« ថ្ងៃទី ១៤–២០ ខែ តុលា ។ ភីលីព, កូល៉ុស ៖ ‹ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ ខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ១៤–២០ ខែ តុលា ។ ភីលីព, កូល៉ុស » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៤–២០ ខែ តុលា
ភីលីព, កូល៉ុស
« ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទ ដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ »
សូមចាប់ផ្ដើមដោយអានភីលីព និងកូល៉ុស ហើយពិចារណាប្រកបដោយការអធិស្ឋានអំពីគោលលទ្ធិដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យអ្នកបង្រៀន ។ ចូរឲ្យព្រះវិញ្ញាណដឹកនាំអ្នក នៅពេលអ្នកពិចារណាសំណួរ និងធនធាននានាដែលអ្នកអាចប្រើដើម្បីបង្រៀនអំពីគោលលទ្ធិនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវពាក្យមួយម៉ាត់ ឬឃ្លាមួយដែលសង្ខេបអំពីអ្វីដែលពួកគេបានរៀនមកពីភីលីព និងកូល៉ុស រួចហើយពន្យល់អំពីការជ្រើសរើសរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយបទគម្ពីរជាផ្នែកមួយនៃការពន្យល់របស់ពួកគេ ។
បង្រៀនគោលលទ្ធិ
ភីលីព ២:១–៥, ១៤–១៨, ៤:១–៩, កូល៉ុស ៣:១–១៧
ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកា្លយជាមនុស្ស « ថ្មី » នៅពេលពួកគេរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។
-
អ្នកគួរជួយសិស្សរបស់អ្នកឲ្យនឹកស្រមៃអំពីអត្ថន័យនៃការ « ដោះមនុស្សចាស់ » និង ការ« ប្រដាប់ខ្លួនដោយមនុស្សថ្មី »តាមរយៈព្រះយេស៊ូវគ្រីស្ទ ( កូល៉ុស ៣:៩–១០ ) ។ ដើម្បីធ្វើកិច្ចការនេះ អ្នកអាចដាក់បង្ហាញអ្វីមួយចាស់ និងអ្វីមួយថ្មី ( ដូចជា ផ្លែឈើទុំ និងផ្លែឈើខ្ចី ឬសម្លៀកបំពាក់ចាស់ និងសម្លៀកបំពាក់ថ្មី ) ។ សិស្សអាចពិភាក្សាអំពីរបៀបដែលយើងក្លាយជាមនុស្ស « ថ្មី » តាមរយៈសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងឆន្ទៈរបស់យើងដើម្បីរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។ ជាផ្នែកមួយនៃការពិភាក្សានេះ អ្នកអាចសុំឲ្យសិស្សពាក់កណ្ដាលសិក្សា ភីលីព ២:១–៥, ១៤–១៨, ៤:១–៩ និងពាក់កណ្ដាលទៀតសិក្សា កូល៉ុស ៣:១–១៧ ដោយស្វែងរកបុគ្គលិកលក្ខណៈនៃ « មនុស្សចាស់ » និង « មនុស្សថ្មី » ។ អ្នកក៏អាចអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយរបៀបដែលការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការរស់នៅតាមដំណឹងល្អរបស់ទ្រង់បានជួយពួកគេក្លាយជាមនុស្សថ្មី ។ បទគម្ពីរផ្សេងទៀតដែលអ្នកអាចរុករករួមគ្នារួមមាន រ៉ូម ៦:៣–៧, ម៉ូសាយ ៣:១៩ និង អាលម៉ា ៥:១៤, ២៦ ។
យើងអាចស្វែងរកអំណរនៅក្នុងព្រះគ្រីស្ទ មិនថាយើងមានស្ថានភាពបែបណានោះទេ ។
-
ទោះជាយើងមានស្ថានភាពខុសពីប៉ុលក្ដី ក៏យើងអាចរៀនពីឆន្ទៈរបស់លោកដើម្បីមានភាពរីករាយ ហើយសប្បាយនៅគ្រប់ស្ថានភាពនៃជីវិតរបស់លោក ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីប្រធានបទនេះ អ្នកអាចរំឭកអំពីការសាកល្បងមួយចំនួនដែលប៉ុលបានជួប ( ឧទាហរណ៍ សូមមើល កូរិនថូសទី ២ ១១:២៣–២៨ ) ។ បន្ទាប់មក អ្នកអាចសុំឲ្យសិស្សរំឭក ភីលីព ៤:១–១៣ ដើម្បីស្វែងរកការប្រឹក្សាដែលប៉ុលបានផ្ដល់ឲ្យ ដែលវាអាចជួយយើងឲ្យរីករាយ ទោះជាក្នុងគ្រានៃការសាកល្បងក្ដី ។
ប្រសិនអ្នកចង់រុករកប្រធានបទនេះបន្ថែមទៀត អ្នកអាចសុំឲ្យសិស្សម្នាក់ចែកចាយដំណើររឿង ឬសេចក្ដីថ្លែងការណ៍ដ៏បំផុសគំនិតមួយចំនួនមកពីសុន្ទរកថារបស់ប្រធានរ័សុល អិម ណិលសុន « អំណរ និងការរស់រានខាងវិញ្ញាណ » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៨១–៨៤ ) ។ តើមនុស្សនៅក្នុងសុន្ទរកថារបស់ប្រធានណិលសុនស្វែងរកអំណរតាមរបៀបណា ទោះជាមានស្ថានភាពលំបាកក្ដី ?
-
ប្រហែលជាសិស្សអាចរកឃើញការប្រឹក្សានៅក្នុង ភីលីព ៤ ដែលអាចជួយពួកគេ នៅពេលពួកគេជួបនឹងការសាកល្បង ។ អ្នកអាចឲ្យប័ណ្ណកំណត់ចំណាំមួយដល់សិស្សម្នាក់ៗ ដើម្បីឲ្យពួកគេសរសេរអ្វីដែលពួកគេរកឃើញ ។ សូមឲ្យពួកគេដាក់វានៅកន្លែងដែលពួកគេអាចមើលឃើញ នៅពេលពួកគេត្រូវការវា ។
-
ពេលខ្លះ ទំនុកតម្កើងមួយអាចពង្រីកការយល់ដឹងរបស់យើងអំពីបទគម្ពីរ ។ ឧទាហរណ៍ បន្ទាប់ពីអាន ភីលីព ៤:៧, ១៣ អ្នកអាចច្រៀងចម្រៀងរួមគ្នានូវបទ « ខ្ញុំរកក្តីសុខឯណា ? » ឬវគ្គទីមួយនៃបទ « ខ្ញុំនឹងដើរតាមព្រះអង្គ » ( ទំនុកតម្កើង ល.រ. ៦៩, ១៣៥ ) ។ តើសិស្សមើលឃើញទំនាក់ទំនងអ្វីខ្លះរវាងទំនុកបទនៅក្នុងទំនុកតម្កើងទាំងនោះ និង ភីលីព ៤:៧, ១៣ ? ប្រហែលជាពួកគេអាចចែកចាយបទពិសោធន៍ នៅពេលពួកគេបានទទួលអារម្មណ៍ « សេចក្តីសុខសាន្តរបស់ព្រះ ដែលលើសពីការយល់ដឹងទាំងអស់ » ឬនៅពេលពួកគេទទួលបានការពង្រឹង « តាមរយៈព្រះគ្រីស្ទ » ដើម្បីសម្រេចអ្វីមួយដែលពួកគេមិនអាចធ្វើបាន ។ បទពិសោធន៍របស់អែលឌើរ ជេ អ៊ី ជែនសិន ដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចនឹងជួយបំផុសការពិភាក្សាអំពីខគម្ពីរទាំងនេះ ។
-
ដោយសារអំពើអាក្រក់កំពុងតែកើនឡើងនៅក្នុងពិភពលោកសព្វថ្ងៃនេះ សិស្សរបស់អ្នកនឹងទទួលប្រយោជន៍មកពីការប្រឹក្សារបស់ប៉ុលដើម្បី « ពិចារណាពី » រឿងដែលបរិសុទ្ធ គួរឲ្យស្រឡាញ់ មានឈ្មោះល្អ មានសគុណ ឬគួរឲ្យសរសើរ ( ភីលីព ៤:៨ ) ។ ប្រហែលជាអ្នកអាចចាត់សិស្សម្នាក់ៗ ( ឬសិស្សមួយក្រុមតូច ) នូវគុណសម្បត្តិមួយដែលមាននៅក្នុង ភីលីព ៤:៨ ឬ មាត្រានៃសេចក្តីជំនឿ ១:១៣ ។ ពួកគេម្នាក់ៗអាចប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយដើម្បីស្វែងរកបទគម្ពីរអំពីគុណសម្បត្តិដែលចាត់ឲ្យពួកគេរក ហើយចែកចាយអ្វីដែលពួកគេរកឃើញជាមួយនឹងសិស្សផ្សេងទៀត ។ ពួកគេក៏អាចចែកចាយគំរូនៃគុណសម្បត្តិនោះនៅក្នុងជីវិតរបស់មនុស្សទូទៅផងដែរ ។ តើយើងស្វែងរក « របស់ផងទាំងនេះ » តាមរបៀបណា ?
នៅពេលសេចក្ដីជំនឿរបស់យើងបាន « ចាក់ឫស » នៅក្នុងព្រះយេស៊ូវគ្រីស្ទ យើងមានកម្លាំងតតាំងនឹងឥទ្ធិពលខាងលោកិយ ។
-
ទីបន្ទាល់របស់ប៉ុលអំពីព្រះអង្គសង្គ្រោះដែលមាននៅក្នុង កូល៉ុស ១:១២–២៣, ២:៣–៨ ផ្ដល់ឱកាសល្អមួយសម្រាប់សិស្សដើម្បីពិចារណា ហើយពង្រឹងសេចក្ដីជំនឿរបស់ពួកគេផ្ទាល់ ។ សិស្សអាចស្រាវជ្រាវខគម្ពីរទាំងនេះដើម្បីស្វែងរករឿងដែលពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ តើការ « ចាក់ឫស ហើយស្អាងឡើងក្នុង [ ព្រះយេស៊ូវគ្រីស្ទ ] » មានន័យ ដូចម្តេច ? ( កូល៉ុស ២:៧ ) ។ រូបភាពអំពីដើមឈើមួយនៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយសិស្សឲ្យពិភាក្សាអំពីខគម្ពីរនេះបាន ។ ( សូមមើល នែល អិល អាន់ឌើរសិន « Spiritual Whirlwinds » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨–២១ ) ។ តើអ្វីទៅដែលអាចពង្រឹង ឬធ្វើឲ្យឫសដើមឈើមួយទន់ខ្សោយ ? តើការ « ចាក់ឫស ហើយស្អាងឡើងក្នុង [ ព្រះយេស៊ូវគ្រីស្ទ ] » ផ្ដល់កម្លាំងដល់យើងដើម្បីតតាំងនឹងឥទ្ធិពលលោកិយតាមរបៀបណា ? ( សូមមើល កូល៉ុស ២:៧–៨ សូមមើលផងដែរ ហេលេមិន ៥:១២, អេធើរ ១២:៤ ) ។
-
សិស្សរបស់អ្នកអាចនឹងដឹងអំពីទស្សនវិជ្ជា និងទំនៀមទម្លាប់របស់មនុស្សដែលអាច « ចាប់ » សេចក្ដីជំនឿរបស់បុគ្គលម្នាក់លើព្រះគ្រីស្ទជារំពា ដោយសារតែវាប្រឆាំងនឹងសេចក្ដីពិតនៃដំណឹងល្អ ហើយធ្វើឲ្យមានការលំបាកនៅក្នុងការរស់នៅតាមដំណឹងល្អ ( កូល៉ុស ២:៨ ) ។ ប្រហែលជាសិស្សអាចសរសេរគំនិតទាំងនេះមួយចំនួន ( គំនិតដែលបានណែនាំដោយអែលឌើរ ដាល្លិន អេក អូក មាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចនឹងជួយ ) ។ បន្ទាប់មក អ្នកអាចពិភាក្សាអំពីរបៀបដែលការចាក់ឫសនៅក្នុងការបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទជួយយើងធ្វើតាមការប្រឹក្សារបស់ប៉ុល ៖ « ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ » ( កូល៉ុស ២:៦ ) ។ តើយើងអាចគាំទ្រគ្នានៅក្នុងការខិតខំរបស់យើងដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ហើយមិនធ្វើតាមទំនៀមទម្លាប់ខុសឆ្គងខាងលោកិយតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
តើសិស្សរបស់អ្នកធ្លាប់ទទួលការបៀតបៀន ដោយសារតែពួកគេជឿលើដំណឹងល្អដែរឬទេ? សូមប្រាប់ពួកគេថា ថែស្សាឡូនីចទី១ និង ទី ២ មាននូវការប្រឹក្សាដែលប៉ុលបានផ្ដល់ដល់ពួកបរិសុទ្ធដែលបានរស់នៅក្នុងចំណោមការបៀតបៀនដ៏ខ្លាំង ហើយនៅតែបន្តស្មោះត្រង់ ។
ធនធានបន្ថែមទាំងឡាយ
សេចក្ដីសុខសាន្តដែលហួសពីការយល់ដឹងទាំងអស់ ។
កាលកំពុងបម្រើជាសមាជិកមួយរូបនៃពួកចិតសិបនាក់ អែលឌើរ ជេ អ៊ី ជែនសិន បានចែកចាយបទពិសោធន៍ដូចតទៅនេះ ៖
« ចៅប្រុសរបស់យើងឈ្មោះ ឃ្វីនតុន ដែលកើតមកមានពិការភាពជាច្រើនពីកំណើត ហើយរស់នៅបានតែបីសប្ដាហ៍ប៉ុណ្ណោះ អំឡុងពេលនោះគាត់ចេញចូលមន្ទីរពេទ្យរហូត ។ នៅពេលនោះ ស៊ិស្ទើរ ជែនសិន និងខ្ញុំ កំពុងរស់នៅឯប្រទេសអាហ្សង់ទីន ។ យើងពិតជាចង់នៅទីនោះជាមួយនឹងកូនៗរបស់យើងខ្លាំងណាស់ ដើម្បីលួងលោមចិត្តពួកគេ ហើយក៏ទទួលការលួងលោមពីពួកគេផងដែរ ។ នេះគឺជាចៅដែលយើងស្រឡាញ់ ហើយចង់នៅក្បែរ ។ អ្វីដែលយើងអាចធ្វើគឺមានតែការអធិស្ឋានប៉ុណ្ណោះ ហើយយើងធ្វើវាជាញឹកញាប់ !
« ស៊ិស្ទើរ ជែនសិន និងខ្ញុំមានដំណើរទស្សនកិច្ចមួយក្នុងបេសកកម្ម កាលយើងទទួលដំណឹងថា ឃ្វីនតុន បានស្លាប់ ។ យើងបានឈរនៅផ្លូវដើរនៃសាលាប្រជុំមួយ ហើយបានឱបលួងលោមគ្នាទៅវិញទៅមក ។ ខ្ញុំសូមធ្វើជាសាក្សីដល់បងប្អូនថា ការអះអាងបានកើតមានចំពោះយើងមកពីព្រះវិញ្ញាណបរិសុទ្ធ ជាសេចក្ដីសុខសាន្តមួយដែលហួសពីការយល់ដឹងទាំងអស់ ហើយវាបន្តមកដល់សព្វថ្ងៃនេះ( សូមមើល ភីលីព ៤:៧ ) ។ យើងក៏សូមធ្វើជាសាក្សីអំពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែលពុំអាចថ្លែងបាននៅក្នុងជីវិតនៃកូនប្រុស និងកូនប្រសារស្រីរបស់យើង ព្រមទាំងកូនៗរបស់ពួកគេផងដែរ ដែលមកដល់សព្វថ្ងៃនេះពួកគេនិយាយអំពីគ្រានោះដោយសេចក្ដីជំនឿ សេចក្ដីសុខសាន្ត និងការលួងលោមចិត្ត » ( « The Holy Ghost and Revelation » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០១០ ទំព័រ ៧៨ ) ។
គោលការណ៍ទាំងឡាយនៃដំណឹងល្អ និងទំនៀមទម្លាប់របស់មនុស្ស ។
អែលឌើរ ដាល្លិន អេក អូក បានបង្ហាញអំពីទំនៀមទម្លាប់លោកិយមួយចំនួនដែលប្រឆាំងនឹងសេចក្ដីពិតនៃដំណឹងល្អ ( សូមមើល « Repentance and Change » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៣៧–៤០ ) ៖
-
ការមិនគោរពតាមច្បាប់ព្រហ្មចារីយភាព
-
ភាពមិនទៀងទាត់ និងភាពអសកម្មនៃការចូលរួមក្នុងព្រះវិហារ
-
ការបំពានលើពាក្យសម្តីនៃប្រាជ្ញាវាងវៃ
-
ភាពមិនទៀងត្រង់
-
ការប្រាថ្នាចង់បាន « ការឡើងតំណែង » នៅក្នុងតួនាទីរបស់សាសនាចក្រ
-
វប្បធម៌នៃភាពអាស្រ័យលើជាជាងការទទួលខុសត្រូវរបស់បុគ្គល