« ថ្ងៃទី ១៨-២៤ខែ មីនា ។ ម៉ាថាយ ១៣, លូកា ៨, ១៣ ៖ ‹ អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ឲ្យស្តាប់ចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៨-២៤ ខែ មីនា ។ ម៉ាថាយ ១៣, លូកា ៨, ១៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៨-២៤ខែ មីនា
ម៉ាថាយ ១៣, លូកា ៨, ១៣
« អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ឲ្យស្តាប់ចុះ »
នៅពេលអ្នកអាន សូមគិតអំពីសំណួរដែលសិស្សអាចនឹងមាន នៅពេលពួកគេព្យាយាមយល់នូវសារលិខិតរបស់រឿងប្រៀបធៀបនានា ។ តើអ្វីខ្លះដែលអាចជារឿងពិបាកយល់ ? តើការសិក្សារបស់អ្នកអាចរៀបចំអ្នកឲ្យឆ្លើយនឹងសំណួររបស់ពួកគេតាមរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
សូមរំឭកឡើងវិញជាមួយនឹងសិស្សនូវ « គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមអញ្ជើញសិស្សឲ្យចែកចាយវិធីសាស្ត្រដែលពួកគេបានប្រើដើម្បីសិក្សា ម៉ាថាយ ១៣ និង លូកា ៨, ១៣ ។
បង្រៀនគោលលទ្ធិ
ដួងចិត្តរបស់យើងត្រូវតែត្រៀមជាស្រេចដើម្បីទទួលបន្ទូលរបស់ព្រះ ។
-
ដើម្បីជួយសិស្សឲ្យនឹកគិតនៅក្នុងចិត្តនូវសារលិខិតរបស់រឿងប្រៀបធៀបអំពីអ្នកព្រោះគ្រាប់ពូជ អ្នកអាចយកគ្រាប់ពូជមួយចំនួន ដីមួយផើង និងថ្មតូចៗមួយផើងមកថ្នាក់រៀន ។ សូមឲ្យសិស្សម្នាក់ដាំគ្រាប់ពូជមួយនៅក្នុងដី ហើយគ្រាប់ពូជមួយទៀតនៅក្នុងថ្ម ។ តើគ្រាប់ពូជណាមួយលូតលាស់ល្អជាង ហើយហេតុអ្វី ? តើមេរៀនបែបនេះទាក់ទងនឹងរឿងប្រៀបធៀបនៅក្នុង ម៉ាថាយ ១៣:១–២៣ យ៉ាងដូចម្ដេច ? តើយើងអាចរៀបចំដួងចិត្តរបស់យើងដើម្បីទទួលបន្ទូលរបស់ព្រះតាមរបៀបណា ?
-
តើអ្នកអាចប្រើរឿងប្រៀបធៀបអំពីអ្នកព្រោះគ្រាប់ពូជដើម្បីបំផុសគំនិតដល់សិស្សរបស់អ្នកឲ្យរៀបចំដួងចិត្តរបស់ពួកគេដើម្បីទទួលបន្ទូលរបស់ព្រះតាមរបៀបណា ? អ្នកអាចសរសេរ ពួកសិស្ស និង មនុស្សផ្សេងទៀត នៅលើក្ដារខៀន ។ សូមឲ្យសិស្សអាន ម៉ាថាយ ១៣:១០–១៧ ហើយស្វែងរករបៀបដែលព្រះអង្គសង្គ្រោះបានរៀបរាប់អំពីភាពខុសគ្នារវាងពួកសិស្សរបស់ទ្រង់ និងមនុស្សផ្សេងទៀតដែលបានស្ដាប់ឮរឿងប្រៀបធៀបរបស់ទ្រង់ ។ បន្ទាប់មក សូមឲ្យសិស្សស្រាវជ្រាវ ខទី ១៨–២៣ ដោយរកមើលអ្វីដែលអាចនឹងធ្វើឲ្យត្រចៀករបស់យើងទៅជា « ស្ពឹក » ឬភ្នែករបស់យើងបានបិទចំពោះរឿងខាងវិញ្ញាណ ។ តើការដឹកនាំអ្វីខ្លះដែលយើងកំពុងទទួលបានមកពីព្រះ និងពួកអ្នកបម្រើរបស់ទ្រង់នៅក្នុងជំនាន់របស់យើង ? តើយើងកំពុងបណ្ដុះនៅលើ « ដីល្អ » តាមរបៀបណា ? ( ខទី ២៣ ) ។
-
អ្នកអាចនឹងអញ្ជើញសិស្សបីបួននាក់ឲ្យត្រៀមខ្លួនបង្រៀនវគ្គមួយមកពីសារលិខិតរបស់អែលឌើរ ដាល្លិន អេក អូក « The Parable of the Sower » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៥ ) ។ តើសារលិខិតរបស់លោកបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់យើងអំពីរឿងប្រៀបធៀបនោះ ?
រឿងប្រៀបធៀបរបស់ព្រះយេស៊ូវជួយយើងឲ្យយល់អំពីការលូតលាស់ ជោគវាសនា និងតម្លៃនៃសាសនាចក្ររបស់ទ្រង់ ។
-
តើអ្នកអាចជួយសិស្សឲ្យយល់នូវសេចក្ដីពិតអំពីសាសនាចក្រដែលត្រូវបានបង្រៀននៅក្នុងរឿងប្រៀបធៀបរបស់ព្រះយេស៊ូវក្នុង ម៉ាថាយ ១៣ តាមរបៀបណា ? អ្នកអាចសរសេររឿងប្រៀបធៀបពីរបីនៅលើក្ដារខៀន ( សូមមើល គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និង Teachings of Presidents of the Church: Joseph Smith ទំព័រ ២៩៣–៣០៣ ) ។ សូមឲ្យសិស្សជាក្រុមតូចៗសិក្សារឿងប្រៀបធៀបនីមួយៗ ហើយរកមើលអ្វីដែលពួកគេរៀនអំពីការរីកចម្រើន និងជោគវាសនារបស់សាសនាចក្រ ។ វិធីមួយដើម្បីប្រមូលនៅរាល់គំនិតមកពីក្រុមនីមួយៗគឺដោយការគូររង្វង់ធំមួយនៅលើក្ដារខៀន ហើយសរសេរអក្សរថា សាសនាចក្ររបស់ព្រះគ្រីស្ទ ( « នគរស្ថានសួគ៌ » ) ។ នៅពេលក្រុមនីមួយៗចែកចាយ ពួកគេអាចសរសេរអ្វីមួយដែលពួកគេបានរៀនអំពីការរីកចម្រើន និងជោគវាសនារបស់សាសនាចក្រនៅក្នុងរង្វង់នោះ ។
-
តើយើងរៀនអ្វីខ្លះអំពីតម្លៃនៃការជារបស់ផងសាសនាចក្រមកពីរឿងប្រៀបធៀបអំពីទ្រព្យសម្បត្តិនៅក្នុងទីវាល និងមុក្តាដ៏មានតម្លៃមហិមាដែលមាននៅក្នុង ម៉ាថាយ ១៣:៤៤–៤៦ ? សិស្សមួយចំនួននៅក្នុងថ្នាក់របស់អ្នក ( ឬមនុស្សដែលពួកគេស្គាល់ ) ប្រហែលជាបានធ្វើការលះបង់—ទោះតូច ឬធំក្ដី—ដើម្បីក្លាយជាសមាជិកសាសនាចក្រ ។ សូមអញ្ជើញសិស្សឲ្យចែកចាយការលះបង់ដែលពួកគេបានធ្វើ ឬបានឃើញមនុស្សដទៃបានធ្វើ ដើម្បីជារបស់ផងសាសនាចក្រ ។ តើជាលទ្ធផលមានពរជ័យអ្វីខ្លះបានកើតឡើង ? សូមពិចារណាចែកចាយ រឿងរបស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី អំពីមន្ត្រីកងទ័ពជើងទឹកនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ សូមអញ្ជើញសិស្សឲ្យពិចារណានូវអ្វីដែលពួកគេបានទទួលការបំផុសគំនិតឲ្យលះបង់សម្រាប់សាសនាចក្រ ។
នៅចុងបញ្ចប់នៃពិភពលោកនេះ ព្រះអម្ចាស់នឹងប្រមូលពួកបរិសុទ្ធ ហើយបំផ្លាញពួកទុច្ចរិតចោល ។
-
តើអ្នកអាចជួយសិស្សឲ្យរៀនមេរៀនចេញពីរឿងប្រៀបធៀបអំពីស្រូវសាលី និងស្រងែ ដែលនឹងជួយពួកគេឲ្យបន្តធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់តាមរបៀបណា ? សូមចាប់ផ្ដើមដោយអញ្ជើញសិស្សម្នាក់ឲ្យសង្ខេបរឿងប្រៀបធៀបនោះ និងការបកស្រាយអំពីរឿងនោះ ។ វាក៏អាចមានប្រយោជន៍ផងដែរ ដើម្បីដាក់បង្ហាញរូបភាពស្រូវសាលី និងស្រងែ មកពី គ្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ តើមេរៀនមួយចំនួននៅក្នុងរឿងប្រៀបធៀបនេះសម្រាប់ជំនាន់របស់យើងមានអ្វីខ្លះ ? ហេតុអ្វីក៏វាមានសារៈសំខាន់ដើម្បីដឹងថា ព្រះអម្ចាស់អនុញ្ញាតឲ្យពួកបរិសុទ្ធរបស់ទ្រង់ « ដុះជាមួយគ្នា »( ម៉ាថាយ ១៣:៣០ ) ជាមួយនឹងពួកទុច្ចរិតរហូតដល់គ្រានៃការច្រូតកាត់ ? តើយើងអាចរក្សាសេចក្ដីជំនឿរបស់យើងឲ្យរឹងមាំនៅក្នុងបរិយាកាសនេះ នៅពេលសេចក្ដីទុច្ចរិតមាននៅជុំវិញខ្លួនយើងតាមរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦ ផ្ដល់នូវការយល់ដឹងបន្ថែមអំពីការអនុវត្តនៅថ្ងៃចុងក្រោយនៃរឿងប្រៀបធៀបនេះ ។
-
សេចក្ដីថ្លែងការណ៍ដោយអែលឌើរ អិល ថម ភែរី នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផ្ដល់យោបល់ថា ស្រងែអាចតំណាងឲ្យ « វិធីទុច្ចរិត និងខាងលោកិយ » ដែលជ្រាបចូលក្នុងជីវិតរបស់យើង ។ ដើម្បីជួយសិស្សឲ្យពិចារណានូវរបៀបដែលពួកគេអាចដឹងអំពីប្រភេទនៃស្រងែខាងវិញ្ញាណនេះ សូមសរសេរនៅលើបំណែកក្រដាសនូវសេចក្ដីពិតខាងដំណឹងល្អ និងគំនិត ឬការអនុវត្តខុសឆ្គងខាងលោកិយចំនួនបីបួន ។ សូមដាក់បំណែកក្រដាសចូលក្នុងប្រអប់មួយ ។ បន្ទាប់មកសូមឲ្យសិស្សជ្រើសយកបំណែកក្រដាសពីរបី ហើយពិភាក្សាថាតើមួយណាជាសេចក្ដី ពិត និងមួយណាជាភាពក្លែងក្លាយ ។ ( សេចក្ដីពិត និងភាពក្លែងក្លាយទាំងនេះភាគច្រើនត្រូវបានលើកឡើងនៅក្នុងសុន្ទរកថាសន្និសីទទូទៅ អ្នកអាចមើលវាសម្រាប់ជាគំនិត ) ។ តើយើងអាចធ្វើតាមពាក្យទូន្មានរបស់អែលឌើរ ភែរី ដើម្បី « បំប៉នអស់ពីសមត្ថភាពគាត់ ចំពោះអ្វីដែលល្អ » នៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
អ្នកអាចលើកឡើងថា នៅការអានសម្រាប់សប្ដាហ៍ក្រោយ វារៀបរាប់អំពីមនុស្សដែលបានដើរតាមព្រះយេស៊ូវ ប៉ុន្តែបន្ទាប់មក « មិនតាមទ្រង់ទៀតទេ » ( យ៉ូហាន ៦:៦៦ ) ។ សូមប្រាប់សិស្សថា ពួកគេអាចស្វែងរកការយល់ដឹងដែលអាចជួយពួកគេ និងមនុស្សដទៃទៀតឲ្យបន្តស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះ ។
ធនធានបន្ថែមទាំងឡាយ
« វាគឺជាការពិត មែនទេ ? »
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានចែកចាយបទពិសោធន៍មួយដែលលោកមានជាមួយនឹងមន្ត្រីកងទ័ពជើងទឹកម្នាក់មកពីទ្វីបអាស៊ី ដែលទើបចូលរួមក្នុងសាសនាចក្រនាពេលថ្មីៗ ៖
« ខ្ញុំបានស្គាល់គាត់ពីមុនដែលគាត់បានត្រឡប់ទៅមាតុប្រទេសវិញ ។ យើងបាននិយាយអំពី [ សេចក្ដីពិតរបស់ដំណឹងល្អ ] រួចហើយខ្ញុំបាននិយាយថា ‹ ប្រជាជនរបស់ប្អូនពុំមែនជាគ្រិស្ដសាសនិកទេ ។ តើនឹងមានអ្វីកើតឡើងនៅពេលប្អូនត្រឡប់ទៅមាតុប្រទេសវិញជាគ្រិស្តសាសនិកម្នាក់ ហើយកាន់តែពិសេសទៅទៀតនោះគឺអ្នកជាពួកមរមរន ? ›
« ទឹកមុខរបស់គាត់ស្រងូតស្រងាត់បន្តិច រួចគាត់តបថា ‹ ក្រុមគ្រួសាររបស់ខ្ញុំនឹងខកចិត្ត ។ ពួកគេអាចនឹងបណ្តេញខ្ញុំចេញ ហើយចាត់ទុកថាខ្ញុំបានស្លាប់ហើយ ។ ចំណែកឯអនាគត និង ការងាររបស់ខ្ញុំវិញ ប្រហែលជាពិបាករកណាស់ › ។
« ខ្ញុំបានសួរថា ‹ តើប្អូននឹងសុខចិត្តបង់ថ្លៃដ៏ខ្ពស់បំផុតសម្រាប់ដំណឹងល្អដែរឬទេ ? ›
« ទឹកភ្នែកបានស្រក់ពីកែវភ្នែកពណ៌ខ្មៅរបស់គាត់ … កាលគាត់ឆ្លើយថា ‹ វាជាការពិត មែនទេ ? ›
« ដោយរអៀសខ្លួនបន្តិចដែលបានសួរសំណួរនោះ នោះខ្ញុំបានឆ្លើយថា ‹ មែនហើយ វាជាការពិត › ។
« គាត់បានឆ្លើយថា ‹ អញ្ជឹងតើមានអ្វីសំខាន់ជាងនេះទៅទៀត ? › » ( « It’s True, Isn’t It? » Ensign ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ២ ) ។
យើងគួរចិញ្ចឹមបីបាច់ការល្អ ។
អែលឌើរ អិល ថម ភែរី បានបង្រៀនថា « សត្រូវពីដើមរបស់មនុស្សទាំងអស់បានរកឃើញមធ្យោបាយជាច្រើន តាមដែលវាអាចគិតដល់ដើម្បីព្រោះស្រងែទាំងឆ្ងាយទាំងជិត ។ វាបានរកឃើញវិធីផ្សេងៗ ដើម្បីទំលុះចូល សូម្បីតែទីបរិសុទ្ធនៃផ្ទះរបស់យើង ។ ផ្លូវទុច្ចរិត និងផ្លូវលោកិយបានរីកសុះសាយ វាហាក់ដូចជាគ្មានវិធីពិតប្រាកដណាមួយ ដើម្បីដកវាចេញឡើយ ។ អំពើទាំងនេះផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើរណែត និងរលកអាកាសតាមឧបករណ៍ដែលយើងបានបង្កើតទុកសម្រាប់ការអប់រំ និងកម្សាន្តសប្បាយ ។ ស្រូវសាលី និងស្រងែបានដុះឡើងជាមួយគ្នា។ ពួកបាវបម្រើចាត់ចែងវាលស្រែ ត្រូវតែបំប៉នអស់ពីសមត្ថភាពគាត់ ចំពោះអ្វីដែលល្អ ហើយធ្វើឲ្យវារឹងមាំ ហើយស្រស់ស្អាត នោះស្រងែនឹងគ្មានការទាក់ទាញភ្នែក ឬត្រចៀកឡើយ » ( « Finding Lasting Peace and Building Eternal Families » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៤ ) ។