« ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ ៖ ‹ ចូរឲ្យបានជាមេត្រីនឹងព្រះចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១១–១៧ ខែ កញ្ញា
កូរិនថូស ទី២ ១–៧
« ចូរឲ្យបានជាមេត្រីនឹងព្រះចុះ »
នៅពេលបងប្អូនអាន កូរិនថូស ទី២ ១–៧ នៅសប្ដាហ៍នេះ សូមគិតអំពីសមាជិកក្នុងថ្នាក់ជាក់លាក់—ដែលមកថ្នាក់រៀន និងបងប្អូនដែលមិនបានមក ។ តើគោលការណ៍ទាំងឡាយនៅក្នុងជំពូកទាំងនេះផ្ដល់ពរជ័យដល់ពួកគេតាមរបៀបណា ?
អញ្ជើញឲ្យចែកចាយ
សមាជិកក្នុងថ្នាក់អាចទទួលបានប្រយោជន៍មកពីការស្ដាប់យោបល់គ្នាទៅវិញទៅមក អំពីរបៀបដើម្បីធ្វើឲ្យការសិក្សាព្រះគម្ពីររបស់ពួកគេកាន់តែមានប្រសិទ្ធភាពជាងមុន ។ សូមផ្ដល់ពេលពីរបីនាទីសម្រាប់សកម្មភាពនេះម្ដងហើយម្ដងទៀត ។
បង្រៀនគោលលទ្ធិ
កូរិនថូស ទី២ ១:៣–៧; ៤:៦–១០, ១៧–១៨; ៧:៤–៧
ការសាកល្បងរបស់យើងអាចជាពរជ័យមួយ ។
-
បទពិសោធន៍ដែលប៉ុលបានពិពណ៌នា និងពាក្យទូន្មានដែលលោកបានផ្ដល់ឲ្យនៅក្នុង កូរិនថូស ទី២ អាចជួយសមាជិកក្នុងថ្នាក់ឲ្យគិតអំពីពរជ័យទាំងឡាយ ដែលអាចកើតចេញពីការសាកល្បងរបស់ពួកគេ ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយ បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ម្នាក់មកកាន់ថ្នាក់រៀន ដោយត្រៀមខ្លួនដើម្បីនិយាយអំពីការសាកល្បងមួយ ដែលបានផ្ដល់ពរជ័យដល់ជីវិតរបស់គាត់ ឬនាង ឬអ្វីដែលគាត់ ឬនាងបានរៀនមកពីនរណាម្នាក់ទៀតដែលបានស៊ូទ្រាំនឹងការសាកល្បងមួយ ។ បន្ទាប់មក បងប្អូនអាចទុកពេលពីរបីនាទីឲ្យសមាជិកក្នុងថ្នាក់ដើម្បីរំឭកឡើងវិញក្នុង កូរិនថូស ទី២ ១:៣–៧; ៤:៦–១០, ១៧–១៨ និង ៧:៤–៧ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីគោលបំណង និងពរជ័យនៃការសាកល្បង ។ សូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។ បងប្អូនអាចណែនាំពួកគេឲ្យអានឮៗនូវខគម្ពីរ ដែលពួកគេបានរកឃើញការបង្រៀនជាក់លាក់មួយ រួចហើយចែកចាយបទពិសោធន៍ ឬទីបន្ទាល់មួយដែលទាក់ទងនឹងការបង្រៀននោះ ។
-
ដើម្បីបន្ថែមដល់ការពិភាក្សារបស់បងប្អូន សូមពិចារណាច្រៀងរួមគ្នាជាមួយនឹងសមាជិកក្នុងថ្នាក់នូវទំនុកតម្កើងដែលពួកគេចូលចិត្ត ដែលថ្លែងទីបន្ទាល់អំពីការលួងលោមចិត្ត និងពរជ័យដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះប្រទានដល់យើងនៅគ្រានៃការសាកល្បង—ដូចជាបទ « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ។ បន្ទាប់ពីច្រៀងរួមគ្នារួចហើយ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យរកមើលឃ្លាមួយនៅក្នុង កូរិនថូស ទី២ ១ និង ៤ ដែលពួកគេទទួលអារម្មណ៍ថាស័ក្ដិសមនឹងសារលិខិតនៃទំនុកតម្កើងនេះ ។
ការអភ័យទោសគឺជាពរជ័យមួយ ដែលយើងផ្ដល់ឲ្យផង និងទទួលបានផង ។
-
យើងទាំងអស់គ្នាមានបទពិសោធន៍ នៅពេលមនុស្សម្នាក់ « បានបណ្តាលឲ្យកើតមានសេចក្តីព្រួយ » ចំពោះយើង ឬគ្រួសាររបស់យើង ( ខទី ៥ ) ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចស្រាវជ្រាវក្នុង កូរិនថូស ទី២ ២:៥–១១ ដោយរកមើលពាក្យទូន្មានមកពីប៉ុល អំពីរបៀបប្រព្រឹត្តនឹងមនុស្សម្នាក់ដែលធ្វើឲ្យយើងអាក់អន់ចិត្ត ។ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យរំឭកឡើងវិញក្នុង ម៉ាថាយ ៥:៤៣–៤៨ និង លូកា ១៥:១១–៣២ ដើម្បីរៀនសូត្របន្ថែមទៀតអំពីរបៀបដែលយើងគួរតែប្រព្រឹត្តនឹងអស់អ្នកដែលធ្វើឲ្យយើងអាក់អន់ចិត្ត ។ តើយើងធ្វើឲ្យខ្លួនឯង និងមនុស្សដទៃរងគ្រោះថ្នាក់តាមរបៀបណា នៅពេលយើងជ្រើសរើសមិនព្រមអភ័យទោសនោះ ?
តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចបានជាមេត្រីនឹងព្រះ ។
-
មនុស្សជាច្រើនមកកាន់សាសនាចក្រដោយមានបំណងប្រាថ្នា ដើម្បីទទួលអារម្មណ៍នៅជិតព្រះ ហើយការពិភាក្សាមួយអំពី កូរិនថូស ទី២ ៥:១៤–២១ អាចជួយពួកគេបាន ។ ដើម្បីចាប់ផ្ដើម សមាជិកក្នុងថ្នាក់អាចស្វែងយល់ពីអត្ថន័យនៃពាក្យ បានជាមេត្រី ហើយប្រហែលជាចាប់ផ្ដើមដោយរកមើលពាក្យនៅក្នុងវចនានុក្រម ។ តើការណ៍នេះផ្ដល់ការយល់ដឹងអ្វីខ្លះអំពីការបានជាមេត្រីនឹងព្រះ ? តើយើងទទួលបានការយល់ដឹងបន្ថែមអ្វីខ្លះទៀតមកពីប្រធានបទ « ដង្វាយធួន » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ? តើការយល់ដឹងទាំងនេះជួយយើងឲ្យយល់ពី កូរិនថូស ទី២ ៥:១៤–២១ តាមរបៀបណា ? បងប្អូនគួរតែអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ដែលដង្វាយធួនរបស់ទ្រង់អាចធ្វើឲ្យយើងបានរួបរួមនឹងព្រះបាន ។
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះនឹងដឹកនាំទៅរកការប្រែចិត្ត ។
-
កូរិនថូស ទី២ ៧:៨–១១ ផ្ដល់ការពន្យល់ដ៏មានប្រយោជន៍មួយអំពីសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ និងតួនាទីរបស់វានៅក្នុងការប្រែចិត្ត ។ តើយើងរៀនបានអ្វីខ្លះ អំពីសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះនៅក្នុង កូរិនថូស ទី២ ៧:៨–១១ និងប្រសាសន៍របស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ? ហេតុអ្វីសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះសំខាន់ចាំបាច់ចំពោះការប្រែចិត្ត ?
-
បងប្អូនអាចមានអារម្មណ៍បំផុសគំនិត ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាដ៏ទូលំទូលាយមួយអំពីការប្រែចិត្ត ។ ប្រសិនបើដូច្នោះមែន បងប្អូនអាចសាកល្បងអ្វីមួយដូច្នេះបាន ៖ សូមសរសេរនៅលើក្ដារខៀនថា ការប្រែចិត្តគឺជា ។ សូមឲ្យសមាជិកក្នុងថ្នាក់ស្វែងរកវិធីដើម្បីបំពេញឃ្លានេះ ដោយប្រើអ្វីដែលពួកគេបានរៀននៅក្នុង កូរិនថូស ទី២ ៧:៨–១១ ក៏ដូចជានៅក្នុងព្រះគម្ពីរ និងធនធានផ្សេងទៀតដែលមាននៅក្នុងប្រធានបទ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រែចិត្ត, ការប្រែចិត្ត » ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើពួកគេអាចប្រើការបង្រៀនទាំងនេះ ដើម្បីជួយមនុស្សម្នាក់ឲ្យយល់ពីរបៀបប្រែចិត្តដោយស្មោះសរតាមរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះបំផុសគំនិតឲ្យមានការផ្លាស់ប្ដូរ និងសេចក្ដីសង្ឃឹម ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានពន្យល់ ៖
« សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ បំផុសឲ្យមានការផ្លាស់ប្ដូរ និងសេចក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយខាងលោកិយ បំផ្លាញយើង ដកយកក្ដីសង្ឃឹម ហើយនាំយើងទៅរកការល្បួងបន្ថែមទៀត ។
« សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ នាំទៅរកការប្រែចិត្តជឿ និងការផ្លាស់ប្ដូរដួងចិត្ត ។ វាធ្វើឲ្យយើងស្អប់អំពើបាប ហើយស្រឡាញ់សេចក្ដីល្អ ។ វាលើកទឹកចិត្តយើងឲ្យក្រោកឈរ ហើយដើរក្នុងពន្លឺនៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ។ ការប្រែចិត្តពិតគឺទាក់ទងនឹងការកែប្រែ ពុំមែនការដាក់ទណ្ឌកម្ម ឬការឈឺចាប់នោះទេ » ( « You Can Do It Now! » Liahona ខែ វិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៥៦ ) ។