« ថ្ងៃទី ១១-១៧ ខែ មីនា ។ ម៉ាថាយ ១០–១២, ម៉ាកុស ២, លូកា ៧, ១១ ៖ ‹ ព្រះយេស៊ូវទ្រង់ចាត់ពួក ១២ នាក់នេះឲ្យទៅ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ១១-១៧ ខែ មីនា ។ ម៉ាថាយ ១០–១២, ម៉ាកុស ២, លូកា ៧, ១១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ១១-១៧ ខែ មីនា
ម៉ាថាយ ១០–១២, ម៉ាកុស ២, លូកា ៧, ១១
« ព្រះយេស៊ូវទ្រង់ចាត់ពួក ១២ នាក់នេះឲ្យទៅ »
ការអាន ម៉ាថាយ ១០–១២, ម៉ាកុស ២ និង លូកា ៧, ១១ ដោយគិតអំពីសិស្សនឹងជួយអ្នកទទួលបានការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធអំពីអ្វីដែលពួកគេត្រូវការ ។ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណដែលអ្នកទទួល ហើយប្រើគម្រោងមេរៀននេះដើម្បីស្វែងរកការយល់ដឹងបន្ថែមទៀត និងគំនិតសម្រាប់ការបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
សូមអញ្ជើញសិស្សឲ្យត្រៀមខ្លួនមកថ្នាក់រៀនដើម្បីចែកចាយសំណួរនានាដែលពួកគេមានអំពី ម៉ាថាយ ១១:២៨–៣០ ។ ( សម្រាប់ឧទាហរណ៍មួយចំនួនអំពីសំណួរនានា សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ តើចម្លើយអ្វីខ្លះដែលពួកគេបានរកឃើញ ?
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់ប្រទានដល់ពួកអ្នកបម្រើរបស់ទ្រង់នូវអំណាចដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។
-
ការអនុញ្ញាតរបស់ព្រះអង្គសង្គ្រោះចំពោះពួកសាវករបស់ទ្រង់អាចជួយយើងនៅក្នុងការទទួលខុសត្រូវរបស់យើងផ្ទាល់ ។ សិស្សប្រហែលជាមានការយល់ដឹងអំពីប្រធានបទនេះតាមរយៈការសិក្សារបស់ពួកគេផ្ទាល់ ឧទាហរណ៍ មានសកម្មភាពមួយអំពីប្រធានបទនេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬធ្វើការជាក្រុមតូច ៗ ដើម្បីធ្វើសកម្មភាពនោះនៅក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍នៅពេលដែលពួកគេទទួលបានអារម្មណ៍នៃព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ នៅពេលពួកគេបានបំពេញការហៅរបស់ពួកគេ ។
-
វិធីមួយទៀតសម្រាប់សិស្សដើម្បីពិនិត្យឡើងវិញនូវ ម៉ាថាយ ១០ គឺស្រាវជ្រាវនៅក្នុងជំពូកនេះរកអ្វីមួយដែលព្រះអង្គសង្គ្រោះបានសុំឲ្យពួកសាវកធ្វើ ហើយគូររូបភាពដែលតំណាងឲ្យវត្ថុនោះ ។ ពួកគេអាចចែកចាយគំនូររបស់ពួកគេ និងអ្វីដែលពួកគេបានរៀនអំពីការអនុញ្ញាតរបស់ពួកសាវកដប់ពីរនាក់ ។
-
តើការសិក្សាអំពីការអនុញ្ញាតដែលព្រះគ្រីស្ទបានប្រទានដល់ពួកសាវករបស់ទ្រង់នៅក្នុង ម៉ាថាយ ១០ អាចជួយសិស្សឲ្យយល់នូវតួនាទីរបស់ពួកព្យាការី និងពួកសាវកសម័យទំនើបតាមរបៀបណា ? វាអាចនឹងមានប្រយោជន៍ដើម្បីប្រៀបធៀបការអនុញ្ញាតរបស់ព្រះអង្គសង្គ្រោះដល់ពួកដប់ពីរនាក់ទៅនឹងការអនុញ្ញាតដែលត្រូវបានប្រទានឲ្យដល់កូរ៉ុមទីមួយនៃពួកសាវកដប់ពីរនាក់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើសិស្សធ្លាប់ទទួលឥទ្ធិពលដោយការងារបម្រើរបស់ពួកសាវកដែលនៅរស់តាមរបៀបណា ? សូមថ្លែងទីបន្ទាល់របស់អ្នកអំពីការហៅដ៏ទេវភាពរបស់ពួកព្យាការី និងពួកសាវកដែលនៅរស់ ហើយអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់ ។
-
ដើម្បីឆ្លុះបញ្ចាំងនូវការពិតដែលថា អ្នកកាន់បព្វជិតភាពគ្រប់រូបអាចដានសិទ្ធិអំណាចរបស់គាត់ត្រឡប់ក្រោយវិញទៅដល់គ្រាដែលព្រះយេស៊ូវបានតែងតាំងពួកសាវករបស់ទ្រង់នោះ សូមអញ្ជើញអ្នកកាន់បព្វជិតភាពម្នាក់ឲ្យចែកចាយតំណនៃសិទ្ធិអំណាចរបស់គាត់ ។
នៅពេលយើងស្ថិតនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ នោះទ្រង់នឹងបំផុសគំនិតយើងនូវពាក្យពេចន៍ដែលត្រូវនិយាយ ។
-
ពេលខ្លះមនុស្សមានអារម្មណ៍ភ័យខ្លាចនៅពេលបង្រៀន ឬនិយាយជាមួយនឹងមនុស្សដទៃទៀតអំពីដំណឹងល្អ ។ ប៉ុន្តែព្រះអម្ចាស់បានសន្យាដល់ពួកសិស្សថា ទ្រង់នឹងជួយពួកគេឲ្យដឹងនូវអ្វីដែលត្រូវនិយាយ ។ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលជំនួយដែលព្រះអម្ចាស់បានសន្យាសម្រាប់ខ្លួនយើង ? សូមអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ១០:១៩–២០, គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៥ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៥–៨ ដើម្បីរកចម្លើយចំពោះសំណួរនេះ ។ តើព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យដឹងអ្វីដែលត្រូវនិយាយនៅពេលណា ? អ្នកអាចចែកចាយបទពិសោធន៍របស់អ្នក ហើយអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេផ្ទាល់ ។
ម៉ាថាយ ១២:១–១៣, ម៉ាកុស ២:២៣–២៨
ថ្ងៃឈប់សម្រាកគឺជាថ្ងៃមួយដើម្បីធ្វើការល្អ ។
-
ដើម្បីជួយរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ពួកផារិស៊ីបានអនុវត្តច្បាប់តឹងរឹង និងទំនៀមទម្លាប់ដែលបង្កើតដោយមនុស្ស ដែលនៅទីបំផុតបានបិទបាំងការយល់ដឹងរបស់ពួកគេអំពីគោលបំណងពិតនៃថ្ងៃឈប់សម្រាក ។ តើសិស្សដែលអ្នកបង្រៀននឹងទទួលបានប្រយោជន៍មកពីការពិភាក្សាមួយអំពីហេតុផលដែលព្រះអម្ចាស់បានប្រទានថ្ងៃឈប់សម្រាកឲ្យយើងដែរឬទេ ? អ្នកអាចអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវដំណើររឿងនៅក្នុង ម៉ាថាយ ១២:១–១៣ និង ម៉ាកុស ២:២៣–២៨ ហើយចែកចាយអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីថ្ងៃឈប់សម្រាក ( សូមមើលផងដែរ ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាកុស ២:២៦–២៧ [ នៅក្នុង Bible appendix ] ) ។ តើការយល់ដឹងបន្ថែមទៀតអំពីថ្ងៃឈប់សម្រាកដែលយើងទទួលបានមកពី លោកុប្បត្តិ ៣១:១៦–១៧, អេសាយ ៥៨:១៣–១៤ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៣មានអ្វីខ្លះ ? តើទំនៀមទម្លាប់ ឬច្បាប់អ្វីខ្លះដែលអាចនឹងបង្វែរយើងចេញពីគោលបំណងពិតរបស់ថ្ងៃឈប់សម្រាក ?
-
កាលពួកផារិស៊ីបានគូសបញ្ជាក់នូវច្បាប់លម្អិតជាច្រើនអំពីថ្ងៃឈប់សម្រាក ព្រះអង្គសង្គ្រោះបានបង្រៀនគោលការណ៍ដ៏សាមញ្ញមួយថា « មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាក » ( ម៉ាថាយ ១២:១២ ) ។ អស់អ្នកដែលរស់នៅតាមគោលការណ៍នេះ ជារឿយៗ មានបញ្ហាតិចតួចណាស់ក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ តើគោលការណ៍ផ្សេងទៀតដែលជួយសិស្សឲ្យរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធមានអ្វីខ្លះ ? ហេតុអ្វីក៏ការបង្រៀនគោលការណ៍ទាំងឡាយមានប្រសិទ្ធភាពជាងការដាក់ច្បាប់នៅក្នុងការអភិវឌ្ឍភាព ខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ? ( សូមមើលសេចក្ដីថ្លែងការណ៍របស់ព្យាការីយ៉ូសែប ស្ម៊ីធ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ តើមានគោលការណ៍នានាផ្សេងទៀតដែលយើងអាចគិតឃើញ ដែលវាជួយយើងឲ្យគោរពបទបញ្ញត្តិរបស់ព្រះដែរឬទេ ? ឧទាហរណ៍ តើគោលការណ៍អ្វីខ្លះដែលអាចជួយឪពុកម្ដាយឲ្យបំផុសគំនិតដល់កូនចៅរបស់ខ្លួនឲ្យគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ឬធ្វើការស្រាវជ្រាវពង្សប្រវត្តិ ?
-
ប្រធាន រ័សុល អិម ណិលសុន « The Sabbath Is a Delight » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២ ) និងវីដេអូដែលមានពាក្យទូន្មានរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចបន្ថែមឲ្យមានការពិភាក្សាមួយអំពីថ្ងៃឈប់សម្រាក ។
-
វាអាចនឹងមានប្រយោជន៍ដល់សិស្សដើម្បីរំឭកឡើងវិញនូវ « ការគោរពថ្ងៃបរិសុទ្ធ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ ពួកគេអាចដើរតួអំពីរបៀបដែលពួកគេអាចនឹងពន្យល់ដល់មនុស្សម្នាក់ដែលពុំមានសាសនាដូចយើងនូវហេតុផលដែលពួកគេគោរពថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
នៅពេលយើងទទួលបានការអភ័យទោសពីអំពើបាបរបស់យើង សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះកាន់តែមានភាពស៊ីជម្រៅ ។
-
តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់ស្ត្រីនោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង លូកា ៧:៣៦–៥០ នៅពេលយើងស្វែងរកការអភ័យទោសសម្រាប់អំពើបាបរបស់យើងផ្ទាល់ ? តើការប្រែចិត្តពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគ្រីស្ទតាមរបៀបណា ? តើយើងប្រើដំណើររឿងនេះដើម្បីបង្រៀនមនុស្សម្នាក់អំពីអត្ថន័យនៃការស្វែងរកការអភ័យទោសតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
អ្នកអាចសំណូមពរឲ្យសិស្សអានរឿងប្រៀបធៀបនៅក្នុង ម៉ាថាយ ១៣ និង លូកា ៨, ១៣ ហើយរៀបចំខ្លួនចែកចាយនៅក្នុងថ្នាក់សម្រាប់សប្ដាហ៍ក្រោយនូវការយល់ដឹងអំពីគោលការណ៍មួយនៃដំណឹងល្អដែលពួកគេបានទទួលមកពីរឿងប្រៀបធៀបមួយ ។
ធនធានបន្ថែមទាំងឡាយ
ពរជ័យនៃការប្រតិបត្តិថ្ងៃឈប់សម្រាក ។
នៅក្នុងស៊េរីវីដេអូបី អែលឌើរ ជែហ្វ្រី អ័រ ហូលិន បង្រៀនអំពីពរជ័យនៃការប្រតិបត្តិថ្ងៃឈប់សម្រាក ៖ « Upon My Holy Day—Getting Closer to God », « Upon My Holy Day—Honoring the Sabbath », និង « Upon My Holy Day—Rest and Renewal » (LDS.org) ។
សិទ្ធិអនុញ្ញាតមួយដល់ពួកសាវកនៅថ្ងៃចុងក្រោយ ។
នៅពេលសមាជិកដំបូងមួយចំនួនក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅគ្រាកាន់កាប់ត្រួតត្រានេះត្រូវបានហៅ នោះអូលីវើរ ខៅឌើរី បានផ្ដល់សិទ្ធិអនុញ្ញាតមួយដែលស្រដៀងគ្នានឹងសិទ្ធិដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យនៅក្នុង ម៉ាថាយ ១០ ដែរ ។ លោកបានមានប្រសាសន៍ថា ៖
« ‹ អ្នកនឹងត្រូវតតាំងនឹងរាល់ភាពលំអៀងនៃគ្រប់ប្រជាជាតិ ។ … ហេតុដូច្នេះហើយ ខ្ញុំសូមព្រមានអ្នកឲ្យបណ្ដុះចិត្តរាបសាដ៏ធំ ពីព្រោះខ្ញុំដឹងអំពីអំនួតរបស់ដួងចិត្តមនុស្ស ។ ចូរប្រុងប្រយ័ត្ន ខ្លាចក្រែងពួកអ្នកបញ្ជោនៃលោកិយលើកតម្កើងអ្នកឡើង ។ ចូរប្រុងប្រយ័ត្នខ្លាចក្រែងសុឆ្ឆន្ទៈរបស់អ្នកត្រូវបានទាក់ទាញដោយទ្រព្យសម្បត្តិខាងលោកិយ ។ ចូរដាក់ការងារបម្រើរបស់អ្នកដំបូងគេបង្អស់ ។ … [ វា ] គឺជារឿងចាំបាច់ដែលអ្នកទទួលបានទីបន្ទាល់មួយមកពីស្ថានសួគ៌សម្រាប់ខ្លួនឯង ដើម្បីអ្នកអាចថ្លែងទីបន្ទាល់ចំពោះសេចក្ដីពិតនោះ ។ …
« ‹ … អ្នកត្រូវថ្លែងសារលិខិតនេះដល់អស់អ្នកដែលគិតថាពួកគេជាមនុស្សឆ្លាត ។ ហើយមនុស្សបែបនេះអាចនឹងបៀតបៀនអ្នក ពួកគេនឹងសំឡាប់អ្នក ។ មារសត្រូវចង់បានជីវិតរបស់ពួកអ្នកបម្រើរបស់ព្រះជានិច្ច ។ ហេតុដូច្នេះហើយ អ្នកត្រូវត្រៀមខ្លួនគ្រប់ពេល ដើម្បីធ្វើពលិកម្មជីវិតរបស់អ្នក ដែលព្រះតម្រូវពីពួកគេជាមុន និងការស្ថាបនាបុព្វហេតុរបស់ទ្រង់ ។ …
« បន្ទាប់មក លោកចាប់ដៃពួកគេម្នាក់ម្ដងៗ ហើយមានពោលថា ‹ តើអ្នកមានគោលបំណងពេញលេញក្នុងដួងចិត្តដើម្បីធ្វើជាផ្នែកមួយនៅក្នុងការងារបម្រើនេះ ដើម្បីប្រកាសដំណឹងល្អដោយឧស្សាហ៍ព្យាយាមជាមួយនឹងបងប្អូនប្រុសរបស់អ្នកទាំងនេះ ស្របតាមន័យ និងចេតនានៃ ការទទួលខុសត្រូវដែលអ្នកបានទទួលដែរឬទេ ? › ពួកគេម្នាក់ៗបានឆ្លើយដោយភាពវិជ្ជមាន » ( នៅក្នុង Joseph Smith Papers, Documents, Volume 4: April 1834–September 1835, និពន្ធដោយ Matthew C. Godfrey និងមនុស្សផ្សេងទៀត [ ឆ្នាំ ២០១៦ ] ទំព័រ ២៤៣–៤៤, ២៤៧, ការប្រកប និងការដាក់វណ្ណយុត្តិត្រូវដាក់តាមបទដ្ឋាន ) ។
ការបង្រៀនគោលការណ៍ត្រឹមត្រូវ ។
នៅពេលមួយ មានមនុស្សបានសួរព្យាការី យ៉ូសែប ស្ម៊ីធ អំពីរបៀបដែលលោកអាចគ្រប់គ្រងមនុស្សជាច្រើននៅទីក្រុងណៅវូយ៉ាងមានប្រសិទ្ធភាព ។ ព្យាការីបានពន្យល់ថា « ខ្ញុំបង្រៀនពួកគេតាមគោលការណ៍ត្រឹមត្រូវ ហើយពួកគេគ្រប់គ្រងខ្លួនឯងផ្ទាល់ » ( សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០១៧ ] ទំព័រ ២៨៤ ) ។