ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨-២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥, លូកា ៦ ៖ ‹ អ្នក​រាល់​គ្នា​មាន​ពរ


« ថ្ងៃទី ១៨-២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥, លូកា ៦ ‹ អ្នក​រាល់​គ្នា​មាន​ពរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៨-២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥, លូកា ៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ទេសនកថា​នៅ​លើ​ភ្នំ

ទេសនកថា​នៅ​លើ​ភ្នំ ដោយ ចហ្គ កូកូ

ថ្ងៃទី ១៨-២៤ ខែ កុម្ភៈ

ម៉ាថាយ ៥, លូកា ៦

« អ្នក​រាល់​គ្នា​មាន​ពរ »

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ៥ និង លូកា ៦ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក ។ វិវរណៈ​នឹង​កើត​មាន​ឡើង នៅ​ពេល​អ្នក​ខិតខំ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​សិស្ស​របស់​អ្នក ។ គម្រោង​មេរៀន​នេះ​អាច​ជួយ​ផ្ដល់​ជា​គំនិត​បន្ថែម​ទៀត ។

កត់ត្រា​ចំណាប់​អារម្មណ៍

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​មាន​ការ​ចែកចាយ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានមាន​ប្រសាសន៍​ថា ទេសនកថា​នៅ​លើ​ភ្នំ​គឺ​ជា « [ ការ​បង្រៀន ] ដ៏​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​បង្រៀន​ពី​មុន​មក​ឡើយ តាម​អ្វី​ដែល​យើង​ដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ​២០១៣ ] ទំព័រ ២៣៤ ) ។ ហេតុអ្វី​សិស្ស​មាន​អារម្មណ៍​ថា​រឿង​នេះ​គឺជា​រឿង​ពិត ? តើ​ពួកគេ​អាច​ចែកចាយ​អ្វីខ្លះ ?

រូបតំណាង​ការ​បង្រៀន

បង្រៀនគោលលទ្ធិ

ម៉ាថាយ ៥:១-១២

សុភមង្គល​ជា​និរន្តរ​កើត​ចេញ​ពី​ការ​រស់​នៅ​តាម​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន ហើយ​បាន​អនុវត្តតាម ។

  • ទេសនថា​នៅ​លើ​ភ្នំ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ជា​ចម្បង​ត្រូវ​បាន​ធ្វើ​ឡើង​ដល់​ពួក​សិស្ស​ដែល​ជិត​ស្និទ្ធ​របស់​ទ្រង់ ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​ថ្លែង​ការណ៍​ដែល​ត្រូវបាន​គេ​រាប់ទុកថា បទ​ប្រទានពរ ដែល​ព្រះគ្រីស្ទ​បាន​អញ្ជើញ​យើង​ឲ្យ​គិត​ឡើង​វិញ​អំពី​អត្ថន័យ​នៃ​ការ​រស់នៅ​ក្នុង​ជីវិត​មួយ​ដែលប្រកបដោយព្រះពរ—ជា​ជីវិត​នៃ​សុភមង្គល​ជា​និរន្តរ ។ ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​សុភមង្គល​ជា​និរន្តរ អ្នក​អាច​សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​រីករាយ ។ យោង​តាម​បទ​ប្រទានពរ តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ « មាន​ពរ » ឬ​រីករាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? តើ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ខុស​ប្លែក​ពី​វិធី​ផ្សេង​ទៀត​ដែល​មនុស្ស​ព្យាយាម​ស្វែង​រក​សុភមង្គល​យ៉ាង​ដូច​ម្ដេច ?

  • ដើម្បី​ជួយ​សិស្ស​ឲ្យយល់​ពាក្យ​ដូចជា ចិត្ត​បរិសុទ្ធអ្នក​ផ្សះផ្សា​គេ អ្នក​អាច​សរសេរ​ពាក្យ​មួយ​ចំនួន​ចេញ​ពី ខ​គម្ពីរ ៣–១២ នៅ​លើ​ក្ដារ​ខៀន ។ បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ដល់​យោបល់​នូវ​ពាក្យ​ផ្ទុយ​នៃ​ពាក្យ​នីមួយៗ និង​អ្វី​ដែល​ពួកគេ​រៀន​អំពី​ពាក្យ​នីមួយៗ​ដោយ​ធ្វើ​កិច្ចការ​នេះ ។ សូម​ឲ្យ​សិស្ស​ពិចារណា​អ្វី​ដែល​ពួកគេ​អាច​ផ្លាស់​ប្ដូរ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ នីហ្វៃទី ៣ ១២:៣, ៦ បន្ថែម​អ្វីខ្លះ​ទៅ​លើ​ការ​យល់​ដឹង​របស់​យើង​អំពី ម៉ាថាយ ៥:៣, ៦ ?

  • វិធីមួយ​ទៀត​ដើម្បី​រុក​រក​ខគម្ពីរ​ទាំងនេះ​គឺ​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សិក្សា​បទគម្ពីរ​បន្ថែម​ទៀត​អំពី​បទមួយ​ក្នុង​បទប្រទានពរ ហើយ​ចែកចាយ​ជាមួយ​សិស្សផ្សេង​ទៀត​នូវ​អ្វី​ដែល​ពួកគេ​រៀន ។ តើ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​ឆ្លុះ​បញ្ចាំង​នូវ​គោលការណ៍​នោះ​តាម​របៀបណា ?

ទេសនកថា​នៅ​លើ​ភ្នំ

ទេសនកថា​នៅ​លើ​ភ្នំ ដោយ ហ្វ្រេង អ័ដាម

ម៉ាថាយ ៥:១៤–១៦

ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​ធ្វើ​ជា​ពន្លឺ​នៃ​ពិភពលោក ។

  • តើ​សិស្ស​របស់​អ្នក​មាន​អារម្មណ៍​បែប​ណា នៅ​ពេល​ពួកគេ​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់​ព្រះយេស៊ូវ​ថា ពួកគេ​គឺជា « ពន្លឺ​នៃ​លោកិយ » នោះ ? តើ​ការ​យក « ពន្លឺ » របស់​យើង « ដាក់​ក្រោម​ថាំង » មាន​ន័យ​ដូចម្ដេច ហើយ​ហេតុអ្វី​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​កិច្ចការ​នេះ ? សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​នឹង​ជួយ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត ។ តើ​នរណា​ជា « ពន្លឺ » ដល់​សិស្ស​របស់​អ្នក ?

  • សូម​គិត​អំពី​វិធី​មួយ​ដើម្បី​បង្ហាញ​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ​ថា យើង​គឺជា​ពន្លឺ​ដល់​ពិភពលោក​នេះ ។ តើ​អ្នក​អាច​បង្ហាញ​រូបភាព​អំពី​ទីក្រុង​មួយ​ដែល​មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​យក​ពិល​មួយ​មក ហើយ​លាក់​វា​នៅ​ក្រោម​ថាំង​បាន​ដែរ​ឬ​ទេ ? ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​ប្រៀបធៀប​ពួក​សិស្ស​របស់​ទ្រង់​ទៅ​នឹង​ពន្លឺ ? តើ​យើង​អាច​ប្រើ​ការ​យល់​ដឹង​នេះ​ដើម្បី​ធ្វើ​ជា​ពន្លឺ​ដល់​មនុស្ស​ដទៃ​ទៀត​តាម​របៀប​ណា ? ( សូមមើល គ. និង ស. ១០៣:៩–១០ ) ។ សិស្ស​អាច​ពិភាក្សា ឬ​ដើរ​តួ​អំពី​របៀប​ដែល​ពន្លឺ​នៃ​ដំណឹងល្អ​អាច​បំភ្លឺ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ ។

  • បទគម្ពីរ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​បន្ថែម​ដល់​ការ​ពិភាក្សា​របស់​អ្នក​អំពី​ពន្លឺ​រួម​មាន នីហ្វៃទី ៣ ១៨:២៤, គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២៤, ៨៤:៤៤–៤៧, ៨៨:៥០, ៦៧ និង ៩៣:៣៦–៤០ ។ សិស្ស​ក៏​អាច​រីករាយ​ដោយ​ច្រៀង​ទំនុក​តម្កើង​អំពី​ពន្លឺ​ផង​ដែរ ដូចជា « ទ្រង់​ជា​ពន្លឺ​ខ្ញុំ » និង « ដើរ​តាម​ពន្លឺ » ទំនុក តម្កើង ល.រ. ៣៩, ៤៦ ។ តើ​ទំនុក​តម្កើង និង​បទគម្ពីរ​ទាំងនេះ​បន្ថែម​អ្វីខ្លះ​ដល់​ការ​យល់​ដឹង​របស់​យើង​អំពី ម៉ាថាយ ៥:១៤–១៦ ?

ម៉ាថាយ ៥:១៧-៤៨

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​នូវ​ក្រឹត្យវិន័យ​ដ៏​ខ្ពស់​មួយ​ដែល​អាច​ដឹកនាំ​យើង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ខ្ចោះ ។

  • ស្ថានភាព​នានា​ដែល​បាន​រៀបរាប់​នៅ​ក្នុង ម៉ាថាយ ៥ មាន​ភាព​ជាក់​លាក់​ចំពោះ​ជំនាន់​របស់​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​គោលការណ៍​ដែល​ទ្រង់​បាន​បង្រៀន​គឺសំដៅទៅ​លើ​មនុស្ស​ទូទៅ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ការ​អនុវត្ត​នានា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើស​រើស​វគ្គ​មួយ​ដូច​ត​ទៅ​នេះ ហើយ​គិត​អំពី​ឧទាហរណ៍​មួយ​នៅ​សម័យ​ទំនើប​ដែល​ឆ្លុះបញ្ចាំង​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន ៖ ខ​ទី ២១–២៤, ២៧–៣០, ៣៣–៣៧, ៣៨–៣៩, ៤០–៤២ និង ៤៣–៤៤ ។ ពួកគេ​អាច​ធ្វើ​កិច្ចការ​ដោយ​ខ្លួន​ឯង ឬ​ជា​ក្រុម ហើយ​ចែកចាយ​ឧទាហរណ៍​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ផ្សេង​ទៀត ។

  • យុវវ័យ​អាច​នឹង​រីករាយ​នឹង​ល្បែង​ផ្គូផ្គង​ដែល​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​នៅ​ក្នុង ម៉ាថាយ ៥:២១–៤៨ ផ្លាស់​ប្ដូរ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ អ្នក​អាច​បង្កើត​ប័ណ្ណ​មួយ​ដុំ​ដែល​មាន​ឃ្លា​ដែល​ចាប់​ផ្ដើម​ដោយ « អ្នក​រាល់​គ្នា​បាន​ឮ » ( ដោយ​រៀបរាប់​អំពី​ក្រឹត្យវិន័យ​របស់​ម៉ូសេ ) ចេញ​ពី ម៉ាថាយ ៥:២១–៤៤ ។ សូម​បង្កើត​ប័ណ្ណ​មួយ​ដុំ​ទៀត​ជាមួយ​នឹង​ឃ្លា​ចេញ​ពី​ខគម្ពីរ​ដែល​ចាប់ផ្ដើម « តែ​ខ្ញុំ​ប្រាប់ » ( ដោយ​រៀបរាប់​អំពី​ក្រឹត្យវិន័យ​ខ្ពស់​ជាង​របស់​ព្រះគ្រីស្ទ ) ។ សូម​ផ្កាប់​ប័ណ្ណ​ទាំង​ពីរ​ដុំនោះ ហើយ​ឲ្យ​សិស្ស​ម្នាក់​ជ្រើស​រើស​ប័ណ្ណ « អ្នក​រាល់​គ្នា​បាន​ឮ » មួយ បន្ទាប់​មក​ឲ្យ​ម្នាក់​ទៀត​ជ្រើស​រើស​ប័ណ្ណ​មួយ​ពី​ដុំ​ផ្សេង​ទៀត ដោយ​មើល​ថាតើ​វា​ត្រូវ​គ្នា​ដែរ​ឫ​ទេ ។ សូម​បន្ត​ធ្វើ​ដូច្នេះ​រហូត​ដល់​សិស្ស​បាន​ផ្គូផ្គង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ជាមួយ​នឹង​ការ​បង្រៀន​ថ្មី​របស់​ព្រះគ្រីស្ទ ។ សម្រាប់​ការ​ផ្គូផ្គង​នីមួយៗ សូម​ពិភាក្សា​អំពី​ហេតុផល​ដែល​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​មានភាព​ចាំបាច់​នៅ​ក្នុង​ជំនាន់​របស់​យើង ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « ល្អ​ឥត​ខ្ចោះ » មាន​ន័យ​ដូចម្ដេច នៅ​ពេល​ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ឲ្យ​មាន « ពេញលេញ » ឬ « បាន​ចប់​សព្វ​គ្រប់ » នោះ ? ( ម៉ាថាយ ៥:៤៨, « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៦–៨៨ ) ។ នេះ​គឺ​ជា​គំនិត​មួយ ៖ សូម​កាត់​រូបភាព​ព្រះយេស៊ូវ​ជាច្រើន​ចំណែកទុកតម្រៀប ហើយ​សូម​ឲ្យ​សិស្ស​សរសេរ​នៅ​ពី​ក្រោយ​បំណែក​រូបភាព​នីមួយៗ​នូវ​ការ​បង្រៀន​មួយ​ចេញ​ពី ម៉ាថាយ ៥ ដែល​ពួកគេ​មាន​អារម្មណ៍​ថា បាន​បំផុស​គំនិត​ឲ្យ​អនុវត្ត​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ចូរ​ឲ្យ​ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផ្គុំ​បំណែកទាំង​នោះ ។ តើ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​មាន​ភាព « ពេញ​លេញ » ឬ « បាន​ចាប់​សព្វ​គ្រប់ » តាម​របៀប​ណា ? ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ » ) ។

  • អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​ពួកគេ​ទទួល​បាន​កាល​កំពុង​សិក្សា ម៉ាថាយ ៥ផង​ដែរ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​តាម​ដាន​ការ​អញ្ជើញ​នេះ​នៅ​មេរៀន​ក្រោយៗ​ទៀត ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​ឲ្យ​សិស្ស​អាន ម៉ាថាយ ៦–៧ នៅ​សប្ដាហ៍​ក្រោយ អ្នក​អាច​ប្រាប់​ពួកគេ​ថា ប្រធាន ហារ៉ូល ប៊ី លី បាន​ហៅ​ទេសនកថា​នៅ​លើ​ភ្នំ​ថា​ជា « សមាសភាព​សម្រាប់​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ » ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ២០០ ) ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ម៉ាថាយ ៥, លូកា ៦

ការ​ធ្វើ​ជា​ពន្លឺ​មួយ ។

អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន​ថា « តើ​អ្នក​ធ្លាប់​ឈប់​មួយ​ភ្លែត​ដើម្បី​គិត​ថា ប្រហែល​អ្នក​ជា​ពន្លឺ​ដែល​បាន​បញ្ជូន​មក​ដោយ​ព្រះវរបិតាសួគ៌ ដើម្បី​ដឹកនាំ​មនុស្ស​ម្នាក់​ទៀត​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព ឬ ជា​ភ្លើង​នាំ​ផ្លូវ​ពី​ចម្ងាយ ដើម្បី​បង្ហាញ​ផ្លូវ​ត្រឡប់​ទៅកាន់​ផ្លូវ​ត្រង់ និង តូច​ចង្អៀត​វិញ ជា​ផ្លូវ​នាំ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ​ដែរ​ឬ​ទេ ? ពន្លឺ​របស់​អ្នក​គឺ​ជា​ភ្លើង​នាំ​ផ្លូវ ហើយ​មិន​គួរ​រលត់ ឬ​ធ្វើ​ឲ្យ​អ្នក​ដែល​រក​ផ្លូវ​ទៅ​ផ្ទះ​វង្វេង​នោះ​ទេ » ( « That Ye May Be the Children of Light » [ Brigham Young University fireside ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ] ទំព័រ ៩; speeches.byu.edu ) ។

ការ​ស្វែង​រក​ភាព​ល្អ​ឥត​ខ្ចោះ ។

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​ថា ៖ « តើ​អ្នក​គិត​ថា​ព្រះអង្គសង្គ្រោះ​កំពុង​មាន​បន្ទូល​ណែនាំ​អំពី​គោលដៅ​មួយ​ដែល​ពុំ​អាច​សម្រេច​បាន ហើយ​ចំអក​ឲ្យ​យើង​នៅ​ក្នុង​ការ​ខិតខំ​របស់​យើង​ដើម្បី​រស់​នៅ​ឲ្យ​បាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​មែន​ទេ ? នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​ពុំ​អាច​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​លោក​ចៅ​ហ្វាយ​បាន​មាន​បន្ទូល​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​នេះ​យើង​ដាក់​គ្រឹះ​ដែល​យើង​សង់​សម្រាប់​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រឹះ​របស់​យើង​ត្រូវ​បាន​សង់​នៅ​លើ​សេចក្ដី​ពិត សេចក្ដី​សុចរិត និង​សេចក្ដី​ជំនឿ » ( Teachings of Presidents of the Church: Harold B. Lee ទំព័រ ១៩៥ ) ។

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « [ ភាព​ល្អ​ឥត​ខ្ចោះ ] នឹង​ពុំ​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ប៉ុន្តែ​វា​កើត​ឡើង​មួយ​បន្ទាត់​ម្ដងៗ និង​មួយ​សិក្ខាបទ​ម្ដងៗ ពី​គំរូ​មួយ​ទៅ​គំរូ​មួយ គឺ​ដរាបណា​យើង​រស់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។… ប៉ុន្តែ​នៅ​ក្នុង​ជីវិត​នេះ​យើង​សង់​គ្រឹះ​នោះ ។ នៅ​ក្នុង​ជីវិត​នេះ​គឺជា​កន្លែង​ដែល​យើង​ទទួល​ការ​បង្រៀន​នូវ​សេចក្ដី​ពិត​ដ៏​សាមញ្ញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ស្ថានភាព​បទពិសោធន៍​នេះ ដើម្បី​រៀបចំ​ខ្លួន​យើង​សម្រាប់​ភាព​ល្អ​ឥត​ខ្ចោះ​នោះ ។ វា​គឺជា​កាតព្វ​កិច្ច​របស់​ខ្ញុំ វា​គឺជា​កាតព្វ​របស់​បងប្អូន ដើម្បី​ខ្ញុំ​អាច​ធ្វើ​អ្វី​នៅ​ថ្ងៃ​នេះ​ឲ្យ​ប្រសើរ​ជាង​កាល​ពី​ម្សិលមិញ និង​ដើម្បី​ឲ្យ​បងប្អូន​ធ្វើ​អ្វី​នៅ​ថ្ងៃ​នេះ​ឲ្យ​បាន​ប្រសើរ​ជាង​កាល​ពី​ម្សិល​មិញ ហើយ​នៅ​ថ្ងៃ​ស្អែក​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​ថ្ងៃ​នេះ » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ​២០១៣ ] ទំព័រ ២៣៤–៣៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បង្កើន​ការ​ចូល​រួម​របស់​សិស្ស ។ មាន​សកម្មភាព​ជាច្រើន​ដែល​អាច​ធ្វើ​ឡើង​ទាំងអស់​គ្នា ជា​ក្រុម​តូចៗ ជា​គូ ឬ​ជា​ការ​ពិភាក្សា​មួយ ។ សូម​ប្រើ​វិធី​សាស្ត្រ​ផ្សេងៗ​គ្នា​មួយ​ដើម្បី​ឲ្យ​សិស្ស​ចូល​រួម ដែល​ពួកគេ​អាច​នឹង​គ្មាន​ឱកាស​ចូល​រួម ប្រសិន​បើ​គ្មាន​វិធី​សាស្ត្រ​នោះ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ៣៣ ) ។