« ថ្ងៃទី ១៣-១៩ ខែ ឧសភា ។ ម៉ាថាយ ១៩–២០, ម៉ាកុស ១០, លូកា ១៨ ៖ ‹ តើនៅខ្វះអ្វីទៀត ? ›» ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ១៣-១៩ ខែ ឧសភា ។ ម៉ាថាយ ១៩-២០, ម៉ាកុស ១០, លូកា ១៨ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៣-១៩ ខែ ឧសភា ។
ម៉ាថាយ ១៩–២០, ម៉ាកុស ១០, លូកា ១៨
« តើនៅខ្វះអ្វីទៀត »?
នៅពេលអ្នកសិក្សា ម៉ាថាយ ១៩–២០, ម៉ាកុស ១០ និង លូកា ១៨ សូមពិចារណាប្រកបដោយការអធិស្ឋាននូវអ្វីដែលសិស្សប្រហែលជាបានរៀនសូត្រ ឬបានទទួលអារម្មណ៍នៅក្នុងការសិក្សារបស់ពួកគេផ្ទាល់ ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
វាអាចជារឿងដ៏មានប្រយោជន៍ដើម្បីពិភាក្សាម្ដងម្កាលអំពីបទពិសោធន៍របស់សិស្សទាក់ទងនឹងការគូសបញ្ជាក់ដែលបានកើតឡើងនៅក្នុងឆ្នាំនេះស្ដីពីការរៀនសូត្រផ្ដោតលើដំណឹងល្អនៅឯគេហដ្ឋាន ។ តើពួកគេអាចចែកចាយបទពិសោធន៍ដ៏ជោគជ័យអ្វីខ្លះ ? តើឧបសគ្គ ឬការប្រឈមអ្វីខ្លះដែលពួកគេកំពុងជួបប្រទះ ? តើពាក្យទូន្មានអ្វីខ្លះដែលពួកគេអាចផ្ដល់ឲ្យគ្នាទៅវិញទៅមក ?
បង្រៀនគោលលទ្ធិ
អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រីត្រូវបានតែងតាំងឡើងដោយព្រះ ។
-
ទស្សនៈរបស់ពិភពលោកស្ដីពីអាពាហ៍ពិពាហ៌ឃ្លាតចេញយ៉ាងខ្លាំងពីសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ។ ដើម្បីជួយសិស្សឲ្យរៀនអំពីទស្សនៈរបស់ព្រះស្ដីពីអាពាហ៍ពិពាហ៍ អ្នកអាចអញ្ជើញពួកគេឲ្យអាន ម៉ាថាយ ១៩:៣–៩ ហើយសរសេរនៅ លើក្ដារខៀននូវសេចក្ដីពិតដែលពួកគេបានរកឃើញ ដែលស្ដីពីអាពាហ៍ពិពាហ៍ ។ ពួកគេក៏អាចសរសេរសេចក្ដីពិតបន្ថែមទៀតផងដែរ ដែលពួកគេរកឃើញនៅក្នុងបទគម្ពីរដូចតទៅនេះ ៖ លោកុប្បត្តិ ១:២៧–២៨, កូរិនថូសទី១ ១១:១១, គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២២, ៤៩:១៥–១៧, ១៣១:១–៤, ១៣២:១៩ និង ម៉ូសេ ៣:១៨, ២១–២៤ ។ តើសេចក្ដីពិតទាំងនេះត្រូវបានពង្រឹងនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »តាមរបៀបណា ? (Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
-
តើអ្នកអាចជួយសិស្សឲ្យមានអារម្មណ៍ល្អប្រសើរដើម្បីរៀបចំខ្លួនពន្យល់ ឬការពារការបង្រៀនរបស់ព្រះអម្ចាស់ស្ដីពីអាពាហ៍ពិពាហ៍តាមរបៀបណា ? អ្នកអាចអញ្ជើញពួកគេឲ្យសរសេរនៅលើក្ដារខៀននូវសំណួរមួយចំនួនដែលពួកគេធ្លាប់ឮអំពីការបង្រៀនរបស់សាសនាចក្រស្ដីពីអាពាហ៍ពិពាហ៍ ។ បន្ទាប់មក ពួកគេអាចផ្ដល់ជាចម្លើយចំពោះសំណួរទាំងនេះ ដោយប្រើអ្វីដែលពួកគេដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ និងសេចក្ដីថ្លែងការណ៍ដកស្រង់ចេញពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ម៉ាថាយ ១៩:៣–៩ និងការបង្រៀននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ សូមពិចារណាអញ្ជើញសិស្សឲ្យសម្ដែងអំពីរបៀបដែលពួកគេអាចពន្យល់ជំនឿរបស់យើងស្ដីពីអាពាហ៍ពិពាហ៍ទៅកាន់មនុស្សម្នាក់ដែលជឿខុសពីយើង ។
-
សូមពិចារណាណែនាំឲ្យស្គាល់នូវប្រធានបទស្ដីពីអាពាហ៍ពិពាហ៍ជាមួយនឹងពាក្យដកស្រង់មកពីអែលឌើរ រ៉ូបឺត ឌី ហែល ៖ « គ្មានយើងណាម្នាក់ រៀបការនឹង មនុស្សល្អឥតខ្ចោះ នោះទេ ប៉ុន្តែយើងរៀបការនឹង មនុស្សមានសក្ដានុពល » ( « Meeting the Challenges of Today’s World » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៦ ) ។ សូមអញ្ជើញសិស្សឲ្យគិតអំពីស្វាមីភរិយាដែលបានរៀបការមួយគូដែលពួកគេមានការស្ញើចសរសើរ ។ តើស្វាមីភរិយាគូនេះមានគុណសម្បត្តិអ្វីខ្លះ ? តើគុណសម្បត្តិអ្វីខ្លះដែលសិស្សចង់ឲ្យស្វាមី ឬភរិយារបស់ពួកគេមាន ហើយតើគុណសម្បត្តិអ្វីខ្លះដែលពួកគេចង់អភិវឌ្ឍដើម្បីក្លាយជាស្វាមី ឬភរិយាដ៏ល្អមួយរូប ? សូមពិចារណាផងដែរនូវសេចក្ដីថ្លែងការណ៍ដែលអ្នកប្រើចេញមកពីសារលិខិតរបស់ប្រធានរ័សុល អិម ណិលសុន « Celestial Marriage » (Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២-៩៥ ) ដើម្បីជួយបំផុសគំនិតសិស្សឲ្យខិតខំស្វែងរកអាពាហ៍ពិពាហ៍សេឡេស្ទាលមួយ ។
ជីវិតដ៏នៅអស់កល្បជានិច្ចគឺមានសម្រាប់មនុស្សគ្រប់រូប—មិនថាយើងទទួលយកដំណឹងល្អលឿន ឬយឺតយ៉ាងណានោះទេ ។
-
តើអ្វីទៅដែលនឹងជួយដល់សិស្សរបស់អ្នកឲ្យអនុវត្តគោលការណ៍នៅក្នុងរឿងប្រៀបធៀបស្ដីពីពួកអ្នកធ្វើការនៅក្នុងចម្ការទំពាំងបាយជូរ ? អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យរៀបចំការដើរតួសម្ដែងមួយស្ដីពីរឿងប្រៀបធៀបនោះដើម្បីបង្ហាញដល់សិស្សក្នុងថ្នាក់ ។ បន្ទាប់ពីបទបង្ហាញនេះ មនុស្សដែលសម្ដែងជាពួកអ្នកធ្វើការអាចចែកចាយនូវអារម្មណ៍របស់ពួកគេអំពីការបង់ថ្លៃដែលពួកគេបានទទួល និងហេតុផល ។ តើរឿងប្រៀបធៀបនេះផ្ដល់ជាយោបល់អ្វីខ្លះអំពីនគរស្ថានសួគ៌ ? តើការយល់ដឹងបន្ថែមទៀតអ្វីខ្លះដែលសិស្សទទួលបានអំពីរឿងប្រៀបធៀបនេះនៅក្នុងសារលិខិតរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » ? (Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) ។
ម៉ាថាយ ១៩:១៦–២២, ម៉ាកុស ១០:១៧–២៧
ព្រះអង្គសង្គ្រោះនឹងដឹកនាំយើងឲ្យខិតកាន់តែជិតទ្រង់ នៅពេលយើងទូលសូមជំនួយរបស់ទ្រង់ ។
-
តើអ្នកអាចជួយសិស្សឲ្យស្គាល់ ហើយអនុវត្តគោលការណ៍នានានៅក្នុងដំណើររឿងស្ដីពីកម្លោះអ្នកមានតាមរបៀបណា ? របៀបមួយគឺអាចសូមឲ្យពួកគេអាន ម៉ាកុស ១០:១៧–២៧ ហើយពិចារណាថាតើពួកគេធ្លាប់មានអារម្មណ៍ដូចជាកម្លោះអ្នកមាននោះដែរឬទេ ។ តើអ្វីទៅដែលបានជួយពួកគេឲ្យធ្វើតាមពាក្យទូន្មានរបស់ព្រះអង្គសង្គ្រោះ សូម្បីតែនៅពេលវាលំបាកក្ដី ? តើមានសិស្សណាម្នាក់នៅក្នុងថ្នាក់អាចចែកចាយបទពិសោធន៍មួយដែលគាត់បានសួរថា « តើនៅខ្វះអ្វីទៀត ? » ( ម៉ាថាយ ១៩:២០ ) ហើយបានទទួលការបំផុសគំនិតផ្ទាល់ខ្លួនមួយដើម្បីកែលម្អបានដែរឬទេ ? តើវាបានបង្កើតឲ្យមានឥទ្ធិពលអ្វីខ្លះ នៅក្នុងជីវិតរបស់គាត់ ?
យើងគួរទុកចិត្តលើសេចក្ដីមេត្តាករុណារបស់ព្រះ ពុំមែនលើសេចក្ដីសុចរិតរបស់យើងផ្ទាល់ឡើយ ។
-
រឿងប្រៀបធៀបរបស់ព្រះអង្គសង្គ្រោះក្នុងការប្រៀបធៀបការអធិស្ឋានរបស់ពួកផារិស៊ី និងការអធិស្ឋានរបស់អ្នកយកពន្ធអាចជួយយើងឲ្យទាញយកគុណសម្បត្តិសំខាន់ៗដែលព្រះអម្ចាស់សុំដល់អស់អ្នកដែលចង់ដើរតាមទ្រង់ ។ ដើម្បីជួយសិស្សឲ្យអនុវត្តរឿងប្រៀបធៀបនេះនៅក្នុងជំនាន់របស់យើង អ្នកអាចអញ្ជើញពួកគេឲ្យសរសេរឡើងវិញនូវការអធិស្ឋានរបស់ពួកផារិស៊ី តាមរបៀបមួយដោយប្រើព័ត៌មានលម្អិតសម័យទំនើប ប៉ុន្តែបង្ហាញនូវគុណសម្បត្តិដូចគ្នា ។ ពួកគេអាចធ្វើដូចគ្នាជាមួយនឹងការអធិស្ឋានរបស់អ្នកយកពន្ធ រួចហើយចែកចាយអ្វីដែលពួកគេបានសរសេរ ។ តើ ខទី ១៥–១៧ និង ១៨–២៤ ទាក់ទងនឹងអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងរឿងប្រៀបធៀបនេះតាមរបៀបណា ?
-
តើខគម្ពីរទាំងនេះអាចបំផុសគំនិតមនុស្សដែលអ្នកបង្រៀនឲ្យបន្តមានចិត្តរាបសា ដូចជាអ្នកយកពន្ធតាមរបៀបណា ? ប្រហែលជាសេចក្ដីថ្លែងការណ៍ដូចតទៅនេះទាក់ទងនឹងខគម្ពីរទាំងនេះ មកពីអែលឌើរ ឌេល ជី រេនឡាន់ អាចជួយ ៖ « សារលិខិតនេះមានភាពច្បាស់លាស់ចំពោះពួកយើង ៖ អ្នកមានបាបដែលប្រែចិត្តខិតកាន់តែជិតព្រះជាងអ្នកដែលគិតថាខ្លួនសុចរិត ដែលកាត់ទោសអ្នកមានបាប » ( « Our Good Shepherd » Ensign ឬ Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៣១ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យសិក្សា ម៉ាថាយ ២១–២៣, ម៉ាថាយ ១១–១២, លូកា ១៩–២០ និង យ៉ូហាន ១២ សូមពិចារណាសួរពួកគេនូវសំណួរនេះ « តើអ្នកនឹងធ្វើអ្វីខ្លះ ប្រសិនបើអ្នករស់នៅបានតែមួយសប្ដាហ៍ប៉ុណ្ណោះ ? » សូមប្រាប់ពួកគេថា ជំពូកទាំងនេះបើកសម្ដែងនូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើនៅក្នុងសប្ដាហ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ។
ធនធានបន្ថែមទាំងឡាយ
អាពាហ៍ពិពាហ៍គឺជាផ្នែកដ៏សំខាន់ចំពោះនៃផែនការរបស់ព្រះ ។
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញសេចក្ដី ថ្លែងការណ៍នេះស្ដីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា ៖
« យើងសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យចាំក្នុងគំនិតយើងនូវព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ក្នុងការបង្កើតផែនដី និងការប្រទានដល់យើងនូវជីវិតរមែងស្លាប់ រួមទាំងបទពិសោធន៍នៅទីនេះក្នុងនាមជាបុត្រាបុត្រីរបស់ទ្រង់ [ សូមមើល លោកុប្បត្តិ ១:២៧–២៨, ២:២៤ ] ។ … អាពាហ៍ពិពាហ៍រវាងប្រុស និងស្រីគឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយគឺសំខាន់ចាំបាច់ណាស់ក្នុងផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ និងសម្រាប់សុខមាលភាពនៃសង្គម ។ …
« … ព្រះរំពឹងឲ្យយើងលើកកម្ពស់ និងរក្សាព្រះបញ្ញាត្តិទាំងឡាយរបស់ទ្រង់ ទោះជាមានគំនិតមិនស្របគ្នា ឬ និន្នាកាផ្សេងៗគ្នានៅក្នុងសង្គមក៏ដោយ ។ ច្បាប់ព្រហ្មចារីភាពរបស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ ៖ ទំនាក់ទំនងខាងផ្លូវភេទដែលត្រឹមត្រូវ មានតែរវាងបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបការស្របតាមច្បាប់ជាប្ដីប្រពន្ធប៉ុណ្ណោះ » ( « LDS Church Instructs Leaders Regarding Same-Sex Marriage » ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤, mormonnewsroom.org ) ។
ការយល់ដឹងបន្ថែមទៀតស្ដីពីអាពាហ៍ពិពាហ៍ ។
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » អាចមានប្រយោជន៍នៅក្នុងការពិភាក្សាអំពីហេតុផលដែលពួកព្យាការីរបស់ព្រះអម្ចាស់ព្រមានទាស់នឹងអ្វីៗដែលផ្ទុយនឹងអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ ។ ចំណុចខាងក្រោមនេះក៏អាចមានប្រយោជន៍ផងដែរ ៖
-
គ្រួសារគឺជាទស្សនៈវិស័យដ៏នៅអស់កល្បជានិច្ចមួយ ។ យើងទាំងអស់គ្នាគឺជាផ្នែកមួយនៃគ្រួសាររបស់ព្រះ ហើយផែនការរបស់ទ្រង់គឺថា ដើម្បីឲ្យបុរស និងស្ត្រីបានរៀបការ ហើយផ្សារភ្ជាប់នឹងគ្នា ដើម្បីឲ្យពួកគេអាចរស់នៅជាក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល លោកុប្បត្តិ ២:១៨, ២១–២៤, កូរិនថូសទី ១ ១១:១១ ) ។
-
ជាផ្នែកមួយនៃផែនការរបស់ព្រះ ស្វាមី និងភរិយាត្រូវបានបង្គាប់ឲ្យបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដី ( សូមមើល លោកុប្បត្តិ ១:២៨ ) ហើយចិញ្ចឹមបីបាប់កូនចៅរបស់ពួកគេនៅក្នុងសេចក្ដីសុចរិត ។
-
គោលបំណងដ៏ធំនៃផែនការរបស់ព្រះគឺភាពតម្កើងឡើង ឬជីវិតដ៏នៅអស់កល្បជានិច្ច នៅក្នុងវត្តមានរបស់ព្រះ ជាទីដែលស្វាមី និងភរិយាស្មោះត្រង់អាចនឹងមានការរីកចម្រើនដ៏នៅអស់កល្បជានិច្ច និងអំណរដ៏នៅអស់កល្បជានិច្ច ( សូមមើល គ. និង ស. ១៣២:១៩–២១ ) ។ ផែនការរបស់ព្រះគឺជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវភាពតម្កើងឡើង ( សូមមើល គ. និង ស. ១៣១:១–៤ ) ។
-
ព្រះអម្ចាស់រំពឹងទុកឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាចំពោះមនុស្សដែលគាំទ្រ ឬចូលរួមនៅក្នុងអ្វីមួយដែលផ្សេងពីផែនការរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍ ដូចជាការរស់នៅជាមួយគ្នា ឬអាពាហ៍ពិពាហ៍ភេទដូចគ្នា ( សូមមើល mormonandgay.lds.org ) សេចក្ដីមេត្តាករុណាដ៏ពិតរួមបញ្ចូលទាំងការធ្វើឲ្យអស់ពីលទ្ធភាពរបស់យើងដើម្បីអញ្ជើញដោយសេចក្ដីស្រឡាញ់ និងដោយអត់ធ្មត់ ឲ្យពួកគេធ្វើតាមផែនការរបស់ព្រះ ដែលជាផែនការនៃសុភមង្គលតែមួយគត់ ។ ការឱបក្រសោប ឬការយល់ស្របនឹងមធ្យោបាយផ្សេងក្រៅពីផែនការរបស់ព្រះគឺជារឿងដែលមានគ្រោះថ្នាក់ច្រើនជាងអត្ថប្រយោជន៍វិញ ។