« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ ៖ « នៅលើអ្នកជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥
« នៅលើអ្នកជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ »
ដូចជាព្រះវិញ្ញាណបរិសុទ្ធបានបំភ្លឺគំនិតរបស់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ស្ដីពីបទគម្ពីរ ទ្រង់ក៏អាចបំផុសគំនិតរបស់អ្នកផងដែរ នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ ប្រកបដោយការអធិស្ឋាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
វិធីមួយដើម្បីលើកទឹកចិត្តឲ្យមានការចែកចាយគឺការសួរសិស្សពីរបៀបដែលពួកគេសិក្សាបទគម្ពីរ ។ តើពួកគេបានធ្វើអ្វីខ្លះដើម្បីស្វែងរកគំនិតយោបល់នៅក្នុងបទគម្ពីរនាសប្ដាហ៍នេះ ?
បង្រៀនគោលលទ្ធិ
បព្វជិតភាពអើរ៉ុនត្រូវបានស្ដារឡើងវិញដោយ យ៉ូហាន បាទីស្ទ ។
-
វិធីមួយដើម្បីពិភាក្សាពីសេចក្ដីពិតនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣ គឺការសុំឲ្យសិស្សនិយាយពីរបៀបដែលកណ្ឌនេះអាចជួយយុវវ័យឲ្យយល់ដឹងកាន់តែប្រសើរអំពីបព្វជិតភាពអើរ៉ុន ។ តើ កណ្ឌទី ១៣ បង្រៀនអ្វីខ្លះអំពីបព្វជិតភាពអើរ៉ុនដែលយុវជន និងយុវនារីគួរយល់ដឹង ? ដើម្បីទុកឱកាសមួយឲ្យមនុស្សគ្រប់គ្នាចូលរួម អ្នកអាចសុំឲ្យសិស្សពិភាក្សាពីសំណួរនេះជាគូ រួចហើយចែកចាយពីអ្វីដែលពួកគេបានរៀនពីគ្នាដល់សិស្សដទៃទៀត ។
-
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំពីធនធានដែលអាចជួយពន្យល់ពីឃ្លាមួយចំនួននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣ ។ អ្នកអាចសុំឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀនមកពីការសិក្សាធនធានទាំងនេះ ។ ដើម្បីបំផុសឲ្យមានការពិភាក្សាមួយស្ដីពីពាក្យកូនសោដែលបានលើកឡើងនៅក្នុងកណ្ឌនេះ អ្នកអាចដាក់បង្ហាញកូនសោមួយចង្កោម ហើយអញ្ជើញសិស្សឲ្យពិភាក្សាគ្នាថាតើកូនសោអនុញ្ញាតឲ្យយើងធ្វើអ្វីខ្លះ ។ សេចក្ដីពន្យល់មកពី ស៊ិស្ទើរ រស់ និងអែលឌើរ ឌេល ជី រេនឡាន់ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចជួយបានដែរ ។ តើកូនសោនៃបព្វជិតភាពអើរ៉ុនធ្វើឲ្យយើងទទួលបានពរជ័យអ្វីខ្លះ ? តើជីវិតរបស់យើងមានភាពខុសគ្នាបែបណា បើគ្មានពរជ័យទាំងនេះ ?
-
ផ្នែកមួយនៃភាពស្រស់ស្អាតស្ដីពីដំណឹងល្អដែលបានស្ដារឡើងវិញគឺថា ដំណឹងល្អធ្វើឲ្យយើងចូលប្រឡូកនៅក្នុងកិច្ចការដូចគ្នានឹងកិច្ចការដែលបុរសស្ត្រីនៅក្នុងបទគម្ពីរបានធ្វើដែរ ៖ គឺការស្ថាបនានគរព្រះនៅលើផែនដី ។ ក្នុងន័យមួយ ការណ៍នេះធ្វើឲ្យយើងក្លាយជា « ពួកអ្នកបម្រើដូច » ពួកគេដែរ ។ តើការក្លាយជាអ្នកបម្រើម្នាក់នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់មានន័យដូចម្ដេច ?ម៉ាថាយ៣:១៣-១៧, លូកា ១:១៣-១៧, ៣:២-២០អាចជួយសិស្សឲ្យយល់កាន់តែប្រសើរអំពីកិច្ចការដែលយ៉ូហាន បាទីស្ទ បានធ្វើ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
ពិធីបរិសុទ្ធផ្ដល់សិទ្ធិឲ្យយើងទទួលបានព្រះចេស្ដារបស់ព្រះ ។
-
ដើម្បីទុកពេលឲ្យសិស្សថ្លែងទីបន្ទាល់ដល់គ្នាទៅវិញទៅមកអំពីពរជ័យដែលកើតចេញពីការទទួលពិធីបរិសុទ្ធនៃបព្វជិតភាព អ្នកអាចអញ្ជើញពួកគេឲ្យរំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ រួមទាំងកំណត់ចំណាំនៅ ខទី ៧១ ផងដែរ ដោយរកមើលពរជ័យដែលយ៉ូសែប និងអូលីវើរបានទទួល បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក និងពិធីតែងតាំងបព្វជិតភាពរបស់ពួកលោក ។ តើពិធីបរិសុទ្ធទាំងឡាយផ្ដល់អនុភាពខាងវិញ្ញាណតាមរបៀបណា ? បន្ទាប់មក សិស្សអាចចែកចាយពីបទពិសោធន៍របស់ពួកគេផ្ទាល់ នៅពេលពួកគេបានទទួលអារម្មណ៍ពីព្រះចេស្ដានៃព្រះដែលកើតចេញមកពីការទទួលបានពិធីបរិសុទ្ធនៃបព្វជិតភាព ដូចជាពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ ឬពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
-
សិស្សអាចនឹងទទួលបានប្រយោជន៍មកពីការបង្កើតតារាងមួយដែលបង្ហាញពីពរជ័យដែលកើតចេញពីពិធីបរិសុទ្ធនៃបព្វជិតភាព ។ ឧទាហរណ៍ អ្នកអាចសរសេរនៅលើក្ដារខៀននូវចំណងជើងថា ពិធីបរិសុទ្ធ និងពរជ័យ ។ សិស្សអាចស្រាវជ្រាវបទគម្ពីរដូចតទៅនេះ ដើម្បីបំពេញតារាងនោះ ៖ យ៉ូហាន ១៤:២៦, កិច្ចការ ២:៣៨, គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩-២២, ១៣១:១-៤, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ។ ពួកគេក៏អាចដាក់បញ្ចូលនូវពរជ័យផ្សេងទៀតដែលពួកគេបានទទួល ដោយសារតែពិធីបរិសុទ្ធទាំងនេះផងដែរ ។ ប្រហែលជាពួកគេអាចចែកចាយបទពិសោធន៍នានា នៅពេលពួកគេបានទទួលអារម្មណ៍ថា ពិធីបរិសុទ្ធដែលពួកគេបានទទួលបាននាំយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះចូលមកក្នុងជិវិតរបស់ពួកគេ ។
ធនធានបន្ថែមទាំងឡាយ
តើកូនសោបព្វជិតភាពគឺជាអ្វី ?
អែលឌើរ ឌែល ជី រ៉ង់ឡាន់ និងភរិយារបស់លោក រស់ បានផ្ដល់ការពន្យល់នេះអំពីកូនសោបព្វជិតភាព ។
« ពាក្យថា កូនសោបព្វជិតភាព ត្រូវបានប្រើតាមវិធីពីរយ៉ាង ។ វិធីទីមួយសំដៅទៅលើសិទ្ធិ ឬឯកសិទ្ធិជាក់លាក់មួយដែលបានប្រគល់ដល់អស់អ្នកដែលទទួលបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពមិលគីស្សាដែក ។ … ឧទាហរណ៍ ពួកអ្នកកាន់បព្វជិតភាពអើរ៉ុន ទទួលកូនសោទាំងឡាយនៃការបម្រើនៃពួកទេវតា និងកូនសោនៃដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកដោយការជ្រមុជសម្រាប់ការផ្តាច់បាប ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១, ៨៤:២៦–២៧ ) ។ ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែកទទួលកូនសោនៃអាថ៌កំបាំងនៃនគរ កូនសោនៃចំណេះដឹងអំពីព្រះ និងកូនសោនៃរាល់ពរជ័យខាងវិញ្ញាណក្នុងសាសនាចក្រ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩, ១០៧:១៨ ) ។ …
« វិធីទីពីរដែលពាក្យ កូនសោបព្វជិតភាព ត្រូវបានប្រើសំដៅទៅលើភាពជាអ្នកដឹកនាំ ។ ថ្នាក់ដឹកនាំបព្វជិតភាពទទួលកូនសោបព្វជិតភាពបន្ថែម ជាសិទ្ធិដើម្បីធ្វើជាអធិបតីលើផ្នែកអង្គការមួយរបស់សាសនាចក្រ ឬកូរ៉ុមមួយ ។ ដោយសារហេតុនេះហើយ កូនសោបព្វជិតភាពគឺជាសិទ្ធិអំណាច និងអំណាចដើម្បីណែនាំ ដឹកនាំ ហើយគ្រប់គ្រងនៅក្នុងសាសនាចក្រ » ( The Melchizedek Priesthood: Understanding the Doctrine, Living the Principles [ ឆ្នាំ ២០១៨ ] ទំព័រ ២៦ ) ។