« ថ្ងៃទី ៤-១០ ខែ កុម្ភៈ ។ ម៉ាថាយ ៤, លូកា ៤-៥ ៖ ‹ ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៤-១០ ខែ កុម្ភៈ ។ ម៉ាថាយ ៤, លូកា ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ៤-១០ ខែ កុម្ភៈ
ម៉ាថាយ ៤, លូកា ៤-៥
« ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ »
នៅពេលអ្នកសិក្សា ម៉ាថាយ ៤ និង លូកា ៤–៥ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នក ។ ការណ៍នេះនឹងធ្វើឲ្យមានការបំផុសគំនិតអំពីរបៀបបំពេញសេចក្ដីត្រូវការសិស្សរបស់អ្នកឲ្យបានល្អបំផុត ។ អ្នកអាចពិចារណាប្រើ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ក៏ដូចជាគម្រោងមេរៀននេះផងដែរ ដើម្បីស្វែងរកគំនិតបន្ថែមទៀត ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ការអានសម្រាប់សប្ដាហ៍នេះរួមមាននូវសេចក្ដីថ្លែងការណ៍នេះ ៖ « គេក៏នឹកប្លែកពីសេចក្តីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានព្រះបន្ទូលដោយអំណាច » ( លូកា ៤:៣២, សូមមើលផងដែរ ម៉ាកុស ១:២២ ) ។ តើខគម្ពីរអ្វីខ្លះដែលសមាជិកថ្នាក់អាចចែកចាយមកពីជំពូកទាំងនេះដែលបានជួយពួកគេឲ្យទទួលពីអនុភាពខាងគោលលទ្ធិនោះដោយខ្លួនឯង ?
បង្រៀនគោលលទ្ធិ
ព្រះវរបិតាសួគ៌បានប្រទានអំណាច និងមធ្យោបាយឲ្យយើងដើម្បីតតាំងនឹងការល្បួង ។
-
ដំណើររឿងរបស់ព្រះអង្គសង្គ្រោះតតាំងនឹងសាតាំងអាចជួយសមាជិកថ្នាក់ឲ្យស្គាល់វិធីដែលសាតាំងព្យាយាមល្បួងពួកគេ ។ សមាជិកថ្នាក់អាចជ្រើសយកការល្បួងមួយនៅក្នុង ម៉ាថាយ ៤:១–១១ ឬ លូកា ៤:១–១៣ ហើយគិតអំពីការល្បួងមួយដែលទាក់ទងគ្នានឹងសម័យទំនើប ( សេចក្ដីថ្លែងនៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយ ) ។ ហេតុអ្វីវាមានប្រយោជន៍ដើម្បីដឹងថាព្រះអង្គសង្គ្រោះបានប្រឈមមុខនឹងការល្បួងដែលស្រដៀងគ្នានឹងការល្បួងដែលយើងប្រឈមមុខនៅសព្វថ្ងៃ ? ហេតុអ្វីព្រះគ្រីស្ទអាចតតាំងនឹងការល្បួងបាន ? សម្រាប់ឧទាហរណ៍ខាងបទគម្ពីរផ្សេងទៀតអំពីមនុស្សតតាំងនឹងសាតាំង សូមមើល លោកុប្បត្តិ ៣៩:៧–២០, នីហ្វៃទី ២ ៤:១៦–៣៥ និង ម៉ូសេ ១:១០–២២ ។
-
វិធីមួយដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាអំពី ម៉ាថាយ ៤:១–១១ និង លូកា ៤:១–១៣ អាចជាការសរសេរសំណួរពីរនៅលើក្ដារខៀន ៖ តើយើងអាចរៀនអ្វីខ្លះអំពីគ្រីស្ទមកពីរឿងនេះ ? និង តើយើងរៀនអ្វីខ្លះអំពីសាតាំង ? បន្ទាប់មក អញ្ជើញសិស្សឲ្យស្រាវជ្រាវនៅក្នុងវគ្គទាំងនោះ ដើម្បីស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ហើយសរសេរចម្លើយរបស់ពួកគេលើនៅក្ដារខៀន ។
-
តើអ្វីទៅដែលអាចជួយដល់សិស្សរបស់អ្នកឲ្យតតាំងនឹងការល្បួង ? អ្នកអាចសុំឲ្យសិស្សរំឭកឡើងវិញនូវឧទាហរណ៍នានានៅក្នុង ម៉ាថាយ ៤:១–១១ ឬ លូកា ៤:១–១៣ ដែលចំណេះដឹងរបស់ព្រះអង្គសង្គ្រោះអំពីបទគម្ពីរបានជួយទ្រង់ដើម្បីឆ្លើយតបទៅនឹងសាតាំង ( ដោយមានបន្ទូលថា « មានសេចក្តីចែងទុកដូច្នេះ » ) ។ សូមទុកពេលឲ្យសិស្សស្វែងរក ហើយចែកចាយបទគម្ពីរដែលអាចការពារ ហើយពង្រឹងពួកគេ នៅពេលពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានល្បួង ។ ( សម្រាប់គំនិតនានា ពួកគេអាចមើលនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ល្បួង » ) ។
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះមែស៊ីដែលត្រូវបានព្យាករទុក ។
-
ដើម្បីជួយសិស្សរបស់អ្នកឲ្យយល់ដំណើររឿងនេះកាន់តែប្រសើរឡើង អ្នកអាចពន្យល់ថា ងារជាព្រះមែស៊ី និងព្រះគ្រីស្ទ មានន័យថា « បានចាក់ប្រេងតាំង » ។ នៅពេលពួកគេអាន លូកា ៤:១៨–២១ សូមឲ្យពួកគេគិតអំពីអត្ថន័យនៃការនិយាយថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះមែស៊ី ឬព្រះដែលបានចាក់ប្រេងតាំង ។ ពួកគេក៏រកឃើញថាមានសារៈប្រយោជន៍ផងដែរដើម្បី អាន « ព្រះដែលបានចាក់ប្រេងតាំង » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ តើព្រះយេស៊ូវប្រកាសថា ទ្រង់គឺជាព្រះមែស៊ីនៅសព្វថ្ងៃនេះតាមរបៀបណា ? សូមអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលពួកគេបានដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។
-
ប្រហែលជាមានមេរៀនដ៏មានសារៈប្រយោជន៍មួយចំនួនដើម្បីរៀនសូត្រតាមរយៈការរុករកអំពីហេតុផលដែលប្រជាជនណាសារ៉ែតពុំទទួលយកព្រះយេស៊ូវថាជាព្រះមែស៊ីដែលបានព្យាករទុក ។ វិធីមួយដើម្បីធ្វើកិច្ចការនេះអាចជាការរកភាពខុសគ្នារវាងឥរិយាបថរបស់ពួកគេ និងស្ត្រីមេម៉ាយនៃស្រុក សារិបតា និង ណាម៉ាន់ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ អ្នកអាចទាក់ទងសិស្សមួយចំនួនជាមុន ហើយសូមឲ្យពួកគេមកថ្នាក់រៀបចំខ្លួនដើម្បីសង្ខេបដំណើររឿងនីមួយៗ ( សូមមើល ពង្សាវតារក្សត្រទី ១ ១៧:៨–២៤, ពង្សាវតារក្សត្រទី ២ ៥:១–១៧, លូកា ៤:១៦–៣០ ) ។ តើដំណើររឿងទាំងនេះបង្រៀនយើងអ្វីខ្លះអំពីអព្ភូតហេតុនានា និងការឆ្លើយតបទៅកាន់ពួកអ្នកបម្រើរបស់ព្រះ ? តើសិស្សមើលឃើញសារលិខិតសម្រាប់សមាជិកសាសនាចក្រសព្វថ្ងៃនៅក្នុងបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់ប្រជាជនណាសារ៉ែតដែរឬទេ ?
ការតាំងចិត្តដើម្បីធ្វើតាមព្រះគ្រីស្ទមានន័យថា ការទទួលយកព្រះឆន្ទៈរបស់ទ្រង់ និងការលះបង់ឆន្ទៈរបស់យើងចោល ។
-
ពេលខ្លះទិសដៅដែលព្រះអម្ចាស់ប្រទានឲ្យយើង ពីដំបូងឡើយវាហាក់ដូចជាពុំសមហេតុផលនោះទេ ។ សិស្សអាចស្រាវជ្រាវ លូកា ៥:១–១១ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានសួរដល់ពេត្រុស និងហេតុផលដែលពេត្រុសប្រហែលជាមានការសង្ស័យពីសេចក្ដីបង្គាប់របស់ទ្រង់ ។ តើបទពិសោធន៍នេះអាចនឹងជះឥទ្ធិពលដល់ទស្សនៈរបស់ពេត្រុសអំពីព្រះអង្គសង្គ្រោះ និងខ្លួនលោកតាមរបៀបណា ? អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេបានបង្ហាញសេចក្ដីជំនឿរបស់ពួកគេលើការដឹកនាំមកពីព្រះ ទោះជាពុំមានការយល់ពេញលេញក្ដី ។ តើមានអ្វីបានកើតឡើង នៅពេលពួកគេបានអនុវត្តសេចក្ដីជំនឿរបស់ពួកគេ ?
-
ដូចជាពួកគេនេសាទត្រីបាន « ទុករបស់ទាំងអស់ចោល » ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទដែរ ( លូកា ៥:១១ ) មានរឿងដែលយើងត្រូវបោះចោលដើម្បីក្លាយជាពួកសិស្សរបស់ទ្រង់ ។ តើ ម៉ាថាយ ៤:១៨–២២ បញ្ជាក់អ្វីខ្លះអំពីឥរិយាបថ និងសេចក្ដីជំនឿរបស់ពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាន ? វាអាចនឹងមានសារៈប្រយោជន៍ដើម្បីយកអួនត្រីមួយមកថ្នាក់រៀន ហើយអញ្ជើញសិស្សឲ្យសរសេរអ្វីដែលពួកគេនឹងយល់ព្រមដើម្បីបោះចោល ឬបានបោះចោលរួចហើយដើម្បីធ្វើតាមព្រះគ្រីស្ទ ហើយដាក់វាទៅក្នុងអួននោះ ។ សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដើម្បីចែកចាយអំពីរបៀបដែលជីវិតរបស់ពួកគេបានផ្លាស់ប្ដូរ នៅពេលពួកគេបានជ្រើសដើម្បីបោះបង់ចោលរបស់ទាំងអស់ដើម្បីធ្វើតាមព្រះគ្រីស្ទ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតឲ្យសិស្សអាន យ៉ូហាន ២–៤ អំឡុងសប្ដាហ៍ក្រោយ អ្នកអាចសូមឲ្យពួកគេពិចារណាអំពីអត្ថន័យនៃការ « កើតម្ដងទៀត » ។ សូមប្រាប់ពួកគេថា ការអាននៅសប្ដាហ៍ក្រោយនឹងជួយពួកគេឲ្យឆ្លើយនូវសំណួរ ។
ធនធានបន្ថែមទាំងឡាយ
ព្រះយេស៊ូវជាព្រះមែស៊ី ។
« Jesus Declares He Is the Messiah » ( វីដេអូ LDS.org)
ប្រភេទនៃការល្បួង
បន្ទាប់ពីថ្លែងនូវប្រភេទនៃការល្បួងដែលព្រះអង្គសង្គ្រោះបានប្រឈមមុខនៅក្នុងទីរហោស្ថានមក ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនថា ៖
« រាល់ការល្បួងទាំងអស់ដែលកើតឡើងចំពោះបងប្អូន និងខ្ញុំ កើតមានឡើងតាមរបៀបមួយក្នុងចំណោមរបៀបទាំងបីនេះ ៖
« (១) ការល្បួងនៃសេចក្ដីស្រេកឃ្លាន ឬតណ្ហា
« (២) ការបន្ទន់ទៅរកអំនួត ម៉ូតសម្លៀកបំពាក់ ឬភាពឥតប្រយោជន៍
« (៣) បំណងប្រាថ្នាចង់បានទ្រព្យសម្បត្តិខាងលោកិយ ឬអំណាច និងការគ្រប់គ្រងលើដែនដី ឬទ្រព្យសម្បត្តិរបស់មនុស្សលើផែនដី » ( Teachings of Presidents of the Church: David O. McKay [ ឆ្នាំ ២០០៣ ] ទំព័រ ៨២ ) ។
ដោយលើកឡើងអំពីបទពិសោធន៍របស់ព្រះយេស៊ូវនៅក្នុង ម៉ាថាយ ៤ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖
« ‹ បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំបុ័ងទៅ › ។ …
« ការល្បួង ពុំមែន នៅក្នុងការទទួលទានអាហារឡើយ ។ … ការល្បួង យ៉ាងហោចណាស់ផ្នែកដែលខ្ញុំចង់ផ្ដោតទៅលើ គឺការធ្វើវា តាមវិធីនេះ ដើម្បីទទួលបាននំប៉័ង—ភាពរីករាយខាងរូបកាយ បន្ធូរការស្រេកឃ្លានរបស់មនុស្ស—ជាវិធីដ៏ងាយ ដោយអំណាចរំលោភបំពាន ហើយដោយគ្មានឆន្ទៈរង់ចាំពេលវេលា និងវិធីត្រឹមត្រូវឡើយ ។ …
« ‹ បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទម្លាក់ខ្លួនទៅក្រោម › ពីកំពូលព្រះវិហារនេះ ។ …
« ការល្បួងនៅត្រង់នេះគឺរឹតតែមានភាពប៉ិនប្រសប់ជាងការល្បួងដំបូងទៅទៀត ។ វាគឺជាការល្បួងខាងវិញ្ញាណ ដែលគឺជាការស្រេកឃ្លានផ្ទាល់ខ្លួនដែលកាន់តែពិតជាក់ស្តែងជាងការស្រេកឃ្លានចង់បាននំប៉័ងទៅទៀត ។ តើព្រះនឹងសង្គ្រោះគាត់ដែរឬទេ ?… ហេតុអ្វីក៏មិនទទួលការបញ្ជាក់ខាងវិញ្ញាណ មានក្រុមជំនុំមួយដ៏ស្មោះត្រង់ ហើយឆ្លើយនឹងមនុស្សដ៏គំរោះគំរើយនេះ—ដោយព្រះចេស្ដារបស់ព្រះយ៉ាងដូច្នេះ ? …
« ប៉ុន្តែព្រះយេស៊ូវបដិសេធនឹងការល្បួងខាងវិញ្ញាណនេះ ។ ការបដិសេធ និងការអត់ធ្មត់ក៏ជាផ្នែកមួយនៃការរៀបចំខ្លួនជាព្រះដែរ ។… សូម្បីតែ ព្រះរាជបុត្រានៃព្រះក៏ត្រូវរង់ចាំដែរ ។ ព្រះដ៍ប្រោសលោះពុំដែលប្រទានឲ្យនូវសេចក្ដីមេត្តាមានតម្លៃយ៉ាងថោកដល់មនុស្សដទៃ ទំនងដូចជាពុំបានសុំសេចក្ដីមេត្តាណាមួយសម្រាប់អង្គទ្រង់ឡើយ ។ …
« … ‹ បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក › ។
« សាតាំង … [ ទូលសួរ ] ថា ‹ តើអ្នកចង់បានអ្វី ? នំប៉័ងថោកអ្នកពុំព្រមយក ។ ដើរតួជាព្រះមែស៊ីអ្នកក៏មិនព្រម ប៉ុន្តែគ្មានមនុស្សណាម្នាក់អាចមិនព្រមទទួលយកទ្រព្យសម្បត្តិរបស់លោកិយនេះឡើយ ។ ប្រាប់មក តើអ្នកចង់បានអ្វី › ។ សាតាំងកំពុងស្ថិតនៅក្រោមមាត្រាដំបូងនៃភាពមិនស្មោះត្រង់របស់វា—ជាជំនឿជឿយ៉ាងច្បាស់ថា នៅក្នុងពិភពលោកនេះ អ្នកអាចប្រើប្រាក់ទិញអ្វីៗទាំងអស់បាន ។
« ព្រះយេស៊ូវនឹងគ្រប់គ្រងពិភពលោកនេះនៅថ្ងៃណាមួយ ។ ទ្រង់នឹងគ្រប់គ្រងលើរាល់ក្សត្រ និងអំណាចនៅក្នុងនោះ ។ ទ្រង់នឹងធ្វើជាស្ដេចនៃអស់ទាំងស្ដេច និងជាព្រះនៃអស់ទាំងព្រះ ។. ប៉ុន្តែពុំមែនតាមវិធីនេះទេ » ( « The Inconvenient Messiah » Ensign ខែកុម្ភៈ ឆ្នាំ១៩៨៤ ទំព័រ ៦៨–៧១ ) ។