ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ ៖ « អ្នករាល់គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ »


« ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ ៖ ‹ អ្នករាល់គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ការប្រជុំ​សាក្រាម៉ង់

ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា

កូរិនថូស ទី១ ៨–១៣

« អ្នករាល់គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ »

អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន​ថា ប្រសិនបើ​យើង​មិន​បាន​កត់ត្រា ហើយ​ឆ្លើយតប​ទៅ​នឹង « ការបំផុស​គំនិត​ដំបូង​ដែល​កើត​មាន​ចំពោះ [ យើង ]​នោះទេ » យើង​« អាច​ស្ដាប់​មិន​ឮ​ចំពោះ​ការដឹកនាំ​ផ្ទាល់ខ្លួន​ដ៏​មាន​តម្លៃ​បំផុត​នៃ​ព្រះវិញ្ញាណ » ( « To Acquire Spiritual Guidance » Liahona ខែ វិច្ឆិកា ឆ្នាំ​២០០៩ ទំព័រ ៨ ) ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅក្នុង កូរិនថូស ទី១ ៨–១៣ ប៉ុល​បាន​បង្រៀន​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ដោយ​ប្រើ​ការប្រៀបធៀប​ដូចជា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង ហើយ​រូបកាយ​មនុស្ស ទៅ​នឹង « ឈឹង​ដែល​ឮ​ទ្រហឹង » ( សូមមើល កូរិនថូស ទី១ ៩:២៤–២៥; ១២:១៣–២៦; ១៣:១ ) ។ បងប្អូន​អាច​សួរ​សមាជិក​ក្នុង​ថ្នាក់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ការប្រៀបធៀប​ទាំងនេះ ។ តើ​ការប្រៀបធៀប​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កូរិនថូស ទី១ ១០:១–១៣

ព្រះ​ប្រទាន​របៀប​មួយ​ដើម្បី​ឲ្យ​ចៀសផុត​ពី​ការល្បួង ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​សេចក្ដីពិត​ដ៏មាន​អានុភាព​នៅក្នុង កូរិនថូស ទី១ ១០:១៣ តាម​របៀប​ណា ? គំនិត​មួយ​គឺ​ការបំបែក​ខគម្ពីរ​នោះ​ទៅជា​ឃ្លា​ខ្លីៗ ឲ្យ​ឃ្លា​នីមួយៗ​ដល់​សមាជិក​ក្នុង​ថ្នាក់​ផ្សេងៗ​គ្នា ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ប្រាប់​គ្នា​ឡើងវិញ​នូវ​ឃ្លា​នោះ ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់ ។ ឧទាហរណ៍ តើ​អ្វី​ទៅជា​វិធី​មួយ​ទៀត​ដើម្បី​និយាយ​ថា « ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់ » ឬ « កើត​មាន​សេចក្តី​ល្បួង​ហួស​កម្លាំង​អ្នករាល់គ្នា​ឡើយ ? » បន្ទាប់មក បងប្អូន​អាច​អាន​ខគម្ពីរ​នេះ​សា​ឡើងវិញ ដោយ​ប្រើ​ឃ្លា​មួយ​ចំនួន​របស់​សមាជិក​ក្នុង​ថ្នាក់ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​បាន​ដឹង​ថា សេចក្ដី​សន្យា​នៅក្នុង​ខគម្ពីរ​នេះ​គឺជា​ការពិត ។ តើ​យើង​អាច​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត​អ្វីខ្លះ​អំពី​ខគម្ពីរ​ទាំងនេះ មកពី អាលម៉ា ១៣:២៧–២៨ ?

  • ជាជាង​ការនិយាយ​អំពី​ការល្បួង​ជាក់លាក់​របស់​មនុស្ស​ណាម្នាក់ នោះ​បងប្អូន​គួរតែ​ផ្ដោតលើ​ការពិភាក្សា​អំពី កូរិនថូស ទី១ ១០:១៣ អំពី​ការល្បួង « ដែល​ត្រូវ​ខាង​មនុស្ស​លោក » តាម​ពាក្យ​សម្ដី​របស់​ប៉ុល ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចាប់ផ្ដើម​ដោយ​ការកំណត់​ពី​ការល្បួង​នានា ដែល​ប៉ុល​បាន​ព្រមាន​នៅក្នុង ខទី ១–១២ ។ ពួកគេ​ក៏​អាច​លើកឡើង​ពី​ឧទាហរណ៍​ក្នុង​សម័យ​ទំនើប​ស្ដីពី​ការល្បួង​ទូទៅ​ផងដែរ ដូចជា ការល្បួង​ឲ្យ​ខ្វះភាព​ស្មោះត្រង់ ការនិយាយ​ដើមគ្នា ឬ​ការវិនិច្ឆ័យ​មនុស្ស​ដទៃ​ជាដើម ។ តើ​បុគ្គល​ម្នាក់​អាច « ចៀស​រួច » ពី​ការល្បួង​ទាំងនេះ​ដោយ​មាន​ជំនួយ​របស់​ព្រះ​តាម​របៀប​ណា ?

កូរិនថូស ទី១ ១០:១៦–១៧; ១១:២៣–៣០

ពិធី​សាក្រាម៉ង់​ធ្វើឲ្យ​យើង​មាន​សាមគ្គីភាព​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។

  • ខគម្ពីរ​ទាំងនេះ​អាច​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​មួយ អំពី​របៀប​ដែល​ពិធី​សាក្រាម៉ង់​អាច​ធ្វើឲ្យ​វួដ​របស់​បងប្អូន​មាន​សាមគ្គីភាព​នៅក្នុង​ការខិតខំ​របស់​បងប្អូន ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការអាន កូរិនថូស ទី១ ១០:១៦–១៧ ហើយ​រុករក​អត្ថន័យ​នៃ​ពាក្យ សេចក្ដី​ប្រកប នៅ​ក្នុង​បរិបទ​នេះ ( សមាជិក​ក្នុង​ថ្នាក់​ម្នាក់​អាច​រកមើល​និយមន័យ​ដែល​អាច​មាន​នៅក្នុង​វចនានុក្រម​បាន ) ។ តើ​ការទទួល​ទាន​សាក្រាម៉ង់​រួមគ្នា​អាច​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​មាន​សាមគ្គីភាព​តាម​របៀប​ណា ? តើ​ពាក្យ​ទូន្មាន​របស់​ប៉ុល​ថា « ត្រូវឲ្យ​មនុស្ស​ល្បង​ខ្លួនឯង​មើល » ទាក់ទង​នឹង​គោលដៅ​នេះ​ដោយ​របៀប​ណា ? ( កូរិនថូស ទី១ ១១:២៨ ) ។

កូរិនថូស ទី១ ១២

អំណោយទាន​ខាង​វិញ្ញាណ​ត្រូវបាន​ប្រទាន​ឲ្យ ដើម្បី​ជា​ប្រយោជន៍​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ឃើញ​ពី​គំរូ​នៃ​របៀប ដែល​ការអភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ​របស់​ពួកគេ​អាច​ជួយ​ស្អាង​សាសនាចក្រ​បាន សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​មាន ។ សម្រាប់​គំនិត​នានា បងប្អូន​អាច​ចាត់​ពួកគេ​ឲ្យ​ស្រាវជ្រាវ​រក​សេចក្ដីយោង​បទគម្ពីរ​មួយ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​ដាក់​ឈ្មោះ​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនោះ ដែល​ពួកគេ​គិត​ថា​បុគ្គល​នោះ​មាន ។ ពួកគេ​ក៏​អាច​និយាយ​អំពី​អំណោយទាន​ខាង​វិញ្ញាណ ដែល​ពួកគេ​មើលឃើញ​នៅក្នុង​គ្នា​ទៅវិញ​ទៅមក​ផងដែរ ។ តើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​មនុស្ស​ទាំងនេះ គឺជា​ពរជ័យ​មួយ​ដល់​ពួកយើង​ទាំងអស់​គ្នា​ដោយ​របៀប​ណា ? តើ​យើង​អាច​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ និង​បំភ្លឺ​ព្រះកាយ​របស់​ព្រះគ្រីស្ទ ឬ​សាសនាចក្រ​នេះ​ដោយ​របៀប​ណា ? ( សូមមើល កូរិនថូស ទី១ ១២:១២–៣១; សូមមើល​ផងដែរ កូរិនថូស ទី១ ១៤:១២ ) ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​របៀប​ដើម្បី​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន កូរិនថូស ទី១ ១២:២៧–៣១; មរ៉ូណៃ ៧:៤៨; ១០:២៣, ៣០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៨ ។ តើ​បទគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដើម្បី​ទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ ? តើ​ការអភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ​ធ្វើឲ្យ​យើង​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​តាម​របៀប​ណា ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ជ្រើស​យក​អំណោយទាន​មួយ ដែល​ពួកគេ​ចង់​ទទួល​បាន ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​អំណោយទាន​នោះ ។

កូរិនថូស ទី១ ១៣

សេចក្តី​សប្បុរស​គឺជា​អំណោយទាន​ខាង​វិញ្ញាណ​ដ៏ធំ​បំផុត ។

  • បងប្អូន​អាច​សូមឲ្យ​សមាជិក​ក្នុង​ថ្នាក់​សញ្ជឹងគិត​អំពី កូរិនថូស ទី១ ១៣ ដោយ​ស្ងៀមស្ងាត់ ហើយ​គិតពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ជា​គំរូ​ដ៏ល្អ​មួយ​អំពី​ផ្នែក​មួយ ឬ​ច្រើន​នៃ​សេចក្ដី​សប្បុរស​ដែល​ប៉ុល​បាន​លើកឡើង ។ សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​អាច​ពិពណ៌នា​អំពី​បុគ្គល​ម្នាក់​ដែល​ពួកគេ​បាន​គិត​ដល់ និង​បទពិសោធន៍​មួយ​ដែល​បុគ្គល​នេះ​បាន​ធ្វើជា​គំរូ​អំពី​សេចក្ដី​សប្បុរស ។ បងប្អូន​ថែមទាំង​អាច​សរសេរ​ផ្នែក​ជាច្រើន​នៃ​ការពិពណ៌នា​របស់​ប៉ុល​ដាក់​នៅលើ​ក្ដារខៀន​ទៀតផង ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត​នានា អំពី​អត្ថន័យ​ដែលថា​មនុស្ស​ម្នាក់​ដែល​មាន​សេចក្ដី​សប្បុរស « តែងតែ​អត់ធ្មត់ » ឬ « មិន​រហ័ស​ខឹង » ( កូរិនថូស ទី១ ១៣:៤–៥ ) ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើជា​គំរូ​នៃ​ឥរិយាបថ​ទាំងនេះ​ស្ដីពី​សេចក្ដី​សប្បុរស​យ៉ាង​ដូចម្ដេច ? តើ មរ៉ូណៃ ៧:៤៦–៤៨ បង្រៀន​សេចក្ដីពិត​បន្ថែម​អ្វីខ្លះ​អំពី​សេចក្ដី​សប្បុរស ?

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ឧទាហរណ៍​ក្នុង​បទគម្ពីរ​ស្ដីពី​អំណោយទាន​ខាង​វិញ្ញាណ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រស់នៅ​តាម​គោលការណ៍​ដែល​បងប្អូន​បង្រៀន ។ ការរស់នៅ​តាម​គោលការណ៍​ដែល​បងប្អូន​កំពុង​បង្រៀន នឹង​ជួយ​បងប្អូន​ឲ្យ​ថ្លែង​ជា​សាក្សី​អំពី​វា​បាន​កាន់តែ​មាន​អានុភាព ។ ប៉ុល​បាន​បង្រៀន​ថា « ព្រះអម្ចាស់​ទ្រង់​ក៏​បង្គាប់​ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹងល្អ បាន​រស់​ដោយសារ​ដំណឹងល្អ​ដូច្នោះ​ដែរ » ( កូរិនថូស ទី១ ៩:១៤ ) ។