពួកគេមានអារម្មណ៍ដូចម្ដេច ក្នុងការរង់ចាំបុគ្គលនោះមកគោះទ្វាររបស់ពួកគេ ? ចុះប្រសិនបើពួកគេមិនអនុញ្ញាតឲ្យបុគ្គលនោះចូលក្នុងផ្ទះវិញនោះ ? សូមអាន វិវរណៈ ៣:២០ រួចឲ្យកុមារដាក់វេនគ្នាកាន់រូបភាពព្រះយេស៊ូវ ហើយធ្វើជាអ្នកគោះទ្វារ ។ កុមារដទៃទៀតក្នុងថ្នាក់អាចធ្វើជាអ្នកបើកទ្វារ ។ តើយើងអាចធ្វើដូចម្ដេចដើម្បីយាងព្រះយេស៊ូវគង់នៅក្បែរយើង ទោះជាយើងពុំអាចមើលឃើញទ្រង់ក៏ដោយនោះ ។ សូមគិតដល់ការចែករូបភាពព្រះយេស៊ូវឲ្យកុមារម្នាក់ៗយកទៅផ្ទះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយគត់ ដែលសក្ដិសមនឹងធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
យ៉ូហានបានរៀនចេញពីការនិមិត្តរបស់លោកថា មានតែព្រះយេស៊ូវគ្រីស្ទ ( ដែលមានរូបតំណាងជាកូនចៀម ) ប៉ុណ្ណោះ ទើបអាចធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ហើយបំពេញតាមផែនការរបស់ព្រះវរបិតាសួគ៌ ( ដែលមានរូបតំណាងជាគម្ពីរដែលបានបិទត្រា ) បាន ។
សកម្មភាពដែលអាចជ្រើសរើស
-
ពីមុនចាប់ផ្ដើមថ្នាក់រៀន សូមស្វែងរករូបភាពនានាដែលតំណាងឲ្យពរជ័យដែលមានដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( ដូចជាព្រះវិហារបរិសុទ្ធ ពិធីបុណជ្រមុជទឹក និងក្រុមគ្រួសារ ) សូមដាក់រូបភាពទាំងនោះនៅក្នុងសៀវភៅមួយក្បាល រួចរុំសៀវភៅនោះដោយក្រដាស ឬខ្សែ ។ ដោយប្រើឃ្លាគន្លឹះមួយចំនួនចេញពី វិវរណៈ ៥:១–១០ សូមពិពណ៌នាអំពីការនិមិត្តដែលយ៉ូហានបានឃើញ ។ សូមបង្ហាញសៀវភៅនោះដល់កុមារ រួចប្រាប់ពួកគេថា វិធីតែមួយគត់ដើម្បីបើកសៀវភៅនេះបាន គឺត្រូវស្វែងរករូបភាពព្រះយេស៊ូវគ្រីស្ទដែលអ្នកបានលាក់នៅក្នុងបន្ទប់ ។ នៅពេលពួកគេរកឃើញរូបភាព សូមបើកសៀវភៅ រួចចែកចាយជាមួយកុមារនូវរូបភាពទាំងឡាយនៅក្នុងសៀវភៅនោះ ។ សូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះគឺជាអង្គតែមួយគត់ ដែលអាចធ្វើឲ្យមានអ្វីទាំងនេះកើតឡើងបាន ។
-
សូមសង្ខេបការនិមិត្តដែលមានពិពណ៌នានៅក្នុង វិវរណៈ ៥:១–១០ រួចអញ្ជើញកុមារឲ្យសម្ដែងតាមអារម្មណ៍របស់យ៉ូហាន និងមនុស្សដទៃទៀតដែលមាននៅក្នុងផ្នែកផ្សេងៗគ្នានៃការនិមិត្ត ។ ឧទាហរណ៍ ពួកគេអាចធ្វើជាយំនៅពេលគ្មាននរណាម្នាក់អាចបើកសៀវភៅបាន ឬពួកគេអាចធ្វើជារីករាយនៅពេលព្រះអង្គសង្គ្រោះបានបើកវាឡើង ។
ព្រះយេស៊ូវគ្រីស្ទជួយខ្ញុំឲ្យបានស្អាតស្អំពីអំពើបាប ។
យ៉ូហានបានឃើញមនុស្សជាច្រើនពាក់អាវដែលបាន « ធ្វើឲ្យ … សក្នុងឈាមរបស់កូនចៀម ( ខទី ១៤ ) ។ សូមពិចារណាថា តើការនិមិត្តនេះអាចជួយកុមារឲ្យយល់ អំពីសារៈសំខាន់នៃការបានធ្វើឲ្យស្អាតស្អំពីអំពើបាបរបស់ពួកគេ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមារនូវសម្លៀកបំពាក់ពិធីបុណ្យជ្រមុជទឹក ឬសម្លៀកបំពាក់ពណ៌សដទៃទៀត និងរូបភាពរបស់ព្រះយេស៊ូវ ។ សូមអាន វិវរណៈ ៧:៩, ១៣–១៤ ឲ្យសិស្សស្ដាប់ រួចសូមឲ្យពួកគេចង្អុលទៅរូបភាព និងសម្លៀកបំពាក់ នៅរាល់ពេលដែលពួកគេឮពាក្យ ស ។ សូមពន្យល់ថា សម្លៀកបំពាក់សតំណាងឲ្យភាពស្អាតស្អំ ហើយរំឭកយើងថា ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យយើងបានស្អាតស្អំពីកំហុសរបស់យើង ។
-
សូមបង្ហាញអាវសមួយដល់កុមារ រួចឲ្យពួកគេធ្វើឲ្យអាវនោះកខ្វក់ដោយប្រើប៊ិចគូរ ឬប៉ាតដីនៅលើវា ។ សូមពន្យល់ថា អំពើបាបធ្វើឲ្យវិញ្ញាណរបស់យើងកខ្វក់ ។ សូមបង្ហាញរូបភាពព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី ( ដូចជា សៀវភៅរូបភាពដំណឹងល្អ ទំព័រ ៥៦ ) សូមដាក់អាវប្រឡាក់នៅឲ្យឆ្ងាយ រួចបង្ហាញអាវស្អាតដល់ពួកគេ ។ សូមថ្លែងទីបន្ទាល់ថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចក្លាយជាស្អាតស្អំបាន ។
-
សូមច្រៀងចម្រៀងមួយបទអំពីពិធីបុណ្យជ្រមុជទឹក ដូចជាបទ « ពេលខ្ញុំបានជ្រមុជទឹក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៣ ) រួចពិភាក្សាអំពីរបៀបដែលព្រះយេស៊ូវជួយយើង ឲ្យបានស្អាតស្អំនៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំអាចជ្រើសរើសយាងព្រះយេស៊ូវឲ្យធ្វើជាចំណែកមួយក្នុងជីវិតរបស់ខ្ញុំ ។
តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យបើកដួងចិត្ត និងជីវិតរបស់ពួកគេ ទទួលយកព្រះចេស្ដា និងឥទ្ធិពលរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យមើលទៅរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ រួចសូមអាន វិវរណៈ ៣:២០ ។ ដើម្បីជួយពួកគេឲ្យយល់អត្ថន័យចេញពីរូបភាព សូមអញ្ជើញពួកគេឲ្យធ្វើការជាគូដើម្បីឆ្លើយសំណួរដូចតទៅ ៖ តើអ្នកគិតថា ហេតអ្វីបានជាព្រះយេស៊ូវគោះទ្វារ ? ហេតុអ្វីបានជាគ្មានដៃទ្វារនៅខាងក្រៅទ្វារ ? តើការយាងព្រះយេស៊ូវចូលមកក្នុងជីវិតរបស់យើង មានន័យដូចម្ដេច ?
-
សូមឲ្យកុមារសរសេរនៅលើក្ដារខៀន នូវរបៀបខុសៗគ្នាដើម្បី « បើកទ្វារឲ្យ » ព្រះយេស៊ូវ ។ ឧទាហរណ៍មួយចំនួនអាចរួមមាន ការបម្រើមនុស្សដទៃ ការអានព្រះគម្ពីរ និង ការទទួលទានសាក្រាម៉ង់ ។
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយគត់ ដែលសក្ដិសមនឹងធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
ការនិមិត្តដែលមានពិពណ៌នានៅក្នុង វិវរណៈ ៥ បានបង្រៀនថា មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ទើបជាអង្គដែលសក្ដិសម ហើយអាចធ្វើដង្វាយធួន ព្រមទាំងសង្គ្រោះយើងពីអំពើបាបបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យប្រាប់អំពីគ្រាមួយ ដែលពួកគេបានត្រូវការនរណាម្នាក់ដើម្បីធ្វើកិច្ចការមួយ ដែលពួកគេពុំអាចធ្វើដោយខ្លួនពួកគេបាន ។ សូមឲ្យពួកគេអាន វិវរណៈ ៥:១–១០ រួចស្វែងរកអ្វីដែលចាំបាច់ដើម្បីធ្វើ ដែលមានតែបុគ្គលម្នាក់ប៉ុណ្ណោះដែលអាចធ្វើបាន ( សូមពន្យល់ថា កូនចៀមគឺជាព្រះយេស៊ូវគ្រីស្ទ រីឯក្រាំងតំណាងឲ្យផែនការរបស់ព្រះ ) ។ តើព្រះយេស៊ូវបានធ្វើអ្វីសម្រាប់យើង ដែលគ្មាននរណាទៀតអាចធ្វើបាននោះ ?
-
សូមឲ្យកុមារស្វែងរកទំនុកតម្កើង ឬចម្រៀងកុមារមួយបទដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( ដូចជាបទ « Beautiful Savior » Children’s Songbook ទំព័រ ៦២–៦៣ ) ។ តើទំនុកបទនៅក្នុងចម្រៀងនេះ បង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? តើចម្រៀងនេះមានលក្ខណៈដូចទៅនឹងទំនុកតម្កើង ដែលបានច្រៀងអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង វិវរណៈ ៥:៩–១០ យ៉ាងដូចម្ដេច ?
ដំណឹងល្អអាចជួយខ្ញុំយកឈ្នះលើការល្បួង ។
ផ្សែងដែលហុយឡើងធ្វើឲ្យអាកាសងងឹតនៅក្នុង វិវរណៈ ៩:២ អាចប្រដូចទៅនឹងការល្បួង ( សូមមើល នីហ្វៃទី១ ១២:១៧ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបព្រះអាទិត្យ និងពពកខ្មៅ រួចកាត់វាចេញ ។ សូមអញ្ជើញកុមារឲ្យអាន វិវរណៈ ៩:២ និង នីហ្វៃទី១ ១២:១៧ រួចសរសេរនៅលើពពកខ្មៅ នូវអ្វីដែលតំណាងឲ្យផ្សែង ឬអ័ព្ទនៅក្នុងខគម្ពីរទាំងនេះ ។ សូមបិទពពកខ្មៅនៅលើក្ដារខៀន រួចអញ្ជើញកុមារឲ្យធ្វើបញ្ជីនៃការល្បួងដែលកុមារជួបប្រទះនៅក្នុងវ័យរបស់ពួកគេ ។ បន្ទាប់មក សូមបិទព្រះអាទិត្យនៅលើក្ដារខៀន រួចឲ្យពួកគេធ្វើបញ្ជីនៃមធ្យោបាយ ដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង ដើម្បីយកឈ្នះលើភាពងងឹតនៃលោកិយ ។
-
តើកុមារអាចជួយមនុស្សដទៃ ដែលស្ថិតនៅក្នុងភាពងងឹតខាងវិញ្ញាណយ៉ាងដូចម្ដេច ? ដើម្បីជួយពួកគេឲ្យគិតអំពីសំណួរនេះ សូមបង្ហាញវីដេអូ « Choose the Light » ( LDS.org ) រួចអញ្ជើញពួកគេឲ្យប្រាប់អំពីអ្នកជិះកង់នៅក្នុងវីដេអូនោះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ អំពីរបៀបទាំងឡាយដែលពួកគេអាចអញ្ជើញឲ្យមានឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះ ចូលមកក្នុងជីវិតរបស់ពួកគេ ។