« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ ៖ ‹ ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ២០២២ )
« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៨–២៤ ខែ កញ្ញា
កូរិនថូស ទី២ ៨–១៣
« ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ »
នៅពេលបងប្អូនអាន កូរិនថូស ទី២ ៨–១៣ សូមគិតអំពីមនុស្សដែលបងប្អូនបង្រៀន ហើយដាក់ផែនការសកម្មភាពដែលនឹងជួយពួកគេ ឲ្យរកឃើញគោលការណ៍នានានៅក្នុងជំពូកទាំងនេះ ។ បន្ទាប់មក សូមរំឭកគម្រោងមេរៀននេះឡើងវិញដើម្បីទទួលបានគំនិតបន្ថែមទៀត ។
អញ្ជើញឲ្យចែកចាយ
នេះគឺជារបៀបមួយដើម្បីអញ្ជើញសមាជិកក្នុងថ្នាក់ ឲ្យចែកចាយអ្វីដែលពួកគេបានរៀនមកពី កូរិនថូស ទី២ ៨–១៣ ៖ សូមឲ្យពួកគេពីរបីនាក់សរសេរឃ្លាចំណូលចិត្តមកពីការអានរបស់ពួកគេដាក់នៅលើក្ដារខៀន ហើយចែកចាយមូលហេតុដែលឃ្លាទាំងនេះមានអត្ថន័យចំពោះពួកគេ ។
បង្រៀនគោលលទ្ធិ
ពួកបរិសុទ្ធចែកចាយអ្វីដែលពួកគេមានដោយក្ដីរីករាយដើម្បីផ្ដល់ពរជ័យដល់ជនក្រីក្រ និងអ្នកខ្វះខាត ។
-
ព្រះបានបង្គាប់ពួកបរិសុទ្ធរបស់ទ្រង់ឲ្យជួយមើលថែដល់អ្នកដែលខ្វះខាត ហើយវគ្គបទគម្ពីរនៅក្នុង កូរិនថូស ទី២ ៨–៩ អាចបំផុសគំនិតសមាជិកក្នុងថ្នាក់របស់បងប្អូននៅក្នុងការខិតខំរបស់ពួកគេ ។ ដើម្បីជួយពួកគេឲ្យរកឃើញវគ្គបទគម្ពីរទាំងនេះ បងប្អូនអាចសរសេរនៅលើក្ដារខៀននូវសំណួរដូចជា ហេតុអ្វីយើងផ្ដល់ឲ្យ ? និង តើយើងគួរផ្ដល់ឲ្យតាមរបៀបណា ? សមាជិកក្នុងថ្នាក់ពាក់កណ្ដាលអាចស្រាវជ្រាវរកចម្លើយនៅក្នុង កូរិនថូស ទី២ ៨:១–១៥ ហើយពាក់កណ្ដាលទៀតអាចស្រាវជ្រាវនៅក្នុង កូរិនថូស ទី២ ៩:៦–១៥ ។ ( បងប្អូនអាចពន្យល់ថា នៅក្នុង ជំពូកទី ៨ ខទី ១–៥ ប៉ុលបានថ្លែងអំពីពួកបរិសុទ្ធសាសន៍ម៉ាសេដូន ទុកជាឧទាហរណ៍នៃការផ្ដល់ឲ្យយ៉ាងសប្បុរស ) ។ តើគោលការណ៍ដែលប៉ុលបានបង្រៀន អាចជួយយើងឲ្យមើលថែដល់ជនក្រីក្រ និងអ្នកខ្វះខាតតាមរបៀបណា ?
យើងគួរតែផ្ដោតលើ « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ។
-
ពេលខ្លះ សមាជិកសាសនាចក្រមានការថប់បារម្ភជាមួយនឹងតម្រូវការនៃជីវិត—រួមបញ្ចូលទាំងអ្វីដែលពួកគេអាចឃើញថាជាតម្រូវការក្នុងការធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ផងដែរ ។ ដំបូន្មានរបស់ប៉ូលអំពី « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ( កូរិនថូស ទី២ ១១:៣ ) អាចជួយបាន ។ ប្រហែលជាបងប្អូនអាចអានរួមគ្នាក្នុង កូរិនថូស ទី២ ១១:៣ ហើយពិភាក្សាអំពីអត្ថន័យនៃឃ្លា « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ។ បងប្អូនក៏អាចសូមឲ្យសមាជិកក្នុងថ្នាក់ស្រមៃថា ពួកគេត្រូវបានអញ្ជើញឲ្យសរសេរការពិពណ៌នាមួយអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទសម្រាប់សារព័ត៌មានមួយ ត្រឹមតែ ១០០ ពាក្យប៉ុណ្ណោះ ។ សូមទុកពេលឲ្យពួកគេសរសេរការពិពណ៌នារបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេចែកចាយជាមួយគ្នា នូវអ្វីដែលពួកគេបានសរសេរ ។ ប្រសិនបើពួកគេត្រូវការជំនួយ នោះពួកគេអាចយោងទៅ យ៉ូហាន ៣:១៦–១៧; នីហ្វៃទី៣ ២៧:១៣–២១; សេចក្ដីថ្លែងការណ៍របស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » បាន ។ សមាជិកក្នុងថ្នាក់អាចចែកចាយគំនិតអំពីរបៀបដើម្បី « ធ្វើឲ្យដំណើរជីវិត [ របស់យើង ] ឆ្ពោះទៅរកភាពជាសិស្សមានភាពសាមញ្ញ » ។
ព្រះគុណរបស់ព្រះអង្គសង្គ្រោះគឺគ្រប់គ្រាន់ ដើម្បីជួយយើងឲ្យរកឃើញកម្លាំងនៅក្នុងភាពទន់ខ្សោយរបស់យើង ។
-
តើបងប្អូននឹងនិយាយអ្វីទៅកាន់មិត្តម្នាក់ ដែលបានអធិស្ឋានសូមការសម្រាលបន្ទុកចេញពីសេចក្តីកម្សោយ ប៉ុន្តែទទួលអារម្មណ៍ថា ការអធិស្ឋាននេះមិនបានទទួលចម្លើយសោះ ? សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសញ្ជឹងគិតពីសំណួរនេះ នៅពេលពួកគេអាន កូរិនថូស ទី២ ១២:៥–១០ ដោយស្ងៀមស្ងាត់ ។ បន្ទាប់មក ពួកគេអាចចែកចាយការយល់ដឹងចេញពីខគម្ពីរទាំងនេះដែលអាចជួយបាននៅក្នុងស្ថានភាពនេះ ។ ពួកគេក៏អាចចែកចាយបទពិសោធន៍នានាផងដែរ នៅពេលពួកគេបានរកឃើញកម្លាំងនៅក្នុងភាពទន់ខ្សោយតាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ឬព្រះចេស្ដា និងជំនួយដ៏ទេវភាពរបស់ទ្រង់ ។ តើបទពិសោធន៍នោះបានជះឥទ្ធិពលដល់ជីវិតរបស់ពួកគេយ៉ាងដូចម្ដេច ? ហេតុអ្វីវាសំខាន់ដើម្បីទុកចិត្តលើពេលវេលារបស់ព្រះអម្ចាស់ ?
ធនធានបន្ថែមទាំងឡាយ
យើងអាចចាប់ផ្ដើមធ្វើតាមវិធីសាស្ត្រងាយៗក្នុងការរស់នៅតាមដំណឹងល្អ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀន ៖
« បងប្អូនប្រុសស្រី ការរស់នៅតាមដំណឹងល្អពុំចាំបាច់មានភាពសាំញ៉ាំនោះទេ ។
« វាពិតជាពុំមានភាពស្មុគស្មាញឡើយ ។ វាអាចពិពណ៌នាបានដូចខាងក្រោមនេះ ៖
-
ការស្ដាប់ព្រះបន្ទូលព្រះដោយមានចិត្តស្មោះ នាំឲ្យយើងជឿលើព្រះ ហើយទុកចិត្តលើការសន្យារបស់ទ្រង់ ។
-
ដរាបណាយើងកាន់តែជឿលើព្រះ នោះចិត្តរបស់យើងកាន់តែពេញដោយក្ដីស្រឡាញ់ចំពោះទ្រង់ និង ចំពោះគ្នាទៅវិញទៅមក ។
-
ដោយសារយើងស្រឡាញ់ព្រះ នោះយើងមានបំណងដើរតាមទ្រង់ ហើយប្រព្រឹត្តឲ្យស្របទៅតាមព្រះបន្ទូលទ្រង់ ។
-
ដោយសារយើងស្រឡាញ់ព្រះ យើងចង់បម្រើទ្រង់ យើងចង់ប្រទានពរដល់ជីវិតមនុស្សទូទៅ ហើយជួយជនក្រីក្រ និងអ្នកខ្វះខាត ។
-
ដរាបណាយើងកាន់តែដើរនៅលើមាគ៌ានៃភាពជាសិស្សនេះ នោះយើងកាន់តែមានបំណងរៀនអំពីព្រះបន្ទូលព្រះ ។
« វាដំណើរការដូចនេះឯង ជំហាននីមួយៗនាំទៅរក ហើយបំពេញយើងដោយសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសកើនឡើងជាដរាប ។
« វាមានភាពសាមញ្ញ ហើយវាដំណើរការទៅដោយសាមញ្ញ ។
« បងប្អូនប្រុសស្រី បើបងប្អូនគិតថា ដំណឹងល្អពុំផ្ដល់ប្រយោជន៍គ្រប់គ្រាន់ដល់បងប្អូនទេ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យថយក្រោយបន្ដិច ក្រឡេកមើលជីវិតរបស់បងប្អូនពីលើទីខ្ពស់ រួចធ្វើឲ្យដំណើរជីវិតឆ្ពោះទៅរកភាពជាសមាជិកក្នុងថ្នាក់មានភាពសាមញ្ញ ។ សូមផ្ដោតអារម្មណ៍លើគោលលទ្ធិ គោលការណ៍សំខាន់ៗ និងការអនុវត្តនៃដំណឹងល្អ ។ ខ្ញុំសូមសន្យាថា ព្រះនឹងដឹកនាំ ហើយប្រទានពរបងប្អូននៅលើមាគ៌ាទៅកាន់ជីវិតដ៏ពេញលេញ ហើយដំណឹងល្អនឹងពិតជាផ្ដល់ប្រយោជន៍កាន់តែច្រើនដល់បងប្អូន » ( « It Works Wonderfully » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២២ ) ។