« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ អំណោយដ៏មិនអាចប្រៀបផ្ទឹមបានពីព្រះរាជបុត្រាដ៏ទេវភាពរបស់ព្រះ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ប្រសូតកម្មពីស្ពាន់ និងដីពណ៌ត្នោត ដោយ ជេ ខឺក រីឆាដ
ថ្ងៃទី ២០–២៦ ខែ ធ្នូ
បុណ្យគ្រីស្ទម៉ាស់
អំណោយដ៏មិនអាចប្រៀបផ្ទឹមបានពីព្រះរាជបុត្រាដ៏ទេវភាពរបស់ព្រះ
សូមចងចាំថា ការរៀនសូត្រដំណឹងល្អដ៏សំខាន់បំផុត និងមានប្រសិទ្ធិភាពបំផុតរបស់សិស្សក្នុងថ្នាក់កើតឡើងនៅឯផ្ទះរបស់ពួកគេ ។ នៅពេលអ្នករៀបចំបង្រៀន សូមពិចារណាពីរបៀបដែលថ្នាក់សាលាថ្ងៃអាទិត្យរបស់អ្នកអាចពង្រឹងដល់ការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
តើការសិក្សាក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) នៅសប្ដាហ៍នេះបានផ្ដល់ពរជ័យដល់សិស្សក្នុងថ្នាក់របស់អ្នកដោយរបៀបណា ? អ្នកអាចចែកចាយពាក្យពេចន៍ទាំងនេះមកពីប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ រួចហើយអញ្ជើញឲ្យសិស្សក្នុងថ្នាក់ជជែកអំពីបទពិសោធន៍ស្រដៀងគ្នាណាមួយ ដែលពួកគេមាន ៖ « ពេលខ្ញុំបានសិក្សាអំពីជីវប្រវត្តិ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដោយតាំងចិត្តទន្ទេញឲ្យចាំនូវ ‹ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ › នោះការដឹងគុណ និងក្ដីស្រឡាញ់របស់ខ្ញុំចំពោះទ្រង់បានកើនឡើង ។ ប្រយោគនីមួយៗក្នុងឯកសារដ៏បំផុសគំនិតនោះមាននូវការបង្រៀនមួយ ហើយបានបង្កើនការយល់ដឹងរបស់ខ្ញុំអំពីតួនាទីជាព្រះ និងបេសកកម្មលើផែនដីរបស់ទ្រង់ ។ អ្វីដែលខ្ញុំបានរៀនសូត្រ ហើយមានអារម្មណ៍នៅគ្រានៃការសិក្សា និងការសញ្ជឹងគិតនេះបញ្ជាក់ថា ព្រះយេស៊ូវពិត ‹ ជាពន្លឺ ជាជីវិត ហើយជាសេចក្ដីសង្ឃឹមនៃពិភពលោក › » ( « ដើម្បីឲ្យអំណរបងប្អូនបានពេញលេញ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៥ )។
បង្រៀនគោលលទ្ធិ
« សូម្បីតែមួយក៏គ្មានសោះ ដែលមានឥទ្ធិពលដ៏ជ្រាលជ្រៅ » ។
-
សមាជិកក្នុងថ្នាក់អាចអានកថាខណ្ឌទីមួយនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ហើយចែកចាយគំនិតរបស់ពួកគេអំពីមូលហេតុ ដែលឥទ្ធិពលរបស់ព្រះយេស៊ូវគ្រីស្ទមានជ្រាលជ្រៅជាងឥទ្ធិពលរបស់បុគ្គលណាផ្សេងទៀត ។ តើសេចក្ដីថ្លែងការណ៍ណាខ្លះទៀតនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ដែលគាំទ្រដល់ការអះអាងនេះ ? សូមអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលទ្រង់បានមានឥទ្ធិពលមកលើពួកគេផ្ទាល់ខ្លួន ។ វីដេអូ « Why We Need a Savior » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចបន្ថែមបង្គ្រប់ដល់ការពិភាក្សារបស់អ្នកបាន ។
-
តើសមាជិកក្នុងថ្នាក់ធ្លាប់ត្រូវពន្យល់ដល់នរណាម្នាក់ដែលមានវប្បធម៌ផ្សេងទៀតថា ហេតុអ្វីពួកគេប្រារព្ធធ្វើបុណ្យគ្រីស្ទម៉ាស់ដែរឬទេ ? ប្រហែលជាពួកគេអាចចែកចាយបទពិសោធន៍របស់ពួកគេ ។ ឬអ្នកអាចអញ្ជើញឲ្យសមាជិកក្នុងថ្នាក់ស្រមៃថា ពួកគេត្រូវបាននរណាម្នាក់ដែលមិនស្គាល់គ្រិស្ដសាសនាច្បាស់ចោទសួរសំណួរនេះ ។ តើយើងអាចឆ្លើយតបនឹងសំណួរនេះយ៉ាងណាដែរ ? សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យរំឭក « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ដោយមានសំណួរនេះក្នុងចិត្ត ហើយអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។ អ្នកក៏អាចអានរួមគ្នាក្នុង លូកា ២:១០–១៤ ឬ ច្រៀងទំនុកតម្កើងមួយដែលបង្ហាញពីអំណរនៃបុណ្យគ្រីស្ទម៉ាស់ ( ដូចជាបទ « អំណរដល់លោក » ទំនុកតម្កើង ល.រ. ១២៤ ) ហើយជជែកអំពីមូលហេតុដែលការប្រសូតរបស់ព្រះគ្រីស្ទនាំមកនូវ« អំណរដ៏អស្ចារ្យ » ។ តើយើងអាចធ្វើអ្វីខ្លះដើម្បី « ទទួលស្ដេច [ របស់យើង ] » ?
ពន្លឺនៃលោកិយ ដោយ ហូវ៉ឺដ លីយ៉ន
« សូមអរព្រះគុណដល់ព្រះ ចំពោះអំណោយទានដ៏ប្រៀបផ្ទឹមពុំបាននៃព្រះរាជបុត្រារបស់ទ្រង់ » ។
-
នៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ពួកសាវកយោងទៅព្រះអង្គសង្គ្រោះថាជា « អំណោយ » មួយមកពីព្រះវរបិតាសួគ៌របស់យើង ។ ដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យរៀនបន្ថែមទៀតអំពីអំណោយនេះ អ្នកអាចសរសេរនៅលើក្ដារខៀនថា តាមរយៈព្រះយេស៊ូវគ្រីស្ទ នោះព្រះប្រទានដល់យើងនូវអំណោយនៃ … ហើយសូមឲ្យសិស្សក្នុងថ្នាក់ផ្ដល់យោបល់ពីរបៀបបំពេញប្រយោគនេះ ដោយផ្អែកលើអ្វីដែលពួកគេបានអាននៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » និងសេចក្ដីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើយើងទទួលបានអំណោយទាំងនេះដោយរបៀបណា ? អ្នកអាចអញ្ជើញសិស្សឲ្យជ្រើសរើសយកអំណោយទានទាំងនេះមួយ ហើយធ្វើការដើម្បីទទួលបានអំណោយនោះកាន់តែពេញលេញជាងនេះ ។
ធនធានបន្ថែមទាំងឡាយ
អំណោយដែលព្រះអង្គសង្គ្រោះប្រទានឲ្យ ។
ដោយថ្លែងនៅក្នុងពេលបុណ្យគ្រីស្ទម៉ាស់ ប្រធាន រ័សុល អិម ណិលសុន បានរៀបរាប់ពីអំណោយបួនយ៉ាងដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យយើងទាំងអស់គ្នា ដែលមានឆន្ទៈទទួលយកវា ៖
« ទីមួយ ទ្រង់បានប្រទានដល់បងប្អូន និងខ្ញុំនូវសមត្ថភាពគ្មានកំណត់ដើម្បីស្រឡាញ់ ។ វារួមបញ្ចូលទាំងសមត្ថភាពដើម្បីស្រឡាញ់មនុស្សដែលមិនគួរឲ្យស្រឡាញ់ និងអស់អ្នកដែលពុំស្រឡាញ់បងប្អូនព្រមទាំងបានបៀតបៀន ហើយចងគំនុំចំពោះបងប្អូននាពេលបច្ចុប្បន្នផងដែរ ។
ដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ យើងអាចរៀនស្រឡាញ់ដូចជាទ្រង់ ។ …
អំណោយទីពីរដែលព្រះអង្គសង្គ្រោះប្រទានដល់បងប្អូនគឺលទ្ធភាពដើម្បីអភ័យទោស ។ តាមរយៈដង្វាយធួនដ៏និរន្តររបស់ទ្រង់ បងប្អូនអាចអភ័យទោសដល់មនុស្សដែលបានធ្វើឲ្យបងប្អូនឈឺចាប់ និងមនុស្សដែលប្រហែលជានឹងពុំព្រមទទួលយកការទទួលខុសត្រូវលើភាពកោងកាចដែលគេធ្វើមកលើបងប្អូន ។ …
អំណោយទីបីមកពីព្រះអង្គសង្គ្រោះគឺ ការប្រែចិត្ត ។ អំណោយនេះពុំត្រូវបានយល់ច្បាស់លាស់ជានិច្ចនោះទេ ។ … ការប្រែចិត្តគឺជាអំណោយមួយដ៏ត្រចះត្រចង់ ។ វាគឺជាដំណើរការមួយដែលពុំគួរមានការភ័យខ្លាចឡើយ ។ វាគឺជាអំណោយមួយសម្រាប់យើង ដើម្បីទទួលដោយអំណរ ហើយប្រើ—ថែមទាំងឱបក្រសោបយក—ជារៀងរាល់ថ្ងៃ នៅពេលយើងខិតខំដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះនៃយើង ។ …
អំណោយទីបួនមកពីព្រះអង្គសង្គ្រោះនៃយើងគឺជាការសន្យាមួយ—ជាការសន្យានៃជីវិតជានិរន្ដរ ។ … ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាជីវិតមួយដែលព្រះវរបិតាសួគ៌ និងបុត្រាស្ងួនភ្ញារបស់ទ្រង់រស់នៅ ។ នៅពេលព្រះវរបិតាប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង ទ្រង់កំពុងមានបន្ទូលថា ‹ ប្រសិនបើអ្នកជ្រើសធ្វើតាមព្រះរាជបុត្រារបស់យើង—ប្រសិនបើបំណងប្រាថ្នារបស់អ្នក ពិតជាដើម្បីក្លាយឲ្យកាន់តែដូចជាទ្រង់មែន—នោះអ្នកត្រូវរស់នៅដូចជាយើង ហើយគ្រប់គ្រងពិភព និងនគរនានាដូចជាយើង › ។
អំណោយដ៏វិសេសវិសាលទាំងបួននេះនឹងនាំយកអំណរដ៏ច្រើនមកឲ្យយើង នៅពេលយើងទទួលយកវា ។ វាអាចកើតឡើងបាន ដោយសារព្រះយេហូវ៉ាបានយាងចុះមកផែនដីជាព្រះឱរសយេស៊ូវ » ( « Four Gifts That Jesus Christ Offers to You » [ ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយ ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។
ការកែលម្អការបង្រៀនរបស់យើង
រៀបចំខ្លួនអ្នកខាងវិញ្ញាណ ។ « ការបង្រៀនដំណឹងល្អប្រកបដោយអានុភាពពុំមានន័យថា គ្រាន់តែជាការរៀបចំមេរៀនមួយប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំខ្លួនយើងទៅវិញទេ ។ … គ្រូបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធិភាព—ពីមុនពួកគេគិតអំពីការបំពេញម៉ោងបង្រៀន—ផ្ដោតលើការបំពេញដួងចិត្តរបស់ពួកគេដោយព្រះវិញ្ញាណបរិសុទ្ធ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១២ ) ។