« ថ្ងៃទី ២២-២៨ ខែ មេសា ។ ម៉ាថាយ ១៨, លូកា ១០ ៖ ‹ តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ? › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ២២-២៨ ខែ មេសា ។ ម៉ាថាយ ១៨, លូកា ១០ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២២-២៨ ខែ មេសា
ម៉ាថាយ ១៨, លូកា ១០
« តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ? »
សូមអាន ម៉ាថាយ ១៨ និង លូកា ១០ ហើយកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នក ។ នៅពេលអ្នកទទួលបានចំណាប់អារម្មណ៍ អ្នកអាចសួរសំណួរដូចដែលអែលឌើរ រីឆាដ ជី ស្កត បានណែនាំ « តើមានរឿងច្រើនទៀតដែលខ្ញុំគួរតែដឹងមែនទេ ? » ( « To Acquire Spiritual Guidance » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ជំពូកទាំងនេះមាននូវឧទាហរណ៍យ៉ាងច្រើនអំពីការបង្រៀនដំណឹងល្អដែលមានភាពខុសគ្នាពីអ្វីដែលពិភពលោកនេះបង្រៀនយើង ។ តើសេចក្ដីពិតអ្វីខ្លះដែលសិស្សបានរកឃើញនៅក្នុងជំពូកទាំងនេះ ដែលវាមានការលំបាកសម្រាប់មនុស្សមួយចំនួនដើម្បីទទួលយក ឬរស់នៅតាម ?
បង្រៀនគោលលទ្ធិ
យើងត្រូវតែអភ័យទោសដល់មនុស្សដទៃទៀត ប្រសិនបើយើងចង់ទទួលបានការអភ័យទោសមកពីព្រះអម្ចាស់ ។
-
ជារឿយៗ យើងទាំងអស់គ្នាចាំបាច់ត្រូវអភ័យទោសដល់មនុស្សម្នាក់ដែលធ្វើឲ្យយើងអាក់អន់ចិត្ត ។ តើអ្នកអាចប្រើរឿងប្រៀបធៀបអំពីអ្នកបម្រើដែលគ្មានចិត្តមេត្តាដើម្បីបំផុសគំនិតដល់សិស្សឲ្យមានការអភ័យទោសកាន់តែ ច្រើនតាមរបៀបណា ? ប្រហែលជាអ្នកអាចសរសេរសំណួរដូចតទៅនេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យពិចារណាវាដូចជាមនុស្សម្នាក់និទានរឿងប្រៀបធៀបនោះ ៖ តើស្ដេចតំណាងឲ្យនរណា ? តើអ្នកបម្រើដែលគ្មានចិត្តមេត្តានោះតំណាងឲ្យនរណា ? តើបំណុលរបស់គាត់តំណាងឲ្យអ្វី ? តើអ្នកបម្រើម្នាក់ទៀតតំណាងឲ្យនរណា ? តើបំណុលរបស់គាត់តំណាងឲ្យអ្វី ? ព័ត៌មានអំពីប្រាក់ និងកាក់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចផ្ដល់គំនិតដល់សិស្សអំពីភាពខុសគ្នាយ៉ាងធំនៃបំណុលទាំងពីរនៅក្នុងរឿងប្រៀបធៀបនោះ ។ សូមអញ្ជើញសិស្សឲ្យពិចារណាថាតើសារលិខិតអ្វីទៅដែលរឿងប្រៀបធៀបនោះមានសម្រាប់ពួកគេផ្ទាល់ ។
-
អ្នកអាចអញ្ជើញសិស្សឲ្យបង្កើតការកែសម្រួលមួយនៃរឿងប្រៀបធៀបអំពីអ្នកបម្រើដែលគ្មានចិត្តមេត្តានោះ ដែលវាបង្រៀនមេរៀនដូចគ្នាអំពីការអភ័យទោសដោយប្រើស្ថានភាព និងរឿងលម្អិតនៅសម័យបច្ចុប្បន្ន ។ ( សូមពិចារណាឲ្យពួកគេធ្វើកិច្ចការនេះជាក្រុម ) ។ សូមពិភាក្សាអំពីរបៀបដែលរឿងប្រៀបធៀបនេះបានឆ្លើយទៅនឹងសំណួររបស់ពេត្រុសថា តើលោកគួរអភ័យទោសប៉ុន្មានដង ។
-
វីដេអូ « Forgive Every One Their Trespasses: The Parable of the Unmerciful Servant » (LDS.org) អាចជួយសិស្សរបស់អ្នកយល់ពីរឿងប្រៀបប្រដូចនេះ ។ បន្ថែមពីលើ ម៉ាថាយ ១៨:៣៥ បទគម្ពីរដូចតទៅនេះអាចជួយសិស្សឲ្យយល់អំពី ហេតុផលដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងអភ័យទោសដល់មនុស្សគ្រប់គ្នាដែលមានអំពើបាបទាស់នឹងយើង ៖ ម៉ាថាយ ៦:១២–១៥, អេភេសូរ ៤:៣២ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៧–១១ ។
ដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច យើងត្រូវស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ។
-
នេះគឺជាគំនិតមួយដែលអាចផ្ដល់ជាទស្សនៈថ្មីមួយដល់សិស្សអំពីរឿងប្រៀបធៀបស្ដីពីសាសន៍សាម៉ារីចិត្តល្អ ៖ សូមអញ្ជើញពួកគេឲ្យគិតថា ពួកគេកំពុងស៊ើបអង្កេតនូវរឿងក្ដីមួយអំពីការវាយតប់ និងចោរកម្មនៅតាមផ្លូវរវាងស្រុកយេរីខូ និងទីក្រុងយេរូសាឡិម ។ សូមឲ្យសិស្សពីរបីនាក់មកថ្នាក់រៀនដោយរៀបចំខ្លួនដើម្បីតំណាងឲ្យមនុស្សផ្សេងៗគ្នានៅក្នុងរឿងប្រៀបធៀបនោះ ហើយពិភាក្សាអំពីការពាក់ព័ន្ធរបស់ពួកគេនៅក្នុងរឿងក្ដីនោះ ។ ឧទាហរណ៍ ហេតុអ្វីសង្ឃនោះ និងសាសន៍លេវីពុំបានឈប់ជួយបុរសដែលមានរបួសនោះ ? ហេតុអ្វីបានសាសន៍សាម៉ារីនោះបានឈប់ ? តើគំនិតអ្វីខ្លះដែលម្ចាស់ផ្ទះសំណាក់អាចបន្ថែម ? តើបុរសដែលត្រូវរបួសមានអារម្មណ៍បែបណាអំពីអ្នកដទៃផ្សេងទៀត ? សូមធ្វើឲ្យប្រាកដថា ការពិភាក្សានោះបំផុសគំនិតសិស្សឲ្យដើរតួដូចជាសាសន៍សាម៉ារីចិត្តល្អ និងម្ចាស់ផ្ទះសំណាក់ ហើយចៀសវាងពីការធ្វើដូចជាសង្ឃ និងសាសន៍លេវីនោះ ។ តើសិស្សធ្លាប់មានអារម្មណ៍ដូចជា « មនុស្សម្នាក់ » ដែលត្រូវការជំនួយយ៉ាងខ្លាំងនៅពេលណា ? តើជំនួយបានកើតឡើងតាមរបៀបណា ? ក្នុងនាមជាសមាជិកវួដ តើយើងអាចធ្វើការរួមគ្នាដើម្បីជួយមនុស្សដទៃ ដូចជាសាសន៍សាម៉ារីចិត្តល្អ និងម្ចាស់ផ្ទះសំណាក់បានធ្វើ បែបណា?
-
ក្រៅពីការបង្រៀនអំពីអត្ថន័យនៃការស្រឡាញ់ដល់អ្នកជិតខាងរបស់យើង រឿងប្រៀបធៀបអំពីសាសន៍សាម៉ារីចិត្តល្អក៏អាចជាតំណាងនៃព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទដើម្បីសង្គ្រោះយើងផងដែរ ។ ( ព័ត៌មានលម្អិតអំពីការបកស្រាយនេះមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ អ្នកអាចអញ្ជើញសិស្សឲ្យអានរឿងប្រៀបធៀបដោយរកមើលអត្ថន័យជានិមិត្តសញ្ញានេះ និងអត្ថន័យផ្សេងទៀត ដែលអាចមាន ។ តើយើងរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ នៅពេលយើងអានរឿងប្រៀបធៀបនោះតាមរបៀបនេះ ?
យើងជ្រើសយក « ចំណែកយ៉ាងល្អ » ដោយធ្វើការជ្រើសរើសប្រចាំថ្ងៃដែលដឹកនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។
-
ជីវិតគឺពោរពេញដោយរឿងល្អៗដើម្បីធ្វើ ។ ដំណើររឿងរបស់ម៉ារា និងម៉ាថាអាចជួយសិស្សឲ្យពិចារណានូវរបៀបជ្រើសរើស « ចំណែកយ៉ាងល្អ » (ខទី ៤២ សូមមើលផងដែរ គ្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ បន្ទាប់ពីអាន លូកា ១០:៣៨–៤២ រួមគ្នា ប្រហែលជាអ្នកអាចសួរសិស្សថា តើអាចនឹងមានប្រតិកម្មបែបណាទៅនឹងពាក្យទូន្មានរបស់ព្រះអង្គសង្គ្រោះ ប្រសិនបើពួកគេគឺជាម៉ាថាវិញនោះ ។ តើបទពិសោធន៍នេះអាចនឹងជះឥទ្ធិពលដល់ការជ្រើសរើសនាពេលអនាគតរបស់ពួកគេយ៉ាងដូចម្ដេច ? តើយើងអាចដឹងថា រឿងអ្វីនៅក្នុងជីវិតរបស់យើងដែល « ត្រូវការ » តាមរបៀបណា ? ( លូកា ១០:៤២ ) ។ តើសារលិខិតអែលឌើរ ដាល្លិន អេក អូក « Good, Better, Best » ( Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤-៨ ) ជួយសិស្សតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមប្រាប់សិស្សថា នៅពេលពួកគេអានការប្រកាសរបស់ព្រះអង្គសង្គ្រោះអំពីលក្ខណៈជាព្រះរបស់ទ្រង់ផ្ទាល់នៅក្នុង យ៉ូហាន ៧–១០ សម្រាប់ថ្នាក់រៀននៅសប្ដាហ៍ក្រោយ ពួកគេអាចដឹងកាន់តែប្រាកដថា ទ្រង់គឺជាព្រះគ្រីស្ទ ។
ធនធានបន្ថែមទាំងឡាយ
ប្រាក់ និងកាក់ ។
វាពិបាកដើម្បីដឹងអំពីតម្លៃពិតប្រាកដនៃចំនួនប្រាក់ដែលបានលើកឡើងនៅក្នុងរឿងប្រៀបធៀបអំពីអ្នកបម្រើដែលគ្មានចិត្តមេត្តា ( សូមមើល ម៉ាថាយ ១៨:២៣–៣៥ ) ។ ប៉ុន្តែមានតម្រុយនានានៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែលអាចជួយយើងឲ្យយល់អំពីភាពខុសគ្នាដ៏ធំរវាងបំណុលចំនួន ១០០ កាក់ និងបំណុលជាប្រាក់ ១០,០០០ ។
អ្នកបម្រើម្នាក់ទៀតនៅក្នុងរឿងប្រៀបធៀបនេះបានជំពាក់បំណុលតិចជាង ១០០ កាក់ ។ នៅក្នុង ម៉ាថាយ ២០:២ មួយកាក់ ( ទម្រង់ឯករចនៈនៃពាក្យ កាក់ ) គឺជាថ្លៃឈ្នួលបង់ឲ្យសម្រាប់ការធ្វើការមួយថ្ងៃនៅក្នុងចម្ការទំពាំងបាយជូរ ។ ដូច្នេះ អ្នកបម្រើម្នាក់ទៀតត្រូវធ្វើការ១០០ ថ្ងៃដើម្បីទទួលបាន១០០ កាក់ដើម្បីបង់ថ្លៃបំណុលរបស់គាត់ ។ ប៉ុន្តែចំនួននេះតិចតួចណាស់ ប្រសិនបើប្រៀបធៀបទៅនឹង ១០,០០០ ពាន់នៃបំណុលរបស់អ្នកបម្រើដែលគ្មានចិត្តមេត្តា ។ នៅក្នុង ម៉ាថាយ ២៥:១៤–១៥ សម្បត្តិទាំងអស់របស់បុរសម្នាក់—« ទ្រព្យរបស់គាត់ »—ត្រូវបានឲ្យតម្លៃតែប្រាំបីពាន់ប៉ុណ្ណោះ ។ ដូច្នេះ វាត្រូវយកទ្រព្យសម្បត្តិរបស់មនុស្សជាង ១,០០០ នាក់ដូចជាបុរសម្នាក់នេះមកបញ្ចូលគ្នាដើម្បីបង់បំណុលរបស់អ្នកបម្រើដែលគ្មានចិត្តមេត្តានោះ ។
បំណុលដ៏សម្បើមដែលព្រះយេស៊ូវគ្រីស្ទបានបង់សម្រាប់យើងម្នាក់ៗ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិនបានចែកចាយអ្វីដែលលោកបានរៀនអំពីរឿងប្រៀបធៀបស្ដីពីអ្នកបម្រើគ្មានចិត្តមេត្តាកាលចូលរួមថ្នាក់វិទ្យាស្ថានមួយ ៖
« [ គ្រូបង្រៀន ] បានសម្គាល់ឃើញថា ការអភ័យទោសដែលមានទំហំ ១០០ កាក់ ដែលយើងទាំងអស់គ្នាត្រូវបានរំពឹងទុកឲ្យធ្វើចំពោះគ្នាទៅវិញទៅមក ហើយត្រូវបានទទួលស្គាល់ជាចំនួនដ៏ធំនៃប្រាក់ គឺ … ការស្នើសុំតិចណាស់ បើប្រៀបធៀបនឹងការអភ័យទោសដែលមានទំហំ ១០,០០០ ពាន់ដែលព្រះគ្រីស្ទបានធ្វើចំពោះយើង ។
« បំណុលចុងក្រោយនោះ ជាបំណុលរបស់យើង តួលេខដ៏ធំមួយ [ គ្រូបង្រៀន ] រំឭកយើង ស្ទើរតែពុំអាចយល់បានឡើយ ។ ប៉ុន្តែគាត់បាននិយាយថា ការណ៍នោះគឺជាអ្វីដែលព្រះអង្គសង្គ្រោះចង់បាននៅក្នុងការបង្រៀននេះ ជាផ្នែកមួយដ៏សំខាន់នៃរឿងប្រៀបធៀបនោះ ។ ព្រះយេស៊ូវមានព្រះរាជបំណងថា ពួកអ្នកស្ដាប់ទ្រង់ទទួលអារម្មណ៍តែបន្តិចបន្តួចនៃទំហំដ៏នៅអស់កល្បជានិច្ច និងអំណោយទានដ៏អស្ចារ្យនៃសេចក្ដីមេត្តាករុណារបស់ទ្រង់ ការអភ័យទោសរបស់ទ្រង់ ដង្វាយធួនរបស់ទ្រង់ ។
« … វាគឺជាលើកដំបូងនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំចងចាំថា មានអារម្មណ៍នូវការពលិកម្មដ៏ធំរបស់ព្រះគ្រីស្ទសម្រាប់ខ្ញុំ—ជាអំណោយទានមួយដែលរហូតមកដល់សព្វថ្ងៃនេះនៅតែពុំអាចយល់បាន ។ ប៉ុន្តែជាអំណោយទានមួយដែលបានធ្វើឲ្យខ្ញុំគិតយ៉ាងច្រើនជាលើកដំបូងនូវសេចក្ដីត្រូវការរបស់ខ្ញុំដើម្បីអភ័យទោសដល់មនុស្សដទៃទៀត ហើយមានចិត្តសប្បុរសជានិច្ច មិនថាពួកគេមានអារម្មណ៍ មានសេចក្ដីត្រូវការ និងមានស្ថានភាពបែបណានោះទេ » ( « Students Need Teachers to Guide Them » [ Church Educational System satellite broadcast, ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៩២ ] ) ។
ការបកស្រាយរបស់គ្រិស្ដសាសនិកកាលពីមុនអំពីរឿងប្រៀបធៀបស្ដីពីសាសន៍សាម៉ារីចិត្តល្អ ។
អស់ជាច្រើនទសវត្សរ៍ គ្រិស្តសាសនិកបានរកឃើញនិមិត្តសញ្ញានានានៅក្នុងរឿងប្រៀបធៀបអំពីសាសន៍សាម៉ារីចិត្តល្អដែលបង្រៀនអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើង ។ ឧទាហរណ៍ បុរសដែលត្រូវបានពួកចោរវាយធ្វើបាបអាចតំណាងឲ្យយើងទាំងអស់គ្នា ។ ពួកចោរអាចតំណាងឲ្យអំពើបាប និងសេចក្ដីស្លាប់ ។ សាសន៍សាម៉ារីអាចតំណាងឲ្យព្រះអង្គសង្គ្រោះ ។ ផ្ទះសំណាក់អាចតំណាងឲ្យសាសនាចក្រ និងការសន្យារបស់សាសន៍សាម៉ារីថាត្រឡប់មកវិញអាចតំណាងឲ្យការយាងមកជាលើកទីពីររបស់ព្រះអង្គ សង្គ្រោះ ។ ( សូមមើល John W. Welch « The Good Samaritan: Forgotten Symbols » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៧ ទំព័រ ៤០–៤៧ ) ។