« ថ្ងៃទី២៥ ខែ កុម្ភៈ–ថ្ងៃទី៣ ខែ មីនា ។ ម៉ាថាយ ៦–៧ ៖ ‹ ទ្រង់បានបង្រៀនពួកគេដូចជាមនុស្សម្នាក់ដែលមានសិទ្ធិអំណាច › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី២៥ ខែ កុម្ភៈ–ថ្ងៃទី៣ ខែ មីនា ។ ម៉ាថាយ ៦–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី២៥ ខែកុម្ភៈ–ថ្ងៃទី ៣ ខែមីនា
ម៉ាថាយ ៦-៧
« ទ្រង់បានបង្រៀនពួកគេដូចជាមនុស្សម្នាក់ដែលមានសិទ្ធិអំណាច »
នៅពេលអ្នករៀបចំខ្លួនបង្រៀន សូមចាប់ផ្ដើមដោយការរៀបចំខ្លួនរបស់អ្នក ។ សូមសិក្សា ម៉ាថាយ ៦–៧ ហើយកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នក ។ ការណ៍នេះនឹងជួយអ្នកឲ្យទទួលវិវរណៈអំពីរបៀបដើម្បីបំពេញសេចក្ដីត្រូវការសិស្សរបស់អ្នកឲ្យបានល្អបំផុត ។ បន្ទាប់មក សូមស្រាវជ្រាវគម្រោងមេរៀននេះដើម្បីទទួលបានគំនិតសម្រាប់ការបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
សូមអញ្ជើញសិស្សឲ្យចែកចាយថា តើវគ្គណាមួយនៅក្នុងទេសនកថានៅលើភ្នំដែលពួកគេមានអារម្មណ៍ថា ជារឿងចាំបាច់បំផុតសម្រាប់សព្វថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យដាក់បន្ថែមការយល់ដឹងពីគ្នាទៅវិញទៅមក ។
បង្រៀនគោលលទ្ធិ
ប្រសិនបើយើងស្ដាប់ ហើយធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ នោះជីវិតរបស់យើងនឹងត្រូវបានស្ថាបនាឡើងនៅលើគ្រឹះដ៏រឹងមាំមួយ ។
-
តើការបង្រៀនជាក់លាក់អ្វីទៅនៅក្នុង ម៉ាថាយ ៦–៧ ដែលនឹងមានប្រយោជន៍បំផុតដល់មនុស្សដែលយើងបង្រៀន ? សូមពិចារណាសរសេរសេចក្ដីយោងបីបួននៅលើក្ដារខៀនដកស្រង់ចេញពី ម៉ាថាយ ៦-៧ ដែលមាននូវការបង្រៀនទាំងនេះ ។ សិស្សអាចជ្រើសយកសេចក្ដីយោងមួយដើម្បីសិក្សាដោយស្ងៀមស្ងាត់ រួចហើយសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតខាងវិញ្ញាណនានាដែលពួកគេរៀន ។ តើការបង្រៀនទាំងនេះបានជះឥទ្ធិពលដល់ជីវិតរបស់យើងតាមរបៀបណា ?
-
ព្រះអង្គសង្គ្រោះបានបញ្ចប់ទេសនកថារបស់ទ្រង់ជាមួយនឹងរឿងប្រៀបធៀបមួយដែលអាចនឹងជួយសិស្សឲ្យយល់កាន់តែប្រសើរ អំពីសារៈសំខាន់នៃការរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ៧:២៤–២៧ សូមមើលផងដែរ ហេលេមិន ៥:១២ ) ។ ដើម្បីនឹកស្រមៃអំពីរឿងប្រៀបធៀបនេះ សិស្សអាចធ្វើការរួមគ្នាដើម្បីសង់គ្រឹះដ៏រឹងមាំមួយដោយប្រើដុំថ្ម ពែង ឬសម្ភារផ្សេងទៀត រួចហើយសាកល្បងពីភាពរឹងមាំនៃគ្រឹះរបស់ពួកគេ ។ ប្រហែលជាពួកគេក៏អាចបិទស្លាកលើសម្ភាររបស់ពួកគេ ដើម្បីសង់គ្រឹះនោះជាមួយនឹងអ្វី ៗនានាដែលពួកគេអាចធ្វើដើម្បីអនុវត្តការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ តើការធ្វើរឿងទាំងនេះអាចជួយយើងឲ្យតតាំងនឹងព្យុះភ្លៀងនៃជីវិតតាមរបៀបណា ?
ព្រះអង្គសង្គ្រោះបានបង្រៀនយើងអំពីរបៀបអធិស្ឋាន ។
-
ការសិក្សាអំពីការអធិស្ឋានរបស់ព្រះអម្ចាស់អាចនឹងជួយសិស្សឲ្យស្គាល់អំពីរបៀបដែលពួកគេអាចកែលម្អការអធិស្ឋានរបស់ពួកគេផ្ទាល់តាមរយៈការធ្វើតាមគំរូរបស់ព្រះអម្ចាស់ ។ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរនៅលើក្ដារខៀននូវឃ្លាដកស្រង់ចេញពី ម៉ាថាយ ៦:៩–១៣ ( ឬ លូកា ១១:១–៤ ) ដែលសំខាន់ចំពោះពួកគេ ។ នៅពេលយើងពិចារណាបន្ទូលរបស់ព្រះអង្គសង្គ្រោះ តើយើងរៀនអ្វីខ្លះអំពីឥរិយាបថដែលយើងគប្បីមាន នៅពេលយើងអធិស្ឋាន ? តើយើងរៀនអ្វីខ្លះអំពីអ្វីៗដែលយើងគួរអធិស្ឋានសូម និងអិធិស្ឋានអំពីវា ? វាអាចជួយសិស្សឲ្យចេះចាំដោយថ្លែងឡើងវិញនូវឃ្លាមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ដូចជាអ្វីដែលពួកគេអាចនឹងនិយាយ នៅក្នុងការអធិស្ឋានរបស់ពួកគេផ្ទាល់ ។ ឧទាហរណ៍ ឃ្លាថា « សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ » អាចថ្លែងឡើងវិញថា « សូមជួយខ្ញុំនៅក្នុងការខិតខំរបស់ខ្ញុំដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំ » ។
-
សិស្សអាចនឹងទទួលបានអត្ថប្រយោជន៍មកពីការសិក្សាគំរូផ្សេងទៀតអំពីព្រះអង្គសង្គ្រោះកំពុងអធិស្ឋានទៅកាន់ព្រះវរបិតារបស់ទ្រង់ ដូចជា ម៉ាថាយ ២៦:៣៦–៤២ និង យ៉ូហាន ១៧ ។ អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាវគ្គទាំងនេះមួយចំនួន ដោយស្រាវជ្រាវរកចម្លើយចំពោះសំណួរដូចជា « តើយើងរៀនអ្វីខ្លះអំពីការអធិស្ឋានចេញពីរបៀបដែលព្រះអង្គសង្គ្រោះបានអធិស្ឋាន ? » និង « តើយើងអាចធ្វើឲ្យការអធិស្ឋានរបស់យើងកាន់តែដូចជាការអធិស្ឋានរបស់ព្រះអង្គសង្គ្រោះតាមរបៀបណា ? » សម្រាប់គំរូនៃការអធិស្ឋានផ្សេងទៀត សូមមើល អេណុស ១:៣–១៧, អាលម៉ា ៣១:២៦–៣៥, ៣៣:៣–១១ ។
-
តើអ្នកមានបទពិសោធន៍ណាមួយទាក់ទងនឹងការអធិស្ឋានដែលអ្នកអាចចែកចាយបានដែរឬទេ ? ការចែកចាយបទពិសោធន៍របស់អ្នកអាចនឹងលើកទឹកចិត្តសិស្សឲ្យធ្វើដូចគ្នា ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួនតូចដែលទាក់ទងនឹងការអធិស្ឋាននៅក្នុងសារលិខិតរបស់លោក « Consider the Blessings »” (Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ៨៦–៨៩ ) ។ អ្នកអាចពិភាក្សាគោលការណ៍នានាដែលនៅក្នុងសារលិខិតរបស់លោក និងពាក្យដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ពាក្យ « ការអធិស្ឋាន » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយក៏អាចជួយផងដែរ ។
ព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាន ។
-
ដើម្បីជួយសិស្សឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេថា ព្រះនឹងស្ដាប់ឮ ហើយឆ្លើយតបចំពោះការអធិស្ឋានរបស់ពួកគេ អ្នកអាចសរសេរពាក្យ ទូលសូម ស្វែងរក និង គោះ នៅលើក្ដារខៀន ។ បន្ទាប់មកអញ្ជើញសិស្សឲ្យស្រាវជ្រាវបទគម្ពីររកគំរូរបស់មនុស្សដែល « បានទូលសូម » « បានស្វែងរក » ហើយ « បានគោះ » ( ឧទាហរណ៍ សូមមើល នីហ្វៃទី ១ ១១:១, អេធើរ ២:១៨–៣:៦, យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១១–១៧ ) ។ តើយើងអាចរៀនអ្វីខ្លះមកពីគំរូទាំងនេះអំពីការទទួលបានចម្លើយចំពោះការអធិស្ឋានរបស់យើង ?
-
បរិបទសំខាន់មួយចំនួនសម្រាប់ ម៉ាថាយ ៧:៧–១១ អាចរកឃើញនៅក្នុង ការបកប្រែរបស់យ៉ូសែប ស្ម៊ីធអំពីម៉ាថាយ ៧:១២–១៧ ( នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។ នៅក្នុងខគម្ពីរទាំងនេះ ពួកសិស្សរបស់ព្រះយេស៊ូវបានរំពឹងរកមើលនូវហេតុផលមួយចំនួនដែលមនុស្សអាចមាន ដើម្បីពុំខិតខំស្វែងរកសេចក្ដីពិតមកព្រះវរបិតាសួគ៌ ។ អ្នកអាចសូមឲ្យសិស្សនឹកស្រមៃថាពួកគេមានមិត្តម្នាក់ដែលរុញរាក្នុងការស្វែងរកការដឹកនាំ ឬពរជ័យមកពីព្រះអម្ចាស់ ។ តើសិស្សអាចនឹងនិយាយអ្វីខ្លះដើម្បីលើកទឹកចិត្តមិត្តម្នាក់នេះ ? តើពួកគេអាចនឹងប្រើប្រាស់បន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៧:៧–១១តាមរបៀបណា ?
យើងអាចស្គាល់ពួកព្យាការីពិត និងពួកព្យាការីក្លែងក្លាយដោយផលរបស់ពួកគេ ។
-
សិស្សរបស់អ្នកទំនងជាបានឃើញទស្សនៈខុសឆ្គង និងការបញ្ឆោតផ្សេងទៀតរបស់មារសត្រូវ មិនថានៅលើអ៊ិនធើរណែត ឬមកពីប្រភពផ្សេងទៀត ។ ពួកគេក៏បានស្ដាប់ឮមនុស្សដទៃទៀតរិះគន់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ផងដែរ ។ តើអ្នកអាចជួយពួកគេឲ្យយល់របៀបស្គាល់ពួកព្យាការីក្លែងក្លាយ និងការបង្រៀនមកពីពួកព្យាការីពិតតាមរបៀបណា ? អ្នកអាចដាក់បង្ហាញចំណែកផ្លែឈើមួយចំនួនតូច ហើយសួរពីឈ្មោះរបស់វា ។ តើលំហាត់នេះជួយយើងឲ្យយល់ ម៉ាថាយ ៧:១៥–២០ តាមរបៀបណា ? អ្នកក៏អាចអានរួមគ្នានូវសារលិខិតមួយចំនួនថ្មីៗមកពីពួកព្យាការីដែលនៅរស់ផងដែរ ។ តើ « ផល » ឬលទ្ធផលអ្វីខ្លះដែលកើតចេញពីការទូន្មានរបស់ពួកលោក ?
-
ម៉ាថាយ ៧:១៥–២០ អាចជួយស្ថាបនាសេចក្ដីជំនឿរបស់សិស្សនៅក្នុងបេសកកម្មមកពីព្រះរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ។ តើផលផ្លែនៃកិច្ចការដែលយ៉ូសែប ស្ម៊ីធ សម្រេចបានមានអ្វីខ្លះ ? សម្រាប់គំនិតមួយចំនួន សូមមើលសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « Joseph Smith » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣១ ) ។ តើយើងអាចប្រើរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៧:១៥–២០ ដើម្បីថ្លែងទីបន្ទាល់ទៅកាន់មិត្ត និងគ្រួសាររបស់យើងអំពីព្យាការី យ៉ូសែប ស្ម៊ីធ តាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សប្ដាហ៍នេះ ដោយសារសិស្សសិក្សាអំពីអព្ភូតហេតុជាច្រើនដែលព្រះអង្គសង្គ្រោះបានធ្វើ សូមអញ្ជើញពួកគេឲ្យពិចារណានូវគំរូអំពីអព្ភូតហេតុសម័យទំនើប—មិនថាធំ ឬតូច—ដែលពួកគេធ្លាប់ដកពិសោធន៍ ឬធ្លាប់បានឮ ។
ធនធានបន្ថែមទាំងឡាយ
ចម្រៀងសម្រាប់ប្រើនៅក្នុងថ្នាក់ ។
-
តើគោលការណ៍អ្វីខ្លះទាក់ទងនឹងការអធិស្ឋានដែលសិស្សរៀនមកពីទំនុកច្រៀងនៃបទ « ការអធិស្ឋានជាប្រាថ្នាស្មោះ » ? ( ទំនុកតម្កើង ល.រ. ៨៣ ) ។
-
ការអាន ការច្រៀង ឬការស្ដាប់បទ « សរសើរដល់លោក » ទំនុកតម្កើង ល.រ. ២៧ អាចជួយសិស្សឲ្យគិតអំពីផលមួយចំនួនដែលយើងអាចដឹងថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះ ( សូមមើលផងដែរ គ. និង ស. ១៣៥:៣, « យ៉ូសែប ស្ម៊ីធ » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ topics.lds.org ) ។
រឿងអំពីការអធិស្ឋាន ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានប្រាប់អំពីការអធិស្ឋានជាគ្រួសារមួយដែលគ្រួសារលោកមានពីមុនចេញដំណើរទៅរដ្ឋកាលីហ្វ័រញ៉ា ។ មានពេទ្យសត្វម្នាក់បានប្រាប់ពួកគេថា សត្វគោរបស់ពួកគេរស់មិនផុតពីថ្ងៃមួយនោះឡើយ ។ « កូនប្រុសតូចរបស់យើងបានធ្វើការអធិស្ឋានសម្រាប់យើង ។ បន្ទាប់ពីគាត់បានសូមឲ្យព្រះវរបិតាសួគ៌ឲ្យ ‹ ប្រទានពរលោកប៉ានៅក្នុងការធ្វើដំណើររបស់គាត់ និងប្រទានពរដល់យើងទាំងអស់គ្នា › រួចគាត់បានចាប់ផ្ដើមមានការទូលអង្វរមួយដោយអស់ពីចិត្ត ។ គាត់បាននិយាយថា ‹ ព្រះវរបិតាសួគ៌ សូមប្រទានពរដល់សត្វគោឈ្មោះបស្ស៊ីផង ដើម្បីកុំឲ្យវាមានបញ្ហាឲ្យសោះ › » ។
« នៅរដ្ឋកាលីហ្វ័រញ៉ា ខ្ញុំបានប្រាប់អំពីព្រឹត្តិការណ៍នោះ ហើយបាននិយាយថា ‹ គាត់ត្រូវរៀនថា យើងពុំទទួលបានអ្វីគ្រប់យ៉ាងដែលយើងអធិស្ឋានទូលសូមដោយងាយបែបនោះឡើយ › ។
« មានមេរៀនមួយដែលត្រូវរៀនសូត្រ ប៉ុន្តែខ្ញុំគឺជាអ្នកដែលបានរៀនសូត្រ ពុំមែនកូនប្រុសរបស់ខ្ញុំទេ ។ ពេលខ្ញុំត្រឡប់មកវិញនៅយប់ថ្ងៃអាទិត្យ បស្ស៊ី ‹ ពុំបានកើតអ្វីទេ › » ( « Prayer and Promptings » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤៥ ) ។
បងប្រុស ម៉ានហ្គាល ដាន ឌីបទី ជាសមាជិកម្នាក់ក្នុងសាសនាចក្រនៅប្រទេសឥណ្ឌា បាននិយាយថា « កាលពីក្មេង ខ្ញុំបានទៅព្រះវិហារលូធើរិនរបស់អាល្លឺម៉ង់ជាទៀងទាត់ ។ យើងបានទៅលើភ្នំដើម្បីអធិស្ឋានជាមួយគ្នាជាញឹកញាប់ ។ នៅថ្ងៃមួយ កាលមានភ្លៀងធ្លាក់ចុះមក មនុស្សគ្រប់គ្នាដែលនៅក្នុងក្រុមអធិស្ឋាននោះបានទទឹកខ្លួនជោក ហើយមានម្នាក់ដែលជាគ្រូគង្វាលបានផ្តល់ការអធិស្ឋានដ៏ស្មោះអស់ពីចិត្ត ទូលសូមព្រះអម្ចាស់ឲ្យបញ្ឈប់ភ្លៀង ។ វាគួរឲ្យអស្ចារ្យណាស់ ភ្លៀងបានឈប់មែន ។ នោះគឺជាការចាប់ផ្ដើមនៃជំនឿរបស់ខ្ញុំលើព្រះ និងការអធិស្ឋាន » ( « My Journey as a Pioneer from India » Ensign ខែកក្កដា ឆ្នាំ២០១៦ ទំព័រ ៦៧ ) ។
សម្រាប់រឿងផ្សេងទៀតអំពីការអធិស្ឋាន សូមមើលវគ្គសំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងទស្សនាវដ្ដី Ensign ឬ លីអាហូណា ។