« ថ្ងៃទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩–១៣២ ៖ ‹ កាលណាយើងបានព្រះពរណាមួយពីព្រះ នោះគឺដោយសារការគោរព › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩–១៣២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ វិច្ឆិកា
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩–១៣២
« កាលណាយើងបានព្រះពរណាមួយពីព្រះ នោះគឺដោយសារការគោរព »
ខណៈដែលវាសំខាន់ដើម្បីមានគម្រោងបង្រៀនមួយ វាក៏សំខាន់ផងដែរដើម្បីឆ្លើយតបនឹងព្រះវិញ្ញាណ ព្រមទាំងតម្រូវការរបស់សមាជិកក្នុងថ្នាក់ ។ សូមរកមើលថា តើគោលការណ៍អ្វីខ្លះមកពីកណ្ឌទី ១២៩–១៣២ ដែលមានន័យដល់សមាជិកក្នុងថ្នាក់ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សិស្សក្នុងថ្នាក់អាចបានរៀនពីអ្វីទាំងនេះមកពីការសិក្សារបស់ពួកគេក្នុងកណ្ឌទី ១២៩–១៣២ ដែលទាក់ទងទៅនឹងប្រធានបទដំណឹងល្អជាច្រើន ។ ដើម្បីផ្ដល់ឱកាសមួយឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានរៀន អ្នកអាចសរសេរប្រធានបទទាំងនេះពីរបីដាក់លើក្ដារខៀន ដូចជា ទេវតា ភាពតម្កើងឡើង ការគោរពប្រតិបត្តិ និស្ស័យនៃព្រះ និង អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ( អ្នកក៏អាចសរសេរ ផ្សេងទៀត នៅលើក្ដារខៀនដើម្បីរាប់បញ្ចូលប្រធានបទបន្ថែមទៀតផងដែរ ) ។ សិស្សក្នុងថ្នាក់អាចចំណាយពេលពីរបីនាទីដើម្បីរកមើលខគម្ពីរមួយក្នុងកណ្ឌទាំងនេះ ដែលទាក់ទងទៅនឹងប្រធានបទមួយ ហើយសរសេរសេចក្ដីយោងដាក់លើក្ដារខៀន ។ រួចហើយអ្នកអាចអានខគម្ពីរនោះរួមគ្នា ហើយជជែកគ្នាអំពីអ្វីដែលវានីមួយៗបង្រៀនអំពីប្រធានបទនោះ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២, ១៨–២៣; ១៣១:១–៤; ១៣២:២០–២៥
ជីវិតនេះគឺជាពេលឲ្យយើងរៀបចំខ្លួនសម្រាប់ភាពតម្កើងឡើង ។
-
មានរឿងជាច្រើន ដែលយើងមិនដឹងអំពីភាពតម្កើងឡើង ឬជីវិតនៅក្នុងនគរសេឡេស្ទាល—ដែលវាភាគច្រើនអាចហួសពីសមត្ថភាពយល់ដឹងរបស់យើងនាពេលបច្ចុប្បន្ន ។ ប៉ុន្ដែព្រះបានបើកសម្ដែងតម្រុយដ៏មានតម្លៃពីរបី ហើយតម្រុយនេះជាច្រើនមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០–១៣២ ។ សិស្សក្នុងថ្នាក់អាចសិក្សាសេចក្ដីយោងមួយ ឬច្រើនចេញពីបញ្ជីខាងលើនេះ ហើយចែកចាយការយល់ដឹងនានាដែលពួកគេរកឃើញអំពីភាពតម្កើងឡើង ឬនគរសេឡេស្ទាល ។ តើការដឹងពីព័ត៌មានអំពីជីវិតដ៏នៅអស់កល្បជានិច្ចនេះផ្ដល់ពរជ័យដល់ជីវិតយើងនាពេលនេះដោយរបៀបណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០–២១; ១៣២:៥
ពរជ័យកើតមកពីការគោរពតាមព្រះ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០–២១ និង ១៣២:៥ បង្រៀនពីគោលការណ៍ដូចគ្នា ។ សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យអានវគ្គគម្ពីរទាំងពីរនេះ ហើយនិយាយជាសម្ដីរបស់ខ្លួនគេ ពីអត្ថន័យនៃគោលការណ៍នោះ ។ តើគោលការណ៍នេះបានបង្ហាញឡើងក្នុងជីវិតរបស់យើងដោយរបៀបណា ? តើយើងអាចរកឃើញសេចក្ដីសង្ឃឹម និងការធានាអះអាងសារជាថ្មីក្នុងព្រះគ្រីស្ទដោយរបៀបណា នៅពេលយើងគោរពតាម ប៉ុន្ដែពរជ័យដែលយើងរំពឹងចង់បាននោះមិនបានកើតឡើងភ្លាម ? សម្រាប់ព័ត៌មានបន្ថែមទៀតស្ដីពីប្រធានបទនេះ អ្នកអាចរំឭករួមគ្នាពីការយល់ដឹងក្នុងសារលិខិតរបស់អែលឌើរ ឌែល ជី រ៉េនឡាន់ « បានពរជាបរិបូរ » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០–៧៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤; ១៣២:៣–២៥
ព្រះវរបិតាសួគ៌ធ្វើឲ្យក្រុមគ្រួសារអាចរួមរស់នឹងគ្នាជានិរន្តរ៍ ។
-
តើយើងអាចនិយាយអ្វីខ្លះទៅកាន់មិត្តម្នាក់ដែលសួរថា « ហេតុអ្វីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារសំខាន់ខ្លាំងម្ល៉េះនៅក្នុងសាសនាចក្ររបស់អ្នក ? » សិស្សក្នុងថ្នាក់អាចគិតអំពីរបៀបដែលពួកគេឆ្លើយតបនឹងសំណួរនោះ នៅពេលពួកគេអានក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤; ១៣២:៣–២៥ ឬ ពាក្យសម្ដីរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើសេចក្ដីពិតទាំងនេះមានឥទ្ធិពលលើរបៀបដែលយើងរស់នៅយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១–២, ២៩–៤០
អាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានព្រះទទួលយក តែនៅពេលទ្រង់ត្រាស់បង្គាប់ឲ្យធ្វើវាតែប៉ុណ្ណោះ ។
-
ប្រសិនបើសមាជិកក្នុងថ្នាក់មានសំណួរអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព សូមជួយពួកគេឲ្យឃើញថា យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធពីដើមផ្សេងទៀតបានមានសំណួរនេះដូចគ្នា ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលសំណួរដែលយ៉ូសែបបានទូលសូមដល់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១ និងចម្លើយដែលលោកបានទទួលនៅក្នុង ខទី ២៩–៤០ ( សូមមើលផងដែរ យ៉ាកុប ២:២៧, ៣០ ) ។ ដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យរៀនពីរបៀបដែលពួកគេអាចរកឃើញចម្លើយចំពោះសំណួរដំណឹងល្អរបស់ពួកគេ វាអាចជួយបាន ពេលរំឭករួមគ្នាក្នុង « ការឆ្លើយនឹងសំណួរដំណឹងល្អ » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។ ប្រហែលជាសិស្សក្នុងថ្នាក់អាចចែកចាយពីរបៀបដែលពួកគេបានស្វែងរកចម្លើយចំពោះសំណួរដំណឹងល្អ និងរបៀបដែលពួកគេបន្ដស្មោះត្រង់ ទោះជាពេលសំណួររបស់ពួកគេខ្លះមិនបានទទួលចម្លើយក្ដី ។
ធនធានបន្ថែមទាំងឡាយ
ក្រុមគ្រួសារគឺជា « របៀបនៃស្ថានសួគ៌ » ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀន ៖
« ខ្ញុំមានអំណរគុណ ព្រោះខ្ញុំជាសមាជិកក្នុងសាសនាចក្រ ដែលឲ្យតម្លៃលើអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ។ សមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវគេស្គាល់ទូទាំងពិភពលោកថាជាអ្នកមានអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារដ៏សុខដុម ។ ខ្ញុំជឿថា ការណ៍នេះត្រឹមត្រូវជាផ្នែកនៃសេចក្ដីពិតដ៏អស្ចារ្យ ដែលបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ថាអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារត្រូវតែនៅអស់កល្បជានិច្ច ។ ក្រុមគ្រួសារមិនគ្រាន់តែជាមធ្យោបាយដើម្បីធ្វើឲ្យអ្វីៗដំណើការទៅដោយរលូនលើផែនដីនេះ និងមិនត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ វាគឺជារបៀបនៃស្ថានសួគ៌ ។ វាគឺជានិមិត្តរូបមួយនៃលំនាំសេឡេស្ទាល ឲ្យបានដូចគ្រួសារអស់កល្បជានិច្ចរបស់ព្រះ ។
ប៉ុន្តែទំនាក់ទំនងដ៏រឹងមាំនៃអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារពុំកើតឡើងដោយព្រោះយើងជាសមាជិកនៃសាសនាចក្រនោះទេ ។ ទំនាក់ទំនងនេះតម្រូវឲ្យមានកិច្ចខិតខំឥតឈប់ឈរ និងមានឆន្ទៈ ។ គោលលទ្ធិនៃក្រុមគ្រួសារដ៏អស់កល្បជានិច្ចត្រូវតែបំផុសគំនិតយើងឲ្យឧទ្ទិសការខិតខំប្រឹងដ៏ខ្លាំងរបស់យើងទៅការសង្គ្រោះ និងការពង្រីកអាពាហ៍ពិពាហ៍ និងក្រុមគ្រួសាររបស់យើង » ( « ពោលពាក្យសរសើរដល់អ្នកទាំងឡាយដែលការពារ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧ ) ។