« ថ្ងៃទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣–១៣៤ ៖ ‹ ចូររៀបចំសម្រាប់ការយាងមកនៃប្ដីថ្មោងថ្មីចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣–១៣៤ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ប្ដីថ្មោងថ្មីមកដល់ហើយ ដោយ អេលីហ្សាបែត ហ្គីបបន់
ថ្ងៃទី ១៥–២១ ខែ វិច្ឆិកា
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣–១៣៤
« ចូររៀបចំសម្រាប់ការយាងមកនៃប្ដីថ្មោងថ្មីចុះ »
តើសេចក្ដីពិតអ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣–១៣៤ ដែលអ្នកមានអារម្មណ៍ថានឹងជួយសិស្សក្នុងថ្នាក់របស់អ្នកបានខ្លាំងបំផុត ? សូមពិចារណាអំពីសេចក្ដីត្រូវការរបស់ពួកគេប្រកបដោយការអធិស្ឋាន នៅពេលអ្នកសិក្សានៅសប្ដាហ៍នេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
អ្នកអាចសរសេរពាក្យស្ដាប់ នៅលើក្ដារខៀន ហើយសូមឲ្យសិស្សក្នុងថ្នាក់សរសេរនៅក្បែរពាក្យនេះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣–១៣៤ ដែលពួកគេជឿថា ពួកគេត្រូវស្ដាប់តាមនៅជំនាន់របស់យើងនេះ ។ សូមឲ្យពួកគេចែកចាយពីគំនិតរបស់ពួកគេអំពីខគម្ពីរទាំងនោះ ។ ( សូមជួយសិស្សក្នុងថ្នាក់ឲ្យផ្ដោតលើគោលការណ៍ខាងគោលលទ្ធិ ជាជាងទស្សនៈខាងនយោបាយ ) ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១–១៩; ៣៧–៣៩
ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
តើអ្នកនឹងជួយសិស្សរបស់អ្នកឲ្យយល់ពីមូលហេតុដែលវាមានសារសំខាន់ ដើម្បីធ្វើឲ្យខ្លួនយើងបរិសុទ្ធ ដើម្បីជួយមនុស្សដទៃឲ្យរៀបចំខ្លួនសម្រាប់ការយាងមកលើកទីពីររបស់ព្រះអង្គសង្គ្រោះតាមរបៀបណា ? អ្នកអាចអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១–១៩, ៣៧–៣៩ ហើយធ្វើបញ្ជីពីរ ៖ បញ្ជីមួយអំពីការប្រឹក្សារបស់ព្រះអម្ចាស់អំពីរបៀបដើម្បីធ្វើឲ្យខ្លួនបរិសុទ្ធ និងការប្រឹក្សាមួយទៀតអំពីរបៀបដើម្បីរៀបចំពិភពលោកនេះសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ តាមអត្ថន័យខាងវិញ្ញាណ តើវាមានន័យយ៉ាងណាដើម្បី « ចេញពីក្រុងបាប៊ីឡូន » ( ខទី ៥ ) ហើយ « រត់ទៅឯក្រុងស៊ីយ៉ូន » ( ខទី ១២ ) ។ សម្រាប់ព័ត៌មានបន្ថែមអំពីអត្ថន័យនៃពាក្យបរិសុទ្ធភាព សូមមើល « បរិសុទ្ធ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៩–៥៣
ការយាងមកជាលើកទីពីរនឹងជាក្ដីអំណរដល់ពួកសុចរិត ។
-
នៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេនៅផ្ទះ សមាជិកក្នុងថ្នាក់របស់អ្នកអាចរកឃើញវគ្គគម្ពីរដ៏មានអត្ថន័យនៅក្នុងកណ្ឌនេះ ដែលធ្វើឲ្យពួកគេទន្ទឹងរង់ចាំដល់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយវគ្គបទគម្ពីរទាំងនេះ ។ អ្នកក៏អាចអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្រាវជ្រាវក្នុងខទី ១៩–៥៣ ជាដៃគូផងដែរ ដោយរកមើលមូលហេតុដើម្បីទន្ទឹងរង់ចាំដល់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ កាលសិស្សក្នុងថ្នាក់ចែកចាយអ្វីដែលពួកគេបានរកឃើញ សូមលើកទឹកចិត្តពួកគេឲ្យនិយាយអំពីរបៀបដែលព្រះអង្គសង្គ្រោះបាន « ប្រោសលោះគេ ហើយកាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប » ( ខទី ៥៣ ) ។ ការណ៍នេះអាចជាឱកាសដ៏ល្អមួយដើម្បីច្រៀងទំនុកតម្កើងមួយរួមគ្នាអំពីអំណាចប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ដូចជាបទ « Savior, Redeemer of My Soul » ( Hymns ល.រ ១១២ ) ។ តើ « ចម្រៀងទាំងឡាយនៃសេចក្ដីអំណរដ៏នៅអស់កល្បអស់កាលជានិច្ច » ( ខទី ៣៣ ) អ្វីផ្សេងទៀតខ្លះដែលជួយយើងឲ្យមានអារម្មណ៍ពី « សេចក្ដីសប្បុរសរបស់ព្រះអម្ចាស់ [ របស់យើង] » ? ( ខទី ៥២ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤
« រដ្ឋាភិបាលទាំងឡាយត្រូវបានបង្កើតឡើងពីព្រះ សម្រាប់ផលប្រយោជន៍ដល់មនុស្ស » ។
-
ដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យរៀនមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤ អ្នកអាចដាក់សំណួរដូចជាសំណួរទាំងនេះនៅក្នុងប្រអប់មួយ ឬសរសេរនៅលើក្ដារខៀន ៖ តើព្រះចង់ឲ្យរដ្ឋាភិបាលធ្វើជាប្រយោជន៍ដល់បុត្រាបុត្រីរបស់ទ្រង់តាមរបៀបណា ? តើយើងគួរតែធ្វើអ្វី ប្រសិនបើច្បាប់ខាងលោកិយផ្ទុយនឹងច្បាប់នៃស្ថានសួគ៌ ? តើកាតព្វកិច្ច និងការទទួលខុសត្រូវរបស់យើងមានអ្វីខ្លះក្នុងនាមជាពលរដ្ឋ ? សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ជ្រើសរើសយកសំណួរមួយ ហើយប្រើ កណ្ឌទី ១៣៤ ដើម្បីបង្កើតជាចម្លើយមួយ ។ សូមលើកទឹកចិត្តសិស្សឲ្យចៀសវាងពីការនិយាយអំពីបញ្ហា ឬទស្សនៈនយោបាយជាក់លាក់ណាមួយ ។
-
សេរីភាពក្នុងការ « ថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែល [ យើង ] ប្រាថ្នា » ( មាត្រានៃសេចក្ដីជំនឿ ១:១១ ) គឺជាឯកសិទ្ធិមួយដែលព្រះអម្ចាស់ចង់ឲ្យមនុស្សគ្រប់រូបមាន ។ ប្រសិនបើអ្នកមានអារម្មណ៍ថា វានឹងមានប្រយោជន៍ដល់សិស្សរបស់អ្នកដើម្បីជជែកពីគោលការណ៍នៃសេរីភាពខាងសាសនា សូមពិចារណាអានរួមគ្នាក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៤, ៧, ៩ ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីតួនាទីរបស់រដ្ឋាភិបាលក្នុងការការពារសេរីភាពខាងសាសនា ? តើយើងអាចផ្សព្វផ្សាយសេរីភាពខាងសាសនាដល់មនុស្សដទៃ និងខ្លួនយើងតាមរបៀបណា ? សិស្សក្នុងថ្នាក់អាចរកឃើញការយល់ដឹងដើម្បីជួយឆ្លើយនឹងសំណួរនេះនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
ធនធានបន្ថែមទាំងឡាយ
កត្តាគ្រឹះនៃសេរីភាពខាងសាសនា ។
អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន ៖
« មានកត្តាគ្រឹះចំនួនបួនក្នុងសេរីភាពសាសនា ដែលយើងជាពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវតែពឹងផ្អែកលើ និងការពារ ។
« ទីមួយគឺសេរីភាពក្នុងការជឿ ។ គ្មាននរណាត្រូវបានគេទិតៀន បៀតបៀន ឬវាយប្រហារពីសំណាក់បុគ្គលណា ឬរដ្ឋាភិបាលណា ចំពោះអ្វីដែលពួកគេជឿទៅលើព្រះនោះទេ ។ …
« កត្តាគ្រឹះទីពីរនៃសេរីភាពខាងសាសនា គឺសេរីភាពក្នុងការចែកចាយសេចក្ដីជំនឿ និង សាសនាយើងជាមួយមនុស្សដទៃ ។ … ក្នុងនាមជាឪពុកម្ដាយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង និងអ្នកផ្សព្វផ្សាយជាសមាជិក យើងពឹងផ្អែកលើសេរីភាពខាងសាសនាដើម្បីបង្រៀនពីគោលលទ្ធិរបស់ព្រះអម្ចាស់នៅក្នុងក្រុមគ្រួសាររបស់យើង និងទូទាំងពិភពលោក ។
« កត្តាគ្រឹះទីបីនៃសេរីភាពខាងសាសនា គឺជាសិទ្ធិសេរីភាពដើម្បីបង្កើតអង្គការសាសនា ព្រះវិហារ ដើម្បីថ្វាយបង្គំដោយសុខសាន្ដជាមួយនឹងអ្នកដទៃ ។ មាត្រានៃសេចក្ដីជំនឿទីដប់មួយប្រកាសថា ‹ យើងខ្ញុំសូមអះអាងយកសិទ្ធិក្នុងការថ្វាយបង្គំព្រះដ៏មានមហិទ្ធីឬទ្ធិ ស្របតាមការណែនាំនៃសម្បជញ្ញៈរបស់យើងខ្ញុំ ហើយសូមបណ្ដោយឲ្យមនុស្សទាំងអស់មានសិទ្ធិដូចគ្នា ចូរឲ្យគេថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា › ។ …
« កត្តាគ្រឹះទីបួននៃសេរីភាពខាងសាសនា គឺសេរីភាពក្នុងការរស់នៅតាមជំនឿយើង—គឺជាសេរីភាពនៃការអនុវត្តសេចក្ដីជំនឿ មិនត្រឹមតែអនុវត្តក្នុងផ្ទះ និងសាលាប្រជុំនោះទេ ប៉ុន្តែថែមទាំងក្នុងទីសាធារណៈទៀតផង » ( « Preserving Agency, Protecting Religious Freedom » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១២ ) ។
ការកែលម្អការបង្រៀនរបស់យើង
បង្រៀនពី « ហេតុអ្វី » ។ « ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ [ សមាជិកក្នុងថ្នាក់ ] យល់អំពីផែនការដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌សម្រាប់សុភមង្គលនៃបុត្រាបុត្រីរបស់ទ្រង់ នោះមូលហេតុនានាចំពោះគោលការណ៍ដំណឹងល្អ និងបទបញ្ញត្តិទាំងឡាយនឹងប្រែក្លាយទៅជាមានភាពកាន់តែច្បាស់លាស់ ហើយជំរុញទឹកចិត្តឲ្យមានការគោរពតាមកាន់តែខ្លាំងឡើង » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្រ្គោះ ទំព័រ ២០ ) ។