« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧–១៣៨ ៖ ‹ ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧–១៣៨ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧–១៣៨
« ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ »
ប្រធាន ដាល្លិន អេក អូក បានបង្រៀន ៖ « យើងទាំងអស់គ្នាអាចឆ្ងល់ដោយសម្ងាត់អំពីកាលៈទេសៈនៅក្នុងពិភពវិញ្ញាណបាន ។ … ប៉ុន្តែ ចូរយើងកុំបង្រៀន ឬប្រើជាគោលលទ្ធិជាផ្លូវការនូវអ្វីដែលមិនត្រូវតាមបទដ្ឋានរបស់គោលលទ្ធិជាផ្លូវការ » ( « ទុកចិត្តលើព្រះអម្ចាស់ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៨ ) ។ សូមធានាថា ការពិភាក្សារបស់អ្នកផ្អែកលើព្រះគម្ពីរ និងពាក្យសម្ដីរបស់ព្យាការី ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
មានសេចក្តីពិតខាងគោលលទ្ធិដ៏បំផុសគំនិតជាច្រើន ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧–១៣៨ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរាយបញ្ជីពីសេចក្ដីពិតទាំងនោះមួយចំនួន ។ រួចហើយអ្នកអាចចំណាយពេលពីរបីនាទី ដើម្បីពិនិត្យមើលបញ្ជីនោះរួមគ្នា ហើយជជែកអំពីមូលហេតុដែលសេចក្ដីពិតទាំងនេះមានសារសំខាន់ដល់ពួកគេ ។ តើមាននរណាម្នាក់បានរៀនអ្វីមួយចេញពីកណ្ឌទាំងនេះ ដែលពួកគេមិនបានយល់ពីមុនមកទេ ?
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧; ១៣៨:៣២–៣៧
គ្រប់ព្រលឹងទាំងអស់នឹងមានឱកាសដើម្បីជ្រើសរើសយកសិរីល្អខាងសេឡេស្ទាល ។
-
ពួកយើងជាច្រើនស្គាល់មនុស្ស ដែលមិនមានឱកាសទទួលយកដំណឹងល្អនៅក្នុងជីវិតនេះ—រួមទាំងអ្នកដែលស្លាប់ក្នុងវ័យកុមារផងដែរ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយសេចក្ដីពិតមួយ ដែលពួកគេរកឃើញនៅក្នុង កណ្ឌទី ១៣៧ ដែលជួយពួកគេឲ្យយល់ពីផែនការរបស់ព្រះសម្រាប់បុគ្គលទាំងនេះ ។ តើសេចក្ដីពិតអ្វីខ្លះដែលយើងរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣២–៣៧ ដែលបន្ថែមដល់ការយល់ដឹងរបស់យើងអំពីផែនការរបស់ព្រះ ? សិស្សក្នុងថ្នាក់អាចចែកចាយអំពីរបៀបដែលសេចក្ដីពិតទាំងនេះធ្វើឲ្យពួកគេមានអារម្មណ៍ដឹងពីព្រះវរបិតាសួគ៌ ផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចមានប្រយោជន៍ចំពោះការពិភាក្សារបស់អ្នក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–១១, ២៥–៣០
ការអាន និងការសញ្ជឹងគិតអំពីបទគម្ពីររៀបចំខ្លួនយើងឲ្យទទួលបានវិវរណៈ ។
-
បទពិសោធន៍ដែល យ៉ូសែប អេហ្វ ស្ម៊ីធ បានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–១១, ២៥–៣០ ជួយយើងឲ្យយល់ពីរបៀបដែលយើងអាចរៀបចំខ្លួនយើងដើម្បីទទួលវិវរណៈ ។ ប្រហែលជាសិស្សក្នុងថ្នាក់អាចធ្វើការរួមគ្នាដើម្បីកំណត់អ្វីដែលពួកគេបានរៀនអំពីវិវរណៈចេញពីខគម្ពីរទាំងនេះ ។ អ្នកអាចសូមសិស្សក្នុងថ្នាក់ឲ្យចែកចាយពីរបៀបដែលការអាន និងការសញ្ជឹងគិតអំពីបទគម្ពីរ បានរៀបចំខ្លួនគេដើម្បីទទួលវិវរណៈ ( សូមមើលផងដែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១២ ) ។
-
សារលិខិតរបស់ប្រធាន អិម រ័សុល បាឡឺដ « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧១–៧៤ ) រៀបរាប់ពី « ការរៀបចំពេញមួយជីវិតដើម្បីទទួលបានវិវរណៈដ៏អស្ចារ្យនេះ [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ ] » របស់ យ៉ូសែប អេហ្វ ស្ម៊ីធ ។ ប្រសិនបើសមាជិកក្នុងថ្នាក់របស់អ្នកបានអានសារលិខិតរបស់ប្រធាន បាឡឺដ នៅសប្ដាហ៍នេះ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយអ្វីមួយដែលពួកគេចាប់អារម្មណ៍ ។ ឬ អ្នកអាចអានផ្នែកខ្លះនៃសារលិខិតនេះរួមគ្នា ។ តើជីវិតរបស់ប្រធានស្ម៊ីធ និងចរិតលក្ខណៈរបស់លោកធ្វើឲ្យយើងចាប់អារម្មណ៍ត្រង់ណាខ្លះ ? តើយើងអាចរៀនអ្វីខ្លះចេញមកពីគំរូរបស់លោក ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២–៦០
កិច្ចការនៃសេចក្ដីសង្គ្រោះមានបន្ដបន្ទាប់ពីសេចក្ដីស្លាប់ ។
-
ដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យរកឃើញសេចក្ដីពិតនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១២–៦០ អ្នកអាចចែកសំណួរបីបួនឲ្យពួកគេអំពីពិភពវិញ្ញាណ ដែលមានចម្លើយនៅក្នុងខគម្ពីរទាំងនេះ ។ ឧទាហរណ៍ ៖ តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ខណៈទ្រង់គង់នៅពិភពវិញ្ញាណ ? តើនរណាជាសារទូតរបស់ព្រះអម្ចាស់ ហើយតើអ្វីទៅជាសារលិខិតរបស់ពួកលោក ? សមាជិកក្នុងថ្នាក់អាចជ្រើសរើសយកសំណួរទាំងនេះមួយ ឬច្រើន ហើយធ្វើការជាក្រុមតូចៗដើម្បីស្វែងរកចម្លើយ ។ បន្ទាប់មក ពួកគេអាចចែកចាយជាមួយគ្នាអំពីសេចក្ដីពិតដែលពួកគេបានរកឃើញ ។ តើសេចក្ដីពិតទាំងនេះបានធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់យើង ?
-
តើយើងនឹងនិយាយអ្វីខ្លះទៅកាន់នរណាម្នាក់ដែលសួរថា « តើនឹងមានអ្វីកើតឡើង នៅពេលយើងស្លាប់ទៅ ? » តើយើងនឹងចែកចាយអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១២–៦០ ដែលអាចជួយឆ្លើយនឹងសំណួរនេះ ? ( សូមមើលផងដែរ អាលម៉ា ៤០:១១–១៥ ) ។
ធនធានបន្ថែមទាំងឡាយ
ផែនការរបស់ព្រះផ្ដល់នូវរបៀបមួយដល់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ឲ្យទទួកយកដំណឹងល្អ ។
ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា
« មានបុត្រាបុត្រីរបស់ព្រះតែបន្តិចប៉ុណ្ណោះ ដែលមានការយល់ដឹងពេញលេញអំពីផែនការព្រះអំឡុងជីវិតនេះ ព្រមទាំងអាចទទួលបាននូវពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃបព្វជិតភាព ដែលធ្វើឲ្យព្រះចេស្ដាធួនរបស់ព្រះអង្គសង្គ្រោះមានប្រសិទ្ធភាពយ៉ាងពេញលេញក្នុងជីវិតយើង ។ …
« មនុស្សខ្លះអាចគិតថា រឿងនេះអយុត្តិធម៌ ។ ពួកគេថែមទាំងលើករឿងនេះជាភស្ដុតាងថា គ្មានផែនការ គ្មានតម្រូវការជាក់ច្បាស់សម្រាប់សេចក្ដីសង្គ្រោះអ្វីទេ—ជាអារម្មណ៍ដែលថា ព្រះដ៏យុត្តិធម៌ និង ពេញដោយក្ដីស្រឡាញ់ ពុំបានបង្កើតផែនការដែលមានសម្រាប់បុត្រាបុត្រីមួយចំណែកតូចរបស់ទ្រង់ឡើយ ។ មនុស្សខ្លះទៀតអាចជឿថា ព្រះច្បាស់ជាបានសម្រេចថាបុត្រាបុត្រីណាដែលនឹងបានសង្គ្រោះ ហើយធ្វើឲ្យដំណឹងល្អមានក្នុងជីវិតពួកគេ ខណៈដែលបុត្រាបុត្រីខ្លះទៀត មិនដែលបានឮដំណឹងល្អ ហើយមិនត្រូវបាន ‹ ជ្រើសរើស › ឡើយ ។
« ប៉ុន្តែបងប្អូន និងខ្ញុំដឹងថា ដោយសារតែសេចក្ដីពិតត្រូវបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ នោះផែនការរបស់ព្រះពេញដោយក្ដីស្រឡាញ់ ហើយធំធេងលើសការណ៍នោះទៅទៀត ។ ព្រះវរបិតាសួគ៌យើងមានព្រះទ័យរីករាយដើម្បីប្រមូលផ្ដុំ ហើយប្រទានពរដល់គ្រួសារទ្រង់ ។ ខណៈទ្រង់ជ្រាបថា មិនមានពួកគេទាំងអស់នឹងជ្រើសរើសដើម្បីត្រូវបានប្រមូលផ្ដុំ នោះផែនការរបស់ទ្រង់ផ្ដល់ឱកាសឲ្យបុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗទទួល ឬបដិសេធការអញ្ជើញរបស់ទ្រង់ » ( « ការប្រមូលផ្ដុំគ្រួសាររបស់ព្រះ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០–២១ ) ។