ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ ៖ « ជា​អ្នកបម្រើ ហើយ​ជា​ទីបន្ទាល់ »


« ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ ៖ ‹ ជា​អ្នកបម្រើ ហើយ​ជា​ទីបន្ទាល់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ប៉ុល​នៅក្នុង​គុក

ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា

កិច្ចការ ២២–២៨

« ជា​អ្នកបម្រើ ហើយ​ជា​ទីបន្ទាល់ »

សូម​អាន កិច្ចការ ២២–២៨ ដោយ​អធិស្ឋាន​នៅក្នុង​ចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​បងប្អូន​ឲ្យ​ដឹង​ថា ត្រូវ​ផ្ដោតលើ​អ្វី​ដែល​វា​នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ សូម​កត់ត្រា​គំនិត​នានា​ដែល​មាន​នៅក្នុង​គំនិត​របស់​បងប្អូន គំនិត​ទាំងនេះ​អាច​ជា​ការចាប់ផ្ដើម​នៃ​ផែនការ​សម្រាប់​ការបង្រៀន​របស់​បងប្អូន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​សេចក្ដីយោង​បទគម្ពីរ​មួយ​មកពី កិច្ចការ ២២–២៨ ដែល​ពួកគេ​ចាប់​អារម្មណ៍​នៅ​សប្ដាហ៍​នេះ ។ សូម​ប្រមូល​ចម្លើយ​របស់​ពួកគេ ហើយ​អាន​ខគម្ពីរ​ទាំងនោះ​ពីរបី​រួមគ្នា ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​បីបួន​នាក់​ឲ្យ​ចែកចាយ​ថា ហេតុអ្វី​បានជា​ខគម្ពីរ​ទាំងនេះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ២២:១–២១; ២៦:១–២៩

ទីបន្ទាល់​គឺជា​ការប្រកាស​អំពី​សេចក្ដីពិត​ដោយ​ផ្អែកលើ​ចំណេះដឹង ឬ​ជំនឿ​ផ្ទាល់ខ្លួន ។

  • ទីបន្ទាល់​របស់​ប៉ុល​ទៅកាន់​លោក​ភេស្ទុស និង​ព្រះរាជា​អ័គ្រីប៉ា អាច​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការថ្លែង​ទីបន្ទាល់ ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រំឭក កិច្ចការ ២២:១–២១២៦:១–២៩ សាឡើង​វិញ ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់​ប៉ុល​ស្ដីពី​ការថ្លែង​ទីបន្ទាល់ ? តើ​គោលការណ៍​បន្ថែម​ទៀត​អ្វីខ្លះ ស្ដីពី​ការថ្លែង​ទីបន្ទាល់​ដែល​យើង​រៀន​មកពី​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន អិម រ័សុល បាឡឺដ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ? ការច្រៀង ឬ​ការចាក់​ទំនុក​តម្កើង​បទ « ទីបន្ទាល់ » ( ទំនុក​តម្កើង ល.រ. ៧៤ ) អាច​នឹង​យាង​ព្រះវិញ្ញាណ​ឲ្យ​ចូលមក​ការពិភាក្សា​របស់​បងប្អូន ។

  • ទោះជា​ប៉ុល​មិន​បាន​ស្វែងរក​សាក្សី​ខាង​វិញ្ញាណ ដែល​លោក​បាន​ទទួល​នៅលើ​ផ្លូវ​ទៅកាន់​ស្រុក​ដាម៉ាស​ក្ដី ក៏​លោក​បាន​ចំណាយ​ពេល​វេលា ដែល​លោក​នៅ​មាន​សេស​សល់​ក្នុង​ជីវិត​របស់​លោក​ខិតខំ​ដើម្បី​ថែរក្សា ហើយ​ការពារ​ទីបន្ទាល់​របស់​លោក​ដែរ ( សូមមើល កិច្ចការ ២២:១០, ១៤–១៦; ២៦:១៩ ) ។ គំរូ​របស់​ប៉ុល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យយល់​ថា ទីបន្ទាល់​មួយ​តម្រូវ​ឲ្យ​មាន​ការប្រព្រឹត្ត និង​ពលិកម្ម ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​ការណ៍​នេះ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​អាច​ពិពណ៌នា​អំពី​ការខិតខំ​របស់​គាត់ ឬ​នាង​ដើម្បី​ក្លាយជា​តន្ត្រីករ សិល្បករ ឬ​អត្តពលករ​ដ៏​ជំនាញ​ម្នាក់ ។ តើ​ការអភិវឌ្ឍ​ជំនាញ​មួយ​បែបនេះ​ស្រដៀង​គ្នា​នឹង​ការទទួល និង​ការពង្រឹង​ទីបន្ទាល់​មួយ​តាម​របៀប​ណា ? តើ​យើង​ត្រូវ​ខិតខំ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន និង​ពង្រឹង​ទីបន្ទាល់​មួយ ? ( សូមមើល​ផងដែរ អាលម៉ា ៥:៤៦ ) ។

កិច្ចការ ២៦:៩–២៣

យើង​មាន​ការទទួល​ខុសត្រូវ​មួយ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ។

  • ព្រះអម្ចាស់​បាន​ហៅ​ប៉ុល​ឲ្យ​ធ្វើជា « អ្នកបម្រើ » ( កិច្ចការ ២៦:១៦ ) ប៉ុន្តែ​តើ​ពាក្យ​នេះ​មាន​ន័យ​ដូចម្ដេច ? ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រុករក​របៀប​ដែល​ពួកគេ​អាច​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​បាន ទោះ​ដោយ​មាន ឬ​គ្មាន​ការចាត់តាំង​ជា​ផ្លូវការ​ក្ដី នោះ​បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សំណួរ​ដូចជា តើ​ការផ្ដល់​ការងារ​បម្រើ​មាន​ន័យ​ដូចម្ដេច ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកមើល​ចម្លើយ​នៅក្នុង​ធនធាន​ដូច​តទៅ​នេះ ៖ ម៉ាថាយ ២០:២៥–២៨; កិច្ចការ ២៦:១៦–១៨; នីហ្វៃ​ទី​៣ ១៨:២៩–៣២; ជីន ប៊ី ប៊ីងហាំ « Ministering as the Savior Does » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤–៧ ។ នៅពេល​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​វិធី​ដែល​ពួកគេ​ទាំងអស់​គ្នា​អាច​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ រួម​ទាំង​នៅក្នុង​ការហៅ​របស់​យើង​ក្នុង​សាសនាចក្រ​ផងដែរ ។ បងប្អូន​ក៏អាច​បង្ហាញ​វីដេអូ « The Miracle of the Roof » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន​ផងដែរ ។

កិច្ចការ ២៧

ប្រសិនបើ​យើង​ស្ដាប់​តាម​ព្យាការី​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង ហើយ​ការពារ​យើង​ពី​អំពើ​អាក្រក់ ។

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ជជែក​អំពី​ចម្លើយ​របស់​មេទ័ព នៅពេល​ប៉ុល​បាន​ព្យាករ​ថា សំពៅ​នឹង « ខូចខាត​ជាច្រើន » ហើយ​នឹង​មាន​ការបាត់បង់​ជីវិត ( សូមមើល កិច្ចការ ២៧:១០–១១ ) ។ ហេតុអ្វី​មេទ័ព​អាច​ឆ្លើយតប​តាម​របៀប​នោះ ? ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​មេទ័ព ដើម្បី​ជួយ​គាត់​ឲ្យមាន​សេចក្ដី​ជំនឿ​ទៅលើ​ការព្យាករ​របស់​ប៉ុល ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះទៀត​មកពី កិច្ចការ ២៧ អំពី​ការធ្វើតាម​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ? សមាជិក​មួយ​ចំនួន​ក្នុង​ថ្នាក់​របស់​បងប្អូន​ប្រហែល​ជា​ធ្លាប់​មាន​បទពិសោធន៍ កាល​ដែល​ពួកគេ​បាន​ធ្វើតាម​ការដឹកនាំ​របស់​ពួក​ព្យាការី សូម្បីតែ​នៅពេល​វា​ខុសពី​គំនិត​របស់​មនុស្ស​ជុំវិញ​ខ្លួន​ពួកគេ​ក្ដី ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការថ្លែង​ទីបន្ទាល់ ។

ប្រធាន អិម រ័សុល បាឡឺដ បាន​ថ្លែង​អំពី​ទីបន្ទាល់​របស់​ប៉ុល​នៅ​ចំពោះ​ព្រះភ័ក្រ្ដ​របស់​ស្ដេច​អ័គ្រីប៉ា ហើយ​បាន​បង្រៀន​យើង​អំពី​អត្ថន័យ​នៃ​ការថ្លែង​ទីបន្ទាល់ ៖

« ការប្រជុំ​ថ្លែង​ទីបន្ទាល់​របស់​យើង​ត្រូវ​ផ្ដោតលើ​ព្រះអង្គ សង្គ្រោះ គោលលទ្ធិ​នៃ​ដំណឹងល្អ ពរជ័យ​នៃ​ការស្ដារ​ឡើងវិញ និង​ការបង្រៀន​នៃ​បទគម្ពីរ ។ យើង​ត្រូវ​ជំនួស​ដំណើររឿង សៀវភៅ​ស្ដីពី​ការធ្វើ​ដំណើរ និង​ការបង្រៀន​ជាមួយ​នឹង​ទីបន្ទាល់​បរិសុទ្ធ ។ អស់​អ្នក​ដែល​បាន​ទទួល​ការទុកចិត្ត​ឲ្យ​ថ្លែង ហើយ​បង្រៀន​នៅក្នុង​ការប្រជុំ​របស់​យើង​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ជាមួយ​អានុភាព​ខាង​គោលលទ្ធិ​ដែល​នឹង​ធ្វើឲ្យ​គេ​ស្ដាប់ឮ ហើយ​ទទួល​អារម្មណ៍ ដោយ​លើកស្ទួយ​ស្មារតី ហើយ​ស្អាង​សមាជិក​របស់​យើង ។ …

« … កាល​ការសម្ដែង​សេចក្ដី ស្រឡាញ់ និង​ការដឹង​គុណ​គឺជា​រឿងល្អ នោះ​ការសម្ដែង​បែបនេះ មិន​អាច​ជំនួស​ទីបន្ទាល់​ដែល​នឹង​បង្កាត់​ភ្លើង​នៃ​ជំនឿ​មួយ​នៅក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​បាន​ឡើយ ។ ការថ្លែង​ទីបន្ទាល់​គឺជា​ការ ‹ ធ្វើ​សាក្សី​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ធ្វើ​សេចក្ដី​ថ្លែង​ដោយ​ម៉ឺងម៉ាត់​ពី​សេចក្ដីពិត ដោយ​សម្អាង​ទៅលើ​តម្រិះ ឬ​ជំនឿ​របស់​ខ្លួន​ផ្ទាល់ › [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ធ្វើ​បន្ទាល់ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ។ ការប្រកាស​ដ៏​ច្បាស់​អំពី​សេចក្ដីពិត​ធ្វើឲ្យ​មាន​ភាពខុស​ប្លែក​មួយ​នៅក្នុង​ជីវិត​របស់​មនុស្ស ។ នោះ​គឺជា​អ្វី​ដែល​ផ្លាស់ប្ដូរ​ដួងចិត្ត ។ នោះ​គឺជា​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បញ្ជាក់​នៅក្នុង​ដួងចិត្ត​នៃ​បុត្រា​បុត្រី​របស់​ព្រះ » ( « Pure Testimony » Liahona ខែ វិច្ឆិកា ឆ្នាំ​២០០៤ ទំព័រ ៤១ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រៀបចំ​ខ្លួន​ទុក​ជាមុន ។ « នៅពេល​បងប្អូន​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​បងប្អូន​កំពុង​បង្រៀន នឹង​ផ្ដល់​ពរជ័យ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន នោះ​គំនិត និង​ចំណាប់​អារម្មណ៍​ទាំងឡាយ​នឹង​កើត​មាន​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន––នៅពេល​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ធ្វើ​ការងារ​ក្នុង​ផ្ទះ ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ ។ សូម​កុំ​គិត​ថា ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ជា​អ្វីមួយ​ដែល​បងប្អូន​ត្រូវ​ឆ្លៀត​ពេល​ធ្វើ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ជា​អ្វីមួយ​ដែល​បងប្អូន​ចង់​ធ្វើ​ជានិច្ច » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ១២ ) ។