ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៦–២២ ខែ ធ្នូ បុណ្យគ្រីស្ទម៉ាស់ ៖ ‹ ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ ›


« ថ្ងៃទី ១៦–២២ ខែ ធ្នូ បុណ្យ​គ្រីស្ទម៉ាស់ ៖ ‹ ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៦–២២ ខែ ធ្នូ បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ទារកយេស៊ូវ​ផ្ទុំ​នៅ​ក្នុង​ស្នូក

សុវត្ថិភាព​នៅក្នុង​ក្រោល ដោយ ដាន ប៊ឺរ

ថ្ងៃទី ១៦–២២ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

« ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ »

មេរៀន​នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ប្រារព្ធ​ការប្រសូត ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​នៅ​ពេល​រដូវ​គ្រីស្ទម៉ាស់ ។ សូម​ចាំ​រឿង​នេះ​នៅ​ក្នុង​ចិត្ត នៅពេល​ដែល​អ្នក​រៀបចំ​មេរៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាព​នៅ​ក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង អំពី​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ម៉ាថាយ ២:១–១២, លូកា ២:១–១៤

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី​ជា​ទារក ។

ដំណើររឿង​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​កុមារ ។ តើ​សេចក្ដីពិត​ខាង​គោលលទ្ធិ​ណា​ខ្លះ ដែល​អ្នក​ឃើញ​មាន​នៅ​ក្នុង​ដំណើររឿង​នេះ ដែល​អ្នក​មាន​អារម្មណ៍​ថា​កុមារ​គួរតែ​យល់ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន លូកា ២:១–១៤ ឲ្យ​កុមារ​ស្ដាប់ ឬ​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដោយ​យោង​ទៅ « ជំពូក ៥ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក ដំណើររឿង​ព្រះ​គម្ពីរ​សញ្ញាថ្មី ទំព័រ ១៣–១៥ ឬ​វីដេអូ​ដែល​ទាក់ទង​នៅ​លើ​គេហទំព័រ LDS.org ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​នៃ​ព្រឹត្តិការណ៍​ទាំងនេះ រួច​ប្រើ​រូបភាព​ទាំងនោះ​ដើម្បី​ដំណាល​រឿង​ដោយ​ខ្លួន​ពួកគេ ។ ហេតុអ្វី​បាន​ជា​អ្នក​រីករាយ ដែល​ព្រះយេស៊ូវ​បាន​យាង​មក​ផែនដី​បែប​ជា​ទារក ?

  • សូម​ឲ្យ​កុមារ​ប្រាប់​អ្នក​អំពី​រឿង​នៃ​ពួកហោរា ដែល​បាន​ដើរតាម​ផ្កាយ​ទៅ​ស្វែងរក​ព្រះយេស៊ូវ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​រំឭក​អំពី​រឿង​នោះ សូម​មើល ម៉ាថាយ ២:១–១២« ជំពូក ៧ ៖ ពួកហោរា ដំណើររឿង​ព្រះ​គម្ពីរ​សញ្ញាថ្មី ទំព័រ ១៨ ឬ​វីដេអូ​ដែល​ទាក់ទង​នៅ​លើ​គេហទំព័រ LDS.org ។ សូម​លាក់​រូបភាព​ព្រះយេស៊ូវ​មួយ​សន្លឹក​នៅ​ក្នុង​បន្ទប់ ។ សូម​គូរ​រូប ឬ​កាត់​ក្រដាស​ជា​រាង​ផ្កាយ រួច​ដាក់​ឡើង​ទៅ​លើ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ជា​ពួក​ហោរា​ដែល​កាន់​អំណោយ ហើយ​សូម​ដឹកនាំ​ពួកគេ​ជុំវិញ​បន្ទប់​ដើម្បី​ស្វែងរក​ព្រះយេស៊ូវ ។ តើ​អំណោយ​មួយ​ចំនួន​ណា​ខ្លះ ដែល​យើង​អាច​ថ្វាយ​ព្រះយេស៊ូវ​នៅ​ក្នុង​ជីវិត​របស់​យើង​សព្វថ្ងៃ​នេះ ?

  • សូម​ច្រៀង​ចម្រៀង​បុណ្យគ្រីស្ទម៉ាស់​ពីរ​បី​បទ​ជាមួយ​កុមារ ដូចជា​បទ « អំណរ​ដល់​លោក » និង « យប់សុខសាន្ត »ទំនុកតម្កើង លេខ ១២៤, ១២៦ ) ឬ « ផ្កាយ​ចាំង​ពន្លឺ » « ផ្ទុំ​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ » និង « ឱ​កូន​អើយ​កុំ​យំ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២៤, ២៦–២៧ ៣០ ) ។

យ៉ូហាន ៣:១៦

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ម្ដង​ទៀត​នៅ​ថ្ងៃ​ណាមួយ ។

តើ​កុមារ​ដែល​អ្នក​បង្រៀន យល់​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី​ឬ​ទេ ? សូម​ចំណាយ​ពេល​ពិចារណា​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​អ្នក​ដោយ​ផ្ទាល់ និង​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​នាំ​យក​អំណោយ​ដែល​បាន​វេចខ្ចប់​ទៅ​កាន់​ថ្នាក់ ដោយ​មាន​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​នៅ​ខាង​ក្នុង ។ សូម​ដាក់​ស្លាក​នៅ​លើ​អំណោយ​ដោយ​សរសេរ « យ៉ូហាន ៣:១៦ » រួច​ប្រាប់​កុមារ​ថា នេះ​ខគម្ពីរ​នេះ​គឺ​ជា​តម្រុយ​ប្រាប់​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​កញ្ចប់​នេះ ។ សូម​អាន យ៉ូហាន ៣:១៦ ជាមួយ​កុមារ រួច​អញ្ជើញ​ពួកគេ​ឲ្យ​ទាយ ថា តើ​អំណោយ​នោះ​ជា​អ្វី រួច​បើក​វា ។ ហេតុអ្វី​បាន​ជា​ព្រះ​បាន​បញ្ជូន​បុត្រា​ទ្រង់​មក​ដល់​យើង ?

  • សូម​ជ្រើសរើស​រូបភាព​ចេញ​ពី សៀវភៅ​រូបភាព​ដំណឹងល្អ ( ដូចជា ទំព័រ ១, ៣០, ៣៥–៦៦៨៤ ) ដែល​បង្ហាញ​ពី​របៀប​មួយ​ចំនួន ដែល​ព្រះយេស៊ូវ​បាន​ប្រទានពរ​ដល់​មនុស្សដទៃ កាល​ទ្រង់​បាន​មាន​ព្រះជន្ម​នៅ​លើ​ផែនដី ។ សូម​ឲ្យ​កុមារ​កាន់​រូបភាព​ទាំងនេះ ខណៈ​អ្នក​តំណាល​រឿង ។ អ្នក​អាច​នឹង​ជ្រើសរើស​រូបភាព​ដែល​ត្រូវ​ទៅ​នឹង​ពាក្យ​ទាំងឡាយ​នៅ​ក្នុង​ចម្រៀង « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក » និង « សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះយេស៊ូវ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ៣៦ ) រួច​ប្រាប់​កុមារ​លើក​រូបភាព​ទាំងនោះ​ឡើង នៅ​ពេល​ពួកគេ​ច្រៀង​ចម្រៀង​ទាំងនេះ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​រឿង​អំពី​ព្រះយេស៊ូវ​ដែល​ពួកគេ​ចូលចិត្ត ។ បន្ទាប់​ពី​បាន​ដំណាល​ហើយ សូម​ជួយ​កុមារ​ឲ្យ​បំពេញ​ប្រយោគ​នេះ ៖ « ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី​ដើម្បី  » ។ បន្ទាប់​មក សូម​បង្ហាញ​រូបភាព​ដែល​ទាក់ទង​ទៅ​នឹង​ពលិកម្មធួន​របស់​ព្រះអង្គសង្គ្រោះ ការសុគត និង​ការមាន​ព្រះជន្មរស់ឡើងវិញ ( សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ៥៦, ៥៧, ៥៨, ៥៩) រួច​ប្រាប់​អំពី​ព្រឹត្តិការណ៍​ទាំងនេះ​ដោយ​សង្ខេប ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី​ដើម្បី​សុគត​សម្រាប់​យើង ហើយ​មាន​ព្រះជន្មរស់ឡើងវិញ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​ឯ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។

    ព្រះយេស៊ូវ​លុត​ជង្គង់​នៅ​សួនច្បារ​គែតសេម៉ានី

    សួនច្បារ​គែតសេម៉ានី ដោយ ជេ ឃើក រីឆាដ

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ម៉ាថាយ ១:១៨–២៥, ២:១–១២, លូកា ១:២៦–៣៨, ២:១–២០

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី​ជា​ទារក ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេល​បុណ្យគ្រីស្ទម៉ាស់​បាន​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន​ព្រឹត្តិការណ៍​នានា ដែល​ទាក់ទង​ទៅ​នឹង​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ម៉ាថាយ ១:១៨–២៥, ២:១–១២, លូកា ១:២៦–៣៨, ២:១–២០ ។ សូម​ឲ្យ​កុមារ​ដទៃទៀត​ដាក់​វេនគ្នា​គូរ​រូប​នៅ​លើ​ក្ដារខៀន នៃ​អ្វី​ដែល​បទគម្ពីរ​ពិពណ៌នា ។ តើ​រឿង​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

  • សូម​បង្ហាញ​វីដេអូ « Good Tidings of Great Joy: The Birth of Jesus Christ » ( LDS.org ) ។ សូម​ឲ្យ​កុមារ​សរសេរ​អ្វី​ក៏​បាន ដែល​ពួកគេ​ឮ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​បុណ្យគ្រីស្ទម៉ាស់ ។ ក្រោយ​ពី​វីដេអូ​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​នៅ​ក្រដាស​បីបួន​សន្លឹក អំពី​កិច្ចការ​នានា​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​ពួកគេ ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​រដូវ​បុណ្យគ្រីស្ទម៉ាស់ ។ សូម​ដាក់​ក្រដាស​របស់​ពួកគេ​នៅ​ក្នុង​ថង់ ដើម្បី​ឲ្យ​កុមារ​យក​វា​ទៅ​ផ្ទះ ។ យោបល់​មួយ​ចំនួន​អាច​រួមបញ្ចូល​ទាំង​ការអាន​ព្រះគម្ពីរ ការច្រៀង​ទំនុកតម្កើង​បុណ្យគ្រីស្ទម៉ាស់ និង​ការធ្វើ​ទង្វើ​នៃ​សេចក្ដីស្រឡាញ់​ដោយ​អស់​ពី​ចិត្ត ។

  • សូម​ច្រៀង​ចម្រៀង​បុណ្យគ្រីស្ទម៉ាស់​អំពី​ព្រះអង្គសង្គ្រោះ ( សូម​មើល សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–៣៦, ទំនុកតម្កើង លេខ ១២៣–១៣២ ) រួច​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជួរ ឬ​ឃ្លា​ដែល​ពួកគេ​ចូលចិត្ត​នៅ​ក្នុង​ចម្រៀង​ទាំងនេះ ។

យ៉ូហាន ៣:១៦

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ម្ដង​ទៀត​នៅ​ថ្ងៃ​ណាមួយ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ឆ្នាំ​នេះ ហើយ​យល់​អំពី​មូលហេតុ​ដែល​ពួកគេ​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​នៅ​លើ​ក្រដាស​ពីរ​សន្លឹក​ថា តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​នរណា ? និង ហេតុអ្វី​បាន​ជា​ទ្រង់​យាង​មក​ផែនដី ? រួច​បិទ​វា​ទៅ​លើ​ផ្នែក​ផ្សេងៗ​លើ​ជញ្ជាំង ។ សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​អាន​ខគម្ពីរ​ដូច​ត​ទៅ​នេះ​មួយ ៖ ម៉ាថាយ ១៦:១៥–១៦, យ៉ូហាន ៣:១៦,  នីហ្វៃទី១ ១០:៤, ម៉ូសាយ ៣:៨, អាលម៉ា ៧:១០–១៣,  នីហ្វៃទី៣ ២៧:១៤–១៥ ។ សូម​ឲ្យ​កុមារ​ស្វែងរក​ចម្លើយ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ សម្រាប់​សំណួរ​ទាំង​ពីរ​នៅ​លើ​ជញ្ជាំង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​របស់​ខ្លួន​នៅ​លើ​ក្រដាស រួច​បិទ​លើ​ជញ្ជាំង​ក្បែរ​សំណួរ​របស់​វា ។ តើ​យើង​អាច​បង្ហាញ​ការដឹងគុណ ចំពោះ​អ្វីៗ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង​តាម​របៀប​ណា ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន នូវ​រាល់​ព្រះនាម ឬ​ងារ​ទាំងឡាយ​របស់​ព្រះយេស៊ូវ​ដែល​ពួកគេ​អាច​គិត​ដល់ ( សូម​មើល Bible Dictionary « Christ, names of » ) ។ តើ​ព្រះនាម​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​បេសកកម្ម​របស់​ទ្រង់ ? ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​យើង ? ដើម្បី​ជួយ​កុមារ​ឆ្លើយ​សំណួរ​នេះ សូម​បង្ហាញ​វីដេអូ « Why We Need a Savior—A Christmas Message about Our Savior Jesus Christ » ( LDS.org ) ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើកទឹកចិត្ត​កុមារ​ឲ្យ​ស្វែងរក​យ៉ាងហោចណស់​ឲ្យ​បាន​របៀប​មួយ ដើម្បី​បម្រើ​មនុស្សដទៃ ឬ​មក​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​បុណ្យគ្រីស្ទម៉ាស់​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​ចូលចិត្ត​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ទោះបីជា​ពួកគេ​នៅ​ក្មេង​ក្ដី ក៏​កុមារ​អាច​ពង្រឹង​ដល់​សមាជិក​គ្រួសារ​របស់​ពួកគេ​បាន​ដែរ ។ សូម​លើកទឹកចិត្ត​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ចែកចាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ថ្នាក់​បឋមសិក្សា ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៣០ ) ។