« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨-១៩ ៖ ‹ តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨-១៩ »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨-១៩
« តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ »
មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ទើបដួងចិត្តរបស់មនុស្សម្នាក់អាចផ្លាស់ប្ដូរបាន ។ ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា « ប្រសិនបើអ្នកបង្រៀនគោលការណ៍ខាងគោលលទ្ធិ ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមក » ( « ការពិភាក្សាជាមួយនឹងអែលឌើរ រីឆាដ ជី ស្កត និងអែលឌើរ ហិនរី ប៊ី អាវរិង » [ ការចាក់ផ្សាយការបំពាក់បំប៉នតាមផ្កាយរណបរបស់ប្រព័ន្ធអប់រំរបស់សាសនាចក្រ ] នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០០៣ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីបំផុសសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងបទគម្ពីរ សូមអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៣៤-៣៦ រួមគ្នា ។ បន្ទាប់មក សុំឲ្យសិស្សចែកចាយខគម្ពីរមួយដែលពួកគេបានអាននៅសប្ដាហ៍នេះ ដែលពួកគេបានស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០-១៦, ១៩:១៥-២០, ៣៩-៤១
ព្រះអម្ចាស់សប្បាយព្រះទ័យ នៅពេលយើងប្រែចិត្ត ។
-
មានមនុស្សជាច្រើនបានគិតអវិជ្ជមានចំពោះការប្រែចិត្ត ។ តើបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨ និង ១៩ អាចជួយសិស្សឲ្យមើលឃើញការប្រែចិត្តជាអ្វីមួយដ៏រីករាយតាមរបៀបណា ? អ្នកអាចសរសេរនៅលើក្ដារខៀននូវឃ្លាថា ការប្រែចិត្តគឺជា ហើយសុំឲ្យសិស្សប្រាប់ពីវិធីដើម្បីបំពេញឃ្លានេះ ដោយផ្អែកលើអ្វីដែលពួកគេបានអាននៅក្នុង កណ្ឌទី ១៨ និង១៩ ។ ( សូមពិចារណារំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០-១៦, ១៩:១៥-២០, ៣៩-៤១នៅក្នុងថ្នាក់ ) ។
-
តើ « ការស្រែកប្រាប់ពីការប្រែចិត្ត » មានន័យដូចម្ដេច ? ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៤ ) ។ ប្រហែលជាសិស្សអាចពិចារណាពីសំណួរនេះ នៅពេលពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០-១៦ ។ ហេតុអ្វីពេលខ្លះមនុស្សជ្រើសយកការពុំប្រែចិត្ត ? តើយើងអាចបំផុសគំនិតដល់មនុស្សដែលយើងស្រឡាញ់ឲ្យមករកព្រះអង្គសង្គ្រោះ ហើយទទួលបានការអភ័យទោសតាមរបៀបណា ? សូមលើកទឹកចិត្តសិស្សឲ្យរកមើលអ្វីមួយនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០-១៦ ឬ ១៩:១៥-២០ ដែលអាចជួយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០-១៦
« តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។
-
តើអ្នកអាចជួយសិស្សឲ្យយល់ថាតើយើងម្នាក់ៗមានតម្លៃប៉ុនណាចំពោះព្រះនេត្រនៃព្រះតាមរបៀបណា ? ប្រហែលជាពួកគេអាចអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០-១៦ ហើយចែកចាយបទពិសោធន៍ដែលពួកគេបានយល់ដឹងពីតម្លៃរបស់ពួកគេចំពោះព្រះ ។ តើខគម្ពីរទាំងនេះជះឥទ្ធិពលដល់របៀបដែលយើងមើលឃើញខ្លួនឯងតាមរបៀបណា ? ចំពោះមនុស្សដទៃតាមរបៀបណា ? តើព្រះបង្ហាញយើងថា យើងមានតម្លៃដ៏មហិមាចំពោះទ្រង់តាមរបៀបណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥-១៩
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់មនុស្សលោក ។
-
តើអ្នកអាចជួយសិស្សឲ្យទទួលបានសាក្សីពីព្រះវិញ្ញាណបរិសុទ្ធតាមរបៀបណា នៅពេលពួកគេពិចារណាពីការពិពណ៌នារបស់ព្រះអង្គសង្គ្រោះស្ដីពីការរងទុក្ខដ៏ធួនរបស់ទ្រង់ផ្ទាល់ ? ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥–១៩ ) ។ ប្រហែលជាអ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យច្រៀងទំនុកតម្កើងមួយដែលគាត់ចូលចិត្តអំពីព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចដាក់បង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះ ហើយអញ្ជើញសិស្សឲ្យអាន ខទី ១៥-១៩ បន្ទាប់មក ពួកគេអាចកត់ត្រាគំនិត និងអារម្មណ៍របស់ពួកគេ ។ ( ប្រសាសន៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចធ្វើឲ្យសិស្សមានអំណរគុណកាន់តែខ្លាំងចំពោះការរងទុក្ខរបស់ព្រះអង្គសង្គ្រោះដែរ ) ។ ការមានពាក្យមួយឃ្លាបែបនេះនៅលើក្ដារខៀនអាចជួយសិស្សឲ្យពិចារណា ៖ ខ្ញុំមានអំណរគុណចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ព្រោះ… សិស្សពីរបីនាក់ប្រហែលជាចង់ចែកចាយអ្វីដែលពួកគេបានសរសេរ ហើយថ្លែងពីសាក្សីរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦-២៦, ៣៤-៤១
ជារឿយៗ ការធ្វើតាមព្រះទ័យរបស់ព្រះតម្រូវការឲ្យមានការលះបង់ ។
-
នៅពេលសិស្សជួបស្ថានភាពដែលពួកគេត្រូវតែធ្វើការលះបង់ដើម្បីដំណឹងល្អ ប្រហែលជាការបំផុសគំនិតដល់ពួកគេដើម្បីរៀនពីការលះបង់ដែល ម៉ាទិន ហារីស បានធ្វើ ដើម្បីឲ្យព្រះគម្ពីរមរមនអាចបោះពុម្ពបាន ។ ប្រហែលជាអ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យមកថ្នាក់រៀន ដោយរៀបចំខ្លួនដើម្បីប្រាប់អំពីការសម្រេចចិត្តរបស់ម៉ាទីន ដើម្បីលក់កសិដ្ឋានរបស់គាត់ ដើម្បីបង់ថ្លៃសម្រាប់ការបោះពុម្ពព្រះគម្ពីរមរមន ( សូមមើល ពួកបរិសុទ្ធ, ១:៧៦-៧៨ ) ។ តើខគម្ពីរអ្វីខ្លះនៅក្នុង កណ្ឌទី ១៩ ដែលបានជួយគាត់ឲ្យធ្វើការសម្រេចចិត្តនោះ ? អ្នកគួរអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលព្រះគម្ពីរមរមនបានផ្ដល់ពរជ័យដល់ពួកគេ ហើយថាតើពួកគេមានអំណរគុណប៉ុនណាចំពោះការលះបង់របស់ម៉ាទីន ហារីស និងចំពោះមនុស្សផ្សេងទៀតដែលបានលះបង់ ដើម្បីព្រះគម្ពីរនេះអាចបោះពុម្ពបាន ។
-
ប្រហែលជាសិស្សម្នាក់អាចចែកចាយពីការលះបង់ដែលពួកគេបានធ្វើចំពោះព្រះអម្ចាស់ ។ ការណ៍នេះអាចដឹកនាំសិស្សឲ្យគិតពីឆន្ទៈរបស់ពួកគេផ្ទាល់ដើម្បីលះបង់ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយអ្វីមួយដែលពួកគេរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្តី សញ្ញា ១៩ ដែលបំផុសគំនិតពួកគេឲ្យលះបង់ ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះ ( ជាពិសេសសូមមើល ខទី ១៦-២៦, ៣៤-៤១ ) ។
ធនធានបន្ថែមទាំងឡាយ
តម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះ ។
ដោយយោងទៅលើ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩ : ១៨ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានថ្លែងថា « ចូរយើងពិចារណាពីតម្លៃនៃសេចក្ដីដ៏អស្ចារ្យរបស់ព្រះ ។… ការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង គឺមានទំហំមហិមាជាងមនុស្សនៃជីវិតរមែងស្លាប់នេះអាចទ្រាំទ្របាន ។ ប៉ុន្តែដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះព្រះវរបិតារបស់ទ្រង់ និងចំពោះយើង ទ្រង់បានស៊ូទ្រាំ ហើយជាលទ្ធផល ទ្រង់អាចប្រទានឲ្យយើងទាំងអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ( « Abide in My Love » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥០ ) ។