ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ ៖ « ឈ្នះ​សេចក្ដី​អាក្រក់​ដោយសារ​សេចក្ដីល្អ »


« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ឈ្នះ​សេចក្ដី​អាក្រក់​ដោយសារ​សេចក្ដីល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

សំណល់​បែកបាក់​នៃ​ទីក្រុង​រ៉ូម​ពីបុរាណ

ថ្ងៃទី ១៤–២០ ខែ សីហា

រ៉ូម ៧–១៦

« ឈ្នះ​សេចក្ដី​អាក្រក់​ដោយសារ​សេចក្ដីល្អ »

សូម​អាន រ៉ូម ៧–១៦ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍ ដែល​បងប្អូន​ទទួល​បាន​អំពី​របៀប​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រៀន​មកពី​បទគម្ពីរ ។ នៅពេល​បងប្អូន​ពិចារណា​អំពី​ចំណាប់​អារម្មណ៍​របស់​បងប្អូន នោះ​វា​អាច​ដឹកនាំ​ទៅរក​សកម្មភាព​រៀនសូត្រ​ដ៏មាន​អត្ថន័យ​បាន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​អាន រ៉ូម ១០:១៧ និង ១៥:៤ ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​បទគម្ពីរ​មកពី រ៉ូម ៧–១៦ ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួកគេ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

រ៉ូម ៨:១៤–១៨

យើង​អាច​ក្លាយជា « អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » ។

  • ក្នុងនាមជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ជឿ​ថា ឃ្លា​ដូចជា « អ្នកគ្រង​មរតក​នៃ​ព្រះ » និង « អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » មាន​ន័យ​ថា ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ ហើយ​ទទួល​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ( រ៉ូម ៨:១៧; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២០–២១ ) ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​ពី​របៀប ដែល​គោលលទ្ធិ​នេះ​ត្រូវបាន​បង្រៀន​ពេញ​ទាំង​ព្រះគម្ពីរ នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើការ​ជា​ដៃគូ ឬ​ជា​ក្រុម​តូចៗ ហើយ​សិក្សា​បទគម្ពីរ​មួយ​ចំនួន​ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ រួចហើយ​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ហើយ​ពិភាក្សា​គ្នា​អំពី​មូលហេតុ​ដែល​គោលលទ្ធិ​នេះ​មាន​សារៈសំខាន់​យ៉ាងខ្លាំង ។

  • រឿងប្រៀបធៀប​ដែល​បាន​តំណាល​ដោយ​ប្រធាន ដាល្លិន អេក អូក នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​ត្រៀមខ្លួន​ដើម្បី​ក្លាយជា « អ្នកគ្រង​មរតក​នៃ​ព្រះ » ( រ៉ូម ៨:១៧ ) បាន ។ តើ​អ្វីទៅ​គឺជា « ក្រឹត្យវិន័យ និង​គោលការណ៍ » មួយ​ចំនួន​ដែល​ប្រធាន អូក បាន​លើកឡើង ? តើ​វា​ធ្វើឲ្យ​មាន​ភាពខុស​ប្លែកគ្នា​អ្វីខ្លះ នៅក្នុង​ជីវិត​របស់​យើង​ពេល​ដឹង​ថា យើង​អាច​ក្លាយជា « អ្នកគ្រង​មរតក​នៃ​ព្រះ និង​អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » នោះ ? ( រ៉ូម ៨:១៧ ) ។

រ៉ូម ៨:១៨, ២៨, ៣១–៣៩

« តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន ? »

  • ការពិភាក្សា​អំពី រ៉ូម ៨ ជាមួយ​គ្នា​អាច​ផ្ដល់​ឱកាស​មួយ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​មួយ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ខណៈ​បងប្អូន​អាន រ៉ូម ៨:១៨, ២៨, ៣១–៣៩ រួមគ្នា​ក្នុង​ថ្នាក់ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត ឬ​អារម្មណ៍​នានា​ដែល​ពួកគេ​មាន បន្ទាប់ពី​អាន​ខគម្ពីរ​ទាំងនេះ​ហើយ ។ សមាជិក​មួយ​ចំនួន​អាច​នឹង​ស្ម័គ្រចិត្ត​ចែកចាយ​អំពី​របៀប ដែល​ពួកគេ​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

រ៉ូម ១៣:៨–១០

រាល់​បទបញ្ញត្តិ​របស់​ព្រះ​ត្រូវបាន​បំពេញ​នៅក្នុង​បទបញ្ញត្តិ​ឲ្យមាន​សេចក្ដី​ស្រឡាញ់ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​អំពី​របៀប ដែល​រាល់​បទបញ្ញត្តិ​ទាំងអស់​គឺ​ត្រូវបាន « រួមគ្នា​មក​ក្នុង » បទបញ្ញត្តិ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដល់​អ្នកជិតខាង​របស់​ខ្លួន ( រ៉ូម ១៣:៩ ) សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​ស្ដីពី​រាល់​បទបញ្ញត្តិ​ដែល​ពួកគេ​អាច​គិត​ឃើញ ។ សូម​អាន រ៉ូម ១៣:៨–១០ និង ម៉ាថាយ ២២:៣៦–៤០ រួមគ្នា ហើយ​ពិភាក្សា​ជាមួយ​សមាជិក​ក្នុង​ថ្នាក់​ទាំងមូល​អំពី​ទំនាក់ទំនង​រវាង​ព្រះ​ជាទី​ស្រឡាញ់ និង​អ្នកជិតខាង​របស់​យើង ព្រមទាំង​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​នីមួយៗ​ដែល​មាន​នៅលើ​ក្ដារខៀន ។ តើ​សេចក្ដីពិត​នេះ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​គិត​អំពី​បទបញ្ញត្តិ និង​ការគោរព​ប្រតិបត្តិ​ដោយ​របៀប​ណា ? ឧទាហរណ៍ តើ​សេចក្ដីពិត​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​គោលបំណង​នៃ​បទបញ្ញតិ្ត​ទាំងឡាយ ?

រ៉ូម ១៤

« កុំ​បី​ឲ្យ​យើង … និន្ទា​គ្នា​ទៅវិញ​ទៅមក » ។

  • ដើម្បី​ផ្ដល់​បរិបទ​មួយ​ចំនួន​ដល់ រ៉ូម ១៤ នោះ​បងប្អូន​អាច​ចង្អុល​បង្ហាញ​ថា ពួកបរិសុទ្ធ​រ៉ូម​មួយ​ចំនួន​បាន​ឈ្លោះគ្នា​អំពី​ការអនុវត្ត​ខាង​វប្បធម៌​ដូចជា ទម្លាប់​បរិភោគ​និង​ការរក្សា​ថ្ងៃ​បុណ្យ​នានា ។ តើ​មាន​ស្ថានភាព​ស្រដៀង​គ្នា​អ្វីខ្លះ​ដែល​យើង​ជួប​ប្រទះ​នៅ​សព្វថ្ងៃ​នេះ ? ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​អាន​ត្រួសៗ​ក្នុង រ៉ូម ១៤ ហើយ​ផ្ដល់​ប្រយោគ​សង្ខេប​មួយ​អំពី​ពាក្យ​ទូន្មាន​របស់​ប៉ុល ។ តើ​យើង​អាច​ចែកចាយ​ដំបូន្មាន​អ្វីខ្លះ អំពី​របៀប​ចៀសវាង​ការវិនិច្ឆ័យ​គ្នា​ជាមួយ​នឹង​គ្នា​ទៅវិញ​ទៅមក ? ប្រហែល​សមាជិក​ក្នុង​ថ្នាក់​អាច​រកឃើញ​គំនិត​ខ្លះៗ​នៅក្នុង​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « The Merciful Obtain Mercy » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧០–៧៧ ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការទទួល​បាន « គ្រប់​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា [ ទ្រង់ ] មាន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៨ ) ។

ប្រធាន ដាល្លិន អេក អូក តំណាល​អំពី​ពាក្យ​ប្រៀប​ប្រដូច​មួយ​ដូច​តទៅ​នេះ ៖

« មាន​ឪពុក​ស្ដុកស្ដម​ម្នាក់​បាន​ដឹង​ថា បើ​គាត់​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់​ឲ្យ​កូន​ម្នាក់ ដែល​ពុំ​ទាន់​បាន​អភិវឌ្ឍ​ដើម្បី​មាន​ប្រាជ្ញា និង​ភាពខ្ពង់ខ្ពស់​នៅ​ឡើយ នោះ​កេរ្ដិ៍​មរតក​នោះ​នឹង​ប្រហែល​ជា​ត្រូវ​បំផ្លាញ​អស់​ហើយ ។ ដូច្នេះ ឪពុក​បាន​និយាយ​ទៅកូន​គាត់​ថា

« ‹ អ្វីៗ​ទាំងអស់​ដែល​ឪពុក​មាន ឪពុក​មាន​បំណង​ប្រគល់​ដល់​កូន––ប៉ុន្តែ​ពុំ​គ្រាន់​តែ​ទ្រព្យសម្បត្តិ​របស់​ឪពុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​តំណែង និង​គោល​ជំហរ​របស់​ឪពុក​នៅ​ក្នុង​ចំណោម​មនុស្ស​ទំាងអស់​ផងដែរ ។ អ្វី​ដែល​ឪពុក មាន ឪពុក​អាច​ប្រគល់​ដល់​កូន​បាន​ដោយ​ងាយ ប៉ុន្តែ​ដើម្បី​ប្រែក្លាយ ដូច​ជាឪពុក នោះ​កូន​ត្រូវ​តែ​ពឹង​លើ​សមត្ថភាព​របស់​កូន​ផ្ទាល់ ។ កូន​នឹង​ស័ក្ដិសម​ទទួល​កេរ្ដិ៍​មរតក​របស់​កូន ដោយ​ការ​រៀន​នូវ​អ្វី​ដែល​ឪពុក​បាន​រៀន ហើយ​ដោយ​ការរស់​នៅ​ដូច​ជា​ឪពុក​បាន​រស់​នៅ ។ ឪពុក​នឹង​ប្រគល់​ឲ្យ​កូន​នូវ​ច្បាប់ និង​គោលការណ៍​ទាំងឡាយ​ដែល​ឪពុក​បាន​ទទួល​ប្រាជ្ញា និង​ភាពខ្ពង់ខ្ពស់​របស់​ឪពុក ។ សូម​ធ្វើតាម​គំរូ​របស់​ឪពុក រៀន​ដូច​ដែល​ឪពុក​បាន​រៀន ហើយ​កូន​នឹង​ក្លាយ​ដូចជា​ឪពុក ហើយ​អ្វី​គ្រប់យ៉ាង​ដែល​ឪពុក​មាន​នឹង​ជា​របស់​កូន › » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ​២០០០ ទំព័រ ៣២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្វែងរក​ធនធាន​ទាំងឡាយ​ដែល​គាំ​ទ្រ​ដល់​គោលការណ៍​នានា ។ បន្ថែម​ពីលើ​គំនិត​សម្រាប់​ការបង្រៀន​នៅក្នុង​គម្រោង​មេរៀន​នេះ បងប្អូន​អាច​កែតម្រូវ​សកម្មភាព​មកពី គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ដើម្បី​ប្រើ​នៅក្នុង​ថ្នាក់រៀន​របស់​បងប្អូន​បាន ។ ( សូម​មើល​ផងដែរ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៧–១៨ ) ។