ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៣០ ខែ កញ្ញា–ថ្ងៃ​ទី ១៣ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង ›


« ថ្ងៃ​ទី ៣០ ខែ កញ្ញា–ថ្ងៃ​ទី ១៣ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ៣០ ខែ កញ្ញា–ថ្ងៃ​ទី ១៣ ខែ តុលា ។ អេភេសូរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

គ្រួសារ​មើល​ទៅ​រូបថត

ថ្ងៃ​ទី ៣០ ខែ កញ្ញា–ថ្ងៃ​ទី ១៣ ខែ តុលា

អេភេសូរ

« ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង »

គំនិត និង​ចំណាប់​អារម្មណ៍​ថា​ត្រូវ​បង្រៀន​អ្វី ហើយ​បង្រៀន​តាម​របៀប​ណា​នឹង​កើត​មាន នៅ​ពេល​អ្នក​សិក្សា​អេភេសូរ​ សុន្ទរកថា​សន្និសីទ​ថ្មីៗ គម្រោង​មេរៀន​នេះ និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ប្រកប​ដោយ​ការ​អធិស្ឋាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដី​សង្ខេប​មួយ​ប្រយោគ​អំពី​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ រួចហើយ​ដាក់​សេចក្ដី​សង្ខេប​របស់​ពួកគេ​ទៅ​លើ​ក្ដារ​ខៀន ។ សូម​ជ្រើស​យក​សេចក្ដី​សង្ខេប​មួយ​ចំនួន​ដោយ​ចៃ​ដន្យ ហើយ​អញ្ជើញ​សិស្ស​ដែល​សរសេរ​វា​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

អេភេសូរ ២:១៩–២២, ៤:៤–៨, ១១–១៦

ពួក​ព្យាការី និង​ពួក​សាវក—ព្រម​ទាំង​យើង​ទាំងអស់​គ្នា​ផង​ដែរ—ផ្ដល់​កម្លាំង និង​សាមគ្គីភាព​ដល់​សាសនាចក្រ ។

  • តើ​អ្នក និង​សិស្ស​របស់​អ្នក​អាច​ស្ថាបនា​អ្វី​មួយ​រួម​គ្នា​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​របៀប​ដែល​សាសនាចក្រ​ត្រូវ​បាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវ័ក និង​ពួក​ហោរា » និង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា « ថ្ម​ជ្រុង​យ៉ាង​ឯក » បាន​ដែរ​ឬទេ ? ( អេភេសូរ ២:២០ ) ។ ប្រហែល​ជា​សិស្ស​អាច​បិទ​ស្លាក​លើ​ដុំ​ឈើ ឬ​ពែង​ក្រដាស ហើយ​តម្រៀប​វា​ជា​ប៉ម ឬ​រាង​ជា​ពីរ៉ាមីត ដោយ​មាន​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ពួក​សាវក និង​ពួក​ព្យាការី​ធ្វើ​ជា​គ្រឹះ ។ បន្ទាប់​មក​អ្នក​អាច​បង្ហាញ​អ្វី​ដែល​អាច​កើត​ឡើង​ ប្រសិន​បើ​ព្រះគ្រីស្ទ ឬ​ពួក​សាវក និង​ពួក​ព្យាការី​ត្រូវ​បាន​ដក​ចេញ ។ ហេតុអ្វី​ថ្ម​ជ្រុង​យ៉ាង​ឯក​នោះ​គឺជា​ពាក្យ​ប្រៀប​ធៀប​ដ៏​ល្អ​មួយ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​សាសនាចក្រ ? ( សម្រាប់​ការ​ពិពណ៌នា​មួយ​អំពី​ថ្ម​ជ្រុង​យ៉ាង​ឯក​មួយ សូម​មើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ សិស្ស​អាច​ស្រាវ​ជ្រាវ អេភេសូរ ២:១៩–២២,៤:១១–១៦ សម្រាប់​ពរជ័យ​ដែល​យើង​ទទួល​បាន ដោយសារ​តែ​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្ថាបនា​ជីវិត​របស់​យើង​នៅ​លើ​ការ​បង្រៀន​របស់​ពួក​លោក ?

    ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​ព្រះវិហារ​បរិសុទ្ធ

    ព្រះយេស៊ូវគ្រីស្ទ​គឺជា​ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សាសនាចក្រ ។

  • ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​គោលលទ្ធិ​អាច​យល់​ខុស​ដោយ​គ្មាន​ការ​ដឹកនាំ​ជា​បន្ត​បន្ទាប់​មក​ពី​ពួក​ព្យាការី និង​ពួក​សាវក អ្នក​អាច​លេង​ល្បែង​មួយ​ដោយ​អ្នក​ប្រាប់​អំពី​រឿង​ខ្លី​មួយ​ទៅ​កាន់​សិស្ស​ម្នាក់ ដោយ​មិន​ឲ្យ​សិស្ស​ផ្សេង​ទៀត​ស្ដាប់​ឮ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​នោះ​ឲ្យ​ប្រាប់​រឿង​នោះ​ដល់​សិស្ស​ម្នាក់​ទៀត ហើយ​ធ្វើ​ដូច្នេះ​រហូត​ដល់​រឿង​នោះ​ត្រូវ​បាន​ប្រាប់​ដល់​សិស្ស​បី​បួន​នាក់ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ចុង​ក្រោយ​គេ​ដែល​ស្ដាប់​ឮ​រឿង​នោះ​ប្រាប់​ដល់​សិស្ស​ផ្សេង​ទៀត​នូវ​អ្វី​ដែល​គាត់​បាន​ស្ដាប់​ឮ ។ តើ​ព័ត៌មាន​លម្អិត​ណា​មួយ​ក្នុង​រឿង​នេះ​បាន​ផ្លាស់​ប្ដូរ​ដែរ​ឬទេ ? តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​គ្រូបង្រៀន​អាច​កែ​តម្រូវ​កំហុស​ភ្លាមៗ​នោះ ? តើ​សកម្មភាព​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ហេតុផល​ដែល​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ត្រូវ​តែ​ស្ថាបនា​នៅ​លើ​គ្រឹះ​នៃ​ពួក​សាវក និង​ពួក​ព្យាការី » ?

  • ប្រសិ​ន​បើ​សិស្ស​របស់​អ្នក​បាន​ស្ដាប់​សន្និសីទ​ទូទៅ ចាប់​តាំង​ពី​ពេល​ចុង​ក្រោយ​ដែល​អ្នក​បាន​ជួប​គ្នា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​រឿង​នានា​ត្រូវ​បាន​បង្រៀន​អំឡុង​សន្និសីទ​បាន​ជួយ​បំពេញ​គោលបំណង​ដែល​បាន​ចែង​នៅ​ក្នុង អេភេសូរ ៤:១១–១៦ ។

  • ប្រហែល​ជា​អ្នក​អាច​ទុក​ពេល​ឲ្យ​សិស្ស​សរសេរ​ « ការងារ » ឬ​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​ដែល​ពួកគេ​ត្រូវ​បាន​ហៅ​ឲ្យ​បំពេញ​នៅ​ឯ​ព្រះវិហារ​ ( សូមមើល អេភេសូរ ៤:១ )—ឧទាហរណ៍ ជា​គ្រូបង្រៀន​តាម​ផ្ទះ ឬ​គ្រូបង្រៀន​សួរ​សុខ​ទុក្ខ​ម្នាក់ ឪពុក ឬ​ម្ដាយ សិស្ស​ម្នាក់​របស់​ព្រះគ្រីស្ទ ។ ល ។ បន្ទាប់​មក ពួកគេ​អាច​ប្ដូរ​បញ្ជី​ជាមួយ​នឹង​សិស្ស​ម្នាក់​ទៀត សូម​អាន អេភេសូរ ៤:៤–៨, ១១–១៦ ហើយ​ចែកចាយ​របៀប​ដែល​ការ​ហៅ និង​ការ​ចាត់តាំង​នៅ​លើ​បញ្ជី​របស់​ពួកគេ​ជួយ​ស្អាង​ដល់​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ តើ​យើង​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​មាន​សាមគ្គីភាព​នៅ​ក្រោម « ព្រះអម្ចាស់​តែ​មួយ សេចក្តីជំនឿ​តែ​មួយ បុណ្យ​ជ្រមុជ​ទឹក​តែ​មួយ » តាម​របៀប​ណា ?

អេភេសូរ ៥:២២–៦:៤​

ការ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ពង្រឹង​ដល់​ទំនាក់​ទំនង​គ្រួសារ ។

  • ទោះ​ជា​ពួក​សាសន៍​អេភេសូរ​បាន​រស់​នៅ​ក្នុង​វប្បធម៌​មួយ​ដែល​ភរិយា​គ្មាន​សិទ្ធិ​ស្មើ​នឹង​ស្វាមី​ក្ដី ក៏​សំបុត្រ​នេះ​នៅ​តែ​មាន​នូវ​ការ​ប្រឹក្សា​ដ៏​មាន​តម្លៃ​មួយ​ចំនួន​សម្រាប់​ស្វាមីភរិយា​ដែល​បាន​រៀបការ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ។ អ្នក​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារ​ខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​វា នៅ​ពេល​ពួកគេ​អាន អេភេសូរ ៥:២២–២៣ ជា​ក្រុម ៖ តើ​ព្រះគ្រីស្ទ​បានបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ក្នុង​ការ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ភរិយា ឬ​ស្វាមី​រ​បស់​យើង ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំរូ​ដែល​ពួកគេ​បាន​ឃើញ​អំពី​ស្វាមី ឬ​ភរិយា​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​គ្នា​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ។ តើ​យើង​អាច​អនុវត្ត​គោលការណ៍​ទាំង​នេះ​ចំពោះ​ទំនាក់ទំនង​គ្រួសារ​ផ្សេង​ទៀត​តាម​របៀបណា ?

  • កាល​ការ​ប្រឹក្សា​របស់​ប៉ុល​ឲ្យ « ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន » ( អេភេសូរ ៦:២ ) ត្រូវ​បាន​លើក​ឡើង​ចំពោះ​កូនៗក្ដី វា​ក៏​អាច​អនុវត្ត​ចំពោះ​យើង​ម្នាក់ៗ​ផង​ដែរ មិនថា​មាន​វ័យ ឬ​ស្ថានភាព​គ្រួសារ​យ៉ាង​ណា​នោះ​ទេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ការ​ប្រឹក្សា​របស់​ប៉ុល​នៅ​ក្នុង អេភេសូរ ៦:១–៣ ចំពោះ​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់ ។ ឧទាហរណ៍ តើ​យើង​អាច​គោរព​ឪពុក​ម្ដាយ​របស់​យើង​តាម​របៀប​ណា ទោះ​ជា​ការ​ជ្រើស​រើស​របស់​ពួកគាត់​មិន​ស្រប​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្ដី ? អ្នក​អាច​ទុក​ពេល​ពីរ​បីនាទី​ឲ្យ​សិស្ស​សរសេរ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​មាន​ការ​គោរព​កាន់​តែ​ច្រើន​ចំពោះ​ឪពុក​ម្ដាយ​របស់​ពួកគេ ។

  • ប្រសិន​បើ​មាន​ឪពុក​ម្ដាយ—ឬ​ឪពុក​ម្ដាយ​នា​ពេល​អនាគត—នៃ​កូន​តូចៗ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក ពួកគេ​អាច​នឹង​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ពិភាក្សា​នេះ អេភេសូរ ៦:៤ ។ តើ​ការ​បង្រៀន​កូន​ចៅ « ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់ » មាន​ន័យ​ដូចម្ដេច ? ប្រហែល​ជា​សិស្ស​ដែល​មាន​កូន​ធំៗ​អាច​ចែកចាយ​អំពី​ការ​យល់​ដឹង​របស់​ពួកគេ​អំពី​ឃ្លា​នោះ និង​របៀប​ដែល​ពួកគេ​បាន​ព្យាយាម​អនុវត្ត​តាម​ការ​ប្រឹក្សា​នេះ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួកគេ ។

អេភេសូរ ៦:១០–១៨

គ្រឿង​សឹក​នៃ​ព្រះ​នឹង​ជួយ​ការពារ​យើង​ពី​អំពើ​អាក្រក់ ។

  • តើ​អ្វី​ទៅ​ដែល​នឹង​ជួយ​បំផុស​គំនិត​សិស្ស​ឲ្យ​ខិតខំ​ពាក់​គ្រឿង​សឹក​ទាំង​មូល​នៃ​ព្រះ​រៀង​រាល់​ថ្ងៃ ? អ្នក​អាច​រៀបចំ​សកម្មភាព​មួយ​ដែល​សិស្ស​ផ្គូផ្គង​ផ្នែក​មួយ​នៃ​គ្រឿង​សឹក​ជាមួយ​នឹង​គោលការណ៍ ឬ​គុណធម៌ដែល​វា​តំណាង​ឲ្យ​នៅ​ក្នុង អេភេសូរ ៦:១៤–១៧ ។ តើ​ផ្នែក​នីមួយៗ​នៃ​គ្រឿង​សឹក​អាច​ជួយ​ការពារ​យើង​ពី​អំពើ​ទុច្ចរិត​តាម​របៀប​ណា ? ( សម្រាប់​ជំនួយ​មួយ​ចំនួន សូម​មើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​សិស្ស​ធ្លាប់​ពាក់​គ្រឿង​សឹក​នេះ​ដែរ​ឬទេ ? ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​នេះ អ្នក​អាច​ចែកចាយ​ការ​ពន្យល់​របស់​ប្រធាន អិន អេលឌិន ថែនណឺ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់ ហើយ​ពង្រឹង​ភាព​ទន់​ខ្សោយ​នានា​នៅ​ក្នុង​គ្រឿង​សឹក​របស់​យើង ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន​ភីលីព និង​កូល៉ុស អ្នក​អាច​ប្រាប់​ពួកគេ​ថា នៅ​ក្នុង​មាត្រា​មួយ​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ​គឺ​បាន​ផ្អែក​ទៅ​លើ​ខគម្ពីរ​មួយ​ដែល​មាន​នៅ​ក្នុង​សំបុត្រ​មួយ​ក្នុង​ចំណោម​សំបុត្រ​ទាំង​នេះ ។ តើ​ពួក​គេ​អាច​ស្វែង​រក​វា​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​សប្ដាហ៍​នេះ​បាន​ដែរ​ឬទេ ?

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

អេភេសូរ

តើ​ថ្ម​ជ្រុង​យ៉ាង​ឯក​គឺជា​អ្វី ?

ថ្ម​ជ្រុង​យ៉ាង​ឯក​គឺជា​ថ្ម​ដំបូង​គេ​ដែល​បាន​ដាក់​នៅ​ក្នុង​គ្រឹះ​មួយ ។ វា​ដើរ​តួ​ជា​ចំណុច​យោង​មួយ​សម្រាប់​ការ​វាស់​វែង និង​ការ​ដាក់​ថ្ម​ផ្សេង​ទៀត ដែល​ត្រូវ​តែ​ស្រប​ជាមួយ​នឹង​ថ្ម​ជ្រុង​យ៉ាង​ឯក​នោះ ។ ដោយសារ​វា​ទ្រ​នូវ​ទម្ងន់​អគារ​ទាំង​មូល ថ្ម​ជ្រុង​យ៉ាង​ឯក​ត្រូវ​តែ​រឹង​មាំ មាន​លំនឹង ហើយ​អាច​ទុក​ចិត្ត​បាន​( សូមមើល « The Cornerstone » Ensign ខែ មករា ឆ្នាំ ២០១៦ ទំព័រ ៧៤–៧៥ ) ។

គ្រឿង​សឹក​នៃ​ព្រះ ។

ក្រវាត់​ចង្កេះ​ដោយ​សេចក្ដី​ពិត ៖ផ្នែក​នេះ​នៃ​គ្រឿង​សឹក​ប្រៀបបាន​នឹង​ខ្សែ​ក្រវាត់​មួយ​ដែល​បាន​ចង​ព័ទ្ធ​ជុំវិញ​ចង្កេះ​ដែរ ។ ពាក្យ​ថា ក្រវាត់ ក៏​អាច​មាន​ន័​យ​ថា រឹង​មាំ មាន​កម្លាំង ឬ​ពង្រឹង​ផង​ដែរ ។

ប្រដាប់​បាំង​ទ្រូង ៖ប្រដាប់បាំង​ទ្រូង​មួយ​ការពារ​បេះដូង និង​សរីរាង្គ​សំខាន់​ផ្សេង​ទៀត ។

ពាក់​ជា​ស្បែក​ជើង ៖ពាក្យ​នេះ​សំដៅ​ទៅ​លើ​ការ​គ្រប​ការ​ពារ​ជើង​របស់​កងទ័ព​ម្នាក់ ។

ខែល ៖ខែល​មួយ​អាច​ការ​ពារ​ស្ទើរ​តែ​គ្រប់​ផ្នែក​នានា​នៃរូបកាយ​ពី​ការ​វាយ​ប្រហារ​ផ្សេងៗ ។

មួក​សឹក ៖មួក​សឹក​ការពារ​ក្បាល ។

ដាវ ៖ដាវ​មួយ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សត្រូវ ។

« សូម​ត្រួត​ពិនិត្យ​គ្រឿង​សឹក​របស់​បងប្អូន » ។

ប្រធាន អិន អេលឌិន ថែនណឺ ដែល​បាន​បម្រើ​ជា​ទីប្រឹក្សា​មួយ​រូប​ក្នុង​គណៈប្រធាន​ទីមួយ បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ឲ្យ​វាយតម្លៃ​អំពី​កម្លាំង​នៃ​គ្រឿង​សឹក​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​ពិចារណា​អំពី​ការ​ប្រឹង​ប្រែង​របស់​ពួកគេ​ដើម្បី​រស់​នៅ​តាម​ដំណឹងល្អ ។ បន្ទាប់មក​លោក​បានពន្យល់​ថា

« ប្រសិ​នបើ … គ្រឿង​សឹក​របស់​យើង​ទន់​ខ្សោយ មាន​នូវ​កន្លែង​មួយ​ដែល​មិន​បាន​ការពារ ជា​តំបន់​ដែល​ងាយ​រង​គ្រោះដោយ​ការ​វាយ​ប្រហារ ហើយ​យើង​នឹង​រង​របួស ឬ​ការ​បំផ្លិច​បំផ្លាញ​ពី​សំណាក់​សាតាំង ដែល​នឹង​ស្វែង​រក​រហូត​វា​រកឃើញ​ភាពទន់​ខ្សោយ​របស់​យើង ប្រសិ​ន​បើ​យើង​មាន​ចំណុច​ខ្សោយ ។

« សូម​ត្រួតពិនិត្យ​គ្រឿង​សឹក​របស់បងប្អូន ។ តើ​មាន​កន្លែង​ណាមួយ​ ដែល​ខ្វះ​ការ​ការពារ​ ឬ​ការ​គ្រប់​គ្រងដែរ​ឬទេ ? សូម​តាំង​ចិត្ត​នៅ​ពេល​នេះ ​ដើម្បី​បន្ថែម​ផ្នែក​ដែល​ខ្វះ​ខាត​ទាំងឡាយ​នោះ ។ មិន​ថា​គ្រឿង​សឹក​របស់​បងប្អូន​មាន​ភាព​ហួស​សម័យ ឬ​ខ្វះ​ខាត​ផ្នែក​ណា​មួយ​នោះទេ សូម​ចងចាំ​ជានិច្ច​ថា បងប្អូន​ត្រូវ​តែ​ខិតខំ​ធ្វើ​ការ​កែ​តម្រូវ​ដ៏​ចាំបាច់​ដើម្បី​បំពេញ​គ្រឿង​សឹក​របស់​បងប្អូន ។

« តាមរយៈ​គោលការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​ប្រែ​ចិត្ត​នេះ​អ្នក​អាច​កែប្រែ​ជីវិត​របស់​បងប្អូន ហើយ​ចាប់ផ្ដើម​បំពាក់​ខ្លួន​អ្នក​នូវ​គ្រឿង​សឹក​របស់​ព្រះ​ក្នុង​ពេល​នេះ តាមរយៈ​ការ​សិក្សា ការអធិស្ឋាន និង​ការ​តាំង​ចិត្ត​ដើម្បី​បម្រើ​ព្រះ ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ » ( « Put on the Whole Armor of God » Ensign ខែ ឧសភា ឆ្នាំ ​១៩៧៩ ទំព័រ ៤៦ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចូ​រខិតខំ​ស្វែង​រក​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ការ​ប្រាស្រ័យទាក់​ទង​របស់​អ្នក​ជាមួយ​នឹង​សិស្ស​របស់​អ្នក​គួរ​មាន​ការ​លើក​ទឹក​ចិត្ត​ដោយ​សេចក្ដីស្រឡាញ់ ។ អ្នក និង​សិស្ស​របស់​អ្នក​នឹង​មាន​ពរ នៅ​ពេល​អ្នក​អធិស្ឋាន​ដើម្បី អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ហើយ​ស្វែង​រក​វិធី​ដើម្បី បង្ហាញ​វា ( សូមមើល ការ​បង្រៀនតាម​របៀប​រ​បស់​ព្រះអង្គ​សង្គ្រោះ ទំព័រ, មរ៉ូណៃ ៧:៤៨ ) ។